ជន‌គណនា 18

18
ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​សង្ឃ និង​ពួក​លេវី
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក និង​កូន​ចៅ​របស់​អ្នក ព្រម​ទាំង​វង្សា‌នុវង្ស​របស់​ឪពុក​អ្នក ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​ទាក់​ទង​នឹង​រោង​ឧបោសថ ហើយ​មាន​តែ​អ្នក និង​កូន​ចៅ​របស់​អ្នក​ប៉ុណ្ណោះ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​ទាក់​ទង​នឹង​ការ‌ងារ​ជា​សង្ឃ។ 2ត្រូវ​នាំ​ពួក​លេវី​ជា​បង​ប្អូន​របស់​អ្នក គឺ​កុល‌សម្ព័ន្ធ​របស់​ឪពុក​អ្នក​មក​ជា‌មួយ​អ្នក​ផង ដើម្បី​ឲ្យ​គេ​បាន​ចូល​រួម​ជា‌មួយ​អ្នក ហើយ​ជួយ​ការ‌ងារ​អ្នក នៅ​ពេល​ដែល​អ្នក និង​កូន​ចៅ​របស់​អ្ន​ក​បម្រើ​នៅ​មុខ​ត្រសាល​នៃ​សេចក្ដី​បន្ទាល់។ 3ពួកគេ​ត្រូវ​បំពេញ​ការងារ​បម្រើ​ឲ្យ​អ្នក និង​ត្រសាល​ជំនុំ​ទាំង​មូល ប៉ុន្តែ គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​ប្រដាប់‌ប្រដា​របស់​ទី​បរិសុទ្ធ ឬ​អាស‌នា​ឡើយ ក្រែង​លោ​ទាំង​ពួកគេ ទាំង​អ្នក​នឹង​ត្រូវ​ស្លាប់។ 4ពួកគេ​ត្រូវ​នៅ​ជាប់​ជា‌មួយ​អ្នក ហើយ​បំពេញ​ការងារ​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ គឺ​ការងារ​ទាំង​អស់​របស់​ត្រសាល​ជំនុំ។ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ចូល​ទៅ​ជិត​អ្នក​ឡើយ។ 5រីឯ​អ្នក​វិញ ត្រូវ​បំពេញ​ការងារ​របស់​ទី​បរិសុទ្ធ និង​ការងារ​របស់​អាស‌នា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី‌ក្រោធ​ធ្លាក់​មក​លើ​កូន​ចៅ​អ៊ីស្រា‌អែល​ទៀត​ឡើយ។ 6មើល៍ យើង​បាន​យក​ពួក​លេវី​ជា​បង​ប្អូន​របស់​អ្នក ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ប្រគល់​ឲ្យ​អ្នក ដ្បិត​គេ​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ដើម្បី​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ។ 7ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​បំពេញ​ការ‌ងារ​ជា​សង្ឃ​របស់​អ្នក សម្រាប់​ការ​ទាំង​អស់​ខាង​ឯ​អាស‌នា និង​បរិវេណ​ខាង​ក្រោយ​វាំង‌នន។ យើង​ប្រគល់​ការ‌ងារ​ជា​សង្ឃ​ដល់​អ្នក​រាល់​គ្នា ទុក​ជា​អំណោយ តែ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់»។
ចំណែក​របស់​ពួក​សង្ឃ
8ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «មើល៍ យើង​បាន​ប្រគល់​ឲ្យ​អ្នក​មើល​ខុស​ត្រូវ​តង្វាយ​ដែល​បាន​ថ្វាយ​ដល់​យើង គឺ​តង្វាយ​ទាំង​ប៉ុន្មាន​របស់​កូន​ចៅ​អ៊ីស្រា‌អែល។ យើង​បាន​ប្រគល់​តង្វាយ​ទាំង​នោះ​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក ទុក​ជា​កម្រៃ​សម្រាប់​ការងារ​ជា​សង្ឃ​ដល់​អ្នក ជា​រៀង​រហូត​តទៅ។ 9ក្នុង​តង្វាយ​បរិសុទ្ធ​បំផុត​ដែល​មិន​ត្រូវ​ដុត នោះ​នឹង​បាន​ជា​របស់​អ្នក គឺ​គ្រប់​ទាំង​តង្វាយ​របស់​គេ ដែល​គេ​ថ្វាយ​ដល់​យើង​ទុក​ជា​របស់​បរិសុទ្ធ​បំផុត ទោះ​ជា​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប ឬ​តង្វាយ​លើក​លែង​ទោស​ក្តី នោះ​នឹង​បាន​ជា​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។ 10អ្នក​ត្រូវ​បរិ‌ភោគ​របស់​ទាំង​នោះ​នៅ​កន្លែង​បរិសុទ្ធ​បំផុត គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិ‌ភោគ​បាន