សុភា‌សិត 7

7
ការ​ទាក់​ទាញ​ដែល​នាំ​ឲ្យ​មាន​អំពើ​ផិត​ក្បត់
1កូន​អើយ ចូរ​រក្សា​អស់​ទាំង​ពាក្យ​របស់​ឪពុក
ហើយ​ប្រមូល​អស់​ទាំង​បណ្ដាំ​របស់​ឪពុក
ទុក​នៅ​នឹង​ឯង​ចុះ
2ត្រូវ​រក្សា​បណ្ដាំ​ឪពុក​ទាំង​ប៉ុន្មាន
ដើម្បី​ឲ្យ​បាន​រស់​នៅ
ព្រម​ទាំង​ឱវាទ​របស់​ឪពុក
ដូច​រក្សា​ប្រស្រី​ភ្នែក​ឯង​ដែរ
3ចូរ​ចង​ភ្ជាប់​នៅ​ម្រាម​ដៃ
ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ឯង​ផង។
4ចូរ​និយាយ​ទៅ​ប្រាជ្ញា​ថា
«អ្នក​ជា​បង​ស្រី​របស់​ខ្ញុំ»
ហើយ​ត្រូវ​ហៅ​ការ​ចេះ​ដឹង​ថា​ជា​មិត្ត​សម្លាញ់
5ដើម្បី​រក្សា​ឯង​ឲ្យ​រួច​ពី​ស្រី​អាវ៉ាសែ
គឺ​ពី​ស្ត្រី​ផិត​ក្បត់​ដែល​ប្រលោម
ដោយ​ពាក្យ​ផ្អែម‌ល្ហែម។
6ដ្បិត​ឪពុក​បាន​មើលតាម​បង្អួច
ហើយ​តាមប្រឡោះ​វាំង​នន​ទៅ
7ឪពុក​ឃើញ​ក្នុង​ចំណោម​មនុស្ស​ឆោត​ល្ងង់
ឪពុក​ពិចារណា​ក្នុង​ចំណោម​ពួក​កំលោះ
មាន​ម្នាក់​ដែល​ឥត​ប្រាជ្ញា
8កំពុង​តែ​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​របស់​ស្ត្រី​នោះ
ក៏​តម្រង់​ទៅ​ឯ​ផ្ទះ​នាង
9គឺ​នៅ​ពេល​ព្រលប់
កាល​ពន្លឺ​នៅ​ព្រឹលៗ​នៅ​ឡើយ
ឬ​នៅ​ពេល​ពាក់​កណ្ដាល​អធ្រាត្រ
កាល​ងងឹត​សូន្យ​ទៅ​ហើយ
10នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់​មក​ជួប​នឹង​វា
នាង​នោះ​តែង​ខ្លួន​របៀប​ជា​ស្រី​ពេស្យា
ហើយ​មាន​ចិត្ត​ពេញ​ដោយ​ឧបាយ។
11នាង​ធ្វើ​សំឡេង​ឡូៗ ហើយ​ក៏​មាន​ក្បាល​រឹង
ជា​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​មិន​ជាប់
12ជួន​កាល​នាង​នៅ​ឯ​ផ្ទះ ជួន​កាល​នៅ​ទី​ផ្សារ
ហើយ​ក៏​លប​ចាំ​នៅ​គ្រប់​ទាំង​ជ្រុង​ផ្លូវ​ផង។
13គឺ​យ៉ាង​នោះ​ដែល​នាង​ចាប់ ហើយ​ថើប​វា
ក៏​និយាយ​នឹង​វា​ដោយ​មុខ​ក្រាស់​ថា
14«នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា
ជា​តង្វាយ​មេត្រី
ក៏​បាន​លា​បំណន់​នោះ​ស្រេច​ហើយ
15ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចេញ​មក​ទទួល​អ្នក
ដើម្បី​ខំ​រក​ឲ្យ​ឃើញ​មុខ​អ្នក ក៏​បាន​ឃើញ​ហើយ
16ខ្ញុំ​បាន​ក្រាល​កម្រាល​ប៉ាក់​នៅ​លើ​គ្រែ​ខ្ញុំ
ព្រម​ទាំង​សំពត់​ពណ៌
ធ្វើ​ពី​អំបោះ​ស្រុក​អេស៊ីព្ទ​ផង
17ខ្ញុំ​បាន​ប្រោះ​ដំណេក​ដោយ​គ្រឿង​ក្រអូប
គឺ​ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា និង​សម្បុរ​ល្វែង។
18ចូរ​មក យើង​នឹង​បាន​ឆ្អែត​ចិត្ត
ដោយ​សេចក្ដី​ស្នេហា​ដរាប​ដល់​ភ្លឺ
ចូរ​យើង​មាន​ចិត្ត​ត្រេក‌ត្រអាល
ក្នុង​សេចក្ដី​ស្រឡាញ់​ចុះ។
19ដ្បិត​ប្តី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ
គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ
20ក៏​យក​ថង់​ប្រាក់​ជាប់​នឹង​ខ្លួន​ទៅ​ដែរ
ដល់​ថ្ងៃ​ពេញ​បូណ៌​ទើប​ត្រឡប់​មក​វិញ»។
21គឺ​ដោយ​ពាក្យ​ផ្អែម‌ល្ហែម​ជា​ច្រើន
នាង​បាន​បបួល​ឲ្យ​វា​ព្រម​តាម
ហើយ​ដោយ​ពាក្យ​បញ្ចើច​នៃ​បបូរ​មាត់​នាង
ក៏​បង្ខំ​ឲ្យ​វា​ទៅ​ផង
22វា​ក៏​ទៅ​តាម​នាងភ្លាម
ប្រៀប​ដូច​ជា​គោ​ដែល​ទៅ​ឯ​ទី​សម្លាប់
ឬ​ដូច​ជា​ប្រើស​ដែល​ដើរ​ទៅ​រក​អន្ទាក់
23រហូត​ទាល់​តែ​មាន​ព្រួញ​មក​ទម្លុះ​ថ្លើម​ខ្លួន
ឬ​ដូច​សត្វ​ស្លាប​ហើរ​តម្រង់​ទៅ​ជាប់​លប់
ឥត​ដឹង​ថា​គេ​ចាប់​យក​ជីវិត​ខ្លួន​ទេ។
24ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ឥឡូវ
ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ពាក្យ
ដែល​ចេញ​ពី​មាត់​យើង​ចុះ។
25កុំ​ឲ្យ​ចិត្ត​ឯង​ងាក​ទៅ​តាម​ផ្លូវ
របស់​ស្រី​យ៉ាង​នោះ​ឡើយ
ក៏​កុំ​ឲ្យ​វង្វេង​ទៅ​តាម​ផ្លូវ​ច្រក​របស់​វា​ដែរ។
26ដ្បិត​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​របួស​ដួល
ពួក​អ្នក​ដែល​វា​បាន​សម្លាប់
នោះ​មាន​សន្ធឹក​ណាស់។
27ផ្ទះ​របស់​វា គឺ​ជា​ផ្លូវ​នាំ​ចុះ​ទៅ
ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
គឺ​នាំ​ចុះ​ទៅ​ដល់​លំ​នៅ​របស់​សេចក្ដី​ស្លាប់។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល