ភីលីព 1:27-30

ភីលីព 1:27-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​អ្នក​រាល់​គ្នា​គ្រាន់​តែ​រស់​នៅ​ឲ្យ​ស័ក្ត‌សម​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ទោះ​បី​ជា​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា ឬ​នៅ​ឆ្ងាយ ហើយ​បាន​ឮ​អំពី​អ្នក​រាល់​គ្នា​ក្តី នោះ​ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ទាំង​តតាំង​ជា​មួយ​គ្នា​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ ហើយ​មិន​ញញើត​ពួក​អ្នក​ប្រឆាំង ក្នុង​ប្រការ​ណា​ឡើយ។ នេះ​ជា​ភស្តុតាង​ដែល​ពួក​គេ​ត្រូវ​វិនាស ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​បាន​សង្រ្គោះ​វិញ ហើយ​ការ​នេះ​មក​ពី​ព្រះ។ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឱកាស ដែល​មិន​គ្រាន់​តែ​ឲ្យ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ព្រះ‌អង្គ​ដែរ ទាំង​មាន​ការ​តយុទ្ធ​តែ​មួយ ដូច​ដែល​បាន​ឃើញ​ខ្ញុំ​មាន ហើយ​ឥឡូវ​នេះ​ឮ​ថា​ខ្ញុំ​នៅ​តែ​មាន​ទៀត។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:27-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​បងប្អូន​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​សមរម្យ​នឹង​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត​ផង ទោះ​បី​ខ្ញុំ​មក​ឃើញ​បងប្អូន​ក្ដី ឬ​នៅ​ឆ្ងាយ​បាន​ឮ​ដំណឹង​ពី​បងប្អូន​ក្ដី សូម​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា បងប្អូន​មាន​ជំហរ​មាំ‌មួន​ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ត​ថ្លើម​គ្នា​តយុទ្ធ ដើម្បី​ជំនឿ​លើ​ដំណឹង‌ល្អ ទៀត​ផង គឺ​បងប្អូន​មិន​ញ‌ញើត​នឹង​ពួក​អ្នក​ប្រឆាំង ត្រង់​ប្រការ​ណា​មួយ​ឡើយ ជា​ភស្តុតាង​ស​ឲ្យ​ឃើញ​ថា ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ រីឯ​បងប្អូន​វិញ បងប្អូន​នឹង​ទទួល​ការ​សង្គ្រោះ។ ការ​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះអង្គ​ប្រណី‌សន្ដោស​បងប្អូន​ឲ្យ​បម្រើ​ព្រះ‌គ្រិស្ត ដោយ​មិន​គ្រាន់​តែ​ជឿ​លើ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រង​ទុក្ខ​លំបាក ដើម្បី​ព្រះអង្គ​ទៀត​ផង។ បងប្អូន​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ដូច​បងប្អូន​ធ្លាប់​បាន​ឃើញ​ខ្ញុំ​តយុទ្ធ​ស្រាប់​ហើយ ហើយ​ដូច​បងប្អូន​ឮ​ថា​ខ្ញុំ​កំពុង​តែ​តយុទ្ធ​នៅ​ឡើយ។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:27-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​គួរ​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ដើម្បី​កាល​ណា​ខ្ញុំ​មក​សួរ ឬ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា​ក្តី នោះ​គង់​តែ​នឹង​បាន​ឮ​និយាយ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន​ហើយ ព្រម​ទាំង​មាន​ចិត្ត​មាន​គំនិត​តែ​១ ដើម្បី​នឹង​តតាំង​ជា​មួយ​គ្នា ដោយ​នូវ​សេចក្ដី​ជំនឿ ខាង​ឯ​ដំណឹង​ល្អ​ផង ឥត​មាន​ភ័យ​ខ្លាច ចំពោះ​ពួក​ទាស់​ទទឹង​ក្នុង​ការ​អ្វី​ឡើយ ដំណើរ​នោះ​ឯង នឹង​សំដែង​ពី​សេចក្ដី​ហិន​វិនាស​របស់​គេ តែ​ពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​វិញ ដែល​សេចក្ដី​នោះ​បាន​មក​ពី​ព្រះ​ផង ដ្បិត​មាន​ឱកាស​បើក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ មិន​មែន​ឲ្យ​គ្រាន់​តែ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​តែ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ទ្រង់​ដែរ ទាំង​កើត​មាន​សេចក្ដី​តតាំង​ដដែល ដែល​ឃើញ​ខ្ញុំ​មាន ហើយ​ឥឡូវ​នេះ​ឮ​ថា​ខ្ញុំ​មាន​ទៀត។

ចែក​រំលែក
អាន ភីលីព 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