សុភាសិត 30:24-33

សុភាសិត 30:24-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​សត្វ​បួន​យ៉ាង ដែល​តូច​ទាប​ណាស់​នៅ​លើ​ផែនដី តែ​មាន​ប្រាជ្ញា​ដ៏​លើស‌លុប គឺ​ស្រមោច ជា​ពួក​សត្វ​ដែល​មាន​កម្លាំង​ខ្សោយ តែ​វា​តែង​តែ​ប្រមូល​ទុក​អាហារ​នៅ​រដូវ​ក្តៅ ទន្សាយ​ថ្ម ជា​ពួក​សត្វ​មិន​សូវ​មាន​កម្លាំង​ទេ តែ​វា​តាំង​លំ‌នៅ​វា​នៅ​ក្នុង​រូង​ថ្ម កណ្តូប​មួយ​ជា​ពួក​សត្វ​ឥត​មាន​ស្តេច​ទេ តែ​វា​លើក​គ្នា​ចេញ​ទៅ​ទាំង​ហ្វូងៗ។ ជីង‌ចក់ ជា​សត្វ​ដែល​ចាប់​ដោយ​ដៃ​បាន តែ​វា​នៅ​ក្នុង​ដំណាក់​ស្តេច​ផង។ មាន​បី​មុខ ដែល​មាន​ដំណើរ​រុងរឿង ក៏​មាន​បួន​ផង ដែល​មាន​ដំណើរ​យ៉ាង​ល្អ គឺ​សិង្ហជា​សត្វ​ខ្លាំង​ពូកែ លើស​ជាង​អស់​ទាំង​ពួក​សត្វ វា​មិន​ព្រម​ចៀស​ផ្លូវ​ដល់​សត្វ​ណា​ឡើយ។ សេះ​ចម្បាំង ពពែ​ឈ្មោល និង​មហា‌ក្សត្រជា​អ្នក​ដែល​គ្មាន​អ្នក​ណា ហ៊ាន​លើក​ខ្លួន​ទាស់​ទទឹង​នឹង​ទ្រង់​ឡើយ។ បើ​ឯង​បាន​ប្រព្រឹត្ត​បែប​ចម្កួត ដោយ​លើក​ខ្លួន​ឡើង ឬ​បើ​ឯង​គិតប្រព្រឹត្ត​អាក្រក់ ចូរ​យក​ដៃ​ខ្ទប់​មាត់​ចុះ។ ដ្បិត​ការ​គ្រលុក​ទឹក​ដោះ​គោ នោះ​ធ្វើ​ឲ្យ​ចេញ​ជា​ខ្លាញ់ ហើយ​ការ​ដែល​ចាប់​មួល​ច្រមុះ នោះ​ធ្វើ​ឲ្យ​ចេញ​ឈាម​មក យ៉ាង​នោះ​ការ​ចាក់​រុក​ដោយ​ក្រោធ ក៏​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែរ។

ចែក​រំលែក
អាន សុភាសិត 30

សុភាសិត 30:24-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​សត្វ​បួន​យ៉ាង ដែល​តូច​ជាង​គេ​នៅ​លើ​ផែនដី តែ​ជា​សត្វ​មាន​ប្រាជ្ញា​វាង‌វៃ គឺ: ស្រមោច​ជា​សត្វ​ដែល​គ្មាន​កម្លាំង តែ​ចេះ​ប្រមូល​អាហារ​គរ​ទុក​នៅ​រដូវ​ក្ដៅ។ ទន្សាយ​ជា​សត្វ​ខ្សោយ តែ​ចេះ​ធ្វើ​រូង​នៅ​ក្រោម​ផ្ទាំង​ថ្ម។ កណ្ដូប​ជា​សត្វ​គ្មាន​ស្ដេច តែ​ចេះ​លើក​គ្នា​ជា​ក្រុម​ជា​ពួក ដូច​កង‌ទ័ព​ដ៏​មាន​របៀប​រៀប​រយ។ ជីង‌ចក់​ជា​សត្វ​ដែល​គេ​អាច​ចាប់​បាន​នឹង​ដៃ តែ​ចេះ​ជ្រៀត​ចូល​ទៅ​នៅ​ក្នុង​វាំង​របស់​ស្ដេច។ មាន​សត្វ​លោក​បី​បួន​ប្រភេទ ដែល​មាន​ដំណើរ​យ៉ាង​សង្ហា គួរ​ឲ្យ​គយ‌គន់ គឺ: សិង្ហ​ជា​សត្វ​ដ៏​អង់‌អាច ដែល​មិន​ចេះ​រា​ថយ​នៅ​មុខ​អ្វី​សោះ​ឡើយ មាន់​ជល់​ដែល​អួត​ដាក់​គ្នា ពពែ​ឈ្មោល និង​ស្ដេច​ដែល​យាត្រា​នៅ​មុខ​កង‌ទ័ព។ បើ​អ្នក​ភ្ញាក់​ស្មារតី​ដឹង​ថា ខ្លួន​ជា​មនុស្ស​ល្ងង់ ចង់​លើក​ខ្លួន ចូរ​ទប់​មាត់​តាំង​ពី​ពេល​នេះ​ទៅ។ បើ​អ្នក​ចម្រាញ់​ទឹក​ដោះ​គោ អ្នក​នឹង​បាន​ខ្លាញ់​ទឹក​ដោះ បើ​វាយ​ច្រមុះ នឹង​ចេញ​ឈាម ហើយ​បើ​បញ្ឆេះ​កំហឹង នឹង​បង្ក​ជម្លោះ។

