ជនគណនា 32:1-5

ជនគណនា 32:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សម្បើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ា‌ស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន នាំ​គ្នា​មក​ជម្រាប​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​របស់​សហគមន៍​ដូច​ត​ទៅ៖ «ក្រុង​អាថា‌រ៉ូត ឌីបូន យ៉ា‌ស៊ើរ នីមរ៉ា ហែស‌បូន អេឡា‌លេ សេបាំ នេបូ និង​បេអូន នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​វាយ​យក​បាន នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល ជា​ស្រុក​ដ៏​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​យើង​ខ្ញុំ​មាន​ហ្វូង​សត្វ​ច្រើន​ណាស់»។ ពួក​គេ​ពោល​ទៀត​ថា៖ «ប្រសិន​បើ​លោក​យល់​អធ្យាស្រ័យ​យើង​ខ្ញុំ សូម​មេត្តា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ខ្ញុំ​មក គឺ​មិន​បាច់​ឲ្យ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ឡើយ»។

ចែក​រំលែក
អាន ជនគណនា 32

ជនគណនា 32:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​ច្រើន​សម្បើម​ណាស់។ កាល​គេ​ឃើញ​ថា ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ នោះ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ក៏​មក​ជម្រាប​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ ព្រម​ទាំង​ពួក​មេ​ដឹកនាំ​ក្រុម​ជំនុំ​ថា៖ «ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ និង​បេអុន ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្រ្កាប នៅ​ចំពោះ​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ស្រុក​មួយ​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​អ្នក​បម្រើ​របស់​លោក​មាន​ហ្វូង​សត្វ​ហើយ»។ ពួកគេ​និយាយ​ថា៖ «ប្រសិន‌បើ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​នៅ​ចំពោះ​លោក នោះ​សូម​ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​បម្រើ​របស់​លោក​បាន​ជា​កេរ‌អាករ​ផង សូម​កុំ​នាំ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រ‌ដាន់​ឡើយ»។

ចែក​រំលែក
អាន ជនគណនា 32

ជនគណនា 32:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​កូន​ចៅ​រូបេន នឹង​ពួក​កូន​ចៅ​កាឌ់ គេ​មាន​ហ្វូង​សត្វ​សន្ធឹក​ណាស់ ដូច្នេះ កាល​គេ​បាន​ឃើញ​ស្រុក​យ៉ាស៊ើរ នឹង​ស្រុក​កាឡាត ថា​ជា​ស្រុក​ស្រួល​ល្មម​ឲ្យ​ចិញ្ចឹម​ហ្វូង​សត្វ​បាន នោះ​គេ​ក៏​មក​ជំរាប​ដល់​ម៉ូសេ នឹង​អេលាសារ​ដ៏​ជា​សង្ឃ ព្រម​ទាំង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ថា ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយ​បេអុន គឺ​ស្រុក​នេះ​ឯង​ដែល​ព្រះ‌យេហូវ៉ា​បាន​វាយ នៅ​មុខ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ស្រុក​ស្រួល​ល្មម​នឹង​ចិញ្ចឹម​ហ្វូង​សត្វ​បាន ឯ​យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​មាន​ហ្វូង​សត្វ​ហើយ ដូច្នេះ​បើ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​នៃ​លោក នោះ​សូម​ប្រគល់​ស្រុក​នេះ​ឲ្យ​បាន​ជា​កេរ្តិ៍‌អាករ​ដល់​យើង​ខ្ញុំ​ប្របាទ​ផង សូម​កុំ​នាំ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ឡើយ។

ចែក​រំលែក
អាន ជនគណនា 32