ទំនុកតម្កើង 130:1-8

ទំនុកតម្កើង 130:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ពី​ក្នុង​ទី​ដ៏​ជ្រៅ ទូល‌បង្គំស្រែក​រក​ព្រះ‌អង្គ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំផង! ឱ​ព្រះ‌យេហូវ៉ា អើយ ប្រសិន‌បើ​ព្រះ‌អង្គ​កត់​ចំណាំអំពើ​ទុច្ចរិត ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន? ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់​ទោស ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះ‌អង្គ។ ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់ ជា​ជាងពួក​អ្នក​យាម​រង់‌ចាំ​ពេល​ព្រឹក អើ ជា​ជាង​ពួក​យាម​រង់​ចាំ​ពេល​ព្រឹក​ទៅ​ទៀត។ ឱ​អ៊ីស្រា‌អែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​ចុះ! ដ្បិត​មាន​សេចក្ដី​សប្បុរស​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​មាន​សេចក្ដី​ប្រោស​លោះ ជា​បរិបូរ​នៅ​នឹង​ព្រះ‌អង្គ។ ព្រះ‌អង្គ​នឹង​លោះ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​របស់​គេ។

ទំនុកតម្កើង 130:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ ពី​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ​ផង! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ ដែល​ទូលបង្គំ​ទទូច​អង្វរ! ឱ​ព្រះ‌អម្ចាស់​អើយ ប្រសិន​បើ​ព្រះអង្គ​ចង​ចាំ​កំហុស របស់​យើង​ខ្ញុំ​ទុក​នោះ គ្មាន​នរណា​ម្នាក់​អាច​រួច​ខ្លួន​បាន​ឡើយ។ ក៏​ប៉ុន្តែ ព្រះអង្គ​តែងតែ​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ជានិច្ច ដើម្បី​ឲ្យ​យើង​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះអង្គ។ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ហើយ​ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់ ជាង​អ្នក​យាម​រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត ពិត​មែន​ហើយ ខ្ញុំ​រង់‌ចាំ​ព្រះអង្គ​ជាង​អ្នក​យាម រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត។ អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​ប្រកប​ដោយ ព្រះ‌ហឫទ័យ​មេត្តា​ករុណា ហើយ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​រំដោះ​អ្នក​ជានិច្ច! ព្រះអង្គ​នឹង​រំដោះ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កំហុស​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត។

ទំនុកតម្កើង 130:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ពី​ទី​ជំរៅ​មក ឱ​ព្រះ‌អម្ចាស់​អើយ សូម​ស្តាប់​សំឡេង​ទូលបង្គំ សូម​ឲ្យ​ព្រះ‌កាណ៌​ទ្រង់​ប្រុង​ស្តាប់​ពាក្យ​ទូលបង្គំ​ទូល‌អង្វរ ឱ​ព្រះ‌យេហូវ៉ា​អើយ បើ​សិន​ជា​ទ្រង់​កត់​ចំណាំ​អស់ ទាំង​អំពើ​ទុច្ចរិត នោះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន ប៉ុន្តែទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់​ទោស​វិញ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ទូលបង្គំ​រង់‌ចាំ​ព្រះ‌យេហូវ៉ា គឺ​ព្រលឹង​ទូលបង្គំ​រង់‌ចាំ​ទ្រង់ ទូលបង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់ ព្រលឹង​នៃ​ទូលបង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់ ជា​ជាង​ពួក​យាម​ល្បាត​រង់‌ចាំ​ភ្លឺ​ឡើង អើ ជា​ជាង​ពួក​យាម​ល្បាត​រង់‌ចាំ​ភ្លឺ​ឡើង​ទៅ​ទៀត ឱ​អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​មាន​សេចក្ដី​សប្បុរស​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​មាន​សេចក្ដី​ប្រោស​លោះ​ជា​បរិបូរ​នៅ​នឹង​ទ្រង់​ដែរ ទ្រង់​នឹង​លោះ​សាសន៍​អ៊ីស្រាអែល ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន។