សុភាសិត 10:17-32
សុភាសិត 10:17-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលស្តាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីបន្ទោស នោះហៅថាវង្វេងវិញ។ អ្នកណាដែលលាក់សេចក្ដីសម្អប់ទុក នោះគឺជាអ្នកមានបបូរមាត់កុហក ហើយអ្នកណាដែលនិយាយដើមគេ នោះជាមនុស្សល្ងីល្ងើ។ អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា។ អណ្ដាតរបស់មនុស្សសុចរិត ប្រៀបបីដូចជាប្រាក់វិសេសបំផុត តែចិត្តរបស់មនុស្សអាក្រក់ រមែងមានតម្លៃតិចណាស់។ បបូរមាត់របស់មនុស្សសុចរិត ឃ្វាលរក្សាមនុស្សជាច្រើន តែមនុស្សល្ងីល្ងើ គេស្លាប់បាត់ទៅ ដោយខ្លះយោបល់វិញ។ ព្រះពររបស់ព្រះយេហូវ៉ា ធ្វើឲ្យទៅជាមាន ហើយព្រះអង្គមិនបន្ថែមទុក្ខព្រួយឡើយ។ ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានតម្រិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។ សេចក្ដីដែលមនុស្សអាក្រក់ភ័យខ្លាច នោះនឹងកើតឡើងដល់គេជាពិត ហើយសេចក្ដីដែលមនុស្សសុចរិត ប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។ កាលណាខ្យល់កួចហួសបាត់ទៅ នោះមនុស្សអាក្រក់ឥតមានសល់ឡើយ តែមនុស្សសុចរិត មានឫសដ៏ស្ថិតស្ថេរនៅអស់កល្បវិញ។ ទឹកខ្មេះដល់ធ្មេញ ហើយផ្សែងដល់ភ្នែក នោះជាយ៉ាងណា ឯមនុស្សខ្ជិលច្រអូស ក៏យ៉ាងនោះដល់អ្នកណាដែលប្រើវាដែរ។ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះចម្រើនថ្ងៃអាយុ តែអស់ទាំងឆ្នាំនៃអាយុរបស់មនុស្សអាក្រក់ នឹងត្រូវរួញខ្លីវិញ។ ការសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ។ ផ្លូវព្រះយេហូវ៉ា ជាបន្ទាយដល់មនុស្សទៀងត្រង់ តែសេចក្ដីវិនាសវិញ ជារបស់អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់។ មនុស្សសុចរិត នឹងមិនត្រូវរង្គើឡើយ តែមនុស្សអាក្រក់ នឹងអាស្រ័យនៅផែនដីមិនបាន។ មាត់របស់មនុស្សសុចរិត តែងបញ្ចេញប្រាជ្ញា តែអណ្ដាតវៀច នឹងត្រូវកាត់ចេញ។ បបូរមាត់របស់មនុស្សសុចរិត រមែងដឹងសេចក្ដីដែលគួរគប្បី តែមាត់របស់មនុស្សអាក្រក់ ពោលតែសេចក្ដីក្រវិចក្រវៀនវិញ។
សុភាសិត 10:17-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាប្រតិបត្តិតាមដំបូន្មាន អ្នកនោះដើរទៅកាន់ផ្លូវជីវិត រីឯអ្នកដែលមិនព្រមទទួលការស្ដីប្រដៅរមែងវង្វេងផ្លូវ។ អ្នកណាលាក់ចិត្តស្អប់ អ្នកនោះជាមនុស្សនិយាយកុហក រីឯអ្នកមួលបង្កាច់គេជាមនុស្សល្ងីល្ងើ។ និយាយច្រើននាំតែមានបាបច្រើន រីឯអ្នកដែលចេះទប់សម្ដីជាអ្នកមានប្រាជ្ញា។ ពាក្យសម្ដីរបស់មនុស្សសុចរិត មានតម្លៃស្មើនឹងប្រាក់សុទ្ធ តែចិត្តគំនិតរបស់មនុស្សពាល គ្មានតម្លៃអ្វីសោះ។ ពាក្យសម្ដីរបស់មនុស្សសុចរិត តែងតែផ្ដល់ប្រយោជន៍ឲ្យមនុស្សជាច្រើន រីឯមនុស្សល្ងីល្ងើតែងតែស្លាប់ ដោយខ្វះការពិចារណា។ មានតែព្រះពរមកពីព្រះអម្ចាស់ទេ ដែលធ្វើឲ្យមនុស្សចម្រុងចម្រើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។ មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ទុកដូចជាល្បែងកម្សាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។ មនុស្សពាលខ្លាចអ្វី ការនោះរមែងកើតឡើងដល់ខ្លួនគេ រីឯមនុស្សសុចរិតប្រាថ្នាចង់បានអ្វី ព្រះជាម្ចាស់រមែងប្រទានឲ្យ។ ពេលព្យុះសង្ឃរាមកដល់ មនុស្សពាលត្រូវវិនាស តែមនុស្សសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ម្ជូរធ្វើឲ្យស្រកៀរធ្មេញ ផ្សែងធ្វើឲ្យផ្សាភ្នែក រីឯកូនឈ្នួលកម្ជិលក៏ធ្វើឲ្យចៅហ្វាយមួម៉ៅដែរ។ មនុស្សគោរពកោតខ្លាចព្រះអម្ចាស់ តែងតែមានអាយុយឺនយូរ រីឯមនុស្សពាលមានអាយុខ្លី។ សេចក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯសេចក្ដីសង្ឃឹមរបស់មនុស្សពាល គ្មានបានប្រយោជន៍អ្វីសោះ។ ព្រះអម្ចាស់ជាបន្ទាយការពារមនុស្សទៀងត្រង់ តែព្រះអង្គបំផ្លាញមនុស្សពាលដែលប្រព្រឹត្តអំពើអាក្រក់។ មនុស្សសុចរិតមិនត្រូវរង្គើឡើយ រីឯមនុស្សពាលវិញពុំអាចរស់នៅលើផែនដីបានទេ។ ពាក្យសម្ដីរបស់មនុស្សសុចរិតតែងតែផ្ដល់ប្រាជ្ញា រីឯអណ្ដាតរបស់មនុស្សពាលវិញ ត្រូវតែកាត់ចោល។ មនុស្សសុចរិតរមែងពោលពាក្យដែលធ្វើឲ្យគេពេញចិត្ត រីឯមនុស្សពាលតែងតែពោលពាក្យអាស្រូវ។
សុភាសិត 10:17-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលស្តាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីបន្ទោស នោះហៅថា វង្វេងវិញ។ អ្នកណាដែលលាក់សេចក្ដីសំអប់ទុក នោះគឺជាអ្នកមានបបូរមាត់កុហក ហើយអ្នកណាដែលនិយាយដើមគេ នោះជាមនុស្សល្ងីល្ងើ។ អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា។ អណ្តាតរបស់មនុស្សសុចរិត ប្រៀបបីដូចជាប្រាក់វិសេសបំផុត តែចិត្តរបស់មនុស្សអាក្រក់ រមែងមានដំឡៃតិចណាស់។ បបូរមាត់របស់មនុស្សសុចរិត ឃ្វាលរក្សាមនុស្សជាច្រើន តែមនុស្សល្ងីល្ងើ គេស្លាប់បាត់ទៅ ដោយខ្វះយោបល់វិញ។ អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ។ ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានដំរិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។ សេចក្ដីដែលមនុស្សអាក្រក់ភ័យខ្លាច នោះនឹងកើតឡើងដល់គេជាពិត ហើយសេចក្ដីដែលមនុស្សសុចរិតប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។ កាលណាខ្យល់កួចហួសបាត់ទៅ នោះមនុស្សអាក្រក់ឥតមានសល់ឡើយ តែមនុស្សសុចរិត មានឫសដ៏ស្ថិតស្ថេរនៅអស់កល្បវិញ។ ទឹកខ្មេះដល់ធ្មេញ ហើយផ្សែងដល់ភ្នែក នោះជាយ៉ាងណា ឯមនុស្សខ្ជិលច្រអូស ក៏យ៉ាងនោះដល់អ្នកណាដែលប្រើវាដែរ។ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះចំរើនថ្ងៃអាយុ តែអស់ទាំងឆ្នាំនៃអាយុរបស់មនុស្សអាក្រក់ នឹងត្រូវរួញខ្លីវិញ។ ការសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ។ ផ្លូវព្រះយេហូវ៉ា ជាបន្ទាយដល់មនុស្សទៀងត្រង់តែជាសេចក្ដីវិនាសវិញ ដល់អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់។ មនុស្សសុចរិត នឹងមិនត្រូវរង្គើឡើយ តែមនុស្សអាក្រក់ នឹងអាស្រ័យនៅផែនដីមិនបាន។ មាត់របស់មនុស្សសុចរិត តែងបញ្ចេញប្រាជ្ញា តែអណ្តាតវៀច នឹងត្រូវកាត់ចេញ។ បបូរមាត់របស់មនុស្សសុចរិត រមែងដឹងសេចក្ដីដែលគួរគប្បី តែមាត់របស់មនុស្សអាក្រក់ ពោលតែសេចក្ដីក្រវិចក្រវៀនវិញ។