ភីលីព 2:3-11

ភីលីព 2:3-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ប្រកួត​ប្រជែង ឬ​ដោយ​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​ថា​គេ​ប្រសើរ​ជាង​ខ្លួន​វិញ។ កុំ​ឲ្យ​ម្នាក់ៗ​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ផង។ ត្រូវ​តែ​មាន​គំនិត​ដូច​ជា​ព្រះ‌គ្រីស្ទ‌យេស៊ូវ​វិញ ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ តែ​មិន​បាន​រាប់​ឋានៈ​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បាន​លះ‌បង់​អង្គ​ទ្រង់ មក​យក​សភាព ជា​អ្នក​បម្រើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​សភាព​ជា​មនុស្ស​ផង។ ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ព្រះ‌អង្គ​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង។ ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម ដើម្បី​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេ‌ស៊ូវ នោះ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ សម្រាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ជា​ព្រះ‌វរ‌បិតា។

ចែក​រំលែក
អាន ភីលីព 2

ភីលីព 2:3-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុំ​ធ្វើ​អ្វី​ដោយ​ចង់​ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា ប្រសើរ​ជាង​ខ្លួន។ ក្នុង​ចំណោម​បងប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ ។ ព្រះគ្រិស្ត‌យេស៊ូ​មាន​ចិត្ត​គំនិត​យ៉ាង​ណា បងប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​យ៉ាង​នោះ​ដែរ។ ទោះ‌បី​ព្រះអង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់​ក៏​ដោយ ក៏​ព្រះអង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះ ទុក​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ព្រះអង្គ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ មក​យក​ឋានៈ​ជា​ទាសករ ព្រះអង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជា មនុស្ស​សាមញ្ញ​ដែរ។ ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះ‌បញ្ជា រហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង ថែម​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ លើក​តម្កើង​ព្រះអង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ព្រះអង្គ មាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ និង ឲ្យ​មនុស្ស​គ្រប់​ភាសា ប្រកាស​ឡើង​ថា ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា។

ចែក​រំលែក
អាន ភីលីព 2

ភីលីព 2:3-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់‌ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្ដី​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះ‌បង់​ព្រះ‌អង្គ​ទ្រង់ មក​យក​រូប‌ភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ‌អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង ដើម្បី​កាល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះ‌អម្ចាស់ សំរាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា។

ចែក​រំលែក
អាន ភីលីព 2

ភីលីព 2:3-11

ភីលីព 2:3-11 គខបភីលីព 2:3-11 គខបភីលីព 2:3-11 គខប