ទំនុកតម្កើង 119:33-38
ទំនុកតម្កើង 119:33-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។ សូមនាំទូលបង្គំទៅតាមផ្លូវច្រក នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងផ្លូវនោះណាស់។ សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ! សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។ សូមបញ្ជាក់ដល់អ្នកបម្រើព្រះអង្គ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ជាសេចក្ដីដែលទុកសម្រាប់អស់អ្នក កោតខ្លាចព្រះអង្គ។
ទំនុកតម្កើង 119:33-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំកាន់តាម រហូតដល់ទីបញ្ចប់!។ សូមប្រទានឲ្យទូលបង្គំមានប្រាជ្ញា ដើម្បីរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។ សូមនាំទូលបង្គំដើរតាមមាគ៌ា នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។ សូមទាក់ទាញចិត្តទូលបង្គំ ឲ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ គឺមិនមែនឲ្យរកកម្រៃឡើយ! សូមទាញអារម្មណ៍ទូលបង្គំ ឲ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ ហើយឲ្យទូលបង្គំមានជីវិតរស់នៅ តាមមាគ៌ារបស់ព្រះអង្គ! សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបន្ទូលដែលព្រះអង្គបានសន្យា ចំពោះអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
ទំនុកតម្កើង 119:33-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវ នៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំ នោះទូលបង្គំនឹងកាន់តាមដរាបដល់ចុងបំផុត សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំ នឹងកាន់តាមក្រិត្យវិន័យទ្រង់ អើ ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង សូមបណ្តាលឲ្យទូលបង្គំដើរទៅតាមផ្លូវច្រកនៃសេចក្ដីបង្គាប់ របស់ទ្រង់ ដ្បិតទូលបង្គំមានសេចក្ដីរីករាយក្នុងផ្លូវនោះ សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីបន្ទាល់ របស់ទ្រង់ កុំឲ្យល្អៀងទៅខាងសេចក្ដីលោភឡើយ សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍ ហើយប្រោសឲ្យទូលបង្គំមានកំឡាំងឡើងក្នុងផ្លូវទ្រង់ សូមសំរេចដល់អ្នកបំរើទ្រង់តាមព្រះបន្ទូល ជាសេចក្ដីដែលទុកសំរាប់ពួកអ្នកកោតខ្លាចដល់ទ្រង់