ភីលីព 3:10-21

ភីលីព 3:10-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ចង់​ស្គាល់​ព្រះ‌គ្រីស្ទ និង​ព្រះ‌ចេស្តា​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ ព្រម​ទាំង​រួម​ចំណែក​ក្នុង​ការ​រង​ទុក្ខ ដូច​ជា​ព្រះ‌អង្គ​រងទុក្ខ​ក្នុង​ការ​សុគត​ដែរ ប្រសិន‌បើ​អាច​បាន ខ្ញុំ​ចង់​ឲ្យ​មាន​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ។ មិន​មែន​ថា ខ្ញុំ​បាន​ទទួល ឬ​ថា ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​សង្វាត​នឹង​ដេញ​តាម​ចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​ចាប់​ខ្ញុំ​បាន​នោះ​ដែរ។ បង‌ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​បំណង​មួយ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​រក​អ្វីៗ​ខាង​មុខ​ទៀត ទាំង​រត់​តម្រង់​ទៅ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ពី​ស្ថាន​ដ៏​ខ្ពស់ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ពេញ​វ័យ​ហើយ យើង​ត្រូវ​មាន​គំនិត​បែប​នោះ​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្ដី​នេះ​ដែរ។ ទោះ​បើ​បាន​ដល់​ត្រឹម​ណា​ក៏​ដោយ យើង​ត្រូវ​តែ​កាន់​ខ្ជាប់​តាម​ច្បាប់​នេះ។ បង‌ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​រស់​នៅ​ដូច​ជា​យើង​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា​ចុះ។ ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ថា គេ​រស់​នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ។ ទី​បំផុត គេ​នឹង​ត្រូវ​ហិន​វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ​ទុក​ជា​សិរី‌ល្អ គេ​គិត​តែ​ពី​អ្វីៗ​នៅ​ផែនដី​នេះ​ប៉ុណ្ណោះ។ ប៉ុន្តែ យើង​ជា​សាសន៍​ស្ថាន‌សួគ៌ ហើយ​នៅ​រង់​ចាំ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​វិញ។ ព្រះ‌អង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​ព្រះកាយ​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ដែល​បង្ក្រាប​គ្រប់​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ភីលីព 3

