សុភាសិត 8:1-36
សុភាសិត 8:1-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯប្រាជ្ញា នោះបន្លឺឡើង ហើយយោបល់ក៏បញ្ចេញសំឡេងទេតើ ទាំងពីរនោះឈរនៅកំពូល នៃអស់ទាំងទីខ្ពស់ក្បែរផ្លូវដើរ ហើយនៅកន្លែងដែលផ្លូវច្រកប្រសព្វគ្នា ព្រមទាំងនៅមាត់ទ្វារ ជាផ្លូវចូលទៅក្នុងទីក្រុងផង គឺនៅកន្លែងដែលមនុស្សចូលតាមទ្វារក្រុង នោះក៏ស្រែកថា៖ ឱមនុស្សទាំងឡាយអើយ យើងស្រែកហៅអ្នករាល់គ្នា ហើយសំឡេងយើង ក៏ហៅរកដល់អស់មនុស្សជាតិ ឱមនុស្សឆោតល្ងង់អើយ ចូររៀនឲ្យដឹងសេចក្ដីឆ្លៀវឆ្លាត ឱមនុស្សចម្កួតអើយ ចូរឲ្យចិត្តឯងមានយោបល់ចុះ ចូរស្តាប់ ដ្បិតយើងនឹងពោល សេចក្ដីដ៏ប្រសើរវិសេស ហើយដែលយើងបើកបបូរមាត់ នោះនឹងបញ្ចេញសេចក្ដីទៀងត្រង់ ពីព្រោះមាត់យើងនឹងពោលសេចក្ដីពិត ហើយបបូរមាត់យើងនឹងខ្ពើមចំពោះការអាក្រក់ អស់ទាំងពាក្យនៃមាត់យើង សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ គឺសុទ្ធតែប្រចក្សច្បាស់ដល់អស់អ្នកដែលយល់ ហើយក៏ទៀងត្រង់ដល់អស់អ្នក ដែលរកបានតម្រិះដែរ ស៊ូទទួលយកដំបូន្មានរបស់យើង ជាជាងប្រាក់ ហើយទទួលតម្រិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។ ខ្ញុំជាប្រាជ្ញា ខ្ញុំរស់នៅជាមួយគំនិតវាងវៃ ខ្ញុំមានតម្រិះ និងមានសុភនិច្ឆ័យ។ ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់ការអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ និងមាត់ពោលពាក្យវៀច នោះយើងក៏ស្អប់ណាស់ ការជួយគំនិតជារបស់ផងយើង ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង យើងជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ ពួកមហាក្សត្រសោយរាជ្យ ហើយពួកមានបណ្ដាសក្តិក៏សម្រេច សេចក្ដីយុត្តិធម៌ដោយសារយើង ពួកអ្នកគ្រប់គ្រង និងពួកមានត្រកូលខ្ពស់ គឺអស់ទាំងចៅហ្វាយ ដែលនៅផែនដី ក៏គ្រប់គ្រងដោយសារយើងដែរ យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប មានអស់ទាំងទ្រព្យសម្បត្តិ និងកិត្តិយស នៅជាមួយយើង មានទាំងរបស់ទ្រព្យដ៏ស្ថិតស្ថេរ និងសេចក្ដីសុចរិតផង ផលដែលកើតពីយើង នោះវិសេសជាងមាស ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកម្រៃរបស់យើង ជាជាងប្រាក់យ៉ាងវិសេសបំផុត យើងដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅកណ្ដាលផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ ដើម្បីនឹងធ្វើឲ្យអស់អ្នកដែលស្រឡាញ់យើង បានទទួលរបស់ទាំងប៉ុន្មានដែលមាន ទុកជាមត៌ក ហើយឲ្យយើងបានបំពេញឃ្លាំងរបស់គេ។ ព្រះយេហូវ៉ាមានខ្ញុំ តាំងពីដើមដំបូង នៃកិច្ចការរបស់ព្រះអង្គ គឺមុនអស់ទាំងកិច្ចការរបស់ព្រះអង្គពីបុរាណ ព្រះអង្គបានសិតយើងតាំងពីអស់កល្បរៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង ក្នុងគ្រាមុនដែលមានទីជម្រៅទឹក នោះយើងបានកើតហើយ គឺកាលមិនទាន់មានរន្ធទឹកណា ដែលហូរចេញជាបរិបូរនៅឡើយ មុនដែលភ្នំធំទាំងឡាយមានរូបរាង មុនដែលមានភ្នំតូចៗ នោះខ្ញុំបានកើតមកហើយ កាលព្រះអង្គមិនទាន់បានបង្កើតផែនដី ព្រមទាំងស្រែចម្ការ ឬធូលីដីមុនដំបូងនៅផែនដីនៅឡើយផង។ កាលព្រះអង្គប្រតិស្ឋានផ្ទៃមេឃ ខ្ញុំក៏នៅទីនោះដែរ កាលព្រះអង្គបានគូសវង់នៅលើទីជម្រៅទឹក ពេលព្រះអង្គបានតាំងឲ្យមានពពកនៅខាងលើ និងរន្ធទឹកទាំងប៉ុន្មាន នៅទីជម្រៅឲ្យបានមានកម្លាំង ពេលព្រះអង្គបានកំណត់ព្រំខណ្ឌនៃសមុទ្រ ដើម្បីមិនឲ្យទឹកឡើងរំលងបង្គាប់ព្រះអង្គ ពេលព្រះអង្គបានកំណត់រាងឫសនៃផែនដី នៅគ្រានោះ ខ្ញុំនៅជិតព្រះអង្គដូចជាមេជាង ហើយខ្ញុំជាទីគាប់ព្រះហឫទ័យព្រះអង្គរាល់ថ្ងៃ ទាំងមានសេចក្ដីរីករាយ នៅចំពោះព្រះអង្គជានិច្ច ក៏មានសេចក្ដីរីករាយចំពោះផែនដី ទាំងដុំមូលនៃព្រះអង្គ ហើយបានអំណរ ដោយនៅជាមួយពួកមនុស្សលោក។ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ ដ្បិតអ្នកណាដែលរក្សាអស់ទាំងផ្លូវរបស់យើង នោះមានពរហើយ ចូរស្តាប់ដំបូន្មាន ហើយមានប្រាជ្ញាចុះ កុំឲ្យប្រកែកមិនព្រមទាំងទទួលឡើយ មានពរហើយ អ្នកណាដែលស្តាប់យើង ដោយចាំយាមនៅមាត់ទ្វារយើងរាល់ថ្ងៃ គឺដែលរង់ចាំនៅក្របទ្វារផ្ទះរបស់យើង ដ្បិតអ្នកណាដែលបានយើង នោះបានជីវិត ក៏នឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ តែឯអ្នកណាដែលធ្វើបាបនឹងយើងនោះ ក៏ប្រទូស្តដល់ព្រលឹងខ្លួនដែរ អស់អ្នកណាដែលស្អប់យើង នោះឈ្មោះថាស្រឡាញ់សេចក្ដីស្លាប់ហើយ។
សុភាសិត 8:1-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរត្រងត្រាប់ស្ដាប់! ព្រះប្រាជ្ញាញាណស្រែកប្រកាសហើយ! តម្រិះក៏បន្លឺសំឡេងឡើងដែរ! ព្រះប្រាជ្ញាញាណឈរលើទួល ក្បែរមាត់ផ្លូវ និងនៅត្រង់ផ្លូវបំបែក ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល ហើយស្រែកឡើងថា៖ បណ្ដាជនទាំងឡាយអើយ! ខ្ញុំស្រែកហៅអ្នករាល់គ្នា ខ្ញុំចង់និយាយជាមួយមនុស្សលោកទាំងអស់។ មនុស្សមិនដឹងខុសត្រូវអើយ ចូររៀនពិចារណាឡើង មនុស្សឥតប្រាជ្ញាអើយ ចូររៀនឲ្យមានតម្រិះឡើង។ ចូរនាំគ្នាស្ដាប់ ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា ខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀងត្រង់ ខ្ញុំថ្លែងប្រាប់តែសេចក្ដីពិតប៉ុណ្ណោះ ខ្ញុំមិនចូលចិត្តនិយាយសេចក្ដីអាក្រក់ឡើយ។ អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់ គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។ អ្នកមានតម្រិះយល់ថា ពាក្យខ្ញុំស្រួលស្ដាប់ រីឯអស់អ្នកចេះដឹងក៏យល់ថា ខ្ញុំនិយាយត្រឹមត្រូវមែនដែរ។ ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់ រីឯការចេះដឹងមានតម្លៃ លើសមាសទឹកដប់ទៅទៀត។ ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រ គ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។ ខ្ញុំជាប្រាជ្ញា ការពិចារណាស្ថិតនៅជាប់ជាមួយខ្ញុំ ខ្ញុំមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់ តែងតែស្អប់អំពើអាក្រក់ ខ្ញុំមិនចូលចិត្តការអួតបំប៉ោង ការព្រហើន អំពើអាក្រក់ និងការពោលពាក្យបោកបញ្ឆោតឡើយ។ ខ្ញុំមានប្រាជ្ញា និងយោបល់ ខ្ញុំផ្ដល់តម្រិះ និងកម្លាំង ស្ដេចទាំងឡាយគ្រប់គ្រងស្រុក ដោយសារខ្ញុំ ហើយមេដឹកនាំទាំងឡាយ តែងច្បាប់ដ៏ត្រឹមត្រូវ ក៏ដោយសារខ្ញុំដែរ។ អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំ ហើយពួកនាម៉ឺនសុទ្ធតែជាចៅក្រមដ៏សុចរិត។ អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញ អ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។ ខ្ញុំផ្ដល់ទ្រព្យសម្បត្តិ និងសិរីរុងរឿង ភាពចម្រុងចម្រើន និងសេចក្ដីសុចរិត។ ផលផ្លែរបស់ខ្ញុំមានតម្លៃជាងមាសទឹកដប់ អ្វីៗដែលខ្ញុំផ្ដល់ឲ្យ មានតម្លៃជាងប្រាក់សុទ្ធទៅទៀត។ ខ្ញុំដើរតាមមាគ៌ាដ៏សុចរិត និងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។ ខ្ញុំផ្ដល់ទ្រព្យសម្បត្តិយ៉ាងបរិបូណ៌ ឲ្យអ្នកដែលស្រឡាញ់ខ្ញុំ។ ព្រះអម្ចាស់បានបង្កើតខ្ញុំតាំងពីដើមដំបូងបង្អស់ គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។ ព្រះអង្គបានចាក់ប្រេងតែងតាំងខ្ញុំ តាំងពីអស់កល្បរៀងមក គឺនៅគ្រាដំបូងបង្អស់ មុនកំណើតពិភពលោកទៅទៀត។ កាលខ្ញុំកើតមក មិនទាន់មានជម្រៅទឹក ហើយក៏មិនទាន់មានប្រភពទឹកដែរ។ ព្រះអង្គបង្កើតខ្ញុំមក មុនព្រះអង្គធ្វើឲ្យភ្នំធំភ្នំតូចលេចឡើង។ ពេលនោះ ព្រះអង្គមិនទាន់បង្កើតផែនដី និងលំហអាកាសទេ ហើយក៏មិនទាន់បង្កើតធាតុដើមផ្សេងៗដែរ។ កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃ និងគូរវាសជើងមេឃពីលើមហាសមុទ្រ ខ្ញុំក៏នៅទីនោះដែរ។ កាលព្រះអង្គដាក់ពពកនៅលើអាកាស ហើយកាលប្រភពទឹកផុសចេញយ៉ាងខ្លាំង ពីទីជម្រៅ កាលព្រះអង្គកំណត់ព្រំដែនសមុទ្រ ដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញ កាលព្រះអង្គចាក់គ្រឹះផែនដី នៅគ្រានោះ ខ្ញុំជាមេជាងជួយធ្វើការព្រះអង្គ ហើយខ្ញុំធ្វើឲ្យព្រះអង្គមានអំណរ ជារៀងរាល់ថ្ងៃ។ ខ្ញុំកម្សាន្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ គ្រប់ពេលវេលា។ ខ្ញុំកម្សាន្តនៅលើដីដែលព្រះអង្គបានបង្កើត ខ្ញុំមានអំណរនៅក្នុងចំណោមមនុស្សលោក។ ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក អ្នកណាប្រតិបត្តិតាមមាគ៌ារបស់ឪពុក អ្នកនោះពិតជាមានសុភមង្គល!។ ចូរស្ដាប់ដំបូន្មានរបស់ឪពុក ដោយឥតធ្វេសប្រហែសឡើយ នោះកូននឹងទៅជាអ្នកមានប្រាជ្ញា។ អ្នកណាស្ដាប់ខ្ញុំ ហើយឈរយាមមាត់ទ្វារខ្ញុំជារៀងរាល់ថ្ងៃ អ្នកនោះពិតជាមានសុភមង្គល។ អ្នកណារកខ្ញុំឃើញ អ្នកនោះមានជីវិត ហើយព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកនោះ។ អ្នកណារកខ្ញុំមិនឃើញ អ្នកនោះធ្វើបាបខ្លួនឯង អ្នកណាស្អប់ខ្ញុំ អ្នកនោះស្រឡាញ់សេចក្ដីស្លាប់។
សុភាសិត 8:1-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯប្រាជ្ញា នោះបន្លឺឡើង ហើយយោបល់ក៏បញ្ចេញសំឡេងទេតើ ទាំង២នោះឈរនៅកំពូលនៃអស់ទាំងទីខ្ពស់ក្បែរផ្លូវដើរ ហើយនៅកន្លែងដែលផ្លូវច្រកប្រសព្វគ្នា ព្រមទាំងនៅមាត់ទ្វារ ជាផ្លូវចូលទៅក្នុងទីក្រុងផង គឺនៅកន្លែងដែលមនុស្សចូលតាមទ្វារក្រុង នោះក៏ស្រែកថា ឱមនុស្សទាំងឡាយអើយ អញស្រែកហៅឯងរាល់គ្នា ហើយសំឡេងអញក៏ហៅរកដល់អស់មនុស្សជាតិ ឱមនុស្សឆោតល្ងង់អើយ ចូររៀនឲ្យដឹងសេចក្ដីឆ្លៀវឆ្លាត ឱមនុស្សចំកួតអើយ ចូរឲ្យចិត្តឯងមានយោបល់ចុះ ចូរស្តាប់ ដ្បិតអញនឹងពោលសេចក្ដីដ៏ប្រសើរវិសេស ហើយដែលអញបើកបបូរមាត់ នោះនឹងបញ្ចេញសេចក្ដីទៀងត្រង់ ពីព្រោះមាត់អញនឹងពោលសេចក្ដីពិត ហើយបបូរមាត់អញនឹងខ្ពើមចំពោះសេចក្ដីអាក្រក់ អស់ទាំងពាក្យនៃមាត់អញ សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ គឺសុទ្ធតែប្រចក្សច្បាស់ដល់អស់អ្នកដែលយល់ ហើយក៏ទៀងត្រង់ដល់អស់អ្នកដែលរកបានដំរិះដែរ ស៊ូទទួលយកដំបូន្មានរបស់អញ ជាជាងប្រាក់ ហើយទទួលដំរិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។ អញនេះជាតួប្រាជ្ញា អញយកគំនិតវាងវៃទុកជាលំនៅរបស់អញ ក៏មានចំណេះចេះគិតពិចារណា ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់សេចក្ដីអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ ហើយនឹងមាត់ពោលពាក្យវៀច នោះអញក៏ស្អប់ណាស់ ការជួយគំនិតជារបស់ផងអញ ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង អញជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ ពួកមហាក្សត្រសោយរាជ្យ ហើយពួកមានបណ្តាសក្តិក៏សំរេចសេចក្ដីយុត្តិធម៌ ដោយសារអញ ពួកអ្នកគ្រប់គ្រង នឹងពួកមានត្រកូលខ្ពស់ គឺអស់ទាំងចៅហ្វាយដែលនៅផែនដី ក៏គ្រប់គ្រងដោយសារអញដែរ អញស្រឡាញ់ដល់អស់អ្នកដែលស្រឡាញ់អញ ហើយអស់ពួកអ្នកដែលស្វែងរកអញអស់ពីចិត្ត នោះនឹងបានជួប មានអស់ទាំងទ្រព្យសម្បត្តិ នឹងកិត្តិយស នៅជាមួយនឹងអញ អើ មានទាំងរបស់ទ្រព្យដ៏ស្ថិតស្ថេរ នឹងសេចក្ដីសុចរិតផង ផលដែលកើតពីអញ នោះវិសេសជាងមាស អើ ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកំរៃរបស់អញជាជាងប្រាក់យ៉ាងវិសេសបំផុត អញដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅកណ្តាលផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ ដើម្បីនឹងធ្វើឲ្យអស់អ្នកដែលស្រឡាញ់អញបានទទួលរបស់ទាំងប៉ុន្មានដែលមាន ទុកជាមរដក ហើយឲ្យអញបានបំពេញឃ្លាំងរបស់គេ។ ព្រះយេហូវ៉ាទ្រង់បានតាំងអញឡើង ជាដើមការនៃទ្រង់ គឺមុនអស់ទាំងកិច្ចការរបស់ទ្រង់ពីបុរាណ ទ្រង់បានសិតអញតាំងពីអស់កល្បរៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង ក្នុងគ្រាមុនដែលមានទីជំរៅទឹក នោះអញបានកើតហើយ គឺកាលមិនទាន់មានរន្ធទឹកណាដែលហូរចេញជាបរិបូរនៅឡើយ មុនដែលភ្នំទាំងឡាយបានហាប់មាំមួននៅ អញបានកើតមកមុនអស់ទាំងភ្នំតូច គឺក្នុងកាលដែលទ្រង់មិនទាន់បង្កើតដី ឬស្រែចំការ ឬល្អងធូលីមុនដំបូងនៅផែនដីនៅឡើយផង ក្នុងកាលដែលទ្រង់ប្រតិស្ឋានផ្ទៃមេឃ នោះអញបាននៅឯណោះហើយ កាលទ្រង់បានគូសវង់នៅលើទីជំរៅទឹក កាលទ្រង់បានតាំងឲ្យមានពពកនៅខាងលើ នឹងរន្ធទឹកទាំងប៉ុន្មាននៅទីជំរៅឲ្យបានមានកំឡាំង កាលទ្រង់បានកំណត់ព្រំខណ្ឌនៃសមុទ្រ ដើម្បីមិនឲ្យទឹកឡើងរំលងបង្គាប់ទ្រង់ កាលទ្រង់បានកំណត់រាងឫសនៃផែនដី នៅគ្រានោះ អញបាននៅជិតទ្រង់ដូចជាមេជាង ហើយអញជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗថ្ងៃ ព្រមទាំងមានសេចក្ដីរីករាយនៅចំពោះទ្រង់ជានិច្ច ក៏មានសេចក្ដីរីករាយចំពោះផែនដីទាំងដុំមូលនៃទ្រង់ ហើយបានសេចក្ដីអំណរ ដោយនៅជាមួយនឹងពួកមនុស្សលោក។ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវ ដ្បិតអ្នកណាដែលរក្សាអស់ទាំងផ្លូវរបស់អញ នោះមានពរហើយ ចូរស្តាប់ដំបូន្មាន ហើយមានប្រាជ្ញាចុះ កុំឲ្យប្រកែកមិនព្រមទាំងទទួលឡើយ មានពរហើយ អ្នកណាដែលស្តាប់អញ ដោយចាំយាមនៅមាត់ទ្វារអញរាល់ថ្ងៃ គឺដែលរង់ចាំនៅក្របទ្វារផ្ទះរបស់អញ ដ្បិតអ្នកណាដែលបានអញ នោះបានជីវិត ក៏នឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ តែឯអ្នកណាដែលធ្វើបាបនឹងអញ នោះក៏ប្រទូស្តដល់ព្រលឹងខ្លួនដែរ អស់អ្នកណាដែលស្អប់អញ នោះឈ្មោះថាស្រឡាញ់សេចក្ដីស្លាប់ហើយ។