ជនគណនា 18:8-32

ជនគណនា 18:8-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «មើល៍ យើង​បាន​ប្រគល់​ឲ្យ​អ្នក​មើល​ខុស​ត្រូវ​តង្វាយ​ដែល​បាន​ថ្វាយ​ដល់​យើង គឺ​តង្វាយ​ទាំង​ប៉ុន្មាន​របស់​កូន​ចៅ​អ៊ីស្រា‌អែល។ យើង​បាន​ប្រគល់​តង្វាយ​ទាំង​នោះ​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក ទុក​ជា​កម្រៃ​សម្រាប់​ការងារ​ជា​សង្ឃ​ដល់​អ្នក ជា​រៀង​រហូត​តទៅ។ ក្នុង​តង្វាយ​បរិសុទ្ធ​បំផុត​ដែល​មិន​ត្រូវ​ដុត នោះ​នឹង​បាន​ជា​របស់​អ្នក គឺ​គ្រប់​ទាំង​តង្វាយ​របស់​គេ ដែល​គេ​ថ្វាយ​ដល់​យើង​ទុក​ជា​របស់​បរិសុទ្ធ​បំផុត ទោះ​ជា​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប ឬ​តង្វាយ​លើក​លែង​ទោស​ក្តី នោះ​នឹង​បាន​ជា​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។ អ្នក​ត្រូវ​បរិ‌ភោគ​របស់​ទាំង​នោះ​នៅ​កន្លែង​បរិសុទ្ធ​បំផុត គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិ‌ភោគ​បាន ដ្បិត​នេះ​ជា​របស់​បរិសុទ្ធ​សម្រាប់​អ្នក។ នេះ​ក៏​ជា​របស់​អ្នក​ដែរ គឺ​អ្វីៗ​ដែល​គេ​បាន​ញែក​ដោយ​ឡែក​ចេញ​ពី​តង្វាយ​គ្រវី​របស់​កូន​ចៅ​អ៊ីស្រា‌អែល យើង​បាន​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​អ្នក និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទុក​ជា​កម្រៃ​រហូត​ត​ទៅ។ អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក អាច​បរិ‌ភោគ​របស់​ទាំង​នោះ​បាន។ អស់​ទាំង​ប្រេង​ដ៏​ល្អ​បំផុត និង​អស់​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដ៏​ល្អ​បំផុត ព្រម​ទាំង​ស្រូវ​ដែល​គេ​ថ្វាយ​ជា​ផល​ដំបូង​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​ប្រគល់​ឲ្យ​អ្នក។ ផល​ដំបូង​ពី​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក​របស់​គេ ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌យេហូវ៉ា នឹង​បាន​ជា​របស់​អ្នក។ អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក អាច​បរិ‌ភោគ​របស់​ទាំង​នោះ​បាន។ គ្រប់​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ក្នុង​ពួក​អ៊ីស្រា‌អែល នឹង​បាន​ជា​របស់​អ្នក។ គ្រប់​ទាំង​អស់​ដែល​កើត​ពី​ពោះ​មក​មុន​គេ ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទោះ​មនុស្ស ឬ​សត្វ​ក្តី នោះ​នឹង​បាន​ជា​របស់​អ្នក តែ​អ្នក​ត្រូវ​លោះ​កូន​ច្បង​របស់​មនុស្ស និង​លោះ​កូន​ដំបូង​របស់​សត្វ​ដែល​មិន​ស្អាត។ តម្លៃ​លោះ​កូន​ដំបូង (ដែល​អ្នក​ត្រូវ​លោះ​ចាប់​ពី​អាយុ​មួយ​ខែ) ត្រូវ​កំណត់​ជា​តម្លៃ​ប្រាក់​ប្រាំ​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ (ពោល​គឺ​ម្ភៃ​កេរ៉ា)។ ប៉ុន្តែ អ្នក​មិន​ត្រូវ​លោះ​កូន​ដំបូង​របស់​គោ ឬ​កូន​ដំបូង​របស់​ចៀម ឬ​កូន​ដំបូង​របស់​ពពែ​ឡើយ ដ្បិត​វា​ជា​សត្វ​បរិសុទ្ធ។ អ្នក​ត្រូវ​ប្រោះ​ឈាម​របស់​វា​នៅ​លើ​អាស‌នា ហើយ​ត្រូវ​ដុត​ខ្លាញ់​របស់​វា​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ រីឯ​សាច់​របស់​វា​នឹង​បាន​ជា​របស់​អ្នក ដូច​ជា​សាច់​ទ្រូង​ដែល​គ្រវី និង​សាច់​ភ្លៅ​ស្តាំ​ដែល​ជា​របស់​អ្នក​ដូច្នោះ​ដែរ។ គ្រប់​ទាំង​តង្វាយ​បរិសុទ្ធ ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទុក​ជា​កម្រៃ​រហូត​តទៅ។ នេះ​ជា​សេចក្ដី‌សញ្ញា​អំបិល​ដល់​អ្នក និង​ពូជ​ពង្ស​របស់​អ្នក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​រៀង​រហូត​តទៅ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក​មិន​ត្រូវ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​របស់​ពួកគេ​ឡើយ ក៏​មិន​ត្រូវ​មាន​ចំណែក​អ្វី​ជា‌មួយ​ពួកគេ​ដែរ គឺ​យើង​ជា​ចំណែក​របស់​អ្នក ហើយ​ជា​កេរ‌អាករ​របស់​អ្នក​នៅ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។ ចំពោះ​កូន​ចៅ​លេវី យើង​បាន​ប្រគល់​អស់​ទាំង​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ទុក​ជា​មត៌ក ជា​ថ្នូរ​សម្រាប់​ការ‌ងារ​ដែល​ពួកគេ​ធ្វើ គឺ​ជា​ការងារ​របស់​ពួកគេ​នៅ​ក្នុង​ត្រសាល​ជំនុំ។ ចាប់​ពី​នេះ​តទៅ កូន​ចៅ​អ៊ីស្រា‌អែល​មិន​ត្រូវ​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​គេ​ត្រូវ​មាន​ទោស ហើយ​ត្រូវ​ស្លាប់។ ប៉ុន្តែ ពួក​លេវី​ត្រូវ​ធ្វើ​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​របស់​ពួកគេ​ផ្ទាល់។ នេះ​ជា​ច្បាប់​ដល់​អស់​ទាំង​ជំនាន់​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ គឺ​ពួកគេ​គ្មាន​កេរ‌អាករ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ ដ្បិត​ភោគ​ផល​មួយ​ភាគ​ក្នុង​ដប់ ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​ប្រគល់​ឲ្យ​ពួក​លេវី​ទុក​ជា​មត៌ក​ហើយ។ ហេតុ​នេះ​បាន​ជា​យើង​ប្រាប់​ពួកគេ​ថា "ពួកគេ​គ្មាន​កេរ‌អាករ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «អ្នក​ត្រូវ​ប្រាប់​ពួក​លេវី​ថា "កាល​ណា​អ្នក​រាល់​គ្នា​ទទួល​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​កូន​ចៅ​អ៊ីស្រា‌អែល ដែល​យើង​យក​ពី​ពួកគេ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក នោះ​អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ក្នុង​ដប់ ពី​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគេ ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។ សម្រាប់​អ្នក​រាល់​គ្នា តង្វាយ​របស់​អ្នក​រាល់​គ្នា​នឹង​បាន​រាប់​ដូច​ជា​ស្រូវ ដែល​ទើប​នឹង​បញ្ជាន់​នៅ​ទី‌លាន ហើយ​ដូច​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ទើប​នឹង​គាប​ដែរ។ យ៉ាង​នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​បាន​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ពី​អស់​ទាំង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដែល​អ្នក​រាល់​គ្នា​ទទួល​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ ហើយ​ត្រូវ​ប្រគល់​តង្វាយ​ដែល​អ្នក​រាល់​គ្នា​បាន​ញែក​ថ្វាយ​ព្រះ‌យេហូវ៉ា​នេះ ជូន​សង្ឃ​អើរ៉ុន។ អស់​ទាំង​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ទទួល ត្រូវ​ញែក​ចំណែក​ដែល​ល្អ​បំផុត​ពី​គ្រប់​តង្វាយ​ទាំង​នោះ ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នេះ​ជា​ចំណែក​ដែល​បាន​ញែក​ជា​បរិសុទ្ធ"។ ដូច្នេះ អ្នក​ត្រូវ​ប្រាប់​គេ​ថា "សម្រាប់​ពួក​លេវី កាល​ណា​អ្នក​រាល់​គ្នា​បាន​ថ្វាយ​ចេញ​ពី​ចំណែក​ដែល​ល្អ​បំផុត នោះ​ចំណែក​ឯ​ទៀត​នឹង​បាន​រាប់​ដូច​ជា​ភោគ​ផល​ដែល​បញ្ជាន់​នៅ​ទី‌លាន ហើយ​ដូច​ជា​ភោគ​ផល​ដែល​គាប​ពី​ផ្លែ​ទំពាំង​បាយ​ជូរ​ដែរ។ អ្នក​រាល់​គ្នា រួម​ជា‌មួយ​គ្រួសារ​របស់​អ្នក​រាល់​គ្នា អាច​បរិ‌ភោគ​ភោគ​ផល​ទាំង​នោះ​នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ភោគ​ផល​ទាំង​នេះ ជា​កម្រៃ​សម្រាប់​ការ‌ងារ​ដែល​អ្នក​រាល់​គ្នា​បាន​បម្រើ​ក្នុង​ត្រសាល​ជំនុំ។ កាល​ណា​អ្នក​រាល់​គ្នា​បាន​ថ្វាយ​ចំណែក​ដែល​ល្អ​បំផុត នោះ​អ្នក​រាល់​គ្នា​មិន​មាន​ទោស​ដោយ​ព្រោះ​រឿង​នេះ​ឡើយ តែ​មិន​ត្រូវ​បង្អាប់​តង្វាយ​បរិសុទ្ធ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់"»។

ចែក​រំលែក
អាន ជនគណនា 18

ជនគណនា 18:8-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «យើង​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​លើ​អ្វីៗ​ដែល​ប្រជា‌ជន​ញែក​ទុក​សម្រាប់​យើង។ យើង​ប្រគល់​តង្វាយ​នោះ​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក ទុក​ជា​កម្រៃ សម្រាប់​មុខងារ​ដែល​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​បំពេញ ជា​រៀង​រហូត​ត​ទៅ។ ក្នុង​បណ្ដា​គ្រឿង​សក្ការៈ​បំផុត​ដែល​គេ​មិន​ដុត គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង មាន​តង្វាយ​ផ្សេងៗ តង្វាយ​ម្សៅ យញ្ញ‌បូជា​រំដោះ​បាប យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស អ្នក​អាច​យក​ទុក​ជា​ចំណែក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។ ត្រូវ​បរិភោគ​របស់​ទាំង​នេះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិភោគ​បាន ដ្បិត​របស់​ទាំង​នោះ​សុទ្ធ​តែ​សក្ការៈ​សម្រាប់​អ្នក។ ចំណែក​ដែល​អ្នក​អាច​យក​បាន​ទៀត​នោះ គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​លើក​ថ្វាយ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។ យើង​ក៏​ប្រគល់​ផល​ដំបូង​នៃ​អ្វីៗ​ទាំង​អស់​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង​ឲ្យ​អ្នក​ដែរ គឺ​ប្រេង​ដ៏​ល្អ​បំផុត ស្រា​ទំពាំង‌បាយជូរ​ថ្មី​ដ៏​ល្អ​បំផុត និង​ស្រូវ​ថ្មី។ ផល​ដំបូង​នៃ​ភោគ‌ផល​ដុះ​ចេញ​ពី​ដី ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង ក៏​នឹង​បាន​ទៅ​អ្នក​ដែរ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។ អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​ផ្ដាច់​ដល់​យើង