សុភា‌សិត 17:15-28

សុភា‌សិត 17:15-28 គកស១៦

អ្នក​ដែល​រាប់​មនុស្ស​អាក្រក់​ថា​ឥត​មាន​ទោស និង​អ្នក​ដែល​រាប់​មនុស្ស​សុចរិត​ថា​មាន​ទោស អ្នក​ទាំង​ពីរ​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។ ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​មាន​ប្រាក់​នៅ​ដៃ សម្រាប់​រៀន​ឲ្យ​បាន​ប្រាជ្ញា តើ​មាន​ប្រ‌យោជន៍​អ្វី បើ​គេ​គ្មាន​ចិត្ត​ចង់​រៀន​សោះ? មិត្ត​សម្លាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង‌ប្អូន​ក៏​កើត​មក​សម្រាប់​គ្រា​លំបាក​ដែរ។ មនុស្ស​ដែល​ឥត​មាន ប្រាជ្ញា​គេ​ទទួល​ចាប់​ដៃ ព្រម​ទាំង​ធានា​ពី​ដំណើរ​អ្នក​ជិត​ខាង​ខ្លួន​ផង។ អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ឈ្លោះ​ប្រកែក នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្រឡាញ់​អំពើ​បាប​ហើយ ចំណែក​អ្នក​ណា​ដែល​លើក​ខ្លួន​ឲ្យ​ខ្ពស់ នោះ​ជា​អ្នក​ស្វែង​រក​តែ​សេចក្ដី​ហិន​វិនាស។ អ្នក​ណា​ដែល​មាន​ចិត្ត​វៀច មិន​ដែល​បាន​សេចក្ដី​ល្អ​ទេ ហើយ​អ្នក​ណា​ដែល​មាន​អណ្ដាត​ចចើង នោះ​រមែង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ។ អ្នក​ណា​ដែល​បង្កើត​បាន​កូន​ជា​មនុស្ស​ល្ងី‌ល្ងើ ក៏​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ ឪពុក​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​គ្មាន​អំណរ​ឡើយ។ ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។ មនុស្ស​អាក្រក់ គេ​តែង​តែ​ទទួល​សំណូក ដោយ​លួច​លាក់ ដើម្បី​នឹង​បង្ខូច​ផ្លូវ​យុត្តិ‌ធម៌។ ឯ​ប្រាជ្ញា​រមែង​នៅ​ចំពោះ​មុខ មនុស្ស​ដែល​មាន​តម្រិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។ កូន​ល្ងី‌ល្ងើ​ជា​ហេតុ​ឲ្យ​ឪពុក​កើត​ទុក្ខ​ព្រួយ ហើយ​ជា​ទី​ជូរ​ល្វីង​ដល់​ម្តាយ​ដែល​បង្កើត​វា​មក។ ការ​ដែល​ធ្វើ​ទោស​ដល់​មនុស្ស​សុចរិត ឬ​វាយ​អ្នក​ត្រកូល​ខ្ពស់ ដោយ​ព្រោះ សេចក្ដី​ទៀង​ត្រង់​របស់​គេ នោះ​មិន​ល្អ​ទេ។ អ្នក​ណា​ដែល​មាន​តម្រិះ រមែង​សំចៃ​ទុក​នូវ​ពាក្យ​សម្ដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ។ សូម្បី​តែ​មនុស្ស​ឆ្កួត បើ​វា​នៅ​មាត់​ស្ងៀម នោះ​គេ​រាប់​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ដែរ ពេល​គេ​បិត​បបូរ​មាត់​ខ្លួន​ទុក នោះ​ក៏​រាប់​ជា​អ្នក​ឆ្លៀវ​ឆ្លាត​ហើយ។

អាន សុភា‌សិត 17