សុភា‌សិត 8

8
អំណោយ​ទាន​នៃ​ប្រាជ្ញា
1ឯ​ប្រាជ្ញា នោះ​បន្លឺ​ឡើង
ហើយ​យោបល់​ក៏​បញ្ចេញ​សំឡេង​ទេ​តើ
2ទាំង​ពីរ​នោះ​ឈរ​នៅ​កំពូល
នៃ​អស់​ទាំង​ទី​ខ្ពស់​ក្បែរ​ផ្លូវ​ដើរ
ហើយ​នៅ​កន្លែង​ដែល​ផ្លូវ​ច្រក​ប្រសព្វ​គ្នា
3ព្រម​ទាំង​នៅ​មាត់​ទ្វារ
ជា​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង
គឺ​នៅ​កន្លែង​ដែល​មនុស្ស​ចូល​តាម​ទ្វារ​ក្រុង
នោះ​ក៏​ស្រែក​ថា៖
4ឱ​មនុស្ស​ទាំង‌ឡាយ​អើយ
យើង​ស្រែក​ហៅ​អ្នក​រាល់​គ្នា
ហើយ​សំឡេង​យើង
ក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ
5ឱ​មនុស្ស​ឆោត​ល្ងង់​អើយ
ចូរ​រៀន​ឲ្យ​ដឹង​សេចក្ដី​ឆ្លៀវ‌ឆ្លាត
ឱ​មនុស្ស​ចម្កួត​អើយ
ចូរ​ឲ្យ​ចិត្ត​ឯង​មាន​យោបល់​ចុះ
6ចូរ​ស្តាប់ ដ្បិត​យើង​នឹង​ពោល
សេចក្ដី​ដ៏​ប្រសើរ​វិសេស
ហើយ​ដែល​យើង​បើក​បបូរ​មាត់
នោះ​នឹង​បញ្ចេញ​សេចក្ដី​ទៀង​ត្រង់
7ពី​ព្រោះ​មាត់​យើង​នឹង​ពោល​សេចក្ដី​ពិត
ហើយ​បបូរ​មាត់​យើង​នឹង​ខ្ពើម​ចំពោះ​ការ​អាក្រក់
8អស់​ទាំង​ពាក្យ​នៃ​មាត់​យើង សុទ្ធ​តែ​សុចរិត
ឥត​មាន​អ្វី​ដែល​ព័ន្ធ‌ពាក់
ឬ​ស្រពិច‌ស្រពិល​ឡើយ
9គឺ​សុទ្ធ​តែ​ប្រចក្ស​ច្បាស់​ដល់​អស់​អ្នក​ដែល​យល់
ហើយ​ក៏​ទៀង​ត្រង់​ដល់​អស់​អ្នក
ដែល​រក​បាន​តម្រិះ​ដែរ
10ស៊ូ​ទទួល​យក​ដំបូ‌ន្មាន​របស់​យើង ជា​ជាង​ប្រាក់
ហើយ​ទទួល​តម្រិះ
ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត
11ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូង​ទទឹម
ហើយ​របស់​ទាំង​ប៉ុន្មាន
ដែល​មនុស្សនឹង​ប្រាថ្នា​ចង់​បាន
នោះ​ក៏​ប្រៀប​ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង។
12ខ្ញុំ​ជា​ប្រាជ្ញា ខ្ញុំ​រស់​នៅ​ជា​មួយ​គំនិត​វាង‌វៃ
ខ្ញុំ​មាន​តម្រិះ និង​មាន​សុភនិច្ឆ័យ។
13ឯ​ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
នោះ​ឈ្មោះ​ថា ស្អប់​ដល់​ការ​អាក្រក់
ចំណែក​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន
ប្រព្រឹត្ត​អា‌ក្រក់ និង​មាត់​ពោល​ពាក្យ​វៀច
នោះ​យើង​ក៏​ស្អប់​ណាស់
14ការ​ជួយ​គំនិត​ជា​របស់​ផង​យើង
ព្រម​ទាំង​ការ​ទាំង​អស់​ដែល​មាន​ប្រ‌យោជន៍​ផង
យើង​ជា​តួ​យោបល់ ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែរ
15ពួក​មហា‌ក្សត្រ​សោយ‌រាជ្យ
ហើយ​ពួក​មាន​បណ្ដា​សក្តិ​ក៏​សម្រេច
សេចក្ដី​យុត្តិ‌ធម៌ដោយ‌សារ​យើង
16ពួក​អ្នក​គ្រប់‌គ្រង
និង​ពួក​មាន​ត្រកូល​ខ្ពស់ គឺ​អស់​ទាំង​ចៅ‌ហ្វាយ
ដែល​នៅ​ផែនដី ក៏​គ្រប់‌គ្រង​ដោយ‌សារ​យើង​ដែរ
17យើង​ស្រឡាញ់​ដល់​អស់​អ្នក
ដែល​ស្រឡាញ់​យើង
ហើយ​អស់​ពួក​អ្នក​ដែល​ស្វែង​រក​អស់​ពី​ចិត្ត
នោះ​នឹង​បាន​ជួប
18មាន​អស់​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌យស
នៅ​ជា‌មួយ​យើង
មាន​ទាំង​របស់​ទ្រព្យ​ដ៏​ស្ថិត‌ស្ថេរ
និង​សេចក្ដី​សុចរិត​ផង
19ផល​ដែល​កើត​ពី​យើង នោះ​វិសេស​ជាង​មាស
ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង
ហើយ​ផល​កម្រៃ​របស់​យើង
ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត
20យើង​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត
គឺ​នៅ​កណ្ដាល​ផ្លូវ​ច្រក​នៃ​សេចក្ដី​យុត្តិ‌ធម៌
21ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​យើង
បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ដែល​មាន
ទុក​ជា​មត៌ក
ហើយ​ឲ្យ​យើង​បាន​បំពេញ​ឃ្លាំង​របស់​គេ។
ផ្នែក​របស់ប្រាជ្ញានៅ​ក្នុង​អ្វីៗ​សព្វសារពើ
22ព្រះ‌យេហូវ៉ា​មាន​ខ្ញុំ តាំង​ពី​ដើម​ដំបូង
នៃ​កិច្ច​ការ​របស់ព្រះ‌អង្គ
គឺ​មុន​អស់​ទាំង​កិច្ច‌ការ​របស់​ព្រះ‌អង្គ​ពី​បុរាណ
23ព្រះ‌អង្គ​បាន​សិត​យើង​តាំង​ពី​អស់‌កល្ប​រៀង​មក
គឺ​ពី​កាល​នៅ​ដើម​ឡើយ
មុន​ដែល​មាន​ផែនដី​ផង
24ក្នុង​គ្រា​មុន​ដែល​មាន​ទី​ជម្រៅ​ទឹក
នោះ​យើង​បាន​កើត​ហើយ
គឺ​កាល​មិន​ទាន់​មាន​រន្ធ​ទឹក​ណា
ដែល​ហូរ​ចេញ​ជា​បរិបូរ​នៅ​ឡើយ
25មុន​ដែល​ភ្នំ​ធំទាំង‌ឡាយ​មាន​រូប​រាង
មុន​ដែល​មាន​ភ្នំ​តូចៗ
នោះ​ខ្ញុំ​បាន​កើត​មកហើយ
26កាលព្រះ‌អង្គ​មិន​ទាន់​បាន​បង្កើត​ផែន​ដី
ព្រម​ទាំង​ស្រែ​ចម្ការ
ឬ​ធូលី​ដី​មុន​ដំបូង​នៅ​ផែនដី​នៅ​ឡើយ​ផង។
27កាល​ព្រះ‌អង្គ​ប្រតិ‌ស្ឋាន​ផ្ទៃ​មេឃ
ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ
កាល​ព្រះ‌អង្គ​បាន​គូស​វង់​នៅ​លើ​ទី​ជម្រៅ​ទឹក
28ពេល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពពក​នៅ​ខាង​លើ
និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន
នៅ​ទី​ជម្រៅ​ឲ្យ​បាន​មាន​កម្លាំង
29ពេល​ព្រះ‌អង្គ​បាន​កំណត់​ព្រំ​ខណ្ឌ​នៃ​សមុទ្រ
ដើម្បី​មិន​ឲ្យ​ទឹក​ឡើង​រំលង​បង្គាប់​ព្រះ‌អង្គ
ពេល​ព្រះ‌អង្គ​បាន​កំណត់​រាង​ឫស​នៃ​ផែនដី
30នៅ​គ្រា​នោះ ខ្ញុំ​នៅ​ជិត​ព្រះ‌អង្គ​ដូច​ជា​មេ​ជាង
ហើយ​ខ្ញុំ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យព្រះ‌អង្គ​រាល់​ថ្ងៃ
ទាំង​មាន​សេចក្ដី​រីក‌រាយ
នៅ​ចំពោះ​ព្រះ‌អង្គ​ជា‌និច្ច
31ក៏​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ផែនដី
ទាំង​ដុំ​មូល​នៃ​ព្រះ‌អង្គ
ហើយ​បាន​អំណរ
ដោយ​នៅ​ជា‌មួយ​ពួក​មនុស្ស​លោក។
32ដូច្នេះ កូន​ទាំង‌ឡាយ​អើយ
ចូរ​ស្តាប់​យើង​ឥឡូវ
ដ្បិត​អ្នក​ណា​ដែល​រក្សា​អស់​ទាំង​ផ្លូវ​របស់​យើង
នោះ​មាន​ពរ​ហើយ
33ចូរ​ស្តាប់​ដំបូ‌ន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ
កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ទាំង​ទទួល​ឡើយ
34មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​យើង
ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​យើង​រាល់​ថ្ងៃ
គឺ​ដែល​រង់​ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​យើង
35ដ្បិត​អ្នក​ណា​ដែល​បាន​យើង នោះ​បាន​ជីវិត
ក៏​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ
36តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​នឹង​យើង​នោះ
ក៏​ប្រទូស្ត​ដល់​ព្រលឹង​ខ្លួន​ដែរ
អស់​អ្នក​ណា​ដែល​ស្អប់​យើង
នោះ​ឈ្មោះ​ថា​ស្រឡាញ់​សេចក្ដី​ស្លាប់​ហើយ។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល