ភីលីព 1:1-30

ភីលីព 1:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ខ្ញុំ ប៉ូល និង​ធីម៉ូថេ ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត*​យេស៊ូ សូម​ជម្រាប​មក​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ ដែល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ សូម​ជ្រាប។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ ពេល​ណា​ខ្ញុំ​នឹក​គិត​ដល់​បងប្អូន ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច គឺ​គ្រប់​ពេល ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​សម្រាប់​បងប្អូន​ទាំង​អស់​គ្នា ខ្ញុំ​ទូល‌អង្វរ​ដោយ​ចិត្ត​រីក‌រាយ​ជា​ដរាប ព្រោះ​បងប្អូន​រួម​ចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ តាំង​ពី​ថ្ងៃ​ដំបូង​រហូត​មក​ទល់​សព្វ​ថ្ងៃ។ ខ្ញុំ​ជឿ​ជាក់​ថា ព្រះអង្គ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បងប្អូន ព្រះអង្គ​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ ​ព្រះ‌គ្រិស្ត​យេស៊ូ​យាង​មក។ ខ្ញុំ​មាន​ចិត្ត​គំនិត​បែប​នេះ​ចំពោះ​បងប្អូន​ទាំង​អស់​គ្នា ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ចិត្ត​ខ្ញុំ​នៅ​ជាប់​ជំពាក់​នឹង​បងប្អូន​ជានិច្ច ហើយ​ទោះ‌បី​ខ្ញុំ​នៅ​ជាប់​ឃុំ‌ឃាំង​ក្ដី ឬ​ពេល​ខ្ញុំ​និយាយ និង​ពង្រឹង​ដំណឹង‌ល្អ*​ក្ដី បងប្អូន​ទាំង​អស់​គ្នា​ក៏​បាន​រួម​ចំណែក​ជា​មួយ​ខ្ញុំ ក្នុង​កិច្ចការ​ដែល​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំពេញ​នេះ​ដែរ។ ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​អាណិត​មេត្តា​មក​ពី​ព្រះគ្រិស្ត‌យេស៊ូ។ ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ​នេះ គឺ​សូម​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លុប​កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់ ដើម្បី​ឲ្យ​បងប្អូន​ចេះ​ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ។ ដូច្នេះ នៅ​ថ្ងៃ​ព្រះ‌គ្រិស្ត​យាង​មក បងប្អូន​នឹង​បាន​បរិសុទ្ធ* ឥត​មាន​កំហុស​អ្វី​ឡើយ ហើយ​បងប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត ដែល​មក​ពី​ព្រះ‌យេស៊ូ​គ្រិស្ត សម្រាប់​លើក​តម្កើង​សិរី‌រុងរឿង និង​កោត​សរសើរ​ព្រះ‌ជាម្ចាស់។ បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​ខ្ញុំ​នោះ បែរ​ជា​ជួយ​ដំណឹង‌ល្អ​វិញ​ទេ គឺ​នៅ​ក្នុង​សាលា​កាត់​ក្ដី​ទាំង​មូល និង​នៅ​គ្រប់​ទី​កន្លែង​ឯ​ទៀតៗ មនុស្ស‌ម្នា​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រិស្ត។ ដោយ​ឃើញ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ដូច្នេះ បងប្អូន​ភាគ​ច្រើន​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​រឹត​តែ​មាន​ចិត្ត​ក្លាហាន​ប្រកាស​ព្រះ‌បន្ទូល​ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។ មាន​បងប្អូន​ខ្លះ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ត ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​ប្រណាំង​ប្រជែង តែ​បងប្អូន​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​ឆន្ទៈ​ល្អ បងប្អូន​ទាំង​នេះ​ប្រកាស​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​ដឹង​ថា​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ការពារ​ដំណឹង‌ល្អ។ រីឯ​អ្នក​ដែល​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ត ដោយ​គំនិត​ប្រកួត​ចង់​ឈ្នះ​នោះ​វិញ គេ​មាន​គោល​បំណង​មិន​បរិសុទ្ធ*​ទេ គឺ​គេ​ស្មាន​ថា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រឹង‌រឹត​តែ​វេទនា​ក្នុង​ទី​ឃុំ‌ឃាំង​ថែម​ទៀត។ មិន​ថ្វី​ទេ! