ទំនុកតម្កើង 119:33-40

ទំនុកតម្កើង 119:33-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​នៃ​ច្បាប់​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​កាន់​តាម​រហូត​ដល់​ទី​បំផុត។ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំបាន​កាន់​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ អើ ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត។ សូម​នាំ​ទូល‌បង្គំទៅ​តាម​ផ្លូវ​ច្រក នៃ​បទ‌បញ្ជា​របស់ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​ផ្លូវ​នោះ​ណាស់។ សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ! សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។ សូម​បញ្ជាក់​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទុក​សម្រាប់​អស់​អ្នក កោត​ខ្លាច​ព្រះ‌អង្គ។ សូម​បង្វែរ​ពាក្យ​ដំណៀល ដែល​ទូល‌បង្គំ​ខ្លាច​នោះ​ចេញ ដ្បិត​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។ មើល៍ ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 119:33-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​កាន់​តាម រហូត​ដល់​ទី​បញ្ចប់!។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា ដើម្បី​រក្សា​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។ សូម​នាំ​ទូលបង្គំ​ដើរ​តាម​មាគ៌ា នៃ​បទ‌បញ្ជា​របស់​ព្រះអង្គ ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា ទាំង​នេះ​ណាស់។ សូម​ទាក់‌ទាញ​ចិត្ត​ទូលបង្គំ ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអង្គ គឺ​មិន​មែន​ឲ្យ​រក​កម្រៃ​ឡើយ! សូម​ទាញ​អារម្មណ៍​ទូលបង្គំ ឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារ ហើយ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​រស់​នៅ តាម​មាគ៌ា​របស់​ព្រះអង្គ! សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។ សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ទូលបង្គំ ខ្លាច‌រអែង​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ដ្បិត​វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។ ទូលបង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ!

ទំនុកតម្កើង 119:33-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ នៃ​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​កាន់​តាម​ដរាប​ដល់​ចុង​បំផុត សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់ អើ ទូលបង្គំ​នឹង​រក្សា​ទុក​ឲ្យ​អស់​ពី​ចិត្ត​ផង សូម​បណ្តាល​ឲ្យ​ទូលបង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ផ្លូវ​នោះ សូម​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់ របស់​ទ្រង់ កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ សូម​បង្វែរ​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ ហើយ​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់ សូម​សំរេច​ដល់​អ្នក​បំរើ​ទ្រង់​តាម​ព្រះ‌បន្ទូល ជា​សេចក្ដី​ដែល​ទុក​សំរាប់​ពួក​អ្នក​កោត‌ខ្លាច​ដល់​ទ្រង់ សូម​បង្វែរ​សេចក្ដី​ដំនៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ច្បា​ប់​នៃ​ទ្រង់​សុទ្ធ​តែ​ល្អ មើល ទូលបង្គំ​បាន​នឹក​អាល័យ​ដល់​បញ្ញត្ត​ទាំង​ប៉ុន្មាន របស់​ទ្រង់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