ជនគណនា 14:6-9
ជនគណនា 14:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងចំណោមអស់អ្នកដើរសង្កេតមើលស្រុក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនុន និងលោកកាលែប ជាកូនរបស់លោកយេភូនេ ក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចពោលទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «ស្រុកដែលយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកល្អក្រៃលែង។ ប្រសិនបើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងពួកយើង នោះព្រះអង្គនឹងនាំយើងចូលទៅក្នុងស្រុកនោះ ហើយប្រទានស្រុកនោះមកយើងជាមិនខាន គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។ សូមកុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះឡើយ ដ្បិតគេគ្រាន់តែជាអាហារសម្រាប់យើងប៉ុណ្ណោះ ទីការពាររបស់គេបានរើចេញពីគេទៅហើយ ព្រះយេហូវ៉ាក៏គង់នៅជាមួយយើងដែរ មិនត្រូវខ្លាចគេឡើយ»។
ជនគណនា 14:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេ នាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយពោលទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកមួយដ៏ល្អបំផុត។ ប្រសិនបើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងពួកយើង ព្រះអង្គមុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។ សូមបងប្អូនកុំបះបោរប្រឆាំងនឹងព្រះអង្គ ឬភ័យខ្លាចអ្នកស្រុកនោះឡើយ ដ្បិតពួកគេនឹងធ្លាក់មកក្នុងកណ្ដាប់ដៃរបស់យើង គ្មានព្រះណាការពារពួកគេបានទេ។ ព្រះអម្ចាស់គង់ជាមួយពួកយើងហើយ កុំខ្លាចពួកគេធ្វើអ្វី!»។
ជនគណនា 14:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយយ៉ូស្វេ ជាកូននុន នឹងកាលែប ជាកូនយេភូនេ ដែលនៅក្នុងពួកអ្នកដើរសង្កេតមើលស្រុក គេក៏ហែកសំលៀកបំពាក់ខ្លួន ព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំដ៏ហូរហៀរ កុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ ដ្បិតគេជាអាហារសំរាប់យើងរាល់គ្នាទេ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឲ្យខ្លាចគេឡើយ