នេហេមា 9:1-25

នេហេមា 9:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។ អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​គ្នា​ចូល​មក​សារភាព​អំពើ​បាប​របស់​ខ្លួន និង​កំហុស​ដូនតា។ បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​ស្ដាប់​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពួក​គេ ក្នុង​អំឡុង​ពេល​បី​ម៉ោង រួច​បី​ម៉ោង​ទៀត ពួក​គេ​សារភាព​អំពើ​បាប និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ លោក​យេសួរ លោក​បានី លោក​កាឌ‌មាល លោក​សេបា‌នា លោក​ប៊ូននី លោក​សេរេ‌ប៊ីយ៉ា លោក​បានី និង​លោក​កេណា‌នី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។ បន្ទាប់​មក ក្រុម​លេវី លោក​យេសួរ លោក​កាឌ‌មាល លោក​បានី លោក​ហាសាប‌នា លោក​សេរេ‌ប៊ីយ៉ា លោក​ហូឌា លោក​សេបា‌នា និង​លោក​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាំង​ពី​អស់‌កល្ប​រៀង​មក រហូត​ដល់​អស់‌កល្ប​រៀង​ទៅ!»។ «បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​សូម​លើក​តម្កើង ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះអង្គ ជា​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែង ដើម្បី​លើក​តម្កើង និង​សរសើរ​បាន! មាន​តែ​ព្រះអង្គ​ទេ​ដែល​ជា​ព្រះ‌អម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត និង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​លើ​មេឃ ព្រះអង្គ​ក៏​បាន​បង្កើត​ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ។ ព្រះអង្គ​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើ ហ្វូង‌តារា​ទាំង​អស់​នៅ​លើ​មេឃ នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ឱ​ព្រះ‌ជា‌អម្ចាស់​អើយ គឺ​ព្រះអង្គ​ហើយ ដែល​បាន​ជ្រើស​រើស​លោក​អាប់រ៉ាម និង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ នៅ​ស្រុក​ខាល់ដេ ហើយ​ព្រះអង្គ​ប្រទាន​នាម​លោក​ថា​អប្រាហាំ។ ព្រះអង្គ​ឈ្វេង​យល់​លោក​មាន ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ព្រះអង្គ​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក ដើម្បី​ប្រគល់​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​គើកា‌ស៊ី ឲ្យ​ពូជ‌ពង្ស​របស់​លោក។ ព្រះអង្គ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​សន្យា ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត។ ព្រះអង្គ​ទត​ឃើញ​ទុក្ខ​វេទនា​នៃ​បុព្វបុរស របស់​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីប ព្រះអង្គ​បាន​ឮ​សម្រែក​របស់​ពួក​គេ នៅ​ក្បែរ​សមុទ្រ​កក់។ ព្រះអង្គ​បាន​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ ប្រឆាំង​នឹង​ស្ដេច​ផារ៉ោន ព្រម​ទាំង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច និង​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​ព្រះអង្គ​ជ្រាប​ថា គេ​មាន​ចិត្ត​កោង​កាច ធ្វើ​បាប​បុព្វបុរស​របស់​យើង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​របស់​ព្រះអង្គ ល្បី‌ល្បាញ​រហូត​ដល់​សព្វ​ថ្ងៃ។ ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នា នៅ​ចំពោះ​មុខ​បុព្វបុរស​របស់​យើង ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ប៉ុន្តែ ព្រះអង្គ​បាន​ទម្លាក់​អស់​អ្នក​ដែល ដេញ​តាម​ពី​ក្រោយ​ពួក​គេ ទៅ​ក្នុង​ទី​ជម្រៅ ដូច​ដុំ​ថ្ម​ដែល​គេ​បោះ​ទៅ​ក្នុង​មហា‌សាគរ។ នៅ​ពេល​ថ្ងៃ ព្រះអង្គ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ព្រះអង្គ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។ ព្រះអង្គ​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​លើ​មេឃ មក​ពួក​គេ ហើយ​ប្រទាន​វិន័យ​ដ៏​ត្រឹម​ត្រូវ ក្រឹត្យ‌វិន័យ*​ដ៏​ពិត ព្រម​ទាំង​ច្បាប់ និង​បទ‌បញ្ជា​ផ្សេងៗ មក​ឲ្យ​ពួក​គេ។ ព្រះអង្គ​ប្រទាន​ឲ្យ​ពួក​គេ​ស្គាល់ ថ្ងៃ​សប្ប័ទ*​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ហើយ​ប្រទាន​បទ‌បញ្ជា ច្បាប់ ព្រម​ទាំង ក្រឹត្យ‌វិន័យ*​មក​ពួក​គេ តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន ព្រះអង្គ​ប្រទាន អាហារ​ពី​លើ​មេឃ​មក​ឲ្យ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​ស្រេក​ទឹក ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។ ព្រះអង្គ​បញ្ជា​ពួក​គេ​ឲ្យ​ចូល ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ។ ប៉ុន្តែ ដូនតា​របស់​យើង​ខ្ញុំ​មាន​អំនួត និង​មាន​ចិត្ត​រឹង​ចចេស ពុំ​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ​ទេ។ ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់ ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ដើម្បី​ជួយ​ពួក​គេ។ ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ ពួក​គេ​បាន​តែង‌តាំង​មេ​ដឹក​នាំ​ម្នាក់ ចង់​វិល​ទៅ​រក​ទាស‌ភាព​វិញ។ ប៉ុន្តែ ព្រះអង្គ​ជា​ព្រះ​ដែល​តែងតែ​អត់‌ទោស ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ និង​ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ព្រះអង្គ​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។ ទោះ​បី​ពួក​គេ​សិត​រូប​កូន​គោ​មួយ ទាំង​ពោល​ថា “នេះ​នែ៎ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប!” ហើយ​ទោះ​បី​ពួក​គេ​បាន​ប្រមាថ ព្រះអង្គ​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ឡើយ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ ពួក​គេ​យ៉ាង​ខ្លាំង។ នៅ​ពេល​ថ្ងៃ ព្រះអង្គ​នៅ​តែ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ព្រះអង្គ​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។ ព្រះអង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ របស់​ព្រះអង្គ មក​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណា ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេ មិន​ដែល​អាក់‌ខាន​ឡើយ។ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ ព្រះអង្គ​បាន​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់ ដែល​ពួក​គេ​ត្រូវ​ការ​នៅ​វាល​រហោ‌ស្ថាន ពួក​គេ​មិន​ដែល​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀក‌បំពាក់​របស់​ពួក​គេ​មិន​រេច‌រឹល ហើយ​ជើង​របស់​ពួក​គេ​ក៏​មិន​ហើម​ដែរ។ ព្រះអង្គ​បាន​ប្រគល់​ទឹក​ដី​របស់​នគរ និង​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង មក​ឲ្យ​ពួក​គេ​កាន់​កាប់។ ពួក​គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែស‌បូន និង​ទឹក​ដី​របស់​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ព្រះអង្គ​នាំ​ពួក​គេ​ចូល​ទៅ​ចាប់​យក​ទឹក​ដី ដែល​ព្រះអង្គ​សន្យា​ដល់​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ឲ្យ​ពួក​គេ​កាន់​កាប់។ កូន​ចៅ​របស់​ពួក​គេ​ក៏​ចូល​ទៅ​កាន់​កាប់​ទឹក​ដី ព្រះអង្គ​បាន​បង្ក្រាប​ជន‌ជាតិ​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខ​ពួក​គេ ព្រះអង្គ​បាន​ប្រគល់​ជន‌ជាតិ​នោះ ទាំង​ស្ដេច ទាំង​ប្រជា‌ជន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។ ពួក​គេ​ដណ្ដើម​យក​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ និង​ទឹក​ដី​ដែល​មាន​ជី‌ជាតិ​ល្អ។ ពួក​គេ​ចាប់​យក​បាន​ផ្ទះ ដែល​មាន​ពេញ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង ព្រម​ទាំង​អណ្ដូង​ទឹក ចម្ការ​ទំពាំង​បាយ‌ជូរ ចម្ការ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ យ៉ាង​ច្រើន​បរិបូណ៌។ ពួក​គេ​បរិភោគ​ឆ្អែត មាន​សាច់​មាន​ឈាម ហើយ​រស់​នៅ​យ៉ាង​សប្បាយ ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង របស់​ព្រះអង្គ។

ចែក​រំលែក
អាន នេហេមា 9

នេហេមា 9:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ថ្ងៃ​ម្ភៃ​បួន​ក្នុង​ខែ​ដដែល​នោះ ប្រជាជន​អ៊ីស្រា‌អែល​បាន​ជួប​ប្រជុំ​គ្នា ទាំង​តម​អាហារ ដោយ​ស្លៀក‌សំពត់​ធ្មៃ ហើយ​យក​ដី​រោយ​លើ​ក្បាល។ អស់​អ្នក​ដែល​ជា​ពូជពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង លន់‌តួ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​ទុច្ចរិត​នៃ​បុព្វ‌បុរស​របស់​គេ។ ពួក‌គេ​ឈរ​តាម​កន្លែង​របស់​ពួក‌គេ​រៀង​ៗខ្លួន ហើយ​អាន​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ រយៈ​ពេល​មួយ​ភាគ​ក្នុង​បួន​នៅ​ថ្ងៃ​នោះ ឯ​ពេល​វេលា​មួយ​ភាគ​ក្នុង​បួន​ទៀត ពួក‌គេ​លន់‌តួ​អំពើ​បាប និង​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។ ពេល​នោះ យេសួរ បានី កាឌ‌មាល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី និង​កេណានី ឈរ​លើ​ថ្នាក់​ជណ្តើរ​របស់​ពួក​លេវី ហើយ​បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។ បន្ទាប់​មក ពួក​លេវី យេសួរ កាឌ‌មាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា និង​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌ជានិច្ច។ សូម​ឲ្យ​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​នាម​ដែល​ថ្កើង​ឡើង​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ និង​ការ​សរ‌សើរ»។ លោក​អែសរ៉ា​ទូល​ថា៖ «ព្រះ‌អង្គ​តែ​មួយ​ដែល​ជា​ព្រះ‌ឯក‌អង្គ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ គឺ​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពល‌បរិវារ​នៅ​ជាន់​ទាំង​នោះ ក៏​បាន​បង្កើត​ផែន‌ដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន​ដី ហើយ​សមុទ្រ និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​សមុទ្រ ព្រះ‌អង្គ​ប្រទាន​ជីវិត​ឲ្យ​របស់​ទាំង​អស់​នោះ ហើយ​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​រើស​លោក​អាប់រ៉ាម ព្រម​ទាំង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ​របស់​ពួក​សាសន៍​ខាល់ដេ ហើយ​ប្រទាន​ឲ្យ​លោក​មាន​នាម​ថា អ័ប្រា‌ហាំ។ ព្រះ‌អង្គ​បាន​ឃើញ​ថា លោក​មាន​ចិត្ត​ស្មោះ‌ត្រង់​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​បាន​តាំង​សញ្ញា​នឹង​លោក ថានឹង​ប្រទាន​ស្រុក​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស និង​សាសន៍​គើកាស៊ី ដល់​ពូជ​ពង្ស​របស់​លោក ព្រះ‌អង្គ​ក៏​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​សុចរិត។ ព្រះ‌អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​បុព្វ‌បុរស​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ឮ​សម្រែក​របស់​គេ​នៅ​សមុទ្រ​ក្រហម ព្រះ‌អង្គបាន​សម្ដែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហា‌តលិក និងប្រជាជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​បុព្វ‌បុរស​របស់​យើង​ដោយ​ចិត្ត​ព្រហើន ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​ល្បី​ល្បាញ រហូត​ដល់​សព្វ​ថ្ងៃ។ ព្រះ‌អង្គ​បាន​ញែក​សមុទ្រ​ចេញ​ពី​គ្នានៅ​ចំពោះ​មុខ​ពួក‌គេ ឲ្យ​ពួក‌គេ​ដើរ​ឆ្លង​កាត់​កណ្ដាល​សមុទ្រ លើ​ដី​គោក តែ​ព្រះ‌អង្គ​បាន​ទម្លាក់​ពួក​អ្នក​ដែល​ដេញ​តាម​ទៅ​ក្នុង​ទី​ជម្រៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​មហា​សាគរ ។ ម្យ៉ាង​ទៀត នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ ដោយ‌សារ​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ដោយ​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែលពួក‌គេ​ត្រូវ​ដើរ។ ព្រះ‌អង្គ​បាន​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក‌គេ​ពី​លើ​មេឃ ប្រទាន​ឲ្យ​ពួក‌គេ​មាន​វិន័យ​ដ៏​ត្រឹម​ត្រូវ និង​ក្រឹត្យ‌វិន័យ​ដ៏​ពិត ព្រម​ទាំង​ច្បាប់ និង​បទ​បញ្ជា​ដ៏​ល្អ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក‌គេ​ស្គាល់​ថ្ងៃ​សប្ប័ទ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ឲ្យពួក‌គេ​មាន​បទ​បញ្ជា បញ្ញត្តិ និង​ក្រឹត្យ​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ប្រទាន​នំបុ័ង​ពី​លើ​មេឃ​មក​ចម្អែត​ពួក‌គេ ហើយ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​មក​ឲ្យ​ពួក‌គេ​ផឹក ក៏​បាន​បង្គាប់ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់ពួក‌គេ។ ប៉ុន្តែ ពួក‌គេ គឺ​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ហើយ​តាំង​ចិត្ត​រឹង​ចចេស ឥត​ស្តាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​ទេ។ គេ​មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ ក៏​មិន​នឹក​ចាំ​ពី​ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ក្នុង​ចំណោម​ពួក‌គេ​ដែរ គឺ​គេ​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ គេ​បាន​តែង​តាំង​ម្នាក់​ឲ្យ​ធ្វើ​ជា​មេដឹកនាំ វិល​ទៅ​រក​ភាព​ជាទាសករ​នៅ​ស្រុក​អេស៊ីព្ទ​វិញ តែព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រុងតែ​នឹង​អត់​ទោស ប្រណី​សន្ដោស ហើយ​មេត្តា‌ករុណា ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ហឫទ័យ​សប្បុ‌រស​ជា​បរិបូរ ព្រះ‌អង្គ​មិន​បោះ‌បង់​ចោល​ពួក‌គេ​ឡើយ។ ទោះ​ជា​ពេល​ដែល​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មាស​មួយ ហើយ​ពោល​ថា "នេះ​