ទំនុកតម្កើង 111:1-10

ទំនុកតម្កើង 111:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​ចិត្ត នៅ​ក្នុង​អង្គ​ប្រជុំ​របស់​មនុស្ស​ទៀង​ត្រង់។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ឧត្ដុង្គ‌ឧត្ដម ហើយ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ស្នា​ព្រះ‌ហស្ដ​នេះ នាំ​គ្នា​ស្វែង​យល់។ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ប្រកប​ទៅ​ដោយ រស្មី​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច សេចក្ដី​សុចរិត​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង នឹក​ដល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​តែងតែ​ប្រណី‌សន្ដោស ហើយ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ។ ព្រះអង្គ​ប្រទាន​អាហារ​ឲ្យ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​តែង​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ព្រះអង្គ​ជានិច្ច។ ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ឃើញ តាម​រយៈ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ គឺ​ប្រគល់​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា ឲ្យ​ពួក​គេ។ ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ពិត និង​ប្រាកដ​ប្រជា ព្រះ‌ឱវាទ​របស់​ព្រះអង្គ គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។ ព្រះ‌បញ្ជា​ទាំង​នោះ​នៅ​ស្ថិត‌ស្ថេរ​រហូត ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ដោយ​សេចក្ដី​ពិត និង​ត្រឹម​ត្រូវ។ ព្រះអង្គ​បាន​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ឲ្យ​មាន​សេរី‌ភាព ព្រះអង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​រហូត​ត​ទៅ ព្រះ‌នាម​របស់​ព្រះអង្គ​ជា​ព្រះ‌នាម​ដ៏វិសុទ្ធ គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង។ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ប្រភព​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះ តែងតែ​ដឹង​ខុស​ត្រូវ។ សូម​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​ទៅ!

ទំនុកតម្កើង 111:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អស់​ពី​ចិត្ត នៅ​ក្នុង​ចំណោម​មនុស្ស​ទៀង​ត្រង់ គឺនៅ​ក្នុង​ក្រុម​ជំនុំ។ ស្នាព្រះហស្ដ​របស់​ព្រះ‌យេហូវ៉ា​ធំអស្ចារ្យ អស់​អ្នក​ដែលរីករាយ​នឹង​ការ​ទាំង​នោះ នាំ​គ្នា​ស្វែង​យល់។ ស្នាព្រះហស្ត​របស់​ព្រះ‌អង្គ ពេញ​ដោយ​ភាពរុងរឿង ហើយ​ថ្លៃ​វិសេស សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​នឹក​ចាំ ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ​គុណ និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា។ ព្រះ‌អង្គ​ប្រទាន​អាហារដល់​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជាប់​ជា‌និច្ច។ ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ចេស្តា នៃ​កិច្ច​ការ​របស់​ព្រះ‌អង្គ ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ឃើញ ដោយ​ប្រទាន​ឲ្យ​គេ​មាន​មត៌ក នៅ​អស់​ទាំង​សាសន៍។ ស្នាដៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ស្មោះ‌ត្រង់ ហើយ​សុចរិត ព្រះ‌ឱវាទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត ក៏​បាន​តាំង​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​មនុស្ស​ប្រព្រឹត្ត​តាម ដោយ​ស្មោះ‌ត្រង់ និង​ទៀង​ត្រង់។ ព្រះ‌អង្គ​បាន​ប្រទាន​ការ​ប្រោស​លោះ ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គប​ង្គាប់​ឲ្យ​គេ​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​រហូត​តទៅ។ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ ហើយ​គួរ​កោត​ស្ញប់​ស្ញែង! ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​កាន់​តាម តែង​មាន​ការ​យល់​ដឹង​ល្អ ការ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច។

ទំនុកតម្កើង 111:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អស់​ពី​ចិត្ត នៅ​ក្នុង​ចំណោម​នៃ​មនុស្ស​ទៀង​ត្រង់ ហើយ​ក្នុង​ពួក​ជំនុំ​ជន អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ធំ​វិសេស គួរ​ឲ្យ​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ទាំង​នោះ បាន​ស្វែង​រក​តាម ឯ​ស្នាដៃ​នៃ​ទ្រង់ នោះ​ល្អ​ប្រពៃ ហើយ​រុងរឿង​ឧត្តម សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​នឹក​ចាំ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណា នឹង​អាណិត‌អាសូរ ទ្រង់​បាន​ប្រទាន​អាហារ​ដល់​អស់​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់ ក៏​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ទ្រង់​ជានិច្ច​ដែរ ទ្រង់​បាន​សំដែង​ព្រះ‌ចេស្តា​នៃ​ការ​ទ្រង់ ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ ដោយ​ប្រទាន​ឲ្យ​គេ​គ្រង​បាន​មរដក​នៃ​អស់​ទាំង​សាសន៍ អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត បញ្ញត្ត​ទាំង​ប៉ុន្មាន​នៃ​ទ្រង់​សុទ្ធ​តែ​ម៉ត់‌ចត់ ក៏​បាន​តាំង​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​បាន​សំរេច​ដោយ​សេចក្ដី​ពិត នឹង​សេចក្ដី​ទៀង​ត្រង់ ទ្រង់​បាន​ចាត់​ប្រើ​សេចក្ដី​ប្រោស​លោះ​ដល់​រាស្ត្រ​ទ្រង់ ទ្រង់​បាន​សំរេច​សេចក្ដី​សញ្ញា​ទ្រង់ ឲ្យ​នៅ​ជា​ដរាប ព្រះ‌នាម​ទ្រង់​បរិសុទ្ធ ហើយ​គួរ​គោរព ឯ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​កាន់​តាម នោះ​មាន​យោបល់​ល្អ សេចក្ដី​សរសើរ​នៃ​ទ្រង់​ជាប់​នៅ​អស់‌កល្ប‌ជានិច្ច។