ជនគណនា 32

32
កុល‌សម្ព័ន្ធ​កាដ និង​រូបេន ទទួល​ស្រុក​កាឡាដ​ជា​មត៌ក
1កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សម្បើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ា‌ស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ 2កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន នាំ​គ្នា​មក​ជម្រាប​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​របស់​សហគមន៍​ដូច​ត​ទៅ៖ 3«ក្រុង​អាថា‌រ៉ូត ឌីបូន យ៉ា‌ស៊ើរ នីមរ៉ា ហែស‌បូន អេឡា‌លេ សេបាំ នេបូ និង​បេអូន 4នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​វាយ​យក​បាន នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល ជា​ស្រុក​ដ៏​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​យើង​ខ្ញុំ​មាន​ហ្វូង​សត្វ​ច្រើន​ណាស់»។ 5ពួក​គេ​ពោល​ទៀត​ថា៖ «ប្រសិន​បើ​លោក​យល់​អធ្យាស្រ័យ​យើង​ខ្ញុំ សូម​មេត្តា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ខ្ញុំ​មក គឺ​មិន​បាច់​ឲ្យ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ឡើយ»។
6លោក​ម៉ូសេ​ឆ្លើយ​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​វិញ​ថា៖ «ក្នុង​ពេល​ដែល​បងប្អូន​របស់​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​សម្ងំ​នៅ​ទី​នេះ​ឬ? 7ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ពួក​គេ? 8 ឪពុក​របស់​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ដូច្នេះ នៅ​ពេល​ខ្ញុំ​ចាត់​ពួក​គេ ពី​កាដេស-‌បារនា​ឲ្យ​ទៅ​ពិនិត្យ​មើល​ស្រុក​ដែរ។ 9ពួក​គេ​បាន​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​អេស‌កុល ហើយ​បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ស្រុក​រួច ពួក​គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ពួក​គេ។
10 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង​ម៉ាត់​ថា: 11“អស់​អ្នក​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​មិន​ឃើញ​ទឹក​ដី ដែល​យើង​បាន​សន្យា​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ព្រោះ​ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ដោយ​ចិត្ត​ស្មោះ​ត្រង់​ទេ។ 12មាន​តែ​កាលែប ជា​កូន​របស់​យេភូ‌នេ ជា​ជន‌ជាតិ​គេណាស និង​យ៉ូស្វេ ជា​កូន​របស់​នូន​ប៉ុណ្ណោះ ដែល​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​ស្មោះ​ត្រង់”។ 13ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​វិល‌វល់ នៅ​ក្នុង​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​មនុស្ស​មួយ​ជំនាន់ ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ត្រូវ​បាត់​បង់​ជីវិត​អស់។ 14ឥឡូវ​នេះ មើល! អ្នក​រាល់​គ្នា​ចង់​យក​តម្រាប់​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ជា​ពូជ​មនុស្ស​បាប។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឬ? 15ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ត​ទៅ​មុខ​ទៀត ហើយ​អ្នក​រាល់​គ្នា​បណ្ដាល​ឲ្យ​ប្រជា‌ជន​នេះ​ត្រូវ​វិនាស​ទាំង​អស់!»។
16កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ចូល​មក​ជិត​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​នឹង​សង់​របង​នៅ​ទី​នេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​យើង​ខ្ញុំ។ 17បន្ទាប់​មក យើង​ខ្ញុំ​ប្រញាប់‌ប្រញាល់​រៀបចំ​ខ្លួន​ប្រដាប់​អាវុធ ដើរ​នៅ​មុខ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ កូន​ចៅ​របស់​យើង​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ការពារ​មិន​ឲ្យ​អ្នក​ស្រុក​នេះ​ធ្វើ​អ្វី​ពួក​គេ​បាន។ 18រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​មិន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​សំបែង មុន​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​កាប់​ទឹក​ដី ទុក​ជា​ចំណែក​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​ឡើយ។ 19បើ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ទុក​ជា​ចំណែក​មត៌ក យើង​ខ្ញុំ​នឹង​មិន​ទទួល​ទឹក​ដី​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ទុក​ជា​មត៌ក​របស់​យើង​ខ្ញុំ​ទេ»។
20លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ពាក្យ​នេះ​មែន ហើយ​បើ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន​ធ្វើ​សឹក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ 21ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ប្រដាប់​អាវុធ ឆ្លង​ទន្លេ​យ័រដាន់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រហូត​ទាល់​តែ​ព្រះអង្គ​បណ្ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​ទឹក​ដី​នោះ 22ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​វិញ នៅ​ពេល​យើង​យក​ស្រុក​មក​ថ្វាយ​ព្រះ‌អម្ចាស់​បាន អ្នក​រាល់​គ្នា​នឹង​រួច​ខ្លួន​ពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​សន្យា​ចំពោះ​ព្រះ‌អម្ចាស់ និង​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។ អ្នក​រាល់​គ្នា​អាច​នឹង​ទទួល​តំបន់​នេះ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់23ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ដូច្នេះ​ទេ បាន​សេចក្ដី​ថា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​មិន​ខាន។ 24ចូរ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​សង់​របង​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា រួច​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នោះ​ចុះ!»។
25កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ជម្រាប​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​ប្របាទ​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម្ចាស់​បង្គាប់។ 26យើង​ខ្ញុំ​នឹង​ទុក​កូន​ចៅ ប្រពន្ធ ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​កាឡាដ​នេះ 27ហើយ​យើង​ខ្ញុំ​នឹង​រៀបចំ​ខ្លួន​ជា​កង‌ទ័ព ទៅ​ធ្វើ​សឹក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​ប្រសាសន៍​របស់​លោក​ម្ចាស់»។
28 លោក​ម៉ូសេ​បាន​ចេញ​បញ្ជា​ទៅ​បូជា‌ចារ្យ​អេឡាសារ លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​កុល‌សម្ព័ន្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ស្ដី​អំពី​កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​រូបេន។ 29លោក​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​អ្នក​រាល់​គ្នា ទាំង​ប្រដាប់​អាវុធ​ធ្វើ​សឹក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ពេល​ណា​អ្នក​រាល់​គ្នា​ដណ្ដើម​យក​បាន​ស្រុក​នោះ​ហើយ ចូរ​ប្រគល់​ទឹក​ដី​នៅ​ស្រុក​កាឡាដ​ឲ្យ​ពួក​គេ ទុក​ជា​កម្មសិទ្ធិ​ចុះ។ 30ក៏​ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ប្រដាប់​អាវុធ​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ចូរ​ឲ្យ​ពួក​គេ​តាំង​ទី​លំ‌នៅ ក្នុង​ស្រុក​កាណាន​ជា​មួយ​អ្នក​រាល់​គ្នា»។
31កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំ។ 32យើង​ខ្ញុំ​នឹង​ប្រដាប់​អាវុធ ឆ្លង​ទៅ​ស្រុក​កាណាន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តែ​សូម​ឲ្យ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ជា​ចំណែក​មត៌ក»។
33លោក​ម៉ូសេ​ក៏​ប្រគល់​នគរ​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នគរ​របស់​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គឺ​ទាំង​ទឹក​ដី ទាំង​ទីក្រុង ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ឲ្យ​កុល‌សម្ព័ន្ធ​កាដ កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប។
34កូន​ចៅ​កាដ​បាន​សង់​ក្រុង​ឌីបូន អាថា‌រ៉ូត អារ៉ូ‌អ៊ើរ 35អាត្រូត-‌សូផាន យ៉ា‌ស៊ើរ យ៉ុក‌បិហា 36បេត‌នីមរ៉ា និង​បេត-‌ហារ៉ន ដែល​សុទ្ធ‌សឹង​ជា​ក្រុង​មាន​កំពែង​រឹង‌មាំ និង​វាល​ស្មៅ​សម្រាប់​ឲ្យ​ហ្វូង​សត្វ​រក​ស៊ី។
37កូន​ចៅ​រូបេន​បាន​សង់​ក្រុង​ហែស‌បូន អេឡា‌លេ គារយ៉ា‌ថែម 38នេបូ និង​បាល-‌មេយ៉ូន ដែល​គេ​បាន​ដូរ​ឈ្មោះ ព្រម​ទាំង​ក្រុង​ស៊ីបម៉ា។ ពួក​គេ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​នានា ដែល​ពួក​គេ​បាន​សង់។
39ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ វាយ​លុក​ស្រុក​កាឡាដ ហើយ​ដណ្ដើម​យក​បាន​ទឹក​ដី និង​ដេញ​ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។ 40លោក​ម៉ូសេ​បាន​ប្រគល់​ស្រុក​កាឡាដ​ឲ្យ​ពូជ‌ពង្ស​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ ហើយ​ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។ 41ពូជ‌ពង្ស​លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​វាយ​លុក​ភូមិ​នានា ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា​ហាវ៉ុត-‌យ៉ាអៀរ។ 42លោក​ណូបាស​បាន​វាយ​លុក​ក្រុង​កេណាត និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា ក្រុង​ណូបាស តាម​ឈ្មោះ​របស់​គាត់។

ទើបបានជ្រើសរើសហើយ៖

ជនគណនា 32: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល