សុភាសិត 10:17-32

សុភាសិត 10:17-32 ពគប

អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្ដី​បន្ទោស នោះ​ហៅ​ថា វង្វេង​វិញ។ អ្នក​ណា​ដែល​លាក់​សេចក្ដី​សំអប់​ទុក នោះ​គឺ​ជា​អ្នក​មាន​បបូរ​មាត់​កុហក ហើយ​អ្នក​ណា​ដែល​និយាយ​ដើម​គេ នោះ​ជា​មនុស្ស​ល្ងី‌ល្ងើ។ អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។ អណ្តាត​របស់​មនុស្ស​សុចរិត ប្រៀប​បី​ដូច​ជា​ប្រាក់​វិសេស​បំផុត តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ រមែង​មាន​ដំឡៃ​តិច​ណាស់។ បបូរ​មាត់​របស់​មនុស្ស​សុចរិត ឃ្វាល​រក្សា​មនុស្ស​ជា​ច្រើន តែ​មនុស្ស​ល្ងី‌ល្ងើ គេ​ស្លាប់​បាត់​ទៅ ដោយ​ខ្វះ​យោបល់​វិញ។ អំណោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ។ ឯ​ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ប្រព្រឹត្ត​អាក្រក់ នោះ​ដូច​ជា​ល្បែង​លេង​សប្បាយ​ដល់​គេ តែ​មនុស្ស​ដែល​មាន​ដំរិះ​យោបល់ នោះ​ចូល​ចិត្ត​នឹង​ប្រាជ្ញា​វិញ។ សេចក្ដី​ដែល​មនុស្ស​អាក្រក់​ភ័យ​ខ្លាច នោះ​នឹង​កើត​ឡើង​ដល់​គេ​ជា​ពិត ហើយ​សេចក្ដី​ដែល​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន នោះ​នឹង​បាន​បើក​ឲ្យ​ដែរ។ កាល​ណា​ខ្យល់​កួច​ហួស​បាត់​ទៅ នោះ​មនុស្ស​អាក្រក់​ឥត​មាន​សល់​ឡើយ តែ​មនុស្ស​សុចរិត មាន​ឫស​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​វិញ។ ទឹក‌ខ្មេះ​ដល់​ធ្មេញ ហើយ​ផ្សែង​ដល់​ភ្នែក នោះ​ជា​យ៉ាង​ណា ឯ​មនុស្ស​ខ្ជិល​ច្រអូស ក៏​យ៉ាង​នោះ​ដល់​អ្នក​ណា​ដែល​ប្រើ​វា​ដែរ។ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ចំរើន​ថ្ងៃ​អាយុ តែ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​រួញ​ខ្លី​វិញ។ ការ​សង្ឃឹម​របស់​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ តែ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​អាក្រក់ នឹង​សូន្យ​បាត់​ទៅ។ ផ្លូវ​ព្រះ‌យេហូវ៉ា ជា​បន្ទាយ​ដល់​មនុស្ស​ទៀង​ត្រង់​តែ​ជា​សេចក្ដី​វិនាស​វិញ ដល់​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។ មនុស្ស​សុចរិត នឹង​មិន​ត្រូវ​រង្គើ​ឡើយ តែ​មនុស្ស​អាក្រក់ នឹង​អាស្រ័យ​នៅ​ផែនដី​មិន​បាន។ មាត់​របស់​មនុស្ស​សុចរិត តែង​បញ្ចេញ​ប្រាជ្ញា តែ​អណ្តាត​វៀច នឹង​ត្រូវ​កាត់​ចេញ។ បបូរ​មាត់​របស់​មនុស្ស​សុចរិត រមែង​ដឹង​សេចក្ដី​ដែល​គួរ​គប្បី តែ​មាត់​របស់​មនុស្ស​អាក្រក់ ពោល​តែ​សេចក្ដី​ក្រវិច‌ក្រវៀន​វិញ។

អាន សុភាសិត 10