ដូច្នេះ គាត់ក៏បញ្ចេញព្រះបន្ទូលដោយពាក្យថា៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាពាក្យរបស់មនុស្សដែលមើលឃើញច្បាស់ ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលរបស់ព្រះ ហើយស្គាល់តម្រិះរបស់ព្រះដ៏ខ្ពស់បំផុត ជាអ្នកដែលឃើញនិមិត្តពីព្រះដ៏មានគ្រប់ព្រះចេស្តា ទាំងក្រាបចុះ តែភ្នែករបស់ខ្លួនមើលឃើញច្បាស់។ ខ្ញុំឃើញព្រះអង្គ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំសម្លឹងមើលព្រះអង្គ តែមិនមែននៅជិតទេ។ មានផ្កាយមួយចេញពីយ៉ាកុប ហើយមានដំបងរាជ្យមួយកើតពីអ៊ីស្រាអែល។ ដំបងនោះនឹងវាយបំបែកថ្ងាស របស់ម៉ូអាប់ ហើយវាយបំបាក់អស់ទាំងកូនចៅរបស់សេត។ អេដុមនឹងត្រឡប់ទៅជាកេរអាកររបស់គេ ស្រុកសៀរដែលជាខ្មាំងសត្រូវរបស់គេ នឹងត្រឡប់ទៅជារបស់គេ ហើយអ៊ីស្រាអែលនឹងមានកម្លាំងយ៉ាងខ្លាំង។ ម្នាក់ដែលកើតចេញពីយ៉ាកុបនឹងគ្រប់គ្រង ហើយបំផ្លាញពួកអ្នកដែលនៅសល់ក្នុងក្រុងឲ្យអស់»។ បន្ទាប់មក គាត់មើលទៅសាសន៍អាម៉ាឡេក ហើយបញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «អាម៉ាឡេកជាសាសន៍ទីមួយក្នុងចំណោមសាសន៍ទាំងឡាយ តែចុងបំផុតរបស់គេនឹងត្រូវវិនាសទៅ»។ បន្ទាប់មកទៀត គាត់ក្រឡេកមើលទៅសាសន៍កែន រួចក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «ទីលំនៅរបស់អ្នកមាំណាស់ អ្នកធ្វើសម្បុកនៅលើថ្មដា»។ ប៉ុន្តែ សាសន៍កែននឹងត្រូវភ្លើងឆេះ ហើយសាសន៍អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ។ គាត់បញ្ចេញព្រះបន្ទូលទៀត ដោយពាក្យថា៖ «ឱគួរអនិច្ចាណាស់ហ្ន៎ តើអ្នកណានឹងរស់នៅបាន ពេលព្រះទ្រង់ធ្វើការនេះ? តែនឹងមាននាវាមកពីស្រុកគីទីម គេនឹងជាន់ឈ្លីសាសន៍អាសស៊ើរ និងសាសន៍ហេប៊ើរ ហើយគេក៏នឹងត្រូវវិនាសទៅដែរ»។ បន្ទាប់មក បាឡាមក្រោកឡើង ហើយត្រឡប់ទៅកន្លែងរបស់គាត់វិញ ឯបាឡាកក៏ចេញតាមផ្លូវរបស់ទ្រង់ទៅដែរ។
អាន ជនគណនា 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 24:15-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