សុភាសិត 1:1-33

សុភាសិត 1:1-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​សុភា‌សិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រា‌អែល សម្រាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា សេចក្ដី​ប្រៀន‌ប្រដៅ និង​ឲ្យ​បាន​យល់​ពី​ពាក្យ ដែល​មាន​អត្ថន័យ​ជ្រៅ​ជ្រះ ក៏​សម្រាប់​ទទួល​សេចក្ដី​បង្រៀន​នៃ​គំនិត​ត្រឹម​ត្រូវ ជា​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង​ត្រង់ ដើម្បី​បង្រៀន​មនុស្ស​ឆោត​ល្ងង់​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន ហើយ​ឲ្យ​យុវជន​ស្គាល់​ខុស​ស្គាល់​ត្រូវ សូម​ឲ្យ​អ្នក​ប្រាជ្ញ​បាន​ស្តាប់ ហើយ​បង្កើន​ចំណេះ​ដឹង​របស់​ខ្លួន​ថែម​ទៀត សូម​ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់ បាន​ដឹង​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភា‌សិត និង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។ ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​តម្រិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល​ងាយ​ប្រាជ្ញា និង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។ នែ៎ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ របស់​ឪពុក​ចុះ កូន​កុំ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លម្អ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង។ កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង កុំ​ព្រម​តាម​គេ​ឡើយ។ បើ​គេ​ថា «ចូរ​មក​ជា‌មួយ​យើង​ចុះ យើង​នឹង​រង់​ចាំ​ឱកាស​កម្ចាយ​ឈាម យើង​នឹង​លប​ដោយ​សម្ងាត់ ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ យើង​នឹង​រឹប​អូស របស់​មាន​តម្លៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំ‌នៅ​យើង ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ យើង​នឹង​មាន​ថង់​ប្រាក់​តែ​មួយ​ប៉ុណ្ណោះ»។ កូន​អើយ ឯង​កុំ​ដើរ​ក្នុង​ផ្លូវ​ជា‌មួយ​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង ផ្លូវ​ច្រក​របស់​គេ​វិញ។ ដ្បិត​ជើង​គេ​រត់​តាម​តែ​ការ​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ផង ពី​ព្រោះ​ការ​ដែល​ដាក់​លប់ នៅ​ចំពោះ​សត្វ​ហើរ ឲ្យ​វា​ឃើញ​នោះ​ឥត​ប្រ‌យោជន៍​ទេ ឯ​ពួក​នោះ គេ​រង់​ចាំ​តែ​នឹង​កម្ចាយ​ឈាម របស់​ខ្លួន​គេ ហើយ​ក៏​អែប​លប​ដោយ​សម្ងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ ឯ​ផ្លូវ​នៃ​អស់​អ្នក​ដែល​លោភ​ចង់​បាន កម្រៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត ចេញ​ពី​អ្នក​ដែល​បាន​កម្រៃ​បែប​នោះ។ ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី​ធ្លា ប្រាជ្ញា​ស្រែក​ប្រកាស នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា «ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នៅ​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់ ដល់​កាល​ណា​ទៀត? ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ តើ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់ ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា? កាល​ណា​យើង​បន្ទោស នោះ​ចូរ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ចុះ យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​យល់​ពាក្យ​របស់​យើង។ ពី​ព្រោះ​យើង​បាន​ស្រែក​ហៅ តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ យើង​បាន​ហុច​ដៃ​ទៅ តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ អ្នក​រាល់​គ្នា​ក៏​បោះ‌បង់​ចោល អស់​ទាំង​ដំបូ‌ន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោស របស់​យើង​ដែរ ដូច្នេះ យើង​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អន្ត‌រាយ យើង​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា កើត​មាន​សេចក្ដី​ភិត‌ភ័យ​ផង គឺ​ក្នុង​កាល​ដែល​សេចក្ដី​ភិត‌ភ័យ មក​លើ​អ្នក​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា ហើយ​សេចក្ដី​អន្ត‌រាយ​របស់​អ្នក​រាល់​គ្នា​មក ដូច​ជា​ខ្យល់​កួច ក្នុង​កាល​ដែល​សេចក្ដី​លំបាក និង​សេចក្ដី​ទុក្ខ​ព្រួយ មក​គ្រប​សង្កត់​លើ​អ្នក​រាល់​គ្នា។ ខណៈ​នោះ គេ​នឹង​អំពាវ​នាវ​ដល់​យើង តែ​យើង​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​យើង​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​មិន​ឃើញ​ឡើយ ។ ព្រោះ​គេ​បាន​ស្អប់​ការ​ចេះ​ដឹង ហើយ​មិន​បាន​រើស​យក​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ទេ។ គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ នឹង​ដំបូ‌ន្មាន​របស់​យើង​ឡើយ ក៏​បាន​មើល​ងាយ​សេចក្ដី​បន្ទោស​របស់​យើង​ដែរ។ ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​គេ ស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន។ ដ្បិត​ឯ​ពួក​ឆោត​ល្ងង់​នោះ ការ​ថយ​ទៅ​វិញ​របស់​គេ​នឹង​សម្លាប់​គេ​ទៅ ហើយ​ចំណែក​មនុស្ស​កំឡៅ នោះ​សេចក្ដី​សុខ​ស្រួល​របស់​គេ នឹង​ឲ្យ​គេ​វិនាស​ដែរ តែ​អ្នក​ណា​ដែល​ស្តាប់​តាម​យើង នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​នឹង​មាន​សេចក្ដី​សម្រាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អា‌ក្រក់​ឡើយ»។

ចែក​រំលែក
អាន សុភាសិត 1

សុភាសិត 1:1-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន ​ជា​ព្រះ‌រាជ​បុត្រ​ព្រះ‌បាទ​ដាវីឌ និង​ជា​ព្រះ​មហា‌ក្សត្រ​ស្រុក​អ៊ីស្រា‌អែល។ សុភាសិត​ទាំង​នេះ​ផ្ដល់​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា និង​ការ​ចេះ​ដឹង ដើម្បី​យល់​ពាក្យ‌ពេចន៍​ប្រកប​ដោយ​អត្ថ‌ន័យ​ជ្រៅ​ជ្រះ ព្រម​ទាំង​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ដឹង សុចរិត ត្រឹម​ត្រូវ និង​មាន​ចិត្ត​ទៀង​ត្រង់ ហើយ​ផ្ដល់​ឲ្យ​មនុស្ស​ឆោត​ចេះ​ប្រុង​ប្រយ័ត្ន និង​ផ្ដល់​ឲ្យ​យុវជន​ចេះ​គិត​ចេះ​ពិចារណា។ សូម​ឲ្យ​អ្នក​ប្រាជ្ញ​ត្រង‌ត្រាប់​ស្ដាប់ នោះ​គេ​នឹង​បង្កើន​ចំណេះ​របស់​ខ្លួន។ សូម​ឲ្យ​មនុស្ស​ឈ្លាស‌វៃ​ស្រង់​យក​មាគ៌ា ដែល​ត្រូវ​ប្រកាន់​យក ដូច្នេះ គេ​អាច​យល់​អំពី​អត្ថ‌ន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យ‌ពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែងតែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ។ កូន​អើយ ចូរ​ស្ដាប់​ឪពុក​ប្រៀន‌ប្រដៅ ហើយ​ត្រង‌ត្រាប់​ស្ដាប់​ម្ដាយ​ទូន្មាន ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។ កូន​អើយ បើ​មាន​ជន​ពាល​មក​បបួល​កូន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ កុំ​ទៅ​តាម​គេ​ឡើយ។ បើ​ជន​ពាល​បបួល​កូន​ថា: «ចូរ​មក​ជា​មួយ​ពួក​យើង យើង​នឹង​ស្ទាក់​ផ្លូវ​ចាំ​បង្ហូរ​ឈាម ហើយ​យើង​នឹង​វាយ​ឆ្មក់​សម្លាប់​មនុស្ស​ស្លូត​ត្រង់​លេង។ យើង​នឹង​លុប​បំបាត់​ពួក​គេ ដូច​មច្ចុរាជ​លេប​បំបាត់​ពួក​គេ​ទាំង​រស់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ ដូច​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ រួច​ហើយ​យើង​រឹប​អូស​របស់​មាន​តម្លៃ​ទាំង​ប៉ុន្មាន ពី​ពួក​គេ​យក​ទៅ​ដាក់​ឲ្យ​ពេញ​ផ្ទះ​យើង។ ចូរ​មក​រួម​ជា​មួយ​យើង យើង​នឹង​ចែក​របស់​ដែល​រឹប​អូស​យក​បាន​នោះ​ជា​មួយ​គ្នា!»។ កូន​អើយ កុំ​សេព‌គប់​ជា​មួយ​អ្នក​ទាំង​នោះ​ឡើយ តែ​ត្រូវ​ងាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ។ ពួក​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ងាយ​បង្ហូរ​ឈាម​ណាស់។ ដាក់​អន្ទាក់​ឲ្យ​សត្វ​ស្លាប​ឃើញ ជា​ការ​ឥត​ប្រយោជន៍។ រីឯ​អ្នក​ទាំង​នោះ​វិញ គេ​កំពុង​តែ​រាយ​អន្ទាក់​សម្រាប់​ទាក់​ក​ខ្លួន​ឯង ហើយ​ឃុប‌ឃិត​ប្រហារ​ជីវិត​របស់​ខ្លួន​ឯង។ អស់​អ្នក​ដែល​រក​ស៊ី​លួច​ប្លន់​ទ្រព្យ​សម្បត្តិ តែងតែ​បាត់​បង់​ជីវិត​បែប​នេះ​ឯង។ ព្រះ​ប្រាជ្ញា​ញាណ​ស្រែក​នៅ​តាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​នៅ​តាម​ទី​សាធារណៈ ព្រម​ទាំង​អំពាវ‌នាវ​តាម​ច្រក​ដ៏​អ៊ូអរ និង​ប្រកាស​នៅ​មាត់​ទ្វារ​ក្រុង​ថា: មនុស្ស​ឆោត​អើយ តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នៅ​ឆោត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​រាល់​គ្នា​នៅ​តែ​មើល‌ងាយ​យើង​ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពុំ​ព្រម​ចង់​ចេះ​ដូច្នេះ​ដល់​កាល​ណា​ទៀត? ចូរ​នាំ​គ្នា​មក​ស្ដាប់​ដំបូន្មាន​របស់​យើង យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ចំណេះ​របស់​យើង។ យើង​បាន​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​មិន​ឮ យើង​បាន​បោយ​ដៃ​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ។ ដោយ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ពាក្យ​ទូន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​យោបល់​ពី​យើង​ទេ​នោះ ពេល​ណា​អ្នក​រាល់​គ្នា​មាន​មហន្ត‌រាយ​យើង​នឹង​សើច ហើយ​ពេល​ណា​អ្នក​រាល់​គ្នា​ជួប​ភ័យ​អាសន្ន យើង​នឹង​ចំអក​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ជា​មិន​ខាន។ ពេល​ណា​ភ័យ​អាសន្ន​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដូច​ខ្យល់​ព្យុះ ហើយ​មហន្ត‌រាយ​កើត​មាន​ដល់​អ្នក​រាល់​គ្នា ដូច​ខ្យល់​កំបុត​ត្បូង ពេល​ណា​សេចក្ដី​តប់‌ប្រមល់ និង​ទុក្ខ​វេទនា​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​ឲ្យ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។ អ្នក​រាល់​គ្នា​ស្អប់​ការ​ចេះ​ដឹង អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​គោរព​កោត​ខ្លាចព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យោបល់​ពី​យើង ហើយ​មើល‌ងាយ​ដំបូន្មាន​ទាំង​ប៉ុន្មាន​របស់​យើង​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​នឹង​ទទួល​ផល​ស្រប​តាម​កិរិយា​មារយាទ​របស់​ខ្លួន ហើយ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ឆ្អែត‌ឆ្អន់ ដ្បិត​ចិត្ត​រឹង‌រូស​របស់​មនុស្ស​ល្ងង់ នឹង​ធ្វើ​ឲ្យ​គេ​បាត់‌បង់​ជីវិត ហើយ​ចិត្ត​អួត‌អាង​របស់​មនុស្ស​លេលា នឹង​ធ្វើ​ឲ្យ​គេ​វិនាស។ រីឯ​អ្នក​ដែល​ស្ដាប់​យើង នឹង​រស់​នៅ​យ៉ាង​សុខដុម‌រមនា ឥត​ភ័យ​ខ្លាច​ទុក្ខ​លំបាក​អ្វី​ឡើយ។

ចែក​រំលែក
អាន សុភាសិត 1

សុភាសិត 1:1-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​សុភាសិត​របស់​សាឡូម៉ូន ជា​ព្រះ‌រាជ​បុត្រា​នៃ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រាអែល សំរាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា នឹង​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​ឲ្យ​បាន​យល់​អស់​ទាំង​សេចក្ដី​ដែល​ត្រូវ​ខាង​យោបល់ ក៏​សំរាប់​ឲ្យ​ទទួល​សេចក្ដី​បង្រៀន​នៃ​គំនិត​ត្រឹម‌ត្រូវ​នៃ​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​ទៀង​ត្រង់ ហើយ​សំរាប់​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​សេចក្ដី​ឆ្លៀវ‌ឆ្លាត នឹង​ឲ្យ​មនុស្ស​កំឡោះ​មាន​ដំរិះ ហើយ​នឹង​សតិ‌បញ្ញា​នឹង‌ធឹង ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញ​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្ដី​ទូន្មាន​មាំ‌ទាំ ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភាសិត នឹង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ នឹង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល‌ងាយ​ប្រាជ្ញា នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។ នែ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ‌បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង នោះ​កុំ​ឲ្យ​ព្រម​តាម​គេ​ឡើយ បើ​គេ​ថា ចូរ​មក​ជា​មួយ​នឹង​យើង​ចុះ យើង​នឹង​រង់‌ចាំ​ឱកាស​កំចាយ​ឈាម យើង​នឹង​អែប​លប​ដោយ​សំងាត់ ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ យើង​នឹង​បាន​ប្រទះ​របស់​មាន​ដំឡៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំនៅ​យើង​ដោយ​របឹប ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ យើង​នឹង​មាន​ថង់​ប្រាក់​តែ​១​ប៉ុណ្ណោះ កូន​អើយ កុំ​ឲ្យ​ឯង​ដើរ​ក្នុង​ផ្លូវ​ជា​មួយ​នឹង​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ផ្លូវ​ច្រក​របស់​គេ​វិញ ដ្បិត​ជើង​គេ​រត់​តាម​តែ​សេចក្ដី​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កំចាយ​ឈាម​ផង ពី​ព្រោះ​ការ​ដែល​ដាក់​លប់ នៅ​ចំពោះ​សត្វ​ហើរ ឲ្យ​វា​ឃើញ​នោះ​ឥត​ប្រយោជន៍​ទេ ឯ​ពួក​នោះ គេ​រង់‌ចាំ​តែ​នឹង​កំចាយ​ឈាម​របស់​ខ្លួន​គេ ហើយ​ក៏​អែប​លប​ដោយ​សំងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ ចំណែក​អស់​អ្នក​ដែល​លោភ​ចង់​បាន​កំរៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត​ចេញ​ពី​អស់​អ្នក​ដែល​បណ្តោយ​តាម​ផង។ ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី‌ធ្លា ប្រាជ្ញា​ស្រែក​ប្រកាស​នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង នឹង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នឹង​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់​នោះ​ដល់​កាល​ណា​ទៀត ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ ហើយ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់​ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា កាល​ណា​អញ​បន្ទោស នោះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ខ្លួន​ស្តាប់​តាម​ចុះ នែ អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ឯង​រាល់​គ្នា ហើយ​ឲ្យ​ឯង​រាល់​គ្នា​បាន​យល់​ពាក្យ​អញ ពី​ព្រោះ​អញ​បាន​ស្រែក​ហៅ តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ អញ​បាន​ហុច​ដៃ​ទៅ តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ ឯង​រាល់​គ្នា​ក៏​បោះ‌បង់​ចោល​អស់​ទាំង​ដំបូន្មាន​របស់​អញ​ចេញ ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោស​របស់​អញ​ដែរ ដូច្នេះ​អញ​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​ត្រូវ​អន្តរាយ អញ​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​កើត​មាន​សេចក្ដី​ភិត‌ភ័យ​ផង គឺ​ក្នុង​កាល​ដែល​សេចក្ដី​ភិត‌ភ័យ​មក​លើ​ឯង​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា ហើយ​សេចក្ដី​អន្តរាយ​របស់​ឯង​រាល់​គ្នា​មក ដូច​ជា​ខ្យល់​កួច ក្នុង​កាល​ដែល​សេចក្ដី​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​មក​គ្រប​សង្កត់​លើ​ឯង​រាល់​គ្នា ខណៈ​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​អញ​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​អញ​មិន​ឃើញ​ឡើយ ពី​ព្រោះ​គេ​បាន​ស្អប់​ការ​ចេះ​ដឹង​ហើយ​មិន​បាន​រើស​យក​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ដំបូន្មាន​របស់​អញ​ឡើយ ក៏​បាន​មើល‌ងាយ​សេចក្ដី​បន្ទោស​របស់​អញ​ដែរ ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​គេ​ស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន ដ្បិត​ឯ​ពួក​ឆោត​ល្ងង់​នោះ ការ​ថយ​ទៅ​វិញ​របស់​គេ​នឹង​សំឡាប់​គេ​ទៅ ហើយ​ចំណែក​មនុស្ស​កំឡៅ នោះ​សេចក្ដី​សុខ​ស្រួល​របស់​គេ​នឹង​ឲ្យ​គេ​វិនាស​ដែរ តែ​អ្នក​ណា​ដែល​ស្តាប់​តាម​អញ នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​នឹង​មាន​សេចក្ដី​សំរាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អាក្រក់​ឡើយ។

ចែក​រំលែក
អាន សុភាសិត 1