សុភាសិត 6:1-19

សុភាសិត 6:1-19 ពគប

កូន​អើយ បើ​ឯង​បាន​ធានា​ឲ្យ​អ្នក​ជិត​ខាង​ឯង បើ​ឯង​បាន​ចាប់​ដៃ​សន្យា​ជំនួស​អ្នក​ដទៃ នោះ​ឯង​បាន​ជាប់​អន្ទាក់ ដោយ‌សារ​ពាក្យ​សន្យា​របស់​ឯង គឺ​ឯង​បាន​ត្រូវ​ចាប់​ហើយ ដោយ​ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​ឯង​មក យ៉ាង​នោះ កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ព្រោះ​ឃើញ​ថា ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ជិត​ខាង​ឯង ដូច្នេះ ចូរ​ឯង​ទៅ​បន្ទាប​ខ្លួន ហើយ​អង្វរ​ដល់​គេ កុំ​ឲ្យ​ភ្នែក​ឯង​ដេក​លក់ ឬ​ឲ្យ​ត្របក​ភ្នែក​ឯង​រលីវ​ឡើយ ចូរ​ឲ្យ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​រួច​ពី​កណ្តាប់​ដៃ​នាយ​ព្រាន ហើយ​ដូច​សត្វ​ហើរ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា។ ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន ប្រាជ្ញា​ឡើង វា​គ្មាន​នាយ គ្មាន​អ្នក​កាន់‌កាប់​ការ ឬ​អ្នក​គ្រប់‌គ្រង​ឡើយ គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង​ទុក នៅ​ក្នុង​រដូវ​ចំរូត​ផង ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​ឯង​នឹង​ដេក​ដល់​កាល​ណា តើ​ដល់​កាល​ណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់ ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​នឹង​ដេក​បន្តិច យ៉ាង​នោះ សេចក្ដី​កំសត់​ទុគ៌ត​របស់​ឯង នឹង​លោមក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​អ្នក​កាន់​គ្រឿង​អាវុធ។ ឯ​មនុស្ស​ចោល‌ម្សៀត ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ជា​មនុស្ស​ដែល​ប្រើ​មាត់​ពោល​ពាក្យ​វៀច ជា​អ្នក​ដែល​មិច​ភ្នែក ហើយ​ធ្វើ​ជា​ទី​សំគាល់​ដោយ​ជើង នឹង​ដៃ ជា​អ្នក​ដែល​មាន​សេចក្ដី​វៀច​នៅ​ក្នុង​ចិត្ត ក៏​តែង‌តែ​គិត‌គូរ​បង្កើត​ការ​អាក្រក់​ជានិច្ច ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា ដូច្នេះ សេចក្ដី​អន្តរាយ​របស់​វា នឹង​លោមក​ភ្លាម​១​រំពេច​ក្នុង​ពេល​បន្ទាន់​នោះ វា​នឹង​ត្រូវ​បាក់​បែក​ឥត​មាន​អ្វី​ជួយ​ផង។ មាន​៦​មុខ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់ អើ មាន​៧​ផង ដែល​ទ្រង់​ខ្ពើម​ឆ្អើម គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ​១ អណ្តាត​ភូត‌ភរ​១ ដៃ​ដែល​កំចាយ​ឈាម​មនុស្ស​ឥត​ទោស​១ ចិត្ត​ដែល​គិត‌គូរ​បង្កើត​អំពើ​អាក្រក់​១ ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ត​អាក្រក់​១ នឹង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត​១ ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង​ប្អូន​១​ដែរ។

អាន សុភាសិត 6