ភីលីព 1:18-26

ភីលីព 1:18-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​ដូច​ម្តេច​ទៅ​វិញ? គឺ​យ៉ាង​នេះ​ថា គេ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​តាម​គ្រប់​វិធី​ទាំង​អស់ ទោះ​ដោយ​ធ្វើ​ពុត ឬ​ពិត​ប្រាកដ​ក្តី ក៏​ខ្ញុំ​មាន​អំណរ​ដែរ។ មែន ហើយ​ខ្ញុំ​នឹង​មាន​អំណរ​តទៅ​មុខ​ទៀត ដ្បិត​ខ្ញុំ​ដឹង​ថា តាម​រយៈ​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា និង​ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​ជួយ​ផង ការ​នេះ​នឹង​ត្រឡប់​ជា​ការ​សង្គ្រោះ​ដល់​ខ្ញុំ​វិញ។ អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំ និង​សង្ឃឹម​អស់​ពី​ចិត្ត​នោះ ខ្ញុំ​នឹង​មិន​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​តម្កើង​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ក្លា‌ហាន​គ្រប់​ជំពូក ក្នុង​រូប‌កាយ​ខ្ញុំ ក្នុង​ពេល​ឥឡូវ​នេះ ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ទោះ​រស់​ឬ​ស្លាប់​ក្តី។ ដ្បិត​សម្រាប់​ខ្ញុំ ដែល​រស់​គឺ​សម្រាប់​ព្រះ‌គ្រីស្ទ ហើយ​ដែល​ស្លាប់​ទៅ​ក៏​ចំណេញ​ដែរ។ ប្រសិន‌បើ​ខ្ញុំ​រស់​ខាង​សាច់​ឈាម មាន​ន័យ​ថា​ប្រមូល​ផល​សម្រាប់​ខ្លួន​ខ្ញុំ នោះ​ខ្ញុំ​មិន​ដឹង​ជា​រើស​យក​ខាង​ណា​ទេ។ ខ្ញុំ​មាន​ការ​រារែក​ទាំង​សង​ខាង ម្យ៉ាង​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រីស្ទ ដែល​ប្រសើរ​ជាង​ឆ្ងាយ​ណាស់។ ប៉ុន្តែ ដែល​រស់​នៅ​ក្នុង​សាច់​ឈាម​តទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង។ ខ្ញុំ​ជឿ​ជាក់​ដូច្នេះ គឺ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​រស់​នៅ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​តទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង ហើយ​ឲ្យ​មាន​អំណរ​ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ហេតុ​នឹង​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​សារ​ខ្ញុំ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​វិញ។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:18-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មិន​ថ្វី​ទេ! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គេ​មាន​គំនិត​វៀច‌វេរ​ក្ដី ស្មោះ​សរ​ក្ដី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ត​ដែរ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​នេះ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ត​ទៅ​មុខ​ទៀត ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បងប្អូន​អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ជួយ​ខ្ញុំ​ដែរ។ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ត និង​សង្ឃឹម​លើ​ព្រះអង្គ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌គ្រិស្ត​ក្នុង​រូប​កាយ​ខ្ញុំ។ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ ប៉ុន្តែ បើ​ខ្ញុំ​រស់​ក្នុង​លោក​នេះ​ត​ទៅ​ទៀត ធ្វើ​ឲ្យ​កិច្ចការ​របស់​ខ្ញុំ​បាន​ផល ខ្ញុំ​មិន​ដឹង​ជា​ជ្រើស​រើស​យក​ផ្លូវ​ណា​ឡើយ!។ ចិត្ត​ខ្ញុំ​រារែក​ទាំង​សង​ខាង គឺ​ម្យ៉ាង ខ្ញុំ​ប៉ង‌ប្រាថ្នា​ចង់​លា​ចាក​លោក​នេះ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រិស្ត នោះ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់ ម្យ៉ាង​ទៀត បើ​ខ្ញុំ​នៅ​រស់​ក្នុង​លោក​នេះ​ត​ទៅ​មុខ នោះ​មាន​ប្រយោជន៍​ជាង​សម្រាប់​បងប្អូន។ ខ្ញុំ​ជឿ​ជាក់ និង​ដឹង​ថា ខ្ញុំ​នឹង​នៅ​រស់ ហើយ​ស្នាក់​នៅ​ជា​មួយ​បងប្អូន​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បងប្អូន​បាន​ចម្រើន​ឡើង ទាំង​មាន​អំណរ​មក​ពី​ជំនឿ និង​ដើម្បី​ឲ្យ​បងប្អូន​រឹង‌រឹត​តែ​ខ្ពស់​មុខ​ថែម​ទៀត ដោយ​បាន​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ព្រោះ​តែ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​វិល​មក​ជួប​បងប្អូន​វិញ។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:18-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចុះ​តើ​អំពល់​អ្វី ទោះ‌បើ​យ៉ាង​ណា​ក៏​ដោយ ទោះ​ដោយ​ពើ ឬ​ដោយ​សេចក្ដី​ស្មោះ​ក្តី គង់​តែ​គេ​សំដែង​ពី​ព្រះ‌គ្រីស្ទ​ដែរ ដូច្នេះ ខ្ញុំ​មាន​សេចក្ដី​អំណរ​ណាស់ ក៏​នឹង​ចេះ​តែ​មាន​អំណរ​ត​ទៅ​មុខ​ទៀត ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ ដោយ​អ្នក​រាល់​គ្នា​អធិស្ឋាន​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ‌ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​ជួយ​ផង តាម​សេចក្ដី​ដែល​ខ្ញុំ​ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់​ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ដំកើង​ព្រះ‌គ្រីស្ទ​ក្នុង​រូប‌កាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ ដូច​ជា​ពី​ដើម​រៀង​មក​ដែរ ទោះ​រស់​ឬ​ស្លាប់​ក្តី ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់​នៅ នោះ​គឺ​សំរាប់​ព្រះ‌គ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ ប៉ុន្តែ បើ​រស់​ខាង​ឯ​សាច់​ឈាម នឹង​នាំ​ឲ្យ​ការ​ខ្ញុំ​កើត​ផល នោះ​ខ្ញុំ​មិន​ដឹង​រើស​យក​ខាង​ណា​ទេ ខ្ញុំ​មាន​សេចក្ដី​បណ្តាល​ទាំង​សង​ខាង ក៏​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ដែល​ល្អ​ជា​ជាង​នោះ​ផង តែ​បើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​ត​ទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង ហើយ​ដោយ​ហេតុ​ដែល​ខ្ញុំ​ជឿ​សេចក្ដី​នោះ​យ៉ាង​ពិត​ប្រាកដ បាន​ជា​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ត​ទៅ​ទៀត ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿន​ជឿន​ឡើង ហើយ​ឲ្យ​មាន​សេចក្ដី​អំណរ ដោយ‌សារ​សេចក្ដី​ជំនឿ​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​ខ្ញុំ​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត

ចែក​រំលែក
អាន ភីលីព 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