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គេ​មាន​គំនិត​វៀច‌វេរ​ក្ដី ស្មោះ​សរ​ក្ដី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ត​ដែរ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​នេះ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ត​ទៅ​មុខ​ទៀត ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បងប្អូន​អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ជួយ​ខ្ញុំ​ដែរ។ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ត និង​សង្ឃឹម​លើ​ព្រះអង្គ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌គ្រិស្ត​ក្នុង​រូប​កាយ​ខ្ញុំ។ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ ប៉ុន្តែ បើ​ខ្ញុំ​រស់​ក្នុង​លោក​នេះ​ត​ទៅ​ទៀត ធ្វើ​ឲ្យ​កិច្ចការ​របស់​ខ្ញុំ​បាន​ផល ខ្ញុំ​មិន​ដឹង​ជា​ជ្រើស​រើស​យក​ផ្លូវ​ណា​ឡើយ!។ ចិត្ត​ខ្ញុំ​រារែក​ទាំង​សង​ខាង គឺ​ម្យ៉ាង ខ្ញុំ​ប៉ង‌ប្រាថ្នា​ចង់​លា​ចាក​លោក​នេះ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រិស្ត នោះ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់ ម្យ៉ាង​ទៀត បើ​ខ្ញុំ​នៅ​រស់​ក្នុង​លោក​នេះ​ត​ទៅ​មុខ នោះ​មាន​ប្រយោជន៍​ជាង​សម្រាប់​បងប្អូន។ ខ្ញុំ​ជឿ​ជាក់ និង​ដឹង​ថា ខ្ញុំ​នឹង​នៅ​រស់ ហើយ​ស្នាក់​នៅ​ជា​មួយ​បងប្អូន​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បងប្អូន​បាន​ចម្រើន​ឡើង ទាំង​មាន​អំណរ​មក​ពី​ជំនឿ និង​ដើម្បី​ឲ្យ​បងប្អូន​រឹង‌រឹត​តែ​ខ្ពស់​មុខ​ថែម​ទៀត ដោយ​បាន​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ព្រោះ​តែ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​វិល​មក​ជួប​បងប្អូន​វិញ។ សូម​បងប្អូន​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​សមរម្យ​នឹង​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត​ផង ទោះ​បី​ខ្ញុំ​មក​ឃើញ​បងប្អូន​ក្ដី ឬ​នៅ​ឆ្ងាយ​បាន​ឮ​ដំណឹង​ពី​បងប្អូន​ក្ដី សូម​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា បងប្អូន​មាន​ជំហរ​មាំ‌មួន​ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ត​ថ្លើម​គ្នា​តយុទ្ធ ដើម្បី​ជំនឿ​លើ​ដំណឹង‌ល្អ ទៀត​ផង គឺ​បងប្អូន​មិន​ញ‌ញើត​នឹង​ពួក​អ្នក​ប្រឆាំង ត្រង់​ប្រការ​ណា​មួយ​ឡើយ ជា​ភស្តុតាង​ស​ឲ្យ​ឃើញ​ថា ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ រីឯ​បងប្អូន​វិញ បងប្អូន​នឹង​ទទួល​ការ​សង្គ្រោះ។ ការ​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះអង្គ​ប្រណី‌សន្ដោស​បងប្អូន​ឲ្យ​បម្រើ​ព្រះ‌គ្រិស្ត ដោយ​មិន​គ្រាន់​តែ​ជឿ​លើ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រង​ទុក្ខ​លំបាក ដើម្បី​ព្រះអង្គ​ទៀត​ផង។ បងប្អូន​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ដូច​បងប្អូន​ធ្លាប់​បាន​ឃើញ​ខ្ញុំ​តយុទ្ធ​ស្រាប់​ហើយ ហើយ​ដូច​បងប្អូន​ឮ​ថា​ខ្ញុំ​កំពុង​តែ​តយុទ្ធ​នៅ​ឡើយ។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល និង​ធីម៉ូថេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​ពួក​បរិសុទ្ធ​ទាំង​អស់ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​ជា​អភិបាល និង​ជា​អ្នក​ជំនួយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​រាល់​ពេល​ដែល​ខ្ញុំ​នឹក​គិត​ពី​អ្នក​រាល់​គ្នា គ្រប់​ពេល​ដែល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​អំណរ​ជា‌និច្ច ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង រហូត​ដល់​ឥឡូវ​នេះ។ ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ការ​ដែល​ខ្ញុំ​គិត​ពី​អ្នក​រាល់​គ្នា​បែប​នេះ ត្រឹម‌ត្រូវ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​នឹក​ពី​ខ្ញុំ​នៅ​ជាប់​ក្នុង​ចិត្ត​ជា‌និច្ច ទោះ​បើ​ខ្ញុំ​ជាប់​ចំណង ឬ​កំពុង​តែ​ឆ្លើយ​ការ​ពារ ហើយ​បញ្ជាក់​ដំណឹង​ល្អ​ក្តី ដ្បិត​អ្នក​រាល់​គ្នា​មាន​ចំណែក​ក្នុង​ព្រះ‌គុណ​ជា​មួយ​ខ្ញុំ​ដែរ។ ព្រះ​ជា​ស្ម‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫ‌ទ័យ​សន្តោស​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ខ្ញុំ​ក៏​អធិស្ឋាន​សូម​ការ​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង មាន​ចំណេះ​ដឹង និង​យល់​គ្រប់​សព្វ​ទាំង​អស់ ដើម្បី​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ពិចារណា​មើល​ពី​អ្វី​ដែល​ប្រសើរ​បំផុត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ឥត​កន្លែង​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះ‌គ្រីស្ទ ក៏​មាន​ពេញ​ដោយ​ផល​នៃ​សេចក្តី​សុចរិត មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​ជា​សិរី‌ល្អ និង​ជា​ការ​សរសើរ​ដល់​ព្រះ។ បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ ពិត​ជា​បាន​ជួយ​ឲ្យ​ដំណឹង​ល្អ​ចម្រើន​ឡើង​ទៅ​វិញ​ទេ ដើម្បី​ឲ្យ​កង​រក្សា​សន្តិសុខ​ពេញ​ផ្ទៃ​វាំង​ទាំង​មូល និង​ឲ្យ​មនុស្ស​គ្រប់​គ្នា​ផ្សេង​ទៀត​ដឹង​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ហើយ​បង‌ប្អូន​ភាគ​ច្រើន ដែល​មាន​ការ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់​ដោយ‌សារ​ចំណង​របស់​ខ្ញុំ គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ខ្លាំង​ឡើង ដោយ​ឥត​ភ័យ​ខ្លាច។ មាន​អ្នក​ខ្លះ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រ‌កែក តែ​អ្នក​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​បំណង​ល្អ។ អ្នក​ទាំង​នេះ ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដោយ​ចិត្ត​ស្រឡាញ់ ដោយ​ដឹង​ថា​ខ្ញុំ​បាន​ជាប់​នៅ​ទី​នេះ សម្រាប់​នឹង​ឆ្លើយ​ការ​ពារ​ដំណឹង​ល្អ។ អ្នក​ខ្លះ​ទៀត ប្រកាស​អំពី​ព្រះគ្រីស្ទ​ដោយ​ការ​ប្រកួត​ប្រជែង មិន​មែន​ដោយ​ចិត្ត​ស្មោះ​ទេ គឺ​ដើម្បី​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​របស់​ខ្ញុំ។ តើ​ដូច​ម្តេច​ទៅ​វិញ? គឺ​យ៉ាង​នេះ​ថា គេ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​តាម​គ្រប់​វិធី​ទាំង​អស់ ទោះ​ដោយ​ធ្វើ​ពុត ឬ​ពិត​ប្រាកដ​ក្តី ក៏​ខ្ញុំ​មាន​អំណរ​ដែរ។ មែន ហើយ​ខ្ញុំ​នឹង​មាន​អំណរ​តទៅ​មុខ​ទៀត ដ្បិត​ខ្ញុំ​ដឹង​ថា តាម​រយៈ​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា និង​ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​ជួយ​ផង ការ​នេះ​នឹង​ត្រឡប់​ជា​ការ​សង្គ្រោះ​ដល់​ខ្ញុំ​វិញ។ អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំ និង​សង្ឃឹម​អស់​ពី​ចិត្ត​នោះ ខ្ញុំ​នឹង​មិន​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​តម្កើង​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ក្លា‌ហាន​គ្រប់​ជំពូក ក្នុង​រូប‌កាយ​ខ្ញុំ ក្នុង​ពេល​ឥឡូវ​នេះ ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ទោះ​រស់​ឬ​ស្លាប់​ក្តី។ ដ្បិត​សម្រាប់​ខ្ញុំ ដែល​រស់​គឺ​សម្រាប់​ព្រះ‌គ្រីស្ទ ហើយ​ដែល​ស្លាប់​ទៅ​ក៏​ចំណេញ​ដែរ។ ប្រសិន‌បើ​ខ្ញុំ​រស់​ខាង​សាច់​ឈាម មាន​ន័យ​ថា​ប្រមូល​ផល​សម្រាប់​ខ្លួន​ខ្ញុំ នោះ​ខ្ញុំ​មិន​ដឹង​ជា​រើស​យក​ខាង​ណា​ទេ។ ខ្ញុំ​មាន​ការ​រារែក​ទាំង​សង​ខាង ម្យ៉ាង​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រីស្ទ ដែល​ប្រសើរ​ជាង​ឆ្ងាយ​ណាស់។ ប៉ុន្តែ ដែល​រស់​នៅ​ក្នុង​សាច់​ឈាម​តទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង។ ខ្ញុំ​ជឿ​ជាក់​ដូច្នេះ គឺ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​រស់​នៅ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​តទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង ហើយ​ឲ្យ​មាន​អំណរ​ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ហេតុ​នឹង​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​សារ​ខ្ញុំ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​វិញ។ ចូរ​អ្នក​រាល់​គ្នា​គ្រាន់​តែ​រស់​នៅ​ឲ្យ​ស័ក្ត‌សម​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ទោះ​បី​ជា​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា ឬ​នៅ​ឆ្ងាយ ហើយ​បាន​ឮ​អំពី​អ្នក​រាល់​គ្នា​ក្តី នោះ​ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ទាំង​តតាំង​ជា​មួយ​គ្នា​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ ហើយ​មិន​ញញើត​ពួក​អ្នក​ប្រឆាំង ក្នុង​ប្រការ​ណា​ឡើយ។ នេះ​ជា​ភស្តុតាង​ដែល​ពួក​គេ​ត្រូវ​វិនាស ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​បាន​សង្រ្គោះ​វិញ ហើយ​ការ​នេះ​មក​ពី​ព្រះ។ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឱកាស ដែល​មិន​គ្រាន់​តែ​ឲ្យ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ព្រះ‌អង្គ​ដែរ ទាំង​មាន​ការ​តយុទ្ធ​តែ​មួយ ដូច​ដែល​បាន​ឃើញ​ខ្ញុំ​មាន ហើយ​ឥឡូវ​នេះ​ឮ​ថា​ខ្ញុំ​នៅ​តែ​មាន​ទៀត។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល នឹង​ធីម៉ូថេ ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​បរិសុទ្ធ​ទាំង​អស់ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​នៅ​ក្រុង​ភីលីព ព្រម​ទាំង​ពួក​អ្នក​ត្រួត‌ត្រា នឹង​ពួក​ជំនួយ​ផង សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា ខ្ញុំ​ក៏​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​អំណរ នៅ​គ្រប់​វេលា​ដែល​ខ្ញុំ​អធិស្ឋាន​ជានិច្ច ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដរាប​ដល់​ឥឡូវ​នេះ ខ្ញុំ​ជឿ​សេចក្ដី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ គួរ​គប្បី​ឲ្យ​ខ្ញុំ​គិត​ពី​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹក​ពី​ខ្ញុំ​នៅ​ជាប់​ក្នុង​ចិត្ត​ជានិច្ច ទោះ​បើ​ខ្ញុំ​ជាប់​ចំណង ឬ​កំពុង​តែ​ដោះ‌សា ហើយ​បញ្ជាក់​ដំណឹង​ល្អ​ក្តី ដ្បិត​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប ក្នុង​ព្រះ‌គុណ​ជា​មួយ​នឹង​ខ្ញុំ​ដែរ ព្រះ‌ទ្រង់​ជា​ស្មរ‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫទ័យ​សន្តោស​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង នឹង​យោបល់​គ្រប់​ជំពូក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល​មើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ ដើម្បី​ឲ្យ​បាន​ជ្រះ‌ថ្លា ហើយ​ឥត​ធ្វើ​ឲ្យ​អ្នក​ណា​អាក់‌អន់​ចិត្ត​ឡើយ ដរាប​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ ព្រម​ទាំង​មាន​ពេញ​ជា​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ សំរាប់​ជា​សិរី‌ល្អ ហើយ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​ផង។ បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅ​ជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ ដល់​ម៉្លេះ​បាន​ជា​នៅ​ពេញ​ក្នុង​ផ្ទៃ​វាំង នឹង​គ្រប់​កន្លែង​ឯ​ទៀត គេ​បាន​ដឹង​ច្បាស់​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ហើយ​ពួក​បង​ប្អូន​ច្រើន​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ក៏​បាន​សង្ឃឹម​ឡើង​ដោយ‌សារ​ចំណង​ខ្ញុំ ហើយ​គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ច្រើន​ឡើង ដោយ​ឥត​ភ័យ​ខ្លាច មាន​ខ្លះ​សំដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រកែក​មែន តែ​ខ្លះ ដោយ​ចិត្ត​ស្មោះ‌សរ​វិញ ឯ​ពួក​មួយ គេ​សំដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ទទឹង មិន​មែន​ដោយ​ចិត្ត​ស្អាត​ទេ នោះ​គឺ​ដោយ​ស្មាន​ថា គេ​នឹង​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​ខ្ញុំ​ទៀត ឯ​ពួក​មួយ​ទៀត គេ​ប្រព្រឹត្ត​ដោយ​ស្រឡាញ់​វិញ ដោយ​ដឹង​ថា ខ្ញុំ​បាន​តាំង​ឡើង សំរាប់​ដោះ‌សា​ពី​ដំណឹង​ល្អ ចុះ​តើ​អំពល់​អ្វី ទោះ‌បើ​យ៉ាង​ណា​ក៏​ដោយ ទោះ​ដោយ​ពើ ឬ​ដោយ​សេចក្ដី​ស្មោះ​ក្តី គង់​តែ​គេ​សំដែង​ពី​ព្រះ‌គ្រីស្ទ​ដែរ ដូច្នេះ ខ្ញុំ​មាន​សេចក្ដី​អំណរ​ណាស់ ក៏​នឹង​ចេះ​តែ​មាន​អំណរ​ត​ទៅ​មុខ​ទៀត ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ ដោយ​អ្នក​រាល់​គ្នា​អធិស្ឋាន​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ‌ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​ជួយ​ផង តាម​សេចក្ដី​ដែល​ខ្ញុំ​ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់​ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ដំកើង​ព្រះ‌គ្រីស្ទ​ក្នុង​រូប‌កាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ ដូច​ជា​ពី​ដើម​រៀង​មក​ដែរ ទោះ​រស់​ឬ​ស្លាប់​ក្តី ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់​នៅ នោះ​គឺ​សំរាប់​ព្រះ‌គ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ ប៉ុន្តែ បើ​រស់​ខាង​ឯ​សាច់​ឈាម នឹង​នាំ​ឲ្យ​ការ​ខ្ញុំ​កើត​ផល នោះ​ខ្ញុំ​មិន​ដឹង​រើស​យក​ខាង​ណា​ទេ ខ្ញុំ​មាន​សេចក្ដី​បណ្តាល​ទាំង​សង​ខាង ក៏​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ដែល​ល្អ​ជា​ជាង​នោះ​ផង តែ​បើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​ត​ទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង ហើយ​ដោយ​ហេតុ​ដែល​ខ្ញុំ​ជឿ​សេចក្ដី​នោះ​យ៉ាង​ពិត​ប្រាកដ បាន​ជា​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ត​ទៅ​ទៀត ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿន​ជឿន​ឡើង ហើយ​ឲ្យ​មាន​សេចក្ដី​អំណរ ដោយ‌សារ​សេចក្ដី​ជំនឿ​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​ខ្ញុំ​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត ប៉ុន្តែ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​គួរ​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ដើម្បី​កាល​ណា​ខ្ញុំ​មក​សួរ ឬ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា​ក្តី នោះ​គង់​តែ​នឹង​បាន​ឮ​និយាយ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន​ហើយ ព្រម​ទាំង​មាន​ចិត្ត​មាន​គំនិត​តែ​១ ដើម្បី​នឹង​តតាំង​ជា​មួយ​គ្នា ដោយ​នូវ​សេចក្ដី​ជំនឿ ខាង​ឯ​ដំណឹង​ល្អ​ផង ឥត​មាន​ភ័យ​ខ្លាច ចំពោះ​ពួក​ទាស់​ទទឹង​ក្នុង​ការ​អ្វី​ឡើយ ដំណើរ​នោះ​ឯង នឹង​សំដែង​ពី​សេចក្ដី​ហិន​វិនាស​របស់​គេ តែ​ពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​វិញ ដែល​សេចក្ដី​នោះ​បាន​មក​ពី​ព្រះ​ផង ដ្បិត​មាន​ឱកាស​បើក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ មិន​មែន​ឲ្យ​គ្រាន់​តែ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​តែ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ទ្រង់​ដែរ ទាំង​កើត​មាន​សេចក្ដី​តតាំង​ដដែល ដែល​ឃើញ​ខ្ញុំ​មាន ហើយ​ឥឡូវ​នេះ​ឮ​ថា​ខ្ញុំ​មាន​ទៀត។

ចែក​រំលែក
អាន ភីលីព 1