ជន‌គណនា 9

9
ពិធី​បុណ្យ​រំលង​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ
1នៅ​ខែ​ទី​មួយ​ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា៖ 2«ចូរ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​វេលា​ដែល​បាន​កំណត់ ។ 3នៅ​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​នេះ នៅ​ពេល​ថ្ងៃ​លិច អ្នក​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ នៅ​វេលា​ដែល​បាន​កំណត់។ អ្នក​ត្រូវ​ធ្វើ​តាម​ច្បាប់ និង​បញ្ញត្តិ​ទាំង​អស់​សម្រាប់​ពិធី​បុណ្យ​នេះ»។ 4ដូច្នេះ លោក​ម៉ូសេ​ក៏​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​គេ​ប្រារព្ធ​ពិធី​បុណ្យ​រំលង។ 5គេ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ នៅ​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​ទីមួយ នៅ​វេលា​ថ្ងៃ​លិច ។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​យ៉ាង​ដូច្នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។
6ពេល​នោះ មាន​អ្នក​ខ្លះ​ដែល​ត្រូវ​សៅ‌ហ្មង​ដោយ​បាន​ប៉ះ​ពាល់​សាក‌សព ហើយ​គេ​មិន​អាច​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ថ្ងៃ​នោះ​បាន។ គេ​ចូល​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នៅ​ថ្ងៃ​នោះ 7ហើយ​ជម្រាប​ថា៖ «យើង​ខ្ញុំ​ត្រូវ​សៅ‌ហ្មង​ដោយ​បាន​ប៉ះ‌ពាល់​សាក‌សព ហេតុ​អ្វី​បាន​ជា​ឃាត់​មិន​ឲ្យ​យើង​ខ្ញុំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​វេលា​ដែល​បាន​កំណត់​ជា‌មួយ​កូន​ចៅ​អ៊ីស្រា‌អែល​ឯទៀតៗ​ដូច្នេះ?» 8លោក​ម៉ូសេ​ប្រាប់​គេ​ថា៖ «ចូរ​រង់​ចាំ​សិន ទម្រាំ​នឹង​ខ្ញុំ​បាន​ឮ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់​អំពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា»។
9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 10«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​មាន‌អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឬ​កូន​ចៅ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​សៅ‌ហ្មង​ដោយ​សារ​ប៉ះ‌ពាល់​សាក‌សព ឬ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ គេ​ក៏​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ។ 11គេ​ត្រូវ​ប្រារព្ធ​ពិធី​នេះ​នៅ​ពេល​ថ្ងៃ​លិច ក្នុង​ខែ​ទីពីរ ថ្ងៃ​ទី​ដប់​បួន។ គេ​ត្រូវ​បរិ‌ភោគ​អាហារ​បុណ្យ​រំលង​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង។ 12គេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​សល់​រហូត​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ គឺ​គេ​ត្រូវ​ធ្វើ​តាម​ច្បាប់​ទាំង​អស់​សម្រាប់​ពិធី​បុណ្យ​រំលង។ 13ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ដែល​ស្អាត ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ព្រម​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ទេ អ្នក​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​វេលា​ដែល​បាន​កំណត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។ 14ប្រសិន‌បើ​មាន​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ចង់​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ធ្វើ​តាម​បញ្ញត្តិ និង​ច្បាប់​អំពី​បុណ្យ​រំលង​នេះ​ចុះ ដ្បិត​អ្នក​មាន​ច្បាប់​តែ​មួយ​ទេ ដែល​សម្រាប់​ទាំង​អ្នក​ប្រទេស​ក្រៅ ទាំង​អ្នក​ក្នុង​ស្រុក»។
ពពក និង​ភ្លើង
15នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​រោង​ឧបោសថ នោះ​មាន​ពពក​មក​គ្រប​បាំង​រោង​ឧបោសថ គឺ​ត្រសាល​នៃ​សេចក្ដី‌សញ្ញា ហើយ​នៅ​ពេល​ល្ងាច មាន​ទ្រង់​ទ្រាយ​ដូច​ជា​ភ្លើង​ស្ថិត​នៅ​ពី​លើ​រោង​ឧបោសថ​រហូត​ដល់​ព្រឹក។ 16ហេតុ‌ការណ៍​មាន​ដូច្នេះ​ជាប់​ជានិច្ច គឺ​មាន​ពពក​គ្រប​បាំង​រោង​ឧបោសថ​នៅ​ពេល​ថ្ងៃ ហើយ​នៅ​ពេល​យប់ មាន​ទ្រង់​ទ្រាយ​ដូច​ជា​ភ្លើង។ 17ពេល​ណា​ពពក​អណ្ដែត​ឡើង​ចេញ​ពី​ត្រសាល នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ដំណើរ ហើយ​នៅ​កន្លែង​ណា​ដែល​ពពក​ឈប់ នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។ 18កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​គេ​ក៏​បោះ​ជំរំ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ។ ពេល​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​យូរ​ប៉ុន​ណា គេ​ក៏​បោះ​ជំរំ​នៅ​រយៈ​ពេល​យូរ​ប៉ុណ្ណោះ​ដែរ។ 19កាល​ណា​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​យូរ​ថ្ងៃ នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ស្ដាប់​តាម​បង្គាប់​ព្រះ‌យេហូវ៉ា គឺ​មិន​ចេញ​ដំណើរ​ទេ។ 20ជួន‌កាល​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​តែ​បួន​ដប់​ថ្ងៃ នោះ​គេ​ក៏​នៅ​តែ​ក្នុង​ជំរំ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ពេល​គេ​ចេញ​ដំណើរ​ទៅ ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ។ 21ជួន‌កាល​ពពក​ស្ថិត​នៅ​ពី​ល្ងាច​ដល់​ព្រឹក ហើយ​ពេល​ពពក​អណ្ដែត​ឡើង​នៅ​ពេល​ព្រឹក នោះ​គេ​ក៏​ចេញ​ដំណើរ។ ប្រសិន‌បើ​ពពក​បន្ត​ស្ថិត​នៅ​មួយ​ថ្ងៃ​មួយ​យប់ ពេល​ពពក​អណ្ដែត​ឡើង គេ​ក៏​ចេញ​ដំណើរ។ 22ទោះ​ជា​រយៈ​ពេល​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​យូរ​ជាង​នេះ​ក្ដី ដរាប​ណា​ពពក​បន្ត​នៅ​ពី​លើ​រោង​ឧបោសថ ស្ថិត​ជាប់​នៅ​ទី​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បន្ត​នៅ​តែ​ក្នុង​ជំរំ មិន​ចេញ​ដំណើរ​ឡើយ តែ​វេលា​ណា​ដែល​ពពក​អណ្ដែត​ឡើង នោះ​ទើប​គេ​ចេញ​ដំណើរ។ 23គេ​បោះ​ជំរំ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​គេ​ក៏​ចេញ​ដំណើរ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ។ គេ​ស្តាប់​តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល