ជនគណនា 21:21-35

ជនគណនា 21:21-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ទូល​ថា៖ «យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយជូរ​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ព្រះ‌ករុណា​ដែរ។ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ធំ រហូត​ដល់​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះ‌ករុណា»។ ព្រះ‌បាទ​ស៊ីហុន​មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន​ទេ តែ​ស្ដេច​ប្រមូល​កង‌ទ័ព​ទាំង​មូល​ចេញ​មក​វាយ​ប្រហារ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​វាល​រហោ‌ស្ថាន គឺ​ស្ដេច​វាយ​ប្រហារ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​យ៉ាហាស់។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រហារ​ព្រះ‌បាទ​ស៊ីហុន ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្ដេច ចាប់​តាំង​ពី​ស្ទឹង​អើ‌ណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អាំម៉ូន ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​អាម៉ូរី ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ គឺ​ក្រុង​ហែស‌បូន និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ។ ក្រុង​ហែស‌បូន​ជា​រាជ​ធានី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី។ ព្រះ‌បាទ​ស៊ីហុន​បាន​ច្បាំង​ជា​មួយ​ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់ ដែល​សោយ​រាជ្យ​មុន ហើយ​ដណ្ដើម​យក​ទឹក​ដី​ទាំង​មូល​របស់​ស្ដេច​ស្រុក​ម៉ូអាប់។ ទឹក​ដី​នោះ​លាត‌សន្ធឹង​រហូត​ដល់​ស្ទឹង​អើ‌ណូន។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កវី​តែង​ពោល​ថា៖ ចូរ​នាំ​គ្នា​មក​ហែស‌បូន! ចូរ​សង់​ក្រុង​របស់​ស្ដេច​ស៊ីហុន ហើយ​រៀបចំ​ឲ្យ​ដូច​ដើម​ឡើង​វិញ! ដ្បិត​មាន​ភ្លើង​មួយ​ចេញ​ពី​ហែស‌បូន អណ្ដាត​ភ្លើង​មួយ​ចេញ​ពី​ក្រុង​របស់​ស្ដេច​ស៊ីហុន ឆាប‌ឆេះ​ក្រុង​អើរ​នៅ​ស្រុក​ម៉ូអាប់ និង​ពួក​មេ‌កន្ទ្រាញ​នៅ​ប៉ែក​ខាង​លើ​ស្ទឹង​អើ‌ណូន។ ម៉ូអាប់​អើយ អ្នក​ត្រូវ​វេទនា​ហើយ! ប្រជា‌ជន​ដែល​ថ្វាយ‌បង្គំ​ព្រះ‌កេម៉ូស​អើយ អ្នក​អន្តរាយ​ហើយ! ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន រត់​ខ្ចាត់‌ខ្ចាយ ហើយ​ប្រគល់​កូន​ស្រី របស់​ខ្លួន​ទៅ​ជា​ឈ្លើយ របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ស្រុក​អាម៉ូរី! ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ យើង​បាន​កម្ទេច​ស្រុក​របស់​ពួក​គេ ចាប់​ពី​ក្រុង​ហែស‌បូន រហូត​ដល់​ក្រុង​ឌីបូន យើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេ រហូត​ដល់​ក្រុង​ណូផា ដែល​នៅ​ជាប់​នឹង​ក្រុង​មេឌី‌បា។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​តាំង​ទី​លំ‌នៅ នៅ​ក្នុង​ស្រុក​អាម៉ូរី។ លោក​ម៉ូសេ​បាន​ចាត់​គេ​ឲ្យ​ទៅ​សង្កេត​ការណ៍​នៅ​ក្រុង​យ៉ា‌ស៊ើរ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​ដណ្ដើម​យក​ក្រុង និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ដេញ​ជន‌ជាតិ​អាម៉ូរី​ចេញ​ពី​ទឹក​ដី​នោះ។ បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដូរ​ទិស ហើយ​បន្ត​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះ​បាទ​អុក ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​របស់​ខ្លួន​ចេញ​មក​វាយ​អ៊ីស្រា‌អែល នៅ​អេទ្រី។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​យើង​ប្រគល់​ស្ដេច​នេះ និង​កង‌ទ័ព​ទាំង​មូល ព្រម​ទាំង​ស្រុក​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​នេះ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​ស្រុក​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហែស‌បូន​ដែរ»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​ស្ដេច​អុក ព្រម​ទាំង​បុត្រ​របស់​ស្ដេច និង​កង‌ទ័ព​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ បន្ទាប់​មក ពួក​គេ​កាន់​កាប់​ស្រុក​របស់​ស្ដេច​នោះ។

ចែក​រំលែក
អាន ជនគណនា 21

ជនគណនា 21:21-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ អ៊ីស្រាអែល​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ទូល​ថា៖ «សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះ​ករុណា​ផង យើង​ខ្ញុំ​នឹង​មិន​ងាក​ចូល​ទៅ​ក្នុង​ស្រែ ឬ​ចម្ការ​ទំពាំង​បាយ​ជូ​ទេ យើង​ខ្ញុំ​ក៏​មិន​ផឹក​ទឹក​អណ្តូង​ណា​មួយ​ដែរ យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ស្តេច​ប៉ុណ្ណោះ រហូត​ដល់​យើង​ខ្ញុំ​បាន​ឆ្លង​ផុត​ពី​ដែន​ដី​របស់​ព្រះ‌កុរណា»។ ប៉ុន្តែ ស៊ីហុន​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដើរ​កាត់​ដែន​ដី​របស់​ខ្លួន​ទេ គឺ​ទ្រង់​បាន​ប្រមូល​មនុស្ស​ទាំង​អស់​របស់​ខ្លួន ចេញ​ទៅ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ទី​រហោ‌ស្ថាន។ ស្ដេច​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​យ៉ាហាស់។ ពួក​អ៊ីស្រា‌អែល​បាន​ប្រហារ​ស្ដេច​ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្ដេច ចាប់​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក គឺ​មក​ដល់​ត្រឹម​ព្រំ‌ដែន​សាសន៍​អាំម៉ូន ដ្បិត​ព្រំ‌ដែន​របស់​កូន​ចៅ​អាំម៉ូន​នោះ​មាំ​ណាស់។ ពួក​អ៊ីស្រា‌អែល​ដណ្ដើម​យក​បាន​ទី​ក្រុង​ទាំង​អស់​របស់​សាសន៍​អាម៉ូរី ហើយ​ចូល​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ គឺ​ក្រុង​ហែសបូន និង​ភូមិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ក្រុង​នោះ។ ដ្បិត​ហែសបូន​ជា​ទី​ក្រុង​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​បាន​ច្បាំង​នឹង​ស្តេច​មុន​របស់​សាសន៍​ម៉ូអាប់ ហើយ​ចាប់​យក​អស់​ទាំង​ទឹក​ដី​របស់​ស្តេច​នោះ រហូត​មក​ដល់​ស្ទឹង​អើណូន។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អ្នក​សូត្រ​កំណាព្យ​ពោល​ថា៖ «ចូរ​នាំ​គ្នា​ចូល​មក​ហែសបូន ចូរ​សង់​ក្រុង​នេះ​ឡើង។ ចូរ​ឲ្យ​ក្រុង​របស់​ស៊ីហុន​បាន​សង់​ឡើង​វិញ។ ដ្បិត​មាន​ភ្លើង​ចេញ​ពី​ហែសបូន​មក គឺ​ជា​អណ្ដាត​ភ្លើង​ពី​ទី​ក្រុង​របស់​ស៊ីហុន។ ភ្លើង​នោះ​បាន​បំផ្លាញ​ក្រុង​អើរ​របស់​ស្រុក​ម៉ូអាប់ ហើយ​បាន​លេប​ត្របាក់ ទី​ខ្ពស់ៗ​របស់​ស្ទឹង​អើណូន។ វេទនា​ដល់​អ្នក​ហើយ ម៉ូអាប់​អើយ! ប្រជាជន​ដែល​ថ្វាយ​ព្រះ​កេម៉ូស​អើយ អ្នក​ត្រូវ​វិនាស​ហើយ! ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​កូន​ប្រុស​របស់​ខ្លួន​រត់​ខ្ចាត់‌ខ្ចាយ ហើយ​ពួក​កូន​ស្រី​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី។ យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួកគេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​បាន​បំផ្លាញ​រហូត​ដល់​ណូផា គឺ​រាល‌ដាល​រហូត​ដល់​មេឌីបា»។ ដូច្នេះ ពួក​អ៊ីស្រា‌អែល​បាន​តាំង​ទី​លំ​នៅ នៅ​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី។ លោក​ម៉ូសេ​បាន​ចាត់​គេ​ទៅ​សង្កេត​មើល​ក្រុង​យ៉ាស៊ើរ ហើយ​គេ​ចាប់​យក​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​បណ្តេញ​សាសន៍​អាម៉ូរី​ឲ្យ​ចេញ​ពី​ទី​នោះ។ បន្ទាប់​មក គេ​ងាក​ឡើង​ទៅ​តាម​ផ្លូវ​ស្រុក​បាសាន ហើយ​ស្ដេច​អុក​នៅ​ស្រុក​បាសាន និង​មនុស្ស​របស់​ស្ដេច បាន​លើក​គ្នា​ចេញ​មក​ទាស់​នឹង​គេ ហើយ​ប្រយុទ្ធ​គ្នា​នៅ​អេទ្រី។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​បាន​ប្រគល់​ស្តេច​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ ព្រម​ទាំង​មនុស្ស និង​ស្រុក​ទាំង​មូល​របស់​ស្ដេច​ទៀត​ផង។ អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​នេះ ដូច​ជា​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​នៅ​ហែសបូន​នោះ​ចុះ»។ ដូច្នេះ គេ​ក៏​សម្លាប់​ស្តេច​នោះ ព្រម​ទាំង​កូន​ចៅ និង​មនុស្ស​ទាំង​អស់​របស់​ស្ដេច រហូត​ទាល់​តែ​គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត ហើយ​គេ​ក៏​ចាប់​យក​ស្រុក​របស់​ស្ដេច​នោះ។

ចែក​រំលែក
អាន ជនគណនា 21

ជនគណនា 21:21-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​សាសន៍​អ៊ីស្រាអែល​គេ​ចាត់​សារ​ទៅ​ឯ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី​ថា សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់​ផង យើង​ខ្ញុំ​នឹង​មិន​ងាក​បែរ​ទៅ​ក្នុង​ស្រែ​ឬ​ចំការ​ទេ ក៏​មិន​ផឹក​ទឹក​អណ្តូង​ដែរ យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ថ្នល់​ធំ​របស់​ស្តេច​ប៉ុណ្ណោះ រហូត​ដល់​បាន​ហួស​ផុត​ពី​ដែន​ស្រុក​ទ្រង់​ទៅ តែ​ស៊ីហុន​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រាអែល​ដើរ​កាត់​ព្រំ​ស្រុក​ទ្រង់​ទេ គឺ​ទ្រង់​បាន​ប្រមូល​ពួក​ជន​ទាំង​អស់ ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ទាស់​នឹង​ពួក​អ៊ីស្រាអែល​វិញ ក៏​ច្បាំង​វាយ​ពួក​អ៊ីស្រាអែល​នៅ​ត្រង់​យ៉ាហាស់ តែ​ពួក​អ៊ីស្រាអែល​ប្រហារ​ទ្រង់​ដោយ​មុខ​ដាវ​ទៅ ហើយ​ក៏​ចាប់​យក​ស្រុក​ទ្រង់​ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក ដែល​ជា​ព្រំ‌ដែន​របស់​សាសន៍​អាំម៉ូន ឯ​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​អាំម៉ូន​នោះ​មាំ​ណាស់ ពួក​អ៊ីស្រាអែល​ក៏​វាយ​យក​អស់​ទាំង​ទី​ក្រុង​របស់​ពួក​សាសន៍​អាម៉ូរី ហើយ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ គឺ​ក្នុង​ក្រុង​ហែសបូន នឹង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង​នោះ ឯ​ហែសបូន​នេះ ជា​ទី​ក្រុង​នៃ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​បាន​ច្បាំង​នឹង​ស្តេច​សាសន៍​ម៉ូអាប់ ជា​ស្តេច​ពី​មុន ហើយ​ចាប់​យក​អស់​ទាំង​ស្រុក​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​នោះ រហូត​ដល់​ស្ទឹង​អើណូន ហេតុ​នោះ​បាន​ជា​គេ​តែង​និយាយ​ដោយ​ពាក្យ​សុភាសិត​ថា «ចូរ​មក​ក្នុង​ហែសបូន ឲ្យ​ទី​ក្រុង​របស់​ស៊ីហុន​បាន​សង់​ឡើង ហើយ​រៀប​ជា​ស្រេច​ផង ដ្បិត​មាន​ភ្លើង​ចេញ​ពី​ហែសបូន​មក គឺ​ជា​អណ្តាត​ភ្លើង​ពី​ទី​ក្រុង​របស់​ស៊ីហុន ភ្លើង​នោះ​បាន​ឆេះ​ក្រុង​អើរ របស់​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ពួក​ម្ចាស់​ទី​ខ្ពស់​របស់​ស្ទឹង​អើណូន វេទនា​ដល់​ឯង ម៉ូអាប់​អើយ ឱ​ពួក​ព្រះ​កេម៉ូស​អើយ ឯង​រាល់​គ្នា​ត្រូវ​វិនាស​ហើយ ដ្បិត​ព្រះ​នៃ​ឯង​បាន​បញ្ជូន​ពួក​កូន​ប្រុស​របស់​ខ្លួន ឲ្យ​ត្រូវ​រត់ នឹង​ពួក​កូន​ស្រីឲ្យ​ទៅ​ជា​ឈ្លើយ ដល់​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី យើង​បាន​បាញ់​តាម​គេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​ក៏​បាន​រំលាង​ស្រុក​រហូត​ដល់​ណូផា គឺ​ទៅ​ដល់​មេឌីបា​ផង» ដូច្នេះ​ពួក​អ៊ីស្រាអែល​បាន​នៅ​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី​នោះ រួច​ម៉ូសេ​ចាត់​គេ​ទៅ​សង្កេត​មើល​ឯ​ក្រុង​យ៉ាស៊ើ គេ​ក៏​ចាប់​យក​អស់​ទាំង​តំបន់​នៅ​ជុំវិញ ព្រម​ទាំង​បណ្តេញ​សាសន៍​អាម៉ូរី ដែល​នៅ​ស្រុក​នោះ ឲ្យ​ចេញ​ទៅ​ផង។ រួច​គេ​បែរ​ឡើង​ទៅ​តាម​ផ្លូវ​ស្រុក​បាសាន​វិញ នោះ​អុក​ជា​ស្តេច​ស្រុក​បាសាន ព្រម​ទាំង​ពួក​ជន​របស់​ទ្រង់​ក៏​លើក​គ្នា​ចេញ​មក​ទាស់​នឹង​គេ ហើយ​ច្បាំង​គ្នា​នៅ​ត្រង់​អេទ្រី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​ស្តេច​នេះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ព្រម​ទាំង​រាស្ត្រ នឹង​ស្រុក​របស់​ទ្រង់​ផង ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ​ដូច​ជា​ឯង​បាន​ធ្វើ​ដល់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​នៅ​ហែសបូន​នោះ​ដែរ ដូច្នេះ គេ​ក៏​វាយ​ស្តេច​នោះ ព្រម​ទាំង​កូន​ចៅ នឹង​សាស្ត្រ​ទ្រង់​ផង ទាល់​តែ​គ្មាន​សល់​១​ឡើយ ហើយ​គេ​ចាប់​យក​ស្រុក​របស់​ទ្រង់​ដែរ។

ចែក​រំលែក
អាន ជនគណនា 21