ភីលីព 1:12-18

ភីលីព 1:12-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ ពិត​ជា​បាន​ជួយ​ឲ្យ​ដំណឹង​ល្អ​ចម្រើន​ឡើង​ទៅ​វិញ​ទេ ដើម្បី​ឲ្យ​កង​រក្សា​សន្តិសុខ​ពេញ​ផ្ទៃ​វាំង​ទាំង​មូល និង​ឲ្យ​មនុស្ស​គ្រប់​គ្នា​ផ្សេង​ទៀត​ដឹង​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ហើយ​បង‌ប្អូន​ភាគ​ច្រើន ដែល​មាន​ការ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់​ដោយ‌សារ​ចំណង​របស់​ខ្ញុំ គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ខ្លាំង​ឡើង ដោយ​ឥត​ភ័យ​ខ្លាច។ មាន​អ្នក​ខ្លះ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រ‌កែក តែ​អ្នក​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​បំណង​ល្អ។ អ្នក​ទាំង​នេះ ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដោយ​ចិត្ត​ស្រឡាញ់ ដោយ​ដឹង​ថា​ខ្ញុំ​បាន​ជាប់​នៅ​ទី​នេះ សម្រាប់​នឹង​ឆ្លើយ​ការ​ពារ​ដំណឹង​ល្អ។ អ្នក​ខ្លះ​ទៀត ប្រកាស​អំពី​ព្រះគ្រីស្ទ​ដោយ​ការ​ប្រកួត​ប្រជែង មិន​មែន​ដោយ​ចិត្ត​ស្មោះ​ទេ គឺ​ដើម្បី​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​របស់​ខ្ញុំ។ តើ​ដូច​ម្តេច​ទៅ​វិញ? គឺ​យ៉ាង​នេះ​ថា គេ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​តាម​គ្រប់​វិធី​ទាំង​អស់ ទោះ​ដោយ​ធ្វើ​ពុត ឬ​ពិត​ប្រាកដ​ក្តី ក៏​ខ្ញុំ​មាន​អំណរ​ដែរ។ មែន ហើយ​ខ្ញុំ​នឹង​មាន​អំណរ​តទៅ​មុខ​ទៀត

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:12-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​ខ្ញុំ​នោះ បែរ​ជា​ជួយ​ដំណឹង‌ល្អ​វិញ​ទេ គឺ​នៅ​ក្នុង​សាលា​កាត់​ក្ដី​ទាំង​មូល និង​នៅ​គ្រប់​ទី​កន្លែង​ឯ​ទៀតៗ មនុស្ស‌ម្នា​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រិស្ត។ ដោយ​ឃើញ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ដូច្នេះ បងប្អូន​ភាគ​ច្រើន​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​រឹត​តែ​មាន​ចិត្ត​ក្លាហាន​ប្រកាស​ព្រះ‌បន្ទូល​ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។ មាន​បងប្អូន​ខ្លះ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ត ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​ប្រណាំង​ប្រជែង តែ​បងប្អូន​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​ឆន្ទៈ​ល្អ បងប្អូន​ទាំង​នេះ​ប្រកាស​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​ដឹង​ថា​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ការពារ​ដំណឹង‌ល្អ។ រីឯ​អ្នក​ដែល​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ត ដោយ​គំនិត​ប្រកួត​ចង់​ឈ្នះ​នោះ​វិញ គេ​មាន​គោល​បំណង​មិន​បរិសុទ្ធ*​ទេ គឺ​គេ​ស្មាន​ថា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រឹង‌រឹត​តែ​វេទនា​ក្នុង​ទី​ឃុំ‌ឃាំង​ថែម​ទៀត។ មិន​ថ្វី​ទេ! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គេ​មាន​គំនិត​វៀច‌វេរ​ក្ដី ស្មោះ​សរ​ក្ដី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ត​ដែរ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​នេះ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ត​ទៅ​មុខ​ទៀត

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:12-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅ​ជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ ដល់​ម៉្លេះ​បាន​ជា​នៅ​ពេញ​ក្នុង​ផ្ទៃ​វាំង នឹង​គ្រប់​កន្លែង​ឯ​ទៀត គេ​បាន​ដឹង​ច្បាស់​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ហើយ​ពួក​បង​ប្អូន​ច្រើន​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ក៏​បាន​សង្ឃឹម​ឡើង​ដោយ‌សារ​ចំណង​ខ្ញុំ ហើយ​គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ច្រើន​ឡើង ដោយ​ឥត​ភ័យ​ខ្លាច មាន​ខ្លះ​សំដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រកែក​មែន តែ​ខ្លះ ដោយ​ចិត្ត​ស្មោះ‌សរ​វិញ ឯ​ពួក​មួយ គេ​សំដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ទទឹង មិន​មែន​ដោយ​ចិត្ត​ស្អាត​ទេ នោះ​គឺ​ដោយ​ស្មាន​ថា គេ​នឹង​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​ខ្ញុំ​ទៀត ឯ​ពួក​មួយ​ទៀត គេ​ប្រព្រឹត្ត​ដោយ​ស្រឡាញ់​វិញ ដោយ​ដឹង​ថា ខ្ញុំ​បាន​តាំង​ឡើង សំរាប់​ដោះ‌សា​ពី​ដំណឹង​ល្អ ចុះ​តើ​អំពល់​អ្វី ទោះ‌បើ​យ៉ាង​ណា​ក៏​ដោយ ទោះ​ដោយ​ពើ ឬ​ដោយ​សេចក្ដី​ស្មោះ​ក្តី គង់​តែ​គេ​សំដែង​ពី​ព្រះ‌គ្រីស្ទ​ដែរ ដូច្នេះ ខ្ញុំ​មាន​សេចក្ដី​អំណរ​ណាស់ ក៏​នឹង​ចេះ​តែ​មាន​អំណរ​ត​ទៅ​មុខ​ទៀត

ចែក​រំលែក
អាន ភីលីព 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