ភីលីព 1:3-11

ភីលីព 1:3-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​រាល់​ពេល​ដែល​ខ្ញុំ​នឹក​គិត​ពី​អ្នក​រាល់​គ្នា គ្រប់​ពេល​ដែល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​អំណរ​ជា‌និច្ច ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង រហូត​ដល់​ឥឡូវ​នេះ។ ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ការ​ដែល​ខ្ញុំ​គិត​ពី​អ្នក​រាល់​គ្នា​បែប​នេះ ត្រឹម‌ត្រូវ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​នឹក​ពី​ខ្ញុំ​នៅ​ជាប់​ក្នុង​ចិត្ត​ជា‌និច្ច ទោះ​បើ​ខ្ញុំ​ជាប់​ចំណង ឬ​កំពុង​តែ​ឆ្លើយ​ការ​ពារ ហើយ​បញ្ជាក់​ដំណឹង​ល្អ​ក្តី ដ្បិត​អ្នក​រាល់​គ្នា​មាន​ចំណែក​ក្នុង​ព្រះ‌គុណ​ជា​មួយ​ខ្ញុំ​ដែរ។ ព្រះ​ជា​ស្ម‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫ‌ទ័យ​សន្តោស​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ខ្ញុំ​ក៏​អធិស្ឋាន​សូម​ការ​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង មាន​ចំណេះ​ដឹង និង​យល់​គ្រប់​សព្វ​ទាំង​អស់ ដើម្បី​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ពិចារណា​មើល​ពី​អ្វី​ដែល​ប្រសើរ​បំផុត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ឥត​កន្លែង​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះ‌គ្រីស្ទ ក៏​មាន​ពេញ​ដោយ​ផល​នៃ​សេចក្តី​សុចរិត មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​ជា​សិរី‌ល្អ និង​ជា​ការ​សរសើរ​ដល់​ព្រះ។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:3-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ណា​ខ្ញុំ​នឹក​គិត​ដល់​បងប្អូន ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច គឺ​គ្រប់​ពេល ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​សម្រាប់​បងប្អូន​ទាំង​អស់​គ្នា ខ្ញុំ​ទូល‌អង្វរ​ដោយ​ចិត្ត​រីក‌រាយ​ជា​ដរាប ព្រោះ​បងប្អូន​រួម​ចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ តាំង​ពី​ថ្ងៃ​ដំបូង​រហូត​មក​ទល់​សព្វ​ថ្ងៃ។ ខ្ញុំ​ជឿ​ជាក់​ថា ព្រះអង្គ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បងប្អូន ព្រះអង្គ​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ ​ព្រះ‌គ្រិស្ត​យេស៊ូ​យាង​មក។ ខ្ញុំ​មាន​ចិត្ត​គំនិត​បែប​នេះ​ចំពោះ​បងប្អូន​ទាំង​អស់​គ្នា ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ចិត្ត​ខ្ញុំ​នៅ​ជាប់​ជំពាក់​នឹង​បងប្អូន​ជានិច្ច ហើយ​ទោះ‌បី​ខ្ញុំ​នៅ​ជាប់​ឃុំ‌ឃាំង​ក្ដី ឬ​ពេល​ខ្ញុំ​និយាយ និង​ពង្រឹង​ដំណឹង‌ល្អ*​ក្ដី បងប្អូន​ទាំង​អស់​គ្នា​ក៏​បាន​រួម​ចំណែក​ជា​មួយ​ខ្ញុំ ក្នុង​កិច្ចការ​ដែល​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំពេញ​នេះ​ដែរ។ ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​អាណិត​មេត្តា​មក​ពី​ព្រះគ្រិស្ត‌យេស៊ូ។ ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ​នេះ គឺ​សូម​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លុប​កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់ ដើម្បី​ឲ្យ​បងប្អូន​ចេះ​ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ។ ដូច្នេះ នៅ​ថ្ងៃ​ព្រះ‌គ្រិស្ត​យាង​មក បងប្អូន​នឹង​បាន​បរិសុទ្ធ* ឥត​មាន​កំហុស​អ្វី​ឡើយ ហើយ​បងប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត ដែល​មក​ពី​ព្រះ‌យេស៊ូ​គ្រិស្ត សម្រាប់​លើក​តម្កើង​សិរី‌រុងរឿង និង​កោត​សរសើរ​ព្រះ‌ជាម្ចាស់។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:3-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា ខ្ញុំ​ក៏​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​អំណរ នៅ​គ្រប់​វេលា​ដែល​ខ្ញុំ​អធិស្ឋាន​ជានិច្ច ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដរាប​ដល់​ឥឡូវ​នេះ ខ្ញុំ​ជឿ​សេចក្ដី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ គួរ​គប្បី​ឲ្យ​ខ្ញុំ​គិត​ពី​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹក​ពី​ខ្ញុំ​នៅ​ជាប់​ក្នុង​ចិត្ត​ជានិច្ច ទោះ​បើ​ខ្ញុំ​ជាប់​ចំណង ឬ​កំពុង​តែ​ដោះ‌សា ហើយ​បញ្ជាក់​ដំណឹង​ល្អ​ក្តី ដ្បិត​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប ក្នុង​ព្រះ‌គុណ​ជា​មួយ​នឹង​ខ្ញុំ​ដែរ ព្រះ‌ទ្រង់​ជា​ស្មរ‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫទ័យ​សន្តោស​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង នឹង​យោបល់​គ្រប់​ជំពូក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល​មើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ ដើម្បី​ឲ្យ​បាន​ជ្រះ‌ថ្លា ហើយ​ឥត​ធ្វើ​ឲ្យ​អ្នក​ណា​អាក់‌អន់​ចិត្ត​ឡើយ ដរាប​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ ព្រម​ទាំង​មាន​ពេញ​ជា​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ សំរាប់​ជា​សិរី‌ល្អ ហើយ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​ផង។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:3-11

ភីលីព 1:3-11 គខបភីលីព 1:3-11 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