ចែក​រំលែក
អាន សុភាសិត 30

សុភាសិត 30:24-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​សត្វ​៤​យ៉ាង ដែល​តូច​ទាប​ណាស់​នៅ​លើ​ផែនដី តែ​មាន​ប្រាជ្ញា​ដ៏​លើស‌លុប គឺ​ស្រមោច​១ ជា​ពួក​សត្វ​ដែល​មាន​កំឡាំង​ខ្សោយ តែ​វា​តែង‌តែ​ប្រមូល​ទុក​អាហារ​នៅ​រដូវ​ក្តៅ ទន្សាយ​ថ្ម​១ ជា​ពួក​សត្វ​មិន‌សូវ​មាន​កំឡាំង​ទេ តែ​វា​តាំង​លំនៅ​វា​នៅ​ក្នុង​រូង​ថ្ម កណ្តូប​១ ជា​ពួក​សត្វ​ឥត​មាន​ស្តេច​ទេ តែ​វា​លើក​គ្នា​ចេញ​ទៅ​ដោយ​ហ្វូងៗ ជីង‌ចក់​១ ជា​សត្វ​ដែល​ចាប់​ដោយ​ដៃ​បាន តែ​វា​នៅ​ក្នុង​ដំណាក់​ស្តេច​ផង។ មាន​៣​មុខដែល​មាន​ដំណើរ​រុងរឿង ក៏​មាន​៤​ផង ដែល​មាន​ដំណើរ​យ៉ាង​ល្អ គឺ​ជា​សិង្ហ​១ ជា​សត្វ​ខ្លាំង​ពូកែ​លើស​ជាង​អស់​ទាំង​ពួក​សត្វ វា​មិន​ព្រម​ចៀស​ផ្លូវ​ដល់​សត្វ​ណា​ឡើយ សេះ​ចំបាំង​១ ពពែ​ឈ្មោល​១​ហើយ​មហា‌ក្សត្រ​១ ជា​អ្នក​ដែល​គ្មាន​អ្នក​ណា​ហ៊ាន​លើក​ខ្លួន​ទាស់​ទទឹង​នឹង​ទ្រង់​ឡើយ។ បើ​ឯង​បាន​ប្រព្រឹត្ត​បែប​ចំកួត ដោយ​លើក​ខ្លួន​ឡើង ឬ​បើ​ឯង​បាន​គិត​គំនិត​អាក្រក់ នោះ​ចូរ​យក​ដៃ​ខ្ទប់​មាត់​ចុះ ដ្បិត​ការ​គ្រលុក​ទឹក​ដោះ​គោ នោះ​ធ្វើ​ឲ្យ​ចេញ​ជា​ខ្លាញ់ ហើយ​ការ​ដែល​ចាប់​មួល​ច្រមុះ នោះ​ធ្វើ​ឲ្យ​ចេញ​ឈាម​មក យ៉ាង​នោះ​ការ​ចាក់‌រុក​ដោយ​ក្រោធ ក៏​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែរ។

ចែក​រំលែក
អាន សុភាសិត 30