សុភាសិត 6:1-19
សុភាសិត 6:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនអើយ ប្រសិនបើឯង បានធានាឲ្យអ្នកជិតខាងឯង ប្រសិនបើឯងបានសន្យាជំនួសអ្នកដទៃ នោះឯងបានជាប់អន្ទាក់ ដោយសារពាក្យសន្យារបស់ឯង គឺឯងបានត្រូវចាប់ហើយ ដោយពាក្យសម្ដីដែលចេញពីមាត់ឯងមក នោះកូនអើយ ចូរធ្វើដូច្នេះវិញ ហើយដោះខ្លួនឲ្យរួចចុះ ដ្បិតឯងបានធ្លាក់ទៅក្នុងកណ្ដាប់ដៃ នៃអ្នកជិតខាងឯងហើយ។ ដូច្នេះ ចូរទៅជួបអ្នកជិតខាងឯងភ្លាម ហើយអង្វរគេជាបន្ទាន់។ កុំឲ្យភ្នែកឯងដេកលក់ ឬឲ្យត្របកភ្នែកឯងរលីវឡើយ។ ចូរដោះខ្លួនចេញ ដូចជាប្រើសដែលខំប្រឹង ឲ្យរួចពីកណ្ដាប់ដៃនាយព្រាន ហើយដូចជាសត្វហើរ ឲ្យរួចពីដៃនៃអ្នកដែលចាប់វា ។ ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង។ វាគ្មានមេ គ្មានអ្នកត្រួតត្រា ឬគ្មានអ្នកគ្រប់គ្រងឡើយ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀង ទុកនៅក្នុងរដូវចម្រូតបាន។ ឱមនុស្សខ្ជិលច្រអូសអើយ តើឯងនឹងដេកដល់កាលណា តើដល់កាលណាបានឯងក្រោកពីការដេកលក់? ដេកបន្តិច ងោកបន្តិច ឱបដៃសម្រាកបន្តិច យ៉ាងនោះ សេចក្ដីកម្សត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាអ្នកកាន់គ្រឿងអាវុធ។ ឯមនុស្សចោលម្សៀត ជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺជាមនុស្សដែលប្រើមាត់ពោលពាក្យវៀច ជាអ្នកដែលមិចភ្នែក ហើយធ្វើជាទីសម្គាល់ ដោយជើង និងដៃ ជាអ្នកដែលមានសេចក្ដីវៀចនៅក្នុងចិត្ត ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច ព្រមទាំងសាបព្រោះការទាស់ទែងគ្នា។ ដូច្នេះ សេចក្ដីអន្តរាយរបស់វា និងលោមកភ្លាមមួយរំពេចក្នុងពេលបន្ទាន់នោះ វានឹងត្រូវបាក់បែកឥតមានអ្វីជួយផង។ មានប្រាំមួយមុខ ដែលព្រះយេហូវ៉ាស្អប់ មានប្រាំពីរផង ដែលព្រះអង្គខ្ពើមឆ្អើម គឺភ្នែកឆ្មើងឆ្មៃ អណ្ដាតភូតភរ ដៃដែលកម្ចាយឈាមមនុស្សឥតទោស ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់ និងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត ហើយមនុស្សដែលសាបព្រោះសេចក្ដី ទាស់ទែងគ្នាក្នុងពួកបងប្អូនមួយដែរ។
សុភាសិត 6:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនអើយ ប្រសិនបើកូនធានាបងប្អូនណាម្នាក់ដែលជំពាក់បំណុលគេ ប្រសិនបើកូនបានសន្យាផ្ទាល់មាត់ និងជាប់សម្ដីក្នុងរឿងនេះ បានសេចក្ដីថា កូនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បងប្អូននោះហើយ។ ដូច្នេះ កូនត្រូវតែទៅជួបអ្នកនោះ ហើយអង្វរករ និងរំអុកសុំរំដោះខ្លួនឲ្យរួច កុំដេក កុំសម្រាកឡើយ គឺខំប្រឹងរើបម្រះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួនឲ្យរួចពីអន្ទាក់របស់ព្រាន។ កូនកម្ជិលអើយ ចូរទៅមើលស្រមោច ហើយពិចារណាអំពីការរស់នៅរបស់វា រួចយកមេរៀនពីវាទៅ។ វាគ្មានអ្នកត្រួតត្រា គ្មានមេកើយ គ្មានថៅកែទេ តែនៅរដូវក្ដៅវាប្រមូលចំណី នៅរដូវចម្រូត វាសន្សំស្បៀងទុក។ ជនកម្ជិលអើយ តើអ្នកនៅតែដេកដល់ណាទៀត? តើដល់អង្កាល់ទើបភ្ញាក់ឡើង? អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច