សុភាសិត 17:15-28

សុភាសិត 17:15-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ដែល​រាប់​មនុស្ស​អាក្រក់​ថា​ឥត​មាន​ទោស និង​អ្នក​ដែល​រាប់​មនុស្ស​សុចរិត​ថា​មាន​ទោស អ្នក​ទាំង​ពីរ​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។ ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​មាន​ប្រាក់​នៅ​ដៃ សម្រាប់​រៀន​ឲ្យ​បាន​ប្រាជ្ញា តើ​មាន​ប្រ‌យោជន៍​អ្វី បើ​គេ​គ្មាន​ចិត្ត​ចង់​រៀន​សោះ? មិត្ត​សម្លាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង‌ប្អូន​ក៏​កើត​មក​សម្រាប់​គ្រា​លំបាក​ដែរ។ មនុស្ស​ដែល​ឥត​មាន ប្រាជ្ញា​គេ​ទទួល​ចាប់​ដៃ ព្រម​ទាំង​ធានា​ពី​ដំណើរ​អ្នក​ជិត​ខាង​ខ្លួន​ផង។ អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ឈ្លោះ​ប្រកែក នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្រឡាញ់​អំពើ​បាប​ហើយ ចំណែក​អ្នក​ណា​ដែល​លើក​ខ្លួន​ឲ្យ​ខ្ពស់ នោះ​ជា​អ្នក​ស្វែង​រក​តែ​សេចក្ដី​ហិន​វិនាស។ អ្នក​ណា​ដែល​មាន​ចិត្ត​វៀច មិន​ដែល​បាន​សេចក្ដី​ល្អ​ទេ ហើយ​អ្នក​ណា​ដែល​មាន​អណ្ដាត​ចចើង នោះ​រមែង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ។ អ្នក​ណា​ដែល​បង្កើត​បាន​កូន​ជា​មនុស្ស​ល្ងី‌ល្ងើ ក៏​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ ឪពុក​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​គ្មាន​អំណរ​ឡើយ។ ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។ មនុស្ស​អាក្រក់ គេ​តែង​តែ​ទទួល​សំណូក ដោយ​លួច​លាក់ ដើម្បី​នឹង​បង្ខូច​ផ្លូវ​យុត្តិ‌ធម៌។ ឯ​ប្រាជ្ញា​រមែង​នៅ​ចំពោះ​មុខ មនុស្ស​ដែល​មាន​តម្រិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។ កូន​ល្ងី‌ល្ងើ​ជា​ហេតុ​ឲ្យ​ឪពុក​កើត​ទុក្ខ​ព្រួយ ហើយ​ជា​ទី​ជូរ​ល្វីង​ដល់​ម្តាយ​ដែល​បង្កើត​វា​មក។ ការ​ដែល​ធ្វើ​ទោស​ដល់​មនុស្ស​សុចរិត ឬ​វាយ​អ្នក​ត្រកូល​ខ្ពស់ ដោយ​ព្រោះ សេចក្ដី​ទៀង​ត្រង់​របស់​គេ នោះ​មិន​ល្អ​ទេ។ អ្នក​ណា​ដែល​មាន​តម្រិះ រមែង​សំចៃ​ទុក​នូវ​ពាក្យ​សម្ដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ។ សូម្បី​តែ​មនុស្ស​ឆ្កួត បើ​វា​នៅ​មាត់​ស្ងៀម នោះ​គេ​រាប់​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ដែរ ពេល​គេ​បិត​បបូរ​មាត់​ខ្លួន​ទុក នោះ​ក៏​រាប់​ជា​អ្នក​ឆ្លៀវ​ឆ្លាត​ហើយ។

ចែក​រំលែក
អាន សុភាសិត 17

សុភាសិត 17:15-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស​ថា​មាន​កំហុស មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ។ ប្រាក់​នៅ​ក្នុង​ដៃ​មនុស្ស​ខ្លៅ​គ្មាន​ប្រយោជន៍​អ្វី​ទេ ព្រោះ​ទិញ​ប្រាជ្ញា​មិន​បាន ដ្បិត​អ្នក​នោះ​មិន​ចេះ​គិត ពិចារណា​អ្វី​សោះ។ កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បងប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខ‌ធុរៈ។ អ្នក​ណា​ធានា​សង​បំណុល​ជួស​អ្នក​ដទៃ អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​ទេ។ អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​និយាយ​អួត​បំប៉ោង អ្នក​នោះ​ស្វែង​រក​មហន្ត‌រាយ។ មនុស្ស​មាន​កល‌ល្បិច​មិន​ស្គាល់​សុភមង្គល​ទេ ហើយ​មនុស្ស​សម្ដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។ អ្នក​ណា​បង្កើត​កូន​ល្ងី‌ល្ងើ អ្នក​នោះ​ស្គាល់​តែ​ទុក្ខ​ព្រួយ រីឯ​ឪពុក​របស់​មនុស្ស​លេលា​មិន​ដែល​ស្គាល់​អំណរ​សប្បាយ​ទេ។ ចិត្ត​សប្បាយ​រមែង​នាំ​ឲ្យ​ជា​សះ‌ស្បើយ រីឯ​ចិត្ត​ព្រួយ​រមែង​ធ្វើ​ឲ្យ​រីង‌រៃ។ មនុស្ស​អាក្រក់​លួច​ទទួល​សំណូក ដើម្បី​បង្ខូច​យុត្តិធម៌។ ប្រាជ្ញា​រមែង​នៅ​ក្បែរ​មនុស្ស​ឈ្លាស‌វៃ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ គិត​តែ​ពី​សម្លឹង​មើល​អ្វី​ដែល​ខ្លួន​ឈោង​មិន​ដល់។ កូន​ភ្លី‌ភ្លើ​ធ្វើ​ឲ្យ​ឪពុក​ព្រួយ និង​ធ្វើ​ឲ្យ​ម្ដាយ​សោក‌ស្ដាយ។ ដាក់​ទោស​មនុស្ស​សុចរិត​ជា​ការ​មិន​ល្អ​ទេ ហើយ​វាយ​មនុស្ស​ថ្លៃ‌ថ្នូរ ព្រោះ​តែ​គេ​មាន​ចិត្ត​ទៀង‌ត្រង់​ក៏​មិន​ល្អ​ដែរ។ អ្នក​ណា​ទប់​ពាក្យ​សម្ដី​របស់​ខ្លួន អ្នក​នោះ​ជា​មនុស្ស​ចេះ​ដឹង រីឯ​អ្នក​តាំង​ចិត្ត​ស្ងប់‌ស្ងៀម​ជា​មនុស្ស​ឈ្លាស‌វៃ។ បើ​មនុស្ស​ល្ងី‌ល្ងើ​នៅ​ស្ងៀម គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​មាន​ប្រាជ្ញា បើ​គាត់​បិទ​មាត់​មិន​និយាយ​អ្វី គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​ឈ្លាស‌វៃ។

