ទំនុកតម្កើង 13:1-6
ទំនុកតម្កើង 13:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ ខ្មាំងសត្រូវនឹងលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៅ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ទៅ ក្នុងសេចក្ដីស្លាប់ ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំថា អញបានឈ្នះវាហើយ ហើយអ្នកដែលតតាំងនឹងទូលបង្គំ មានសេចក្ដីអំណរ ដោយទូលបង្គំត្រូវរឥលចេញ ប៉ុន្តែទូលបង្គំបានទុកចិត្តនឹងសេចក្ដីសប្បុរសរបស់ទ្រង់ ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ដែរ ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់បាន ប្រោសការល្អជាបរិបូរដល់ទូលបង្គំហើយ។
ទំនុកតម្កើង 13:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងភ្លេចទូលបង្គំរហូតឬ? តើដល់កាលណាទៀត? តើព្រះអង្គលាក់ព្រះភក្ត្រ ពីទូលបង្គំដល់កាលណា? តើទូលបង្គំត្រូវពិគ្រោះនៅក្នុងចិត្តដល់កាលណា ហើយមានចិត្តព្រួយវាល់ព្រឹក វាល់ល្ងាចដូច្នេះឬ? ខ្មាំងសត្រូវលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៀត? ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង! សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ ក្នុងសេចក្ដីស្លាប់ ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំពោលថា «អញបានឈ្នះវាហើយ» ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរ ព្រោះតែទូលបង្គំបរាជ័យ។ ប៉ុន្តែ ទូលបង្គំបានទុកចិត្តនឹងព្រះហឫទ័យ សប្បុរសរបស់ព្រះអង្គ ចិត្តទូលបង្គំនឹងត្រេកអរ ព្រោះតែការសង្គ្រោះរបស់ព្រះអង្គ។ ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ព្រោះព្រះអង្គបាន ប្រោសប្រណីជាបរិបូរដល់ទូលបង្គំ។
ទំនុកតម្កើង 13:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ តើព្រះអង្គនៅតែភ្លេចទូលបង្គំ ដល់ពេលណា? តើព្រះអង្គនៅតែមិនព្រមទតមើល មកទូលបង្គំដល់កាលណាទៀត? តើទូលបង្គំត្រូវមានកង្វល់ក្នុងចិត្ត ដល់ពេលណាទៅ? តើចិត្តទូលបង្គំត្រូវរងទុក្ខព្រួយ ទាំងយប់ ទាំងថ្ងៃដល់អង្កាល់? តើខ្មាំងសត្រូវមានជ័យជម្នះលើទូលបង្គំ ដល់កាលណាទៀត? ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមទតមកទូលបង្គំ ហើយឆ្លើយតបនឹងទូលបង្គំផង! សូមប្រទានកម្លាំងដល់ទូលបង្គំ កុំទុកឲ្យទូលបង្គំស្លាប់ឡើយ ក្រែងលោខ្មាំងសត្រូវរបស់ទូលបង្គំពោលថា «អញបានឈ្នះវាហើយ!» ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរសប្បាយ ព្រោះតែទូលបង្គំបរាជ័យ។ ចំពោះទូលបង្គំវិញ ទូលបង្គំទុកចិត្ត លើព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ចិត្តទូលបង្គំត្រេកអរសប្បាយ ព្រោះព្រះអង្គសង្គ្រោះទូលបង្គំ។ ទូលបង្គំនឹងច្រៀងសរសើរព្រះអម្ចាស់ ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ។