ភីលីព 3:8-11
ភីលីព 3:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លើសពីនេះទៀត ខ្ញុំរាប់អ្វីៗទាំងអស់ទុកដូចជាខាត ដោយសារតែសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ។ ដោយយល់ដល់ព្រះអង្គ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយខ្ញុំរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទវិញ និងឲ្យគេបានឃើញខ្ញុំនៅក្នុងព្រះអង្គ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រឹត្យវិន័យនោះទេ តែដោយសារជំនឿដល់ព្រះគ្រីស្ទ គឺជាសេចក្តីសុចរិតដែលមកពីព្រះ ដោយសារជំនឿ។ ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្តានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងរួមចំណែកក្នុងការរងទុក្ខ ដូចជាព្រះអង្គរងទុក្ខក្នុងការសុគតដែរ ប្រសិនបើអាចបាន ខ្ញុំចង់ឲ្យមានជីវិតរស់ពីស្លាប់ឡើងវិញ។
ភីលីព 3:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់ព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ដោយសារតែព្រះអង្គ ខ្ញុំសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាម ឲ្យតែខ្ញុំបានព្រះគ្រិស្ត និងឲ្យតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនសុចរិតដោយកាន់តាមក្រឹត្យវិន័យនោះឡើយ គឺសុចរិតដោយជឿលើព្រះគ្រិស្ត ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ បំណងរបស់ខ្ញុំគឺចង់ស្គាល់ព្រះគ្រិស្ត និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឲ្យបានដូចព្រះអង្គដែលសោយទិវង្គត ដើម្បីឲ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។
ភីលីព 3:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ ហើយឲ្យគេបានឃើញខ្ញុំនៅក្នុងទ្រង់ ដោយសេចក្ដីសុចរិតដែលមកពីសេចក្ដីជំនឿដល់ព្រះគ្រីស្ទ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រិត្យវិន័យនោះទេ គឺជាសេចក្ដីសុចរិតដែលមកពីព្រះ ដោយសេចក្ដីជំនឿវិញ ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ នឹងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនឹងសេចក្ដីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្ដីស្លាប់ផង នោះគឺបើសិនជាមានផ្លូវណា ឲ្យខ្ញុំបានមកដល់សេចក្ដីរស់ពីស្លាប់ឡើងវិញ