ភីលីព 3:10-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បំណង​របស់​ខ្ញុំ​គឺ​ចង់​ស្គាល់​ព្រះ‌គ្រិស្ត និង​ស្គាល់​ឫទ្ធា‌នុភាព​ដែល​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះអង្គ​ដែល​រង​ទុក្ខ​លំបាក ហើយ​ឲ្យ​បាន​ដូច​ព្រះអង្គ​ដែល​សោយ​ទិវង្គត ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ប្រសិន​បើ​អាច​រស់​ឡើង​វិញ​បាន។ ខ្ញុំ​មិន​ថា ខ្ញុំ​បាន​ទៅ​ដល់​ទី‌ដៅ ឬ​បាន​គ្រប់​លក្ខណៈ ហើយ​នោះ​ទេ គឺ​ខ្ញុំ​កំពុង​តែ​រត់​ទៅ​មុខ ដើម្បី​ចាប់​ឲ្យ​បាន ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ត្រូវ​ព្រះគ្រិស្ត‌យេស៊ូ​ចាប់​ខ្ញុំ​ជា​មុន​ដែរ។ បងប្អូន​អើយ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​ទាន់​បាន​ទៅ​ដល់​ទី‌ដៅ​នៅ​ឡើយ​ទេ ខ្ញុំ​មាន​បំណង​តែ​មួយ គឺ​បំភ្លេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​រត់​ហួស​មក​ហើយ ដើម្បី​ផ្ចង់​ចិត្ត​ឆ្ពោះ​ទៅ​រក​អ្វីៗ​ដែល​នៅ​ខាង​មុខ។ ខ្ញុំ​រត់​តម្រង់​ទៅ​រក​ទី‌ដៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់​ពី​ព្រះ‌ជាម្ចាស់ ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង​ពី​ស្ថាន​បរម‌សុខ ឲ្យ​ទទួល​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ជា «មនុស្ស​គ្រប់​លក្ខណៈ» ត្រូវ​តែ​មាន​គំនិត​បែប​នេះ​ឯង។ ប្រសិន​បើ​បងប្អូន​មាន​គំនិត​ផ្សេង​ត្រង់​ចំណុច​ណា​មួយ ព្រះ‌ជាម្ចាស់​មុខ​ជា​បំភ្លឺ​បងប្អូន​ឲ្យ​ដឹង​មិន​ខាន។ ទោះ​បី​យើង​បាន​ដល់​ត្រឹម​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ទៅ​មុខ ឆ្ពោះ​ទៅ​រក​ទិស‌ដៅ​ដដែល។ បងប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ខ្ញុំ។ ចូរ​សម្លឹង​មើល​អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​គំរូ ដែល​យើង​បាន​ដាក់​ឲ្យ​បងប្អូន​ឃើញ​នោះ​ទៅ។ ខ្ញុំ​ធ្លាប់​បាន​ជម្រាប​បងប្អូន​ជា​រឿយៗ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ទៀត ខ្ញុំ​ក៏​សូម​ជម្រាប​បងប្អូន​ទាំង​ទឹក​ភ្នែក​ថា មាន​បងប្អូន​ជា​ច្រើន​នាក់​រស់​នៅ​ជា​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រិស្ត*។ ដល់​ទី​បំផុត អ្នក​ទាំង​នោះ​ត្រូវ​វិនាស​អន្តរាយ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ​ខ្មាស​ធ្វើ​ជា​កិត្តិយស ហើយ​គិត​តែ​ពី​អ្វីៗ​ដែល​នៅ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។ រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​ស្ថាន​បរម‌សុខ* ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​យាង​មក​ពី​ស្ថាន​នោះ។ ព្រះអង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឲ្យ​បាន​ដូច​ព្រះ‌កាយ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​មហិទ្ធិ‌ឫទ្ធិ ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។

ចែក​រំលែក
អាន ភីលីព 3

ភីលីព 3:10-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដើម្បី​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ នឹង​ព្រះ‌ចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​នឹង​សេចក្ដី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្ដី​ស្លាប់​ផង នោះ​គឺ​បើ​សិន​ជា​មាន​ផ្លូវ​ណា ឲ្យ​ខ្ញុំ​បាន​មក​ដល់​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ មិន​មែន​ថា ខ្ញុំ​បាន​ទទួល ឬ​ថា ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្ដី ដែល​ព្រះ‌គ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ បង​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្ដី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្ដី​ខាង​មុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ‌ងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​គ្រប់​លក្ខណ៍​ហើយ យើង​ត្រូវ​មាន​គំនិត​យ៉ាង​នោះ​ឯង តែ​បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ‌ទ្រង់​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្ដី​នេះ​ដែរ ប៉ុន្តែ ទោះ​បើ​បាន​ដល់​ទី​ណា​ក៏​ដោយ គង់​តែ​ត្រូវ​ឲ្យ​យើង​កាន់​តាម​ច្បាប់​នោះ​ឯង។ បង​ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ​គ្រប់​គ្នា ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក ដែល​ដើរ​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ក្បួន​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ថា គេ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ ចុង​បំផុត​របស់​គេ​ជា​សេចក្ដី​ហិន‌វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ ទុក​ជា​សិរី‌ល្អ​វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង ដែល​ទ្រង់​នឹង​បំផ្លាស់​បំប្រែ​រូប‌កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​រូប​អង្គ​ឧត្តម​របស់​ទ្រង់ តាម​ដែល​ព្រះ‌ចេស្តា​ទ្រង់​ពូកែ​នឹង​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​អំណាច​ទ្រង់​ផង។

ចែក​រំលែក
អាន ភីលីព 3

ភីលីព 3:10-21

ភីលីព 3:10-21 គខប