នោះ​យើង​ប្រគល់​ឲ្យ​អ្នក។ កូន​ដំបូង​ទាំង​អស់​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង គឺ​ទាំង​កូន​មនុស្ស ទាំង​កូន​សត្វ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។ ប៉ុន្តែ ចូរ​ឲ្យ​គេ​លោះ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ​ដែល​មិន​បរិសុទ្ធ។ ត្រូវ​ឲ្យ​គេ​លោះ​កូន​ដំបូង ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ តាម​តម្លៃ​គិត‌គូរ​របស់​អ្នក គឺ​ប្រាក់​ប្រាំ​ណែន គិត​តាម​ទម្ងន់​ប្រាក់​ណែន​របស់​ទីសក្ការៈ ពោល​គឺ​ម្ភៃ​កេរ៉ា*។ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​គេ​លោះ​កូន​ដំបូង​របស់​គោ កូន​ដំបូង​របស់​ចៀម និង​កូន​ដំបូង​របស់​ពពែ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​ទុក​សម្រាប់​ថ្វាយ​យញ្ញ‌បូជា។ ត្រូវ​យក​ឈាម​របស់​វា​ប្រោះ​នៅ​លើ​អាសនៈ ហើយ​ដុត​ខ្លាញ់​វា​ក្នុង​ភ្លើង ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ រីឯ​សាច់​របស់​វា គឺ​មាន​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ​ជា​តង្វាយ និង​សាច់​ភ្លៅ​ស្ដាំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។ អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​សក្ការៈ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក​នឹង​គ្មាន​ទឹក​ដី​ជា​កេរ‌មត៌ក​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​ចំណែក​អ្វី​រួម​ជា​មួយ​ពួក​គេ​ដែរ គឺ​យើង​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​អ្នក នៅ​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល។ យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចូល​មក​ជិត​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។ ពួក​លេវី​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នឹង​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​ណែ‌នាំ​ឲ្យ​ពួក​លេវី​គ្រប់​ជំនាន់​ដឹង​ថា ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ យើង​ប្រគល់​ភោគ‌ផល​មួយ​ភាគ​ដប់ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ទុក​ដោយ​ឡែក​សម្រាប់​យើង ឲ្យ​កូន​ចៅ​លេវី។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រកាស​អំពី​ពួក​គេ​ថា: “ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​លេវី​ដូច​ត​ទៅ: “ពេល​ណា​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​យក​ភោគ‌ផល​មួយ​ភាគ​ដប់​មក​ឲ្យ​អ្នក​រាល់​គ្នា គឺ​ចំណែក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់​ពី​ភោគ‌ផល​មួយ​ភាគ​ដប់​ថ្វាយ​ព្រះ‌អម្ចាស់។ តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នេះ ត្រូវ​រាប់​ដូច​ជា​តង្វាយ​ដែល​បងប្អូន​របស់​អ្នក​រាល់​គ្នា​ញែក​ទុក​ពី​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​របស់​គេ​ដែរ។ ដូច្នេះ ភោគ‌ផល​មួយ​ភាគ​ដប់​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​យក​មក​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់ ទុក​ថ្វាយ​ព្រះ‌អម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ជូន​លោក​បូជា‌ចារ្យ​អើរ៉ុន។ ភោគ‌ផល​ដែល​ប្រជា‌ជន​យក​មក​ជូន​អ្នក​រាល់​គ្នា​នោះ ត្រូវ​ញែក​មួយ​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ញែក​មួយ​ផ្នែក​ដ៏​ល្អ​វិសេស​ជា​ចំណែក​សក្ការៈ”។ ចូរ​ប្រាប់​ពួក​លេវី​ថា: ពេល​ណា​អ្នក​រាល់​គ្នា​ញែក​ផ្នែក​ដ៏​ល្អ​វិសេស​មួយ​ភាគ​ដប់​ហើយ ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ដូច​ជា​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ដែល​នៅ​សល់​របស់​ប្រជា‌ជន​ដែរ។ អ្នក​រាល់​គ្នា​បរិភោគ​ភោគ‌ផល​ទាំង​នេះ រួម​ជា​មួយ​គ្រួសារ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ភោគ‌ផល​ទាំង​នេះ​ជា​កម្រៃ​សម្រាប់​ការ‌ងារ​ដែល​អ្នក​រាល់​គ្នា​បំពេញ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ញែក​ចំណែក​ដ៏​ល្អ​វិសេស​ទុក​សម្រាប់​យើង​ហើយ អ្នក​រាល់​គ្នា​នឹង​គ្មាន​បាប​នៅ​ពេល​បរិភោគ​ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ក៏​មិន​បណ្ដាល​ឲ្យ​តង្វាយ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។

ចែក​រំលែក
អាន ជនគណនា 18

ជនគណនា 18:8-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អើរ៉ុន​ថា ឯ​អញ មើល អញ​បាន​ប្រគល់​អស់​ទាំង​ដង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ក្នុង​ដង្វាយ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន‌ចៅ​អ៊ីស្រាអែល​ទុក​នឹង​ឯង អញ​បាន​ឲ្យ​ដង្វាយ​ទាំង​នោះ​ចំពោះ​ឯង នឹង​ពួក​កូន​ចៅ​ឯង ទុក​ជា​កំរៃ​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រោះ​ការ​ចាក់​ប្រេង​តាំង​ជា​សង្ឃ ក្នុង​ដង្វាយ​បរិសុទ្ធ​បំផុត​ទាំង​ប៉ុន្មាន ដែល​មិន​ត្រូវ​ដុត​នោះ របស់​ទាំង​នេះ​ត្រូវ​បាន​ជា​របស់​ផង​ឯង គឺ​គ្រប់​ទាំង​ដង្វាយ​របស់​គេ ទោះ​បើ​ជា​ដង្វាយ​ម្សៅ ឬ​ដង្វាយ​លោះ​បាប ឬ​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ក្តី ដែល​គេ​នឹង​ថ្វាយ​ដល់​អញ នោះ​ជា​បរិសុទ្ធ​បំផុត​សំរាប់​ឯង ហើយ​នឹង​កូន​ចៅ​ឯង ត្រូវ​ឲ្យ​ឯង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​បរិសុទ្ធ​បំផុត គ្រប់​ទាំង​ប្រុសៗ ត្រូវ​បរិភោគ​ចុះ គឺ​ជា​របស់​បរិសុទ្ធ​ដល់​ឯង ហើយ​នេះ​ជា​របស់​ផង​ឯង​ដែរ គឺ​អស់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង នឹង​ដង្វាយ​គ្រវី​របស់​ផង​ពួក​កូន​ចៅ​អ៊ីស្រាអែល អញ​ឲ្យ​របស់​ទាំង​នោះ​ដល់​ឯង នឹង​កូន​ប្រុស​កូន​ស្រី​ឯង​ផង ទុក​ជា​កំរៃ​នៅ​អស់‌កល្ប‌ជានិច្ច អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​ផ្ទះ​ឯង នោះ​នឹង​បរិភោគ​របស់​ទាំង​នោះ​បាន