ជនគណនា 9:15-23

ជនគណនា 9:15-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ព្រះ‌ពន្លា នោះ​មាន​ពពក*​មក​គ្រប​បាំង​ព្រះ‌ពន្លា គឺ​ពន្លា​នៃ​សក្ខីភាព។ ពពក​នោះ​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង ស្ថិត​នៅ​ពី​លើ​ព្រះ‌ពន្លា ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។ ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ដូច្នេះ រហូត​ត​រៀង​មក ហើយ​នៅ​ពេល​យប់ ពពក​នោះ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង។ ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះ‌ពន្លា ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ពេល​ណា​ពពក​ឈប់ នោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បោះ​ជំរំ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ព្រះអង្គ​ដែរ។ ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​អស់​រយៈ​ពេល​ប៉ុន‌ណា ពួក​គេ​ក៏​បោះ​ជំរំ​អស់​រយៈ​ពេល​ប៉ុណ្ណោះ​ដែរ។ ពេល​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​យ៉ាង​យូរ​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ទេ។ ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​តែ​ប៉ុន្មាន​ថ្ងៃ នោះ​ពួក​គេ​ត្រូវ​បោះ​ជំរំ និង​រើ​ជំរំ តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ ជួន​កាល ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ពី​ល្ងាច​ដល់​ព្រឹក ហើយ​ពេល​ព្រលឹម ពពក​អណ្ដែត​ឡើង នោះ​ពួក​គេ​ត្រូវ​ចេញ​ដំណើរ។ ជួន​កាល​ពពក​ស្ថិត​នៅ​មួយ​ថ្ងៃ​មួយ​យប់ ពេល​ពពក​អណ្ដែត​ឡើង ពួក​គេ​ក៏​ត្រូវ​ចេញ​ដំណើរ​ដែរ។ ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ចំនួន​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​មួយ​ឆ្នាំ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​តែ​បោះ​ជំរំ​នៅ​ទី​នោះ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ឡើយ។ ពេល​ណា​ពពក​អណ្ដែត​ឡើង ទើប​ពួក​គេ​ចេញ​ដំណើរ។ ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ព្រះអង្គ​ដែរ។ ពួក​គេ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន ជនគណនា 9

ជនគណនា 9:15-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​រោង​ឧបោសថ នោះ​មាន​ពពក​មក​គ្រប​បាំង​រោង​ឧបោសថ គឺ​ត្រសាល​នៃ​សេចក្ដី‌សញ្ញា ហើយ​នៅ​ពេល​ល្ងាច មាន​ទ្រង់​ទ្រាយ​ដូច​ជា​ភ្លើង​ស្ថិត​នៅ​ពី​លើ​រោង​ឧបោសថ​រហូត​ដល់​ព្រឹក។ ហេតុ‌ការណ៍​មាន​ដូច្នេះ​ជាប់​ជានិច្ច គឺ​មាន​ពពក​គ្រប​បាំង​រោង​ឧបោសថ​នៅ​ពេល​ថ្ងៃ ហើយ​នៅ​ពេល​យប់ មាន​ទ្រង់​ទ្រាយ​ដូច​ជា​ភ្លើង។ ពេល​ណា​ពពក​អណ្ដែត​ឡើង​ចេញ​ពី​ត្រសាល នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ដំណើរ ហើយ​នៅ​កន្លែង​ណា​ដែល​ពពក​ឈប់ នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។ កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​គេ​ក៏​បោះ​ជំរំ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ។ ពេល​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​យូរ​ប៉ុន​ណា គេ​ក៏​បោះ​ជំរំ​នៅ​រយៈ​ពេល​យូរ​ប៉ុណ្ណោះ​ដែរ។ កាល​ណា​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​យូរ​ថ្ងៃ នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ស្ដាប់​តាម​បង្គាប់​ព្រះ‌យេហូវ៉ា គឺ​មិន​ចេញ​ដំណើរ​ទេ។ ជួន‌កាល​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​តែ​បួន​ដប់​ថ្ងៃ នោះ​គេ​ក៏​នៅ​តែ​ក្នុង​ជំរំ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ពេល​គេ​ចេញ​ដំណើរ​ទៅ ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ។ ជួន‌កាល​ពពក​ស្ថិត​នៅ​ពី​ល្ងាច​ដល់​ព្រឹក ហើយ​ពេល​ពពក​អណ្ដែត​ឡើង​នៅ​ពេល​ព្រឹក នោះ​គេ​ក៏​ចេញ​ដំណើរ។ ប្រសិន‌បើ​ពពក​បន្ត​ស្ថិត​នៅ​មួយ​ថ្ងៃ​មួយ​យប់ ពេល​ពពក​អណ្ដែត​ឡើង គេ​ក៏​ចេញ​ដំណើរ។ ទោះ​ជា​រយៈ​ពេល​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​យូរ​ជាង​នេះ​ក្ដី ដរាប​ណា​ពពក​បន្ត​នៅ​ពី​លើ​រោង​ឧបោសថ ស្ថិត​ជាប់​នៅ​ទី​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បន្ត​នៅ​តែ​ក្នុង​ជំរំ មិន​ចេញ​ដំណើរ​ឡើយ តែ​វេលា​ណា​ដែល​ពពក​អណ្ដែត​ឡើង នោះ​ទើប​គេ​ចេញ​ដំណើរ។ គេ​បោះ​ជំរំ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​គេ​ក៏​ចេញ​ដំណើរ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ។ គេ​ស្តាប់​តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ។

ចែក​រំលែក
អាន ជនគណនា 9

ជនគណនា 9:15-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​ដែល​បាន​ដំឡើង​រោង​ឧបោសថ នោះ​ពពក​ក៏​មក​គ្រប​រោង​ឧបោសថ គឺ​ជា​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ ហើយ​នៅ​ពេល​ល្ងាច មាន​ភាព​ដូច​ជា​ភ្លើង​វិញ រហូត​ដល់​ព្រឹក ក៏​មាន​ដូច្នោះ​នៅ​ជានិច្ច គឺ​មាន​ពពក​គ្រប​រោង​ឧបោសថ ហើយ​នៅ​ពេល​យប់ មាន​ដូច​ជា​ភ្លើង​វិញ បើ​កាល​ណា​ពពក​ឡើង​ផុត​ពី​ត្រសាល នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ដំណើរ​ទៅ ហើយ​នៅ​កន្លែង​ណា​ដែល​ពពក​ឈប់ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ ដូច្នេះ គឺ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ទៅ ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែល​គេ​ឈប់​ដំឡើង​ត្រសាល​នៅ បើ​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ប៉ុណ្ណា នោះ​គេ​ក៏​ចេះ​តែ​នៅ​ជា​ដរាប​ទៅ​ប៉ុណ្ណោះ​ឯង កាល​ណា​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ថ្ងៃ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ក៏​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ឥត​មាន​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ទេ ចួន‌កាល​ពពក​នៅ​លើ​រោង​ឧបោសថ​តែ​បួន​ដប់​ថ្ងៃ នោះ​គេ​ក៏​តាំង​នៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា រួច​ដែល​ចេញ​ដំណើរ​ទៅ ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ ហើយ​ជួន‌កាល​ពពក​គ្រាន់​តែ​នៅ​ពី​ល្ងាច​ដល់​ព្រឹក រួច​ព្រឹក​ឡើង កាល​ណា​បាន​ឡើង​ផុត​ទៅ នោះ​គេ​ក៏​ចេញ​ដំណើរ​ទៅ កាល​ណា​ពពក​បាន​ឡើង​ផុត​ទៅ ទោះ​បើ​ជា​ពេល​ថ្ងៃ ឬ​យប់​ក្តី គង់​តែ​គេ​ក៏​ចេញ​ដំណើរ​ទៅ​ដែរ ឬ​បើ​ជា​២​ថ្ងៃ ឬ​១​ខែ ឬ​១​ឆ្នាំ ដែល​ពពក​នៅ​ជាប់​លើ​រោង​ឧបោសថ​ឥត​រើ​ទៅ​ឯ​ណា នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចេះ​តែ​នៅ​ទី​នោះ​ជា​ដរាប ឥត​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ឡើយ តែ​វេលា​ណា​ដែល​ពពក​ឡើង​ផុត​វិញ នោះ​ទើប​គេ​ចេញ​ដំណើរ​ទៅ គឺ​តាម​តែ​បង្គាប់​ព្រះ‌យេហូវ៉ា​ដែល​គេ​ដំឡើង​ត្រសាល ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​គេ​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្តាប់​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា តាម​ដែល​ទ្រង់​មាន​បន្ទូល​មក​ដោយ‌សារ​ម៉ូសេ។

ចែក​រំលែក
អាន ជនគណនា 9