ទំនុកតម្កើង 119:56-62
ទំនុកតម្កើង 119:56-62 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមព្រះឱវាទរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមទូលព្រះអង្គថា ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ ជាចំណែកមត៌ករបស់ទូលបង្គំ។ ទូលបង្គំសូមអង្វរករព្រះអង្គយ៉ាងអស់ពីចិត្តថា សូមប្រណីសន្ដោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង! ទូលបង្គំរិះគិតអំពីកិរិយាមារយាទរបស់ទូលបង្គំ ហើយទូលបង្គំក៏បោះជំហានមករកដំបូន្មាន របស់ព្រះអង្គវិញ។ ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិ តាមបទបញ្ជារបស់ព្រះអង្គ ឥតធ្វេសប្រហែសសោះឡើយ។ មនុស្សអាក្រក់បានធ្វើឲ្យទូលបង្គំ ជាប់អន្ទាក់របស់គេ តែទូលបង្គំឥតភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ដើម្បីលើកតម្កើងព្រះអង្គ ព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ព្រះអង្គ។
ទំនុកតម្កើង 119:56-62 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះពរនេះបានធ្លាក់មកដល់ទូលបង្គំ ព្រោះទូលបង្គំបានប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ ៙ ព្រះយេហូវ៉ាជាចំណែករបស់ទូលបង្គំ ទូលបង្គំសន្យានឹងប្រតិបត្តិតាម ព្រះបន្ទូលព្រះអង្គ។ ទូលបង្គំសូមអង្វរដល់ព្រះអង្គយ៉ាងអស់ពីចិត្ត សូមប្រណីសន្ដោសទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ កាលទូលបង្គំគិតអំពីផ្លូវប្រព្រឹត្តរបស់ខ្លួន នោះជើងទូលបង្គំក៏បែរទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ ទូលបង្គំប្រញាប់ប្រញាល់ ហើយមិនបង្អង់នឹង ប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឡើយ។ ទោះជាមនុស្សអាក្រក់ដាក់អន្ទាក់ ចាំចាប់ទូលបង្គំក៏ដោយ ក៏ទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ហើយសរសើរតម្កើងព្រះអង្គ ដោយព្រោះវិន័យដ៏សុចរិតរបស់ព្រះអង្គ។
ទំនុកតម្កើង 119:56-62 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សេចក្ដីនេះបានកើតដល់ទូលបង្គំ ដោយព្រោះបានរក្សាទុកនូវបញ្ញត្តរបស់ទ្រង់។ ៙ ឯចំណែកនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានពោលថា ត្រូវឲ្យទូលបង្គំរក្សាអស់ទាំង ព្រះបន្ទូលនៃទ្រង់ ទូលបង្គំបានទូលអង្វរដល់ទ្រង់អស់ពីចិត្ត សូមទ្រង់មេត្តាប្រោសដល់ទូលបង្គំ តាមព្រះបន្ទូលទ្រង់ ទូលបង្គំបាននឹកពីផ្លូវប្រព្រឹត្តរបស់ខ្លួន នោះបានបំបែរជើងទៅតាមសេចក្ដីបន្ទាល់របស់ទ្រង់វិញ ទូលបង្គំមិនបានបង្អែបង្អង់ឡើយ គឺបានប្រញាប់នឹងរក្សាអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញ តែទូលបង្គំមិនបានភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ នៅកណ្តាលអធ្រាត្រ ទូលបង្គំនឹងក្រោកឡើង ដើម្បីអរព្រះគុណដល់ទ្រង់ ដោយព្រោះអស់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់