ដេកឱបដៃបន្តិច។ ធ្វើដូច្នេះ អ្នកនឹងខ្វះខាត ហើយធ្លាក់ខ្លួនក្រភ្លាម ដោយមិនដឹងខ្លួន ដូចមានចោរចូលលួចប្លន់។ អ្នកណាដើរសាបព្រោះពាក្យមិនពិត អ្នកនោះជាមនុស្សចោលម្សៀត និងទុច្ចរិត គេមិចភ្នែក លើកដៃលើកជើងជាសញ្ញា មានចិត្តពាលហើយរិះគិតធ្វើអាក្រក់គ្រប់ពេលវេលា និងបង្កជម្លោះ។ ហេតុនេះ គេមុខជាវិនាសយ៉ាងទាន់ហន់ ព្រមទាំងត្រូវអន្តរាយមួយរំពេចរកអ្វីមកកែកុនពុំបាន។ មានអំពើប្រាំមួយ ឬប្រាំពីរយ៉ាង ដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ហើយមិនអាចទ្រាំទ្របានគឺ: ការវាយឫកខ្ពស់ ការពោលពាក្យកុហក ការបង្ហូរឈាមជនស្លូតត្រង់ ការរិះគិតធ្វើអំពើទុច្ចរិត ការរត់ទៅប្រព្រឹត្តអំពើអាក្រក់ ធ្វើជាសាក្សីក្លែងក្លាយ ដែលពោលពាក្យមិនពិត និងការបង្កជម្លោះបំបាក់បំបែកបងប្អូន។
សុភាសិត 6:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនអើយ បើឯងបានធានាឲ្យអ្នកជិតខាងឯង បើឯងបានចាប់ដៃសន្យាជំនួសអ្នកដទៃ នោះឯងបានជាប់អន្ទាក់ ដោយសារពាក្យសន្យារបស់ឯង គឺឯងបានត្រូវចាប់ហើយ ដោយពាក្យសំដីដែលចេញពីមាត់ឯងមក យ៉ាងនោះ កូនអើយ ចូរធ្វើដូច្នេះវិញ ហើយដោះខ្លួនឲ្យរួចចុះ ព្រោះឃើញថា ឯងបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃអ្នកជិតខាងឯង ដូច្នេះ ចូរឯងទៅបន្ទាបខ្លួន ហើយអង្វរដល់គេ កុំឲ្យភ្នែកឯងដេកលក់ ឬឲ្យត្របកភ្នែកឯងរលីវឡើយ ចូរឲ្យដោះខ្លួនចេញ ដូចជាប្រើសរួចពីកណ្តាប់ដៃនាយព្រាន ហើយដូចសត្វហើររួចពីដៃនៃអ្នកដែលចាប់វា។ ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមាន ប្រាជ្ញាឡើង វាគ្មាននាយ គ្មានអ្នកកាន់កាប់ការ ឬអ្នកគ្រប់គ្រងឡើយ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុក នៅក្នុងរដូវចំរូតផង ឱមនុស្សខ្ជិលច្រអូសអើយ តើឯងនឹងដេកដល់កាលណា តើដល់កាលណាបានឯងក្រោកពីការដេកលក់ ដេកបន្តិច ងោកបន្តិច ឱបដៃនឹងដេកបន្តិច យ៉ាងនោះ សេចក្ដីកំសត់ទុគ៌តរបស់ឯង នឹងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាអ្នកកាន់គ្រឿងអាវុធ។ ឯមនុស្សចោលម្សៀត ជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺជាមនុស្សដែលប្រើមាត់ពោលពាក្យវៀច ជាអ្នកដែលមិចភ្នែក ហើយធ្វើជាទីសំគាល់ដោយជើង នឹងដៃ ជាអ្នកដែលមានសេចក្ដីវៀចនៅក្នុងចិត្ត ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច ព្រមទាំងសាបព្រោះការទាស់ទែងគ្នា ដូច្នេះ សេចក្ដីអន្តរាយរបស់វា នឹងលោមកភ្លាម១រំពេចក្នុងពេលបន្ទាន់នោះ វានឹងត្រូវបាក់បែកឥតមានអ្វីជួយផង។ មាន៦មុខ ដែលព្រះយេហូវ៉ាទ្រង់ស្អប់ អើ មាន៧ផង ដែលទ្រង់ខ្ពើមឆ្អើម គឺភ្នែកឆ្មើងឆ្មៃ១ អណ្តាតភូតភរ១ ដៃដែលកំចាយឈាមមនុស្សឥតទោស១ ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់១ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់១ នឹងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត១ ហើយមនុស្សដែលសាបព្រោះសេចក្ដីទាស់ទែងគ្នាក្នុងពួកបងប្អូន១ដែរ។