ទំនុកតម្កើង 119:10-16
ទំនុកតម្កើង 119:10-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។ ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គមានពរ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង! បបូរមាត់ទូលបង្គំប្រកាសពីគ្រប់ទាំងវិន័យ ដែលចេញមកពីព្រះឧស្ឋរបស់ព្រះអង្គ។ ទូលបង្គំរីករាយនឹងផ្លូវប្រព្រឹត្ត តាមសេចក្ដីបន្ទាល់របស់ព្រះអង្គ ដូចជាទូលបង្គំរីករាយ នឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។ ទូលបង្គំនឹងសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។ ទូលបង្គំមានចិត្តរីករាយនឹងច្បាប់របស់ព្រះអង្គ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 119:10-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឲ្យទូលបង្គំងាកចេញ ពីបទបញ្ជារបស់ព្រះអង្គឡើយ! ទូលបង្គំរក្សាព្រះបន្ទូលរបស់ព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអង្គ។ ព្រះអម្ចាស់អើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ! ទូលបង្គំរៀបរាប់អំពីវិន័យទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មក។ ទូលបង្គំសប្បាយចិត្តនឹងអនុវត្តតាម ដំបូន្មានរបស់ព្រះអង្គ ដូចជាទូលបង្គំសប្បាយចិត្ត នឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។ ទូលបង្គំនឹងពិចារណាពីព្រះឱវាទរបស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។ ទូលបង្គំពេញចិត្តនឹងច្បាប់ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 119:10-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្ត ឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់ របស់ទ្រង់ឡើយ ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយ សូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ បបូរមាត់ទូលបង្គំបានសំដែងពីគ្រប់ទាំងច្បាប់ ដែលចេញពីព្រះឱស្ឋទ្រង់មក ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាម សេចក្ដីបន្ទាល់របស់ទ្រង់ ឲ្យស្មើនឹងសេចក្ដីអំណរចំពោះទ្រព្យសម្បត្តិគ្រប់យ៉ាង ទូលបង្គំនឹងរំពឹងគិតពីសេចក្ដីបញ្ញត្តរបស់ទ្រង់ ហើយនឹងស្រឡាញ់រាប់អានអស់ទាំងផ្លូវរបស់ទ្រង់ ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។