សុភា‌សិត 1:1-33

សុភា‌សិត 1:1-33 គកស១៦

នេះ​ជា​សុភា‌សិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រា‌អែល សម្រាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា សេចក្ដី​ប្រៀន‌ប្រដៅ និង​ឲ្យ​បាន​យល់​ពី​ពាក្យ ដែល​មាន​អត្ថន័យ​ជ្រៅ​ជ្រះ ក៏​សម្រាប់​ទទួល​សេចក្ដី​បង្រៀន​នៃ​គំនិត​ត្រឹម​ត្រូវ ជា​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង​ត្រង់ ដើម្បី​បង្រៀន​មនុស្ស​ឆោត​ល្ងង់​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន ហើយ​ឲ្យ​យុវជន​ស្គាល់​ខុស​ស្គាល់​ត្រូវ សូម​ឲ្យ​អ្នក​ប្រាជ្ញ​បាន​ស្តាប់ ហើយ​បង្កើន​ចំណេះ​ដឹង​របស់​ខ្លួន​ថែម​ទៀត សូម​ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់ បាន​ដឹង​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភា‌សិត និង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។ ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​តម្រិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល​ងាយ​ប្រាជ្ញា និង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។ នែ៎ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ របស់​ឪពុក​ចុះ កូន​កុំ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លម្អ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង។ កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង កុំ​ព្រម​តាម​គេ​ឡើយ។ បើ​គេ​ថា «ចូរ​មក​ជា‌មួយ​យើង​ចុះ យើង​នឹង​រង់​ចាំ​ឱកាស​កម្ចាយ​ឈាម យើង​នឹង​លប​ដោយ​សម្ងាត់ ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ យើង​នឹង​រឹប​អូស របស់​មាន​តម្លៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំ‌នៅ​យើង ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ យើង​នឹង​មាន​ថង់​ប្រាក់​តែ​មួយ​ប៉ុណ្ណោះ»។ កូន​អើយ ឯង​កុំ​ដើរ​ក្នុង​ផ្លូវ​ជា‌មួយ​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង ផ្លូវ​ច្រក​របស់​គេ​វិញ។ ដ្បិត​ជើង​គេ​រត់​តាម​តែ​ការ​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ផង ពី​ព្រោះ​ការ​ដែល​ដាក់​លប់ នៅ​ចំពោះ​សត្វ​ហើរ ឲ្យ​វា​ឃើញ​នោះ​ឥត​ប្រ‌យោជន៍​ទេ ឯ​ពួក​នោះ គេ​រង់​ចាំ​តែ​នឹង​កម្ចាយ​ឈាម របស់​ខ្លួន​គេ ហើយ​ក៏​អែប​លប​ដោយ​សម្ងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ ឯ​ផ្លូវ​នៃ​អស់​អ្នក​ដែល​លោភ​ចង់​បាន កម្រៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត ចេញ​ពី​អ្នក​ដែល​បាន​កម្រៃ​បែប​នោះ។ ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី​ធ្លា ប្រាជ្ញា​ស្រែក​ប្រកាស នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា «ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នៅ​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់ ដល់​កាល​ណា​ទៀត? ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ តើ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់ ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា? កាល​ណា​យើង​បន្ទោស នោះ​ចូរ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ចុះ យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​យល់​ពាក្យ​របស់​យើង។ ពី​ព្រោះ​យើង​បាន​ស្រែក​ហៅ តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ យើង​បាន​ហុច​ដៃ​ទៅ តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ អ្នក​រាល់​គ្នា​ក៏​បោះ‌បង់​ចោល អស់​ទាំង​ដំបូ‌ន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោស របស់​យើង​ដែរ ដូច្នេះ យើង​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អន្ត‌រាយ យើង​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា កើត​មាន​សេចក្ដី​ភិត‌ភ័យ​ផង គឺ​ក្នុង​កាល​ដែល​សេចក្ដី​ភិត‌ភ័យ មក​លើ​អ្នក​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា ហើយ​សេចក្ដី​អន្ត‌រាយ​របស់​អ្នក​រាល់​គ្នា​មក ដូច​ជា​ខ្យល់​កួច ក្នុង​កាល​ដែល​សេចក្ដី​លំបាក និង​សេចក្ដី​ទុក្ខ​ព្រួយ មក​គ្រប​សង្កត់​លើ​អ្នក​រាល់​គ្នា។ ខណៈ​នោះ គេ​នឹង​អំពាវ​នាវ​ដល់​យើង តែ​យើង​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​យើង​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​មិន​ឃើញ​ឡើយ ។ ព្រោះ​គេ​បាន​ស្អប់​ការ​ចេះ​ដឹង ហើយ​មិន​បាន​រើស​យក​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ទេ។ គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ នឹង​ដំបូ‌ន្មាន​របស់​យើង​ឡើយ ក៏​បាន​មើល​ងាយ​សេចក្ដី​បន្ទោស​របស់​យើង​ដែរ។ ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​គេ ស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន។ ដ្បិត​ឯ​ពួក​ឆោត​ល្ងង់​នោះ ការ​ថយ​ទៅ​វិញ​របស់​គេ​នឹង​សម្លាប់​គេ​ទៅ ហើយ​ចំណែក​មនុស្ស​កំឡៅ នោះ​សេចក្ដី​សុខ​ស្រួល​របស់​គេ នឹង​ឲ្យ​គេ​វិនាស​ដែរ តែ​អ្នក​ណា​ដែល​ស្តាប់​តាម​យើង នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​នឹង​មាន​សេចក្ដី​សម្រាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អា‌ក្រក់​ឡើយ»។

អាន សុភា‌សិត 1