ដ្បិត​នេះ​ជា​របស់​បរិសុទ្ធ​សម្រាប់​អ្នក។ 11នេះ​ក៏​ជា​របស់​អ្នក​ដែរ គឺ​អ្វីៗ​ដែល​គេ​បាន​ញែក​ដោយ​ឡែក​ចេញ​ពី​តង្វាយ​គ្រវី​របស់​កូន​ចៅ​អ៊ីស្រា‌អែល យើង​បាន​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​អ្នក និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទុក​ជា​កម្រៃ​រហូត​ត​ទៅ។ អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក អាច​បរិ‌ភោគ​របស់​ទាំង​នោះ​បាន។ 12អស់​ទាំង​ប្រេង​ដ៏​ល្អ​បំផុត និង​អស់​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដ៏​ល្អ​បំផុត ព្រម​ទាំង​ស្រូវ​ដែល​គេ​ថ្វាយ​ជា​ផល​ដំបូង​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​ប្រគល់​ឲ្យ​អ្នក។ 13ផល​ដំបូង​ពី​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក​របស់​គេ ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌យេហូវ៉ា នឹង​បាន​ជា​របស់​អ្នក។ អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក អាច​បរិ‌ភោគ​របស់​ទាំង​នោះ​បាន។ 14គ្រប់​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ក្នុង​ពួក​អ៊ីស្រា‌អែល នឹង​បាន​ជា​របស់​អ្នក។ 15គ្រប់​ទាំង​អស់​ដែល​កើត​ពី​ពោះ​មក​មុន​គេ ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទោះ​មនុស្ស ឬ​សត្វ​ក្តី នោះ​នឹង​បាន​ជា​របស់​អ្នក តែ​អ្នក​ត្រូវ​លោះ​កូន​ច្បង​របស់​មនុស្ស និង​លោះ​កូន​ដំបូង​របស់​សត្វ​ដែល​មិន​ស្អាត។ 16តម្លៃ​លោះ​កូន​ដំបូង (ដែល​អ្នក​ត្រូវ​លោះ​ចាប់​ពី​អាយុ​មួយ​ខែ) ត្រូវ​កំណត់​ជា​តម្លៃ​ប្រាក់​ប្រាំ​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ (ពោល​គឺ​ម្ភៃ​កេរ៉ា)។ 17ប៉ុន្តែ អ្នក​មិន​ត្រូវ​លោះ​កូន​ដំបូង​របស់​គោ ឬ​កូន​ដំបូង​របស់​ចៀម ឬ​កូន​ដំបូង​របស់​ពពែ​ឡើយ ដ្បិត​វា​ជា​សត្វ​បរិសុទ្ធ។ អ្នក​ត្រូវ​ប្រោះ​ឈាម​របស់​វា​នៅ​លើ​អាស‌នា ហើយ​ត្រូវ​ដុត​ខ្លាញ់​របស់​វា​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ 18រីឯ​សាច់​របស់​វា​នឹង​បាន​ជា​របស់​អ្នក ដូច​ជា​សាច់​ទ្រូង​ដែល​គ្រវី និង​សាច់​ភ្លៅ​ស្តាំ​ដែល​ជា​របស់​អ្នក​ដូច្នោះ​ដែរ។ 19គ្រប់​ទាំង​តង្វាយ​បរិសុទ្ធ ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទុក​ជា​កម្រៃ​រហូត​តទៅ។ នេះ​ជា​សេចក្ដី‌សញ្ញា​អំបិល​ដល់​អ្នក និង​ពូជ​ពង្ស​របស់​អ្នក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​រៀង​រហូត​តទៅ»។ 20ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក​មិន​ត្រូវ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​របស់​ពួកគេ​ឡើយ ក៏​មិន​ត្រូវ​មាន​ចំណែក​អ្វី​ជា‌មួយ​ពួកគេ​ដែរ គឺ​យើង​ជា​ចំណែក​របស់​អ្នក ហើយ​ជា​កេរ‌អាករ​របស់​អ្នក​នៅ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។
21ចំពោះ​កូន​ចៅ​លេវី យើង​បាន​ប្រគល់​អស់​ទាំង​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ទុក​ជា​មត៌ក ជា​ថ្នូរ​សម្រាប់​ការ‌ងារ​ដែល​ពួកគេ​ធ្វើ គឺ​ជា​ការងារ​របស់​ពួកគេ​នៅ​ក្នុង​ត្រសាល​ជំនុំ។ 22ចាប់​ពី​នេះ​តទៅ កូន​ចៅ​អ៊ីស្រា‌អែល​មិន​ត្រូវ​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​គេ​ត្រូវ​មាន​ទោស ហើយ​ត្រូវ​ស្លាប់។ 23ប៉ុន្តែ ពួក​លេវី​ត្រូវ​ធ្វើ​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​របស់​ពួកគេ​ផ្ទាល់។ នេះ​ជា​ច្បាប់​ដល់​អស់​ទាំង​ជំនាន់​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ គឺ​ពួកគេ​គ្មាន​កេរ‌អាករ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ 24ដ្បិត​ភោគ​ផល​មួយ​ភាគ​ក្នុង​ដប់ ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​ប្រគល់​ឲ្យ​ពួក​លេវី​ទុក​ជា​មត៌ក​ហើយ។ ហេតុ​នេះ​បាន​ជា​យើង​ប្រាប់​ពួកគេ​ថា "ពួកគេ​គ្មាន​កេរ‌អាករ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ"»។
25ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 26«អ្នក​ត្រូវ​ប្រាប់​ពួក​លេវី​ថា "កាល​ណា​អ្នក​រាល់​គ្នា​ទទួល​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​កូន​ចៅ​អ៊ីស្រា‌អែល ដែល​យើង​យក​ពី​ពួកគេ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក នោះ​អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ក្នុង​ដប់ ពី​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគេ ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។ 27សម្រាប់​អ្នក​រាល់​គ្នា តង្វាយ​របស់​អ្នក​រាល់​គ្នា​នឹង​បាន​រាប់​ដូច​ជា​ស្រូវ ដែល​ទើប​នឹង​បញ្ជាន់​នៅ​ទី‌លាន ហើយ​ដូច​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ទើប​នឹង​គាប​ដែរ។ 28យ៉ាង​នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​បាន​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ពី​អស់​ទាំង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដែល​អ្នក​រាល់​គ្នា​ទទួល​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ ហើយ​ត្រូវ​ប្រគល់​តង្វាយ​ដែល​អ្នក​រាល់​គ្នា​បាន​ញែក​ថ្វាយ​ព្រះ‌យេហូវ៉ា​នេះ ជូន​សង្ឃ​អើរ៉ុន។ 29អស់​ទាំង​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ទទួល ត្រូវ​ញែក​ចំណែក​ដែល​ល្អ​បំផុត​ពី​គ្រប់​តង្វាយ​ទាំង​នោះ ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នេះ​ជា​ចំណែក​ដែល​បាន​ញែក​ជា​បរិសុទ្ធ"។ 30ដូច្នេះ អ្នក​ត្រូវ​ប្រាប់​គេ​ថា "សម្រាប់​ពួក​លេវី កាល​ណា​អ្នក​រាល់​គ្នា​បាន​ថ្វាយ​ចេញ​ពី​ចំណែក​ដែល​ល្អ​បំផុត នោះ​ចំណែក​ឯ​ទៀត​នឹង​បាន​រាប់​ដូច​ជា​ភោគ​ផល​ដែល​បញ្ជាន់​នៅ​ទី‌លាន ហើយ​ដូច​ជា​ភោគ​ផល​ដែល​គាប​ពី​ផ្លែ​ទំពាំង​បាយ​ជូរ​ដែរ។ 31អ្នក​រាល់​គ្នា រួម​ជា‌មួយ​គ្រួសារ​របស់​អ្នក​រាល់​គ្នា អាច​បរិ‌ភោគ​ភោគ​ផល​ទាំង​នោះ​នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ភោគ​ផល​ទាំង​នេះ ជា​កម្រៃ​សម្រាប់​ការ‌ងារ​ដែល​អ្នក​រាល់​គ្នា​បាន​បម្រើ​ក្នុង​ត្រសាល​ជំនុំ។ 32កាល​ណា​អ្នក​រាល់​គ្នា​បាន​ថ្វាយ​ចំណែក​ដែល​ល្អ​បំផុត នោះ​អ្នក​រាល់​គ្នា​មិន​មាន​ទោស​ដោយ​ព្រោះ​រឿង​នេះ​ឡើយ តែ​មិន​ត្រូវ​បង្អាប់​តង្វាយ​បរិសុទ្ធ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់"»។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល