សុភាសិត 7:21-27
សុភាសិត 7:21-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺដោយពាក្យផ្អែមល្ហែមជាច្រើន នាងបានបបួលឲ្យវាព្រមតាម ហើយដោយពាក្យបញ្ចើចនៃបបូរមាត់នាង ក៏បង្ខំឲ្យវាទៅផង វាក៏ទៅតាមនាងភ្លាម ប្រៀបដូចជាគោដែលទៅឯទីសម្លាប់ ឬដូចជាប្រើសដែលដើរទៅរកអន្ទាក់ រហូតទាល់តែមានព្រួញមកទម្លុះថ្លើមខ្លួន ឬដូចសត្វស្លាបហើរតម្រង់ទៅជាប់លប់ ឥតដឹងថាគេចាប់យកជីវិតខ្លួនទេ។ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ ហើយផ្ចង់ចិត្តចំពោះពាក្យ ដែលចេញពីមាត់យើងចុះ។ កុំឲ្យចិត្តឯងងាកទៅតាមផ្លូវ របស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ។ ដ្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួល ពួកអ្នកដែលវាបានសម្លាប់ នោះមានសន្ធឹកណាស់។ ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅ ឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺនាំចុះទៅដល់លំនៅរបស់សេចក្ដីស្លាប់។
សុភាសិត 7:21-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងនិយាយបញ្ចុះបញ្ចូលយ៉ាងប៉ិនប្រសប់ អូសទាញអ្នកកំលោះដោយពាក្យសម្ដីផ្អែមល្ហែម។ អ្នកកំលោះក៏ទៅតាមនាងភ្លាម ដូចគោដែលគេនាំទៅទីសត្តឃាត និងដូចមនុស្សឆ្កួតដែលបណ្ដោយឲ្យគេចងជើងចងដៃ យកទៅធ្វើទោស។ អ្នកនោះប្រៀបបាននឹងសត្វស្លាប ហើរបោះពួយទៅរកអន្ទាក់ ដោយមិនដឹងថា ខ្លួនមានគ្រោះថ្នាក់ដល់ជីវិតទេ លុះត្រាតែមានព្រួញមកទម្លុះដល់បេះដូង។ ឥឡូវនេះ កូនអើយ ចូរស្ដាប់ឪពុក ចូរត្រងត្រាប់ស្ដាប់សេចក្ដីដែលឪពុកទូន្មាន។ កុំបាក់ចិត្តទៅតាមស្ត្រីប្រភេទនេះឡើយ ហើយក៏កុំវង្វេងទៅសេពគប់ជាមួយវាដែរ ដ្បិតស្ត្រីនេះបានធ្វើឲ្យមានជនរងគ្រោះជាច្រើន សូម្បីតែអ្នកខ្លាំងពូកែក៏ត្រូវស្លាប់ដោយសារស្នាដៃនាងដែរ។ ផ្ទះរបស់នាងជាស្ថានមច្ចុរាជ អ្នកដែលចូលទៅក្នុងផ្ទះនោះ មុខជាស្លាប់មិនខាន។
សុភាសិត 7:21-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺដោយពាក្យផ្អែមល្ហែមជាច្រើន នាងបានបបួលឲ្យវាព្រមតាម ហើយដោយពាក្យបញ្ចើចនៃបបូរមាត់នាង ក៏បង្ខំឲ្យវាទៅផង យ៉ាងនោះ វាក៏តាមជា១រំពេច ប្រៀបដូចជាគោដែលទៅឯទីសំឡាប់ ឬដូចជាមនុស្សជាប់ចំណងដែលនាំទៅឯទីវាយផ្ចាលមនុស្សចំកួត ទាល់តែមានព្រួញទំលុះថ្លើមខ្លួន ឬដូចសត្វស្លាបហើរដំរង់ទៅជាប់លប់ ឥតដឹងថានឹងចាប់យកជីវិតខ្លួនទេ។ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវ ហើយផ្ចង់ចិត្តចំពោះពាក្យដែលចេញពីមាត់អញចុះ កុំឲ្យចិត្តឯងងាកទៅតាមផ្លូវរបស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ ដ្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួល អើ ពួកអ្នកដែលវាបានសំឡាប់ នោះមានសន្ធឹកណាស់ ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺនាំចុះទៅដល់លំនៅរបស់សេចក្ដីស្លាប់។