ជនគណនា 24:15-25
ជនគណនា 24:15-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកបាឡាមថ្លែងដូចតទៅ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់ នេះជាពាក្យរបស់អ្នកដែលបានឮព្រះបន្ទូល របស់ព្រះជាម្ចាស់ អ្នកដែលស្គាល់តម្រិះរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។ ខ្ញុំឃើញស្ដេចមួយអង្គ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្ដេចនោះ តែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីយ៉ាកុប មានដំបងរាជ្យមួយចេញពីអ៊ីស្រាអែល ស្ដេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ ហើយប្រល័យកូនចៅទាំងអស់របស់សេត។ ស្ដេចនឹងកាន់កាប់ស្រុកអេដុម នឹងកាន់កាប់ស្រុកសៀរ ដែលជាសត្រូវ ពេលនោះ អ៊ីស្រាអែលពង្រឹងកម្លាំងរបស់ខ្លួន។ ស្ដេចដែលចេញពីយ៉ាកុបនឹងគ្រងរាជ្យ ជាក្សត្រាធិរាជ។ ព្រះអង្គនឹងកម្ទេចអស់អ្នក ដែលនៅសេសសល់ក្នុងទីក្រុង»។ ពេលឃើញជនជាតិអាម៉ាឡេក លោកបាឡាមថ្លែងថា៖ «អាម៉ាឡេកជាប្រជាជាតិមួយធំជាងគេមែន ប៉ុន្តែ នៅទីបំផុត ពួកគេនឹងត្រូវអន្តរាយ»។ ពេលឃើញជនជាតិកែន លោកថ្លែងថា៖ «អ្នកមានទីលំនៅដ៏រឹងមាំ ដូចសត្វធ្វើសំបុកនៅលើថ្មដា។ ក៏ប៉ុន្តែ កែននឹងត្រូវភ្លើងឆាបឆេះ អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ!»។ លោកថ្លែងទៀតថា៖ «ពេលព្រះជាម្ចាស់វិនិច្ឆ័យទោស តើនរណាអាចរស់រានបាន! មានទ័ពសំពៅមកពីស្រុកគីទីម ពួកគេនឹងបង្ក្រាបអាសស៊ើរ និងហេប៊ើរ ក៏ប៉ុន្តែ អ្នកទាំងនោះក៏នឹងត្រូវអន្តរាយដែរ»។ លោកបាឡាមក្រោកឡើង វិលត្រឡប់ទៅស្រុករបស់លោកវិញ រីឯព្រះបាទបាឡាក់ក៏ចាកចេញទៅដែរ។
ជនគណនា 24:15-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ គាត់ក៏បញ្ចេញព្រះបន្ទូលដោយពាក្យថា៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាពាក្យរបស់មនុស្សដែលមើលឃើញច្បាស់ ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលរបស់ព្រះ ហើយស្គាល់តម្រិះរបស់ព្រះដ៏ខ្ពស់បំផុត ជាអ្នកដែលឃើញនិមិត្តពីព្រះដ៏មានគ្រប់ព្រះចេស្តា ទាំងក្រាបចុះ តែភ្នែករបស់ខ្លួនមើលឃើញច្បាស់។ ខ្ញុំឃើញព្រះអង្គ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំសម្លឹងមើលព្រះអង្គ តែមិនមែននៅជិតទេ។ មានផ្កាយមួយចេញពីយ៉ាកុប ហើយមានដំបងរាជ្យមួយកើតពីអ៊ីស្រាអែល។ ដំបងនោះនឹងវាយបំបែកថ្ងាស របស់ម៉ូអាប់ ហើយវាយបំបាក់អស់ទាំងកូនចៅរបស់សេត។ អេដុមនឹងត្រឡប់ទៅជាកេរអាកររបស់គេ ស្រុកសៀរដែលជាខ្មាំងសត្រូវរបស់គេ នឹងត្រឡប់ទៅជារបស់គេ ហើយអ៊ីស្រាអែលនឹងមានកម្លាំងយ៉ាងខ្លាំង។ ម្នាក់ដែលកើតចេញពីយ៉ាកុបនឹងគ្រប់គ្រង ហើយបំផ្លាញពួកអ្នកដែលនៅសល់ក្នុងក្រុងឲ្យអស់»។ បន្ទាប់មក គាត់មើលទៅសាសន៍អាម៉ាឡេក ហើយបញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «អាម៉ាឡេកជាសាសន៍ទីមួយក្នុងចំណោមសាសន៍ទាំងឡាយ តែចុងបំផុតរបស់គេនឹងត្រូវវិនាសទៅ»។ បន្ទាប់មកទៀត គាត់ក្រឡេកមើលទៅសាសន៍កែន រួចក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «ទីលំនៅរបស់អ្នកមាំណាស់ អ្នកធ្វើសម្បុកនៅលើថ្មដា»។ ប៉ុន្តែ សាសន៍កែននឹងត្រូវភ្លើងឆេះ ហើយសាសន៍អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ។ គាត់បញ្ចេញព្រះបន្ទូលទៀត ដោយពាក្យថា៖ «ឱគួរអនិច្ចាណាស់ហ្ន៎ តើអ្នកណានឹងរស់នៅបាន ពេលព្រះទ្រង់ធ្វើការនេះ? តែនឹងមាននាវាមកពីស្រុកគីទីម គេនឹងជាន់ឈ្លីសាសន៍អាសស៊ើរ និងសាសន៍ហេប៊ើរ ហើយគេក៏នឹងត្រូវវិនាសទៅដែរ»។ បន្ទាប់មក បាឡាមក្រោកឡើង ហើយត្រឡប់ទៅកន្លែងរបស់គាត់វិញ ឯបាឡាកក៏ចេញតាមផ្លូវរបស់ទ្រង់ទៅដែរ។
ជនគណនា 24:15-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកបាឡាមថ្លែងដូចតទៅ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់ នេះជាពាក្យរបស់អ្នកដែលបានឮព្រះបន្ទូល របស់ព្រះជាម្ចាស់ អ្នកដែលស្គាល់តម្រិះរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។ ខ្ញុំឃើញស្ដេចមួយអង្គ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្ដេចនោះ តែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីយ៉ាកុប មានដំបងរាជ្យមួយចេញពីអ៊ីស្រាអែល ស្ដេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ ហើយប្រល័យកូនចៅទាំងអស់របស់សេត។ ស្ដេចនឹងកាន់កាប់ស្រុកអេដុម នឹងកាន់កាប់ស្រុកសៀរ ដែលជាសត្រូវ ពេលនោះ អ៊ីស្រាអែលពង្រឹងកម្លាំងរបស់ខ្លួន។ ស្ដេចដែលចេញពីយ៉ាកុបនឹងគ្រងរាជ្យ ជាក្សត្រាធិរាជ។ ព្រះអង្គនឹងកម្ទេចអស់អ្នក ដែលនៅសេសសល់ក្នុងទីក្រុង»។ ពេលឃើញជនជាតិអាម៉ាឡេក លោកបាឡាមថ្លែងថា៖ «អាម៉ាឡេកជាប្រជាជាតិមួយធំជាងគេមែន ប៉ុន្តែ នៅទីបំផុត ពួកគេនឹងត្រូវអន្តរាយ»។ ពេលឃើញជនជាតិកែន លោកថ្លែងថា៖ «អ្នកមានទីលំនៅដ៏រឹងមាំ ដូចសត្វធ្វើសំបុកនៅលើថ្មដា។ ក៏ប៉ុន្តែ កែននឹងត្រូវភ្លើងឆាបឆេះ អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ!»។ លោកថ្លែងទៀតថា៖ «ពេលព្រះជាម្ចាស់វិនិច្ឆ័យទោស តើនរណាអាចរស់រានបាន! មានទ័ពសំពៅមកពីស្រុកគីទីម ពួកគេនឹងបង្ក្រាបអាសស៊ើរ និងហេប៊ើរ ក៏ប៉ុន្តែ អ្នកទាំងនោះក៏នឹងត្រូវអន្តរាយដែរ»។ លោកបាឡាមក្រោកឡើង វិលត្រឡប់ទៅស្រុករបស់លោកវិញ រីឯព្រះបាទបាឡាក់ក៏ចាកចេញទៅដែរ។
ជនគណនា 24:15-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចគាត់ចាប់តាំងបញ្ចេញព្រះបន្ទូល ដោយពាក្យថា នេះជាពាក្យរបស់បាឡាមជាកូនបេអ៊រ គឺជាពាក្យនៃមនុស្សដែលមើលឃើញច្បាស់ ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលនៃព្រះ ជាអ្នកដែលស្គាល់គំនិតនៃព្រះដ៏ខ្ពស់បំផុត ហើយជាអ្នកដែលបានឃើញព្រះដ៏មានគ្រប់ព្រះចេស្តាក្នុងការជាក់ស្តែង ព្រមទាំងក្រាបចុះដោយមានភ្នែកបើកឡើង ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនឹងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ ដំបងនោះនឹងវាយអស់ទាំងទីកៀននៃសាសន៍ម៉ូអាប់ ហើយបំបែកបំបាក់អស់ទាំងពួកអ្នក ដែលបង្កើតសេចក្ដីវឹកវរ នោះស្រុកអេដំមនឹងត្រឡប់ទៅជាកេរអាកររបស់ផងគេ ហើយស្រុកសៀរដែលជាខ្មាំងសត្រូវគេ នោះនឹងត្រឡប់ទៅជារបស់ផងគេដែរ គឺសាសន៍អ៊ីស្រាអែលនឹងមានជ័យជំនះ ហើយនឹងមានម្នាក់កើតឡើងពីពួកយ៉ាកុប ដែលនឹងកាន់កាប់ត្រួតត្រា អ្នកនោះនឹងរំលាយអស់ទាំងសំណល់ពីទីក្រុងចេញ។ រួចគាត់ក្រឡេកឃើញសាសន៍អាម៉ាលេក ក៏ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា អាម៉ាលេកជាដើមចមនៃនគរទាំងអស់ តែចុងបំផុតរបស់គេ នោះនឹងត្រូវសាបសូន្យទៅ។ គាត់ក៏ក្រឡេកឃើញសាសន៍កែនដែរ រួចគាត់បញ្ចេញព្រះបន្ទូល ដោយពាក្យថា ទីលំនៅរបស់ឯងមាំណាស់ ឯងមានសំបុកនៅលើថ្មដា ប៉ុន្តែ សាសន៍កែននឹងត្រូវរោយរៀវទៅ ដរាបដល់សាសន៍អាសស៊ើរនាំទៅជាឈ្លើយ។ រួចគាត់បញ្ចេញព្រះបន្ទូលទៀត ដោយពាក្យថា ឱគួរអនិច្ចាណាស់ហ្ន៎ តើអ្នកណានឹងរស់នៅក្នុងកាលដែលព្រះទ្រង់ធ្វើការទាំងនេះ តែនឹងមាននាវាមកពីស្រុកគីទីម គេនឹងបន្ទាបបន្ថោកសាសន៍អាសស៊ើរ ព្រមទាំងសាសន៍ហេប៊ើរផង តែគេនឹងត្រូវវិនាសទៅដែរ នោះបាឡាមក៏ក្រោកឡើង ត្រឡប់ទៅឯកន្លែងរបស់គាត់វិញ ឯបាឡាកទ្រង់ក៏យាងតាមផ្លូវរបស់ទ្រង់ទៅដែរ។