ហើយ​ប្រេង​ល្អ​បំផុត​ទាំង​អស់ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​បំផុត​ទាំង​អស់ ព្រម​ទាំង​ស្រូវ​ផង គឺ​ជា​ផល​ដំបូង​ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​ឲ្យ​មក​ឯង​ទាំង​អស់​ហើយ ឯ​ផល​ដំបូង​ពី​របស់​ទាំង​អស់​នៅ​ក្នុង​ស្រុក​គេ ដែល​យក​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង​ដែរ អស់​អ្នក​ណា​នៅ​ក្នុង​គ្រួសារ​ឯង ដែល​ស្អាត នឹង​បរិភោគ​របស់​ទាំង​នោះ​បាន គ្រប់​របស់​អ្វី​ដែល​ថ្វាយ​ដាច់​នៅ​ក្នុង​ពួក​អ៊ីស្រាអែល នោះ​ក៏​ជា​របស់​ផង​ឯង គ្រប់​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ ក្នុង​គ្រប់​ទាំង​ដង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទោះ​មនុស្ស ឬ​សត្វ​ក្តី នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង ឯ​កូន​ច្បង​របស់​មនុស្ស នោះ​ត្រូវ​ឲ្យ​ឯង​លោះ​ចេញ​វិញ​មិន​ខាន ព្រម​ទាំង​សត្វ​មិន​ស្អាត​ដែល​កើត​មក​មុន​បង្អស់​ផង ហើយ​រូប​ណា​មួយ​ដែល​ត្រូវ​លោះ​ចេញ នោះ​ត្រូវ​ឲ្យ​លោះ​ចាប់​តាំង​ពី​អាយុ​១​ខែ តាម​ដំឡៃ​ដែល​ឯង​សំរេច​ឲ្យ គឺ​ជា​ប្រាក់​៥​រៀល តាម​ប្រាក់​រៀល​ដែល​គេ​ប្រើ​ក្នុង​ទី​បរិសុទ្ធ (គឺ​១​រៀល​ត្រូវ​ជា​១០​កាក់) ប៉ុន្តែ មិន​ត្រូវ​ឲ្យ​ឯង​លោះ​កូន​គោ ឬ​កូន​ចៀម ឬ​កូន​ពពែ ដែល​កើត​មក​មុន​បង្អស់​នោះ​ទេ ដ្បិត​ជា​សត្វ​បរិសុទ្ធ ត្រូវ​ឲ្យ​ឯង​ប្រោះ​ឈាម​សត្វ​នោះ នៅ​លើ​អាសនា​វិញ ហើយ​ដុត​ខ្លាញ់​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ឯ​សាច់​របស់​សត្វ​ទាំង​នោះ ត្រូវ​បាន​ជា​របស់​ផង​ឯង ដូច​ជា​ទ្រូង​ដែល​គ្រវី ហើយ​ស្មា​ស្តាំ​ក៏​ជា​របស់​ផង​ឯង​ដែរ គឺ​គ្រប់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង ពី​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​បាន​ឲ្យ​ដល់​ឯង នឹង​ពួក​កូន​ប្រុស​កូន​ស្រី​ឯង​ហើយ ទុក​ជា​កំរៃ​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ជា​សេចក្ដី​សញ្ញា ដែល​តាំង​ឡើង​ដោយ‌សារ​អំបិល​ដល់​ឯង នឹង​ពូជ​ឯង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​អស់‌កល្ប‌ជានិច្ច។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អើរ៉ុន​ថា មិន​ត្រូវ​ឲ្យ​ឯង​មាន​កេរ្តិ៍‌អាករ​នៅ​ក្នុង​ស្រុក​គេ​ឡើយ ក៏​មិន​ត្រូវ​មាន​ចំណែក​អ្វី​ជា​មួយ​នឹង​គេ​ដែរ គឺ​អញ​ជា​ចំណែក​ដល់​ឯង ហើយ​ជា​កេរ‌អាករ​របស់​ឯង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ ឯ​ពួក​កូន​ចៅ​លេវី នោះ​អញ​បាន​ឲ្យ​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​១​ភាគ​ក្នុង​១០ ទុក​ជា​មរដក​ដល់​គេ​ហើយ ដើម្បី​ឲ្យ​បាន​ជា​កំរៃ​នៃ​ការ‌ងារ​ដែល​គេ​ធ្វើ គឺ​ជា​ក្រសួង​ការ​របស់​ត្រសាល​ជំនុំ ដូច្នេះ អំពី​នេះ​ទៅ​មុខ មិន​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​លោ​គេ​ធ្វើ​បាប​អ្វី ហើយ​ត្រូវ​ស្លាប់ គឺ​ពួក​លេវី​វិញ ដែល​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ហើយ​គេ​ត្រូវ​តែ​រ៉ាប់រង​សេចក្ដី​កំហុស​របស់​គេ នេះ​ជា​បញ្ញត្ត​ច្បាប់​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត​រៀង​ទៅ តែ​គេ​គ្មាន​កេរ‌អាករ​អ្វី​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ ដ្បិត​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​១​ភាគ​ក្នុង​១០​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង នោះ​អញ​បាន​ឲ្យ​ដល់​ពួក​លេវី​ទុក​ជា​មរដក​ហើយ ហេតុ​នោះ​បាន​ជា​អញ​បាន​ប្រាប់​គេ​ថា គេ​គ្មាន​កេរ‌អាករ្តិ៍​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ទេ។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​សេចក្ដី​១​ទៀត​ដល់​ពួក​លេវី​ថា កាល​ណា​ឯង​រាល់​គ្នា​ទទួល​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​អញ​យក​ពី​គេ​ឲ្យ​ដល់​ឯង​រាល់​គ្នា ទុក​ជា​មរដក នោះ​ឯង​រាល់​គ្នា​ត្រូវ​ហូត​១​ភាគ​ក្នុង​១០ ពី​ដង្វាយ​១​ភាគ​ក្នុង​១០​របស់​គេ ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច្នេះ ដង្វាយ​ដែល​ឯង​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ នឹង​បាន​រាប់​ទុក​ដូច​ជា​ស្រូវ ដែល​ទើប​នឹង​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ទើប​នឹង​គាប​ដែរ យ៉ាង​នោះ​ឯង​រាល់​គ្នា​ក៏​នឹង​បាន​ថ្វាយ​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា ពី​ដង្វាយ​១​ភាគ​ក្នុង​១០ ដែល​ឯង​ទទួល​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ ត្រូវ​ឲ្យ​ប្រគល់​ដង្វាយ​លើក​ចុះ​ឡើង​ផង​ព្រះ‌យេហូវ៉ា​នោះ ដល់​អើរ៉ុន​ដ៏​ជា​សង្ឃ ឯ​អស់​ទាំង​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ទទួល​នោះ ត្រូវ​ឲ្យ​រើស​យក​ចំណែក​ល្អ​បំផុត សំរាប់​នឹង​ថ្វាយ​ជា​ដង្វាយ​ទាំង​ប៉ុន្មាន​របស់​ផង​ព្រះ‌យេហូវ៉ា គឺ​ជា​ចំណែក​ដែល​បរិសុទ្ធ​ក្នុង​ដង្វាយ​ទាំង​នោះ ដូច្នេះ ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា បើ​កាល​ណា​ឯង​រាល់​គ្នា​រើស​យក​ចំណែក​ល្អ​បំផុត ពី​ដង្វាយ​ទាំង​នោះ ទៅ​ថ្វាយ​ជា​ដង្វាយ​លើក​ចុះ​ឡើង នោះ​នឹង​បាន​រាប់​ទុក​ដូច​ជា​ផល​ចំរើន​ដែល​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ផល​ចំរើន​ដែល​គាប​ក្នុង​ឃ្នាប​ដល់​ពួក​លេវី ឯង​រាល់​គ្នា ព្រម​ទាំង​គ្រួសារ​របស់​ឯង​ផង នឹង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ជា​កំរៃ​នៃ​ការ‌ងារ​ដែល​ឯង​ធ្វើ​ក្នុង​ត្រសាល​ជំនុំ ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​បាន​ថ្វាយ​ចំណែក​ល្អ​បំផុត ជា​ដង្វាយ​លើក​ចុះ​ឡើង​ហើយ នោះ​មិន​មាន​ទោស​ដោយ​ព្រោះ​របស់​ទាំង​នោះ​ទេ តែ​មិន​ត្រូវ​បង្អាប់​ដល់​ដង្វាយ​បរិសុទ្ធ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ យ៉ាង​នោះ​ឯង​រាល់​គ្នា​មិន​ត្រូវ​ស្លាប់​ទេ។

ចែក​រំលែក
អាន ជនគណនា 18

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