ជនគណនា 11:10-35

ជនគណនា 11:10-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ឮ​ប្រជាជន​យំ​នៅ​គ្រប់​គ្រួសារ​របស់​គេ គឺ​គ្រប់​គ្នា​យំ​នៅ​ទ្វារ​ចូល​ជំរំ​របស់​ខ្លួន។ ពេល​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ។ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មិន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ផ្ទុក​មនុស្ស​ទាំង​អស់​នេះ​មក​លើ​ទូល‌បង្គំ? តើ​ទូល‌បង្គំ​បាន​បង្កើត​មនុស្ស​ទាំង​អស់​នេះ​មក​ឬ? តើ​ទូល‌បង្គំ​ជា​ឪពុក​របស់​គេ​ឬ បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា "ចូរ​បី​គេ ដូច​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ" រហូត​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ​ដូច្នេះ? តើ​ទូល‌បង្គំ​ទៅ​រក​សាច់​ឯ​ណា​មក​ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បរិ‌ភោគ​បាន? ដ្បិត​គេ​មក​យំ​ដាក់​ទូល‌បង្គំ​ថា "ចូរ​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ​ផង"។ ទូល‌បង្គំ​មិន​អាច​បី​ទ្រ​មនុស្ស​ទាំង​អស់​នេះ​ម្នាក់​ឯង​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ពេក​សម្រាប់​ទូល‌បង្គំ​ហើយ។ ប្រសិន‌បើ​ព្រះ‌អង្គ​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​ដូច្នេះ ហើយ​ប្រសិន‌បើ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មែន នោះ​សូម​សម្លាប់​ទូល‌បង្គំ​ទៅ កុំ​ទុក​ឲ្យ​ទូល‌បង្គំ​ឃើញ​សេចក្ដី​វេទនា​របស់​ទូល‌បង្គំ​បែប​នេះ​ឡើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ចិត​សិប​នាក់ ដែល​អ្នក​ដឹង​ថា​ជា​ចាស់‌ទុំ​ក្នុង​ចំណោម​ប្រជាជន និង​ជា​អ្នក​ដឹក​នាំ​លើ​ពួកគេ ឲ្យ​មក​ជួប​យើង។ ចូរ​នាំ​គេ​មក​កាន់​ត្រសាល​ជំនុំ ហើយ​ឲ្យ​ឈរ​នៅ​ទី​នោះ​ជា‌មួយ​អ្នក យើង​នឹង​ចុះ​មក​និយាយ​ជា‌មួយ​អ្នក​នៅ​ទី​នោះ ហើយ​យើង​នឹង​យក​វិញ្ញាណ​ខ្លះ ដែល​ស្ថិត​លើ​អ្នក ទៅ​ដាក់​លើ​គេ នោះ​គេ​នឹង​ជួយ​ផ្ទុក​បន្ទុក​ប្រជាជន​ទាំង​នេះ​ជា‌មួយ​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​ផ្ទុក​បន្ទុក​ទាំង​អស់​នេះ​តែ​ម្នាក់​ឯង។ ត្រូវ​ប្រាប់​ប្រជាជន​ថា "ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​សម្រាប់​ថ្ងៃ​ស្អែក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ​សាច់ ដ្បិត​អ្នក​រាល់​គ្នា​បាន​យំ​សោក​នៅ​នឹង​ព្រះ‌កាណ៌​ព្រះ‌យេហូវ៉ា​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ? ដ្បិត​ដែល​ពួក​យើង​នៅ​ស្រុក​អេស៊ីព្ទ នោះ​ប្រសើរ​ជាង"។ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​សាច់​មក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ។ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ មិន​មែន​ត្រឹម​តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ ឬ​ប្រាំ​ថ្ងៃ ដប់​ថ្ងៃ ឬ​ម្ភៃ​ថ្ងៃ​ប៉ុណ្ណោះ​ទេ គឺ​អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ពេញ​មួយ​ខែ រហូត​ទាល់​តែ​សាច់​នោះ​ចេញ​តាម​រន្ធ​ច្រមុះ ហើយ​រហូត​ដល់​អ្នក​រាល់​គ្នា​ធុញ‌ទ្រាន់​ផង ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា ដែល​គង់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​បាន​យំ​នៅ​ចំពោះ​ព្រះ‌អង្គ​ថា "ហេតុ​អ្វី​បាន​ជា​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?"»