ចែក​រំលែក
អាន សុភាសិត 17

សុភាសិត 17:15-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​រាប់​មនុស្ស​អាក្រក់​ជា​ឥត​មាន​ទោស ហើយ​អ្នក​ណា​ដែល​កាត់​ទោស​ដល់​មនុស្ស​សុចរិត អ្នក​ទាំង​២​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។ ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​មាន​ប្រាក់​នៅ​ដៃ​សំរាប់​នឹង​រៀន​យក​ប្រាជ្ញា នោះ​តើ​មាន​ប្រយោជន៍​អ្វី បើ​ឃើញ​ថា វា​គ្មាន​ចិត្ត​ចង់​បាន​ទេ។ មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំរាប់​គ្រា​លំបាក​ដែរ។ មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញាគេ​ទទួល​ចាប់​ដៃ ព្រម​ទាំង​ធានា​ពី​ដំណើរ​អ្នក​ជិត​ខាង​ខ្លួន​ផង។ អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ឈ្លោះ​ប្រកែក នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្រឡាញ់​អំពើ​បាប​ហើយ ចំណែក​អ្នក​ណា​ដែល​លើក​ខ្លួន​ឲ្យ​ខ្ពស់ នោះ​ជា​អ្នក​ស្វែង​រក​តែ​សេចក្ដី​ហិន‌វិនាស។ អ្នក​ណា​ដែល​មាន​ចិត្ត​វៀច មិន​ដែល​បាន​សេចក្ដី​ល្អ​ទេ ហើយ​អ្នក​ណា​ដែល​មាន​អណ្តាត​ចចើង នោះ​រមែង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ។ អ្នក​ណា​ដែល​បង្កើត​បាន​កូន ជា​មនុស្ស​ល្ងី‌ល្ងើ ក៏​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ ឪពុក​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​គ្មាន​សេចក្ដី​អំណរ​ឡើយ។ ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។ មនុស្ស​អាក្រក់ គេ​តែង‌តែ​ទទួល​សំណូក ដោយ​លួច​លាក់ ដើម្បី​នឹង​បង្ខូច​ផ្លូវ​យុត្តិ‌ធម៌។ ឯ​ប្រាជ្ញា រមែង​នៅ​ចំពោះ​មុខ​មនុស្ស​ដែល​មាន​ដំរិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ​មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។ កូន​ល្ងី‌ល្ងើ​ជា​ហេតុ​ឲ្យ​ឪពុក​កើត​ទុក្ខ​ព្រួយ ហើយ​ជា​ទី​ជូរ​ល្វីង​ដល់​ម្តាយ​ដែល​បង្កើត​វា​មក។ ការ​ដែល​ធ្វើ​ទោស​ដល់​មនុស្ស​សុចរិត ឬ​វាយ​អ្នក​ត្រកូល​ខ្ពស់ ដោយ​ព្រោះ​សេចក្ដី​ទៀង​ត្រង់​របស់​គេ នោះ​មិន​ល្អ​ទេ។ អ្នក​ណា​ដែល​មាន​ដំរិះ​រមែង​សំចៃ​ទុក​នូវ​ពាក្យ​សំដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង‌តែ​មាន​ចិត្ត​ត្រជាក់​ដែរ។ សូម្បី​តែ​មនុស្ស​ឆ្កួត បើ​វា​នៅ​មាត់​ស្ងៀម នោះ​គេ​រាប់​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ដែរ ឯ​អ្នក​ណា​ដែល​បិត​បបូរ​មាត់​ខ្លួន​ទុក នោះ​ក៏​រាប់​ជា​អ្នក​ឆ្លៀវ‌ឆ្លាត​ហើយ។

ចែក​រំលែក
អាន សុភាសិត 17