។ ប៉ុន្តែ លោក​ម៉ូសេ​ទូល​ថា៖ «មនុស្ស​ដែល​ទូល‌បង្គំ​នៅ​ជា​មួយ មាន​ពួក​ថ្មើរ​ជើង​ចំនួន​ប្រាំ​មួយ​សែន​នាក់ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ឲ្យ​សាច់​ដល់​គេ ដែល​គេ​អាច​បរិ‌ភោគ​ពេញ​មួយ​ខែ!" តើ​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ​ដើម្បី​នឹង​សម្លាប់​ឲ្យ​ល្មម​សម្រាប់​ពួកគេ​បាន​ឬ? តើ​មាន​ត្រី​នៅ​ក្នុង​សមុទ្រ ដើម្បី​នឹង​ប្រមូល​ឲ្យ​ល្មម​សម្រាប់​ពួកគេ​បាន​ឬ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​លោក​ម៉ូសេ​ថា៖ «តើ​ព្រះ‌យេហូវ៉ាគ្មាន​អំណាច នឹង​ធ្វើការ​ដូច្នេះ​បាន​ឬ? ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​នេះ​កើត​ឡើង​ពិត ឬ​មិន​ពិត»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ចេញ​ទៅ ហើយ​នាំ​យក​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ទៅ​ប្រាប់​ប្រជាជន។ លោក​ប្រមូល​ចាស់‌ទុំ​ចិត​សិប​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន មក​ដាក់​ឲ្យ​ឈរ​នៅ​ជុំ‌វិញ​ត្រសាល​ជំនុំ។ ពេល​នោះ ព្រះ‌យេហូវ៉ា​យាង​ចុះ​មក​ក្នុង​ពពក ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក រួច​យក​វិញ្ញាណ​ខ្លះ ដែល​សណ្ឋិត​លើ​លោក ទៅ​ដាក់​លើ​ចាស់‌ទុំ​ទាំង​ចិត​សិប​នាក់។ កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​ពួកគេ ពួកគេ​ក៏​ថ្លែង​ទំនាយ តែ​មិន​បាន​ថ្លែង​ត​ទៅ​ទៀត​ទេ។ មាន​បុរស​ពីរ​នាក់​ស្ថិត​នៅ​ក្នុង​ជំរំ មួយ​ឈ្មោះ​អែលដាដ និង​ម្នាក់​ទៀត​ឈ្មោះ​មីដាដ ហើយ​ព្រះ‌វិញ្ញាណ​ក៏​សណ្ឋិត​លើ​គេ​ដែរ។ អ្នក​ទាំង​ពីរ​បាន​ចុះ​ឈ្មោះ​រួច​ហើយ តែ​មិន​បាន​ចេញ​ទៅ​រោង​ឧបោសថ​ទេ ហើយ​គេ​ថ្លែង​ទំនាយ​នៅ​ក្នុង​ជំរំ។ យុវជន​ម្នាក់​រត់​ទៅ​ជម្រាប​លោក​ម៉ូសេ​ពី​រឿង​នោះ​ថា៖ «អែលដាដ និង​មីដាដ កំពុង​ថ្លែង​ទំនាយ​នៅ​ក្នុង​ជំរំ»។ ពេល​នោះ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ដែល​ជា​អ្នក​ជំនួយ​របស់​លោក​ម៉ូសេ តាំង​ពី​កំលោះ​មក ពោល​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ សូម​ហាម​គេ​ទៅ!» ប៉ុន្ដែ លោក​ម៉ូសេ​តប​ទៅ​គាត់​ថា៖ «តើ​អ្នក​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ជា​ហោរា​ទាំង​អស់​គ្នា ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើ​គេ​ផង!»។ បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ជំរំ​វិញ។ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​នាំ​សត្វ​ក្រួច​ពី​សមុទ្រ​មក ហើយ​ឲ្យ​ធ្លាក់​ក្បែរ​ជំរំ មាន​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​នៅ​ខាង​ណេះ ហើយ​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​នៅ​ខាង​ណោះ ជុំ‌វិញ​ជំរំ​ទាំង​អស់ ហើយ​គ​លើ​គ្នា​កម្ពស់​ប្រហែល​ពីរ​ហត្ថ​ពី​ដី។ ដូច្នេះ ប្រជាជន​ក្រោក​ឡើង នាំ​គ្នា​ចាប់​ក្រួច​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​ពេញ​មួយ​ថ្ងៃ​បន្ទាប់​ទៀត។ អ្នក​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដប់​ហាប រួច​គេ​ហាល​សាច់​សត្វ​គ្រួច​ទាំង​នោះ​ទុក​សម្រាប់​ខ្លួន​គេ​នៅ​ជុំ‌វិញ​ជំរំ។ ប៉ុន្តែ កាល​សាច់​នោះ​កំពុង​នៅ​ជាប់​នឹង​ធ្មេញ មិន​ទាន់​ទំពារ​នៅ​ឡើយ នោះ​សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ប្រជាជន ហើយ​ព្រះ‌អង្គ​វាយ​ប្រជាជន​នោះ​ដោយ​គ្រោះ​កាច​មួយ​យ៉ាង​ធំ។ ដូច្នេះ គេ​ក៏​ហៅ​កន្លែង​នោះ​ថា គីប្រុត​ហាតាវ៉ា ព្រោះ​នៅ​ទី​នោះ​គេ​បាន​កប់​ខ្មោច​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់។ ប្រជាជន​ក៏​ចេញ​ដំណើរ​ពី​គីប្រុត-ហាតាវ៉ា ឆ្ពោះ​ទៅ​កាន់​ហាសិរ៉ូត ហើយ​បោះ​ជំរំ​នៅ​ទី​នោះ។

ចែក​រំលែក
អាន ជនគណនា 11

ជនគណនា 11:10-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​បាន​ឮ​ប្រជា‌ជន​យំ​សោក​នៅ​មាត់​ទ្វារ​ជំរំ​នៃ​អំបូរ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អាក់‌អន់​ចិត្ត​ដែរ។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ពិបាក​ចិត្ត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មិន​អាណិត​មេត្តា​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ឲ្យ​ទូលបង្គំ​ទទួល​បន្ទុក​លើ​ប្រជា‌ជន​ទាំង​នេះ? តើ​ទូលបង្គំ​ជា​អ្នក​បង្កើត​ប្រជា‌ជន​ទាំង​នេះ​ឬ តើ​ទូលបង្គំ​ជា​ឪពុក​របស់​ពួក​គេ​ឬ បាន​ជា​ព្រះអង្គ​បង្គាប់​ឲ្យ​ទូលបង្គំ​បី​បាច់​ថែ‌រក្សា​ពួក​គេ ដូច​ម្ដាយ​ថែ‌រក្សា​កូន រហូត​ទៅ​ដល់​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ? តើ​ទូលបង្គំ​ទៅ​រក​សាច់​ឯ​ណា​មក​ឲ្យ​ប្រជា‌ជន​ទាំង​នេះ​បរិភោគ​បាន? ពួក​គេ​នាំ​គ្នា​យំ​សោក​ដាក់​ទូលបង្គំ ទទូច​ថា “សូម​រក​សាច់​មក​ឲ្យ​ពួក​យើង​បរិភោគ!”។ ទូលបង្គំ​ពុំ​អាច​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​នេះ​តែ​ម្នាក់​ឯង​ទេ ព្រោះ​ជា​បន្ទុក​ធ្ងន់​ពេក​សម្រាប់​ទូលបង្គំ។ ប្រសិន​បើ​ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដូច្នេះ សូម​មេត្តា​ដក​ជីវិត​ទូលបង្គំ​ទៅ។ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ សូម​កុំ​ទុក​ឲ្យ​ទូលបង្គំ​ឃើញ​ទុក្ខ​វេទនា​បែប​នេះ​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ចិត‌សិប​នាក់​ឲ្យ​មក​ជួប​យើង គឺ​ព្រឹទ្ធា‌ចារ្យ និង​មេ​ដឹក​នាំ ដែល​អ្នក​ស្គាល់​ច្បាស់​ថា​ពិត​ជា​ព្រឹទ្ធា‌ចារ្យ និង​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​មែន។ ចូរ​នាំ​ពួក​គេ​មក​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ឈរ​នៅ​ទី​នោះ​ជា​មួយ​អ្នក។ យើង​នឹង​ចុះ​មក​និយាយ​ជា​មួយ​អ្នក យើង​នឹង​យក​វិញ្ញាណ​ដែល​ស្ថិត​នៅ​ក្នុង​អ្នក ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​រំលែក​បន្ទុក ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ជា​មួយ​អ្នក​ដែរ កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។ ចូរ​ប្រាប់​ប្រជា‌ជន​ថា “ចូរ​នាំ​គ្នា​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ សម្រាប់​ថ្ងៃ​ស្អែក ព្រោះ​អ្នក​រាល់​គ្នា​នឹង​មាន​សាច់​បរិភោគ។ អ្នក​រាល់​គ្នា​បាន​យំ​សោក​ដាក់​ព្រះ‌អម្ចាស់​ថា: តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ? នៅ​ស្រុក​អេស៊ីប​ពួក​យើង​សប្បាយ​ជាង។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។ អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​នោះ តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ ប្រាំ​ថ្ងៃ ដប់​ថ្ងៃ ឬ​ម្ភៃ​ថ្ងៃ​ប៉ុណ្ណោះ​ទេ អ្នក​រាល់​គ្នា​នឹង​បរិភោគ​ពេញ​មួយ​ខែ គឺ​រហូត​ទាល់​តែ​ឆ្អែត‌ឆ្អន់ ហើយ​ជិន‌ណាយ​ទៀត​ផង ដ្បិត​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ដែល​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​យំ​សោក​ដាក់​ព្រះអង្គ ទាំង​ពោល​ថា ហេតុ​អ្វី​បាន​ជា​ពួក​យើង​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?”»។ លោក​ម៉ូសេ​ទូល​ថា៖ «កង‌ទ័ព​ដែល​នៅ​ជា​មួយ​ទូលបង្គំ មាន​គ្នា​ទាំង​អស់​ប្រាំ​មួយ​សែន​នាក់ តើ​ព្រះអង្គ​ប្រទាន​សាច់​ឲ្យ​ពួក​គេ​បរិភោគ ដល់​ទៅ​មួយ​ខែ ដូច​ម្ដេច​បាន! ទោះ​បី​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ ឲ្យ​ពួក​គេ​បរិភោគ ក៏​មិន​គ្រប់​គ្រាន់ ហើយ​ទោះ​បី​ទៅ​បង់​ត្រី​ឲ្យ​អស់​ពី​សមុទ្រ​យក​មក​ឲ្យ​ពួក​គេ​បរិភោគ ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់​ដែរ»។ ព្រះ‌អម្ចាស់​តប​មក​លោក​ម៉ូសេ​វិញ​ថា៖ «តើ​ដៃ​របស់​យើង​ខ្លី​ពេក មិន​អាច​ធ្វើ​អ្វី​កើត​ឬ? បន្តិច​ទៀត អ្នក​នឹង​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សម្រេច ឬ​ក៏​មិន​សម្រេច»។ លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះ‌ពន្លា ហើយ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទៅ​ប្រាប់​ប្រជា‌ជន។ លោក​ប្រមូល​ព្រឹទ្ធា‌ចារ្យ​ចិត‌សិប​រូប​ពី​ក្នុង​ចំណោម​ប្រជា‌ជន ហើយ​នាំ​មក​ឈរ​នៅ​ជុំ‌វិញ​ពន្លា។ ព្រះ‌អម្ចាស់​យាង​ចុះ​មក​ក្នុង​ពពក រួច​សន្ទនា​ជា​មួយ​លោក។ ព្រះអង្គ​យក​វិញ្ញាណ​មួយ​ចំណែក​ពី​លោក ប្រគល់​ទៅ​ឲ្យ​ព្រឹទ្ធា‌ចារ្យ​ទាំង​ចិត‌សិប​រូប។ ពេល​ព្រះ‌វិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​គេ ពួក​គេ​ចាប់​ផ្ដើម​ថ្លែង​ព្រះ‌បន្ទូល តែ​ថ្លែង​មិន​យូរ​ទេ។ មាន​ព្រឹទ្ធា‌ចារ្យ​ពីរ​រូប ម្នាក់​ឈ្មោះ​អែល‌ដាដ និង​ម្នាក់​ទៀត​ឈ្មោះ​មីដាដ ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​ព្រះ‌វិញ្ញាណ​ក៏​បាន​គង់​ជា​មួយ​លោក​ទាំង​ពីរ​ដែរ។ លោក​ទាំង​ពីរ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ព្រឹទ្ធា‌ចារ្យ តែ​ពុំ​បាន​ទៅ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទេ លោក​ទាំង​ពីរ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ។ យុវជន​ម្នាក់​រត់​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «លោក​អែល‌ដាដ និង​មីដាដ កំពុង​តែ​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ»។ ពេល​នោះ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន និង​ជា​សហការី​របស់​លោក​ម៉ូសេ តាំង​ពី​យុវ‌វ័យ​មក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ សូម​ឃាត់​លោក​ទាំង​ពីរ​ទៅ!»។ លោក​ម៉ូសេ​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​ព្យាការី​ទាំង​អស់​គ្នា។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ ឲ្យ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។ បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​វិញ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្យល់​បក់​ពី​សមុទ្រ នាំ​សត្វ​ក្រួច​ឲ្យ​មក​ធ្លាក់​លើ​ជំរំ។ សត្វ​ក្រួច​ទាំង​នោះ​មាន​ពាស‌ពេញ​ជុំ‌វិញ​ជំរំ ចម្ងាយ​ផ្លូវ​ដើរ​ប្រមាណ​មួយ​ថ្ងៃ ហើយ​គរ​ពី​លើ​គ្នា កម្ពស់​ប្រមាណ​ពីរ​ហត្ថ។ ក្នុង​អំឡុង​ពេល​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​រហូត​ដល់​ថ្ងៃ​បន្ទាប់ ប្រជា‌ជន​នាំ​គ្នា​ក្រោក​ឡើង រើស​សត្វ​ក្រួច។ ម្នាក់ៗ​រើស​បាន​យ៉ាង​ហោច​ណាស់​ដប់​បាវ។ ពួក​គេ​ហាល​សាច់​ក្រួច​នោះ​នៅ​ជុំ‌វិញ​ជំរំ។ ពេល​ពួក​គេ​ដាក់​សាច់​ក្រួច​ក្នុង​មាត់ ហើយ​មិន​ទាន់​ទំពា​ស្រួល‌បួល​ផង​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌ជន ព្រះអង្គ​ប្រហារ​ពួក​គេ ដោយ​ភយន្ត‌រាយ​មួយ​ដ៏​ខ្លាំង។ គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ ថា​គីប្រូត-‌ហាតាវ៉ា ព្រោះ​គេ​បាន​បញ្ចុះ​អស់​អ្នក​ដែល​មាន​ចិត្ត​លោភ‌លន់ នៅ​ទី​នោះ។ បន្ទាប់​មក ប្រជា‌ជន​ចេញ​ដំណើរ​ពី​គីប្រូត-‌ហាតាវ៉ា​ឆ្ពោះ​ទៅ​កាន់​ហាសិ‌រ៉ូត ហើយ​បោះ​ជំរំ​នៅ​ទី​នោះ។

ចែក​រំលែក
អាន ជនគណនា 11

ជនគណនា 11:10-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម៉ូសេ​ក៏​ឮ​បណ្តាជន​យំ នៅ​គ្រប់​ទាំង​គ្រួសារ​គេ គឺ​គ្រប់​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ រួច​ម៉ូសេ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ទុក្ខ​ដល់​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​មិន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់ គឺ​ទ្រង់​បាន​ផ្ទុក​មនុស្ស​ទាំង​នេះ​ជា​បន្ទុក​លើ​ទូលបង្គំ​វិញ តើ​ទូលបង្គំ​ជា​ឪពុក​នៃ​មនុស្ស​ទាំង​នេះ​ឬ តើ​ទូលបង្គំ​បាន​បង្កើត​គេ​មក​ឬ​អី បាន​ជា​ទ្រង់​មាន​បន្ទូល ចូរ​បី​គេ ដូច​ជា​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ នាំ​ទៅ​ឯ​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ​ដូច្នេះ តើ​ទូលបង្គំ​នឹង​បាន​សាច់​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​បាន ដ្បិត​គេ​យំ​តាម​ទូលបង្គំ​ថា ចូរ​ឲ្យ​សាច់​មក​យើង​បរិភោគ​ផង រូប​ទូលបង្គំ​តែ​ម្នាក់​ឯង នឹង​បី​ទ្រ​មនុស្ស​ទាំង​នេះ​មិន​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ហួស​កំឡាំង​ទូលបង្គំ​ហើយ បើ​ទ្រង់​ប្រព្រឹត្ត​នឹង​ទូលបង្គំ​យ៉ាង​ដូច្នេះ ហើយ​បើ​ទូលបង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត នោះ​សូម​សំឡាប់​ទូលបង្គំ​ទៅ​វិញ​ចុះ ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​នៅ​ឃើញ​សេចក្ដី​វេទនា របស់​ទូលបង្គំ​ទៀត។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ប្រមូល​៧០​នាក់​ពី​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ដែល​ឯង​ដឹង​ថា ជា​ចាស់‌ទុំ​ក្នុង​បណ្តាជន នឹង​ជា​នាយក​ត្រួត‌ត្រា​លើ​គេ​មែន ឲ្យ​គេ​មក​ឯ​អញ ត្រូវ​នាំ​គេ​មក​ឯ​ត្រសាល​ជំនុំ ឲ្យ​ឈរ​នៅ​ទី​នោះ​ជា​មួយ​នឹង​ឯង អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​នឹង​ចែក​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​លើ​ឯង​ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តាជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​បណ្តាជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​នៅ​ថ្ងៃ​ស្អែក នោះ​នឹង​បាន​សាច់​បរិភោគ​ហើយ ដ្បិត​ឯង​រាល់​គ្នា​បាន​យំ​ដាក់​ព្រះ‌កាណ៌​នៃ​ព្រះ‌យេហូវ៉ា​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិភោគ ដ្បិត​ដែល​យើង​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ នោះ​ស្រួល​ណាស់ ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​សាច់​មក ហើយ​ឯង​រាល់​គ្នា​នឹង​បរិភោគ​ផង មិន​មែន​ត្រឹម​តែ​១​ថ្ងៃ ២​ថ្ងៃ ឬ​៥​ថ្ងៃ ១០​ថ្ងៃ ឬ​២០​ថ្ងៃ​ប៉ុណ្ណោះ​ទេ គឺ​ឯង​រាល់​នឹង​បរិភោគ​ពេញ​១​ខែ​វិញ ទាល់​តែ​សាច់​នោះ​ចេញ​តាម​រន្ធ​ច្រមុះ​ឯង​មក ហើយ​ឯង​នឹង​ធុញ‌ទ្រាន់​ចំពោះ​សាច់​នោះ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​ជិន‌ណាយ​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​កណ្តាល​ពួក​ឯង ហើយ​បាន​យំ​នៅ​ចំពោះ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ។ រួច​ម៉ូសេ​ទូល​សួរ​ថា បណ្តា​មនុស្ស​ដែល​ទូលបង្គំ​នៅ​ជា​មួយ​នេះ មាន​ពួក​ថ្មើរ​ជើង​ចំនួន​៦​សែន​នាក់ ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា នឹង​ឲ្យ​សាច់​ដល់​គេ​គ្រប់​គ្នា ឲ្យ​បាន​បរិភោគ​ពេញ​១​ខែ​ឬ តើ​ត្រូវ​សំឡាប់​ហ្វូង​សត្វ​ទាំង​ធំ​ទាំង​តូច ឲ្យ​ល្មម​ដល់​គេ​ឬ​អី ឬ​ត្រូវ​ប្រមូល​ត្រី​ក្នុង​សមុទ្រ​ទាំង​អស់​មក ឲ្យ​ល្មម​ដល់​គេ​ដែរ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​នឹង​ម៉ូសេ​ថា តើ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា​បាន​រួញ​ខ្លី​ឬ​អី ឥឡូវ​នេះ ឯង​នឹង​ឃើញ​ពិត បើ​ពាក្យ​អញ​ថា​នឹង​កើត​មក​ដល់​ឯង​មែន ឬ​មិន​មែន។ ម៉ូសេ​ក៏​នាំ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ចេញ​ទៅ​ប្រាប់​ដល់​បណ្តាជន រួច​លោក​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន​៧០​នាក់ មក​ដាក់​ឲ្យ​ឈរ​នៅ​ជុំវិញ​ត្រសាល​ជំនុំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​ក្នុង​ពពក មាន​បន្ទូល​នឹង​លោក រួច​ក៏​ចែក​ព្រះ‌វិញ្ញាណ ដែល​សណ្ឋិត​លើ​លោក​ទៅ​ដាក់​លើ​ពួក​ចាស់‌ទុំ​ទាំង​៧០​នាក់​នោះ​ផង កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​គេ​ហើយ នោះ​ស្រាប់​តែ​គេ​ទាយ​ទំនាយ​ម្តង តែ​មិន​បាន​ទាយ​ត​ទៅ​មុខ​ទៀត​ទេ។ រីឯ​មាន​ពួក​គេ​២​នាក់ រារង់​នៅ​ឯ​ទី​ដំឡើង​ត្រសាល ១​ឈ្មោះ​អែលដាត ១​ទៀត​ឈ្មោះ​មីដាត ជា​ពួក​អ្នក​ដែល​ចុះ​ឈ្មោះ​រួច​ហើយ តែ​មិន​បាន​ចេញ​ទៅ​ឯ​រោង​ឧបោសថ​ទេ ព្រះ‌វិញ្ញាណ​ក៏​សណ្ឋិត​លើ​គេ​ដែរ ហើយ​គេ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល នោះ​មាន​មនុស្ស​កំឡោះ​ម្នាក់​រត់​ទៅ​ជំរាប​ម៉ូសេ​ពី​រឿង​នោះ​ថា អែលដាត នឹង​មីដាត គេ​កំពុង​តែ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល រួច​យ៉ូស្វេ ជា​កូន​នុន ដែល​ជា​អ្នក​ជំនិត​របស់​ម៉ូសេ តាំង​ពី​កំឡោះ​មក​ក៏​និយាយ​ថា លោក​ម្ចាស់​ខ្ញុំ​អើយ សូម​ហាម​គេ​ទៅ តែ​ម៉ូសេ​ឆ្លើយ​ថា តើ​ឯង​ច្រណែន​ជំនួស​អញ​ឬ​អី អញ​សុខ​ចិត្ត​ឲ្យ​បណ្តាជន​ទាំង‌ឡាយ​របស់​ព្រះ‌យេហូវ៉ា​ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ព្រះ‌វិញ្ញាណ​ទ្រង់​លើ​គេ​គ្រប់​គ្នា​ចុះ នោះ​ម៉ូសេ ព្រម​ទាំង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ដំឡើង​ត្រសាល​វិញ។ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​នាំ​សុទ្ធ​តែ​សត្វ​ក្រួច​ពី​សមុទ្រ​មក ឲ្យ​រាច​ចេញ​នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល មាន​ចំងាយ​ដើរ​១​ថ្ងៃ​ខាង​ណេះ ហើយ​១​ថ្ងៃ​ខាង​ណោះ នៅ​ព័ទ្ធ​ជុំវិញ ហើយ​កំពស់​ពី​ដី​ឡើង ប្រហែល​ជា​២​ហត្ថ ឯ​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​ក្រោក​ឡើង ឈរ​ចាប់​ក្រួច​ពេញ​១​ថ្ងៃ​១​យប់​នោះ ហើយ​១​ថ្ងៃ​ស្អែក​ទៀត អ្នក​ណា​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដល់​១០​ហាប រួច​គេ​ហាល​សាច់​សត្វ​ទាំង​នោះ នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល​ទុក​សំរាប់​ខ្លួន​គេ តែ​កាល​សាច់​នោះ​កំពុង​ដំកល់​នៅ​នា​ធ្មេញ មិន​ទាន់​ទំពារ​នៅ​ឡើយ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា ក៏​ឆួល​ក្តៅ​ឡើង​ទាស់​នឹង​គេ ហើយ​ទ្រង់​វាយ​បណ្តាជន​ទាំង‌ឡាយ ដោយ​សេចក្ដី​វេទនា​យ៉ាង​ធំ ឯ​ឈ្មោះ​កន្លែង​នោះ​គេ​ក៏​ហៅ​ថា គីប្រុត​ហាតាវ៉ា ពី​ព្រោះ​នៅ​ទី​នោះ គេ​បាន​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​នឹក​ប៉ង‌ប្រាថ្នា​នោះ រួច​បណ្តាជន​គេ​ធ្វើ​ដំណើរ​ពី​គីប្រុត-ហាតាវ៉ា ទៅ​ដល់​ហាសិរ៉ូត ហើយ​ក៏​ឈប់​នៅ​ត្រង់​ហាសិរ៉ូត​នោះ។

ចែក​រំលែក
អាន ជនគណនា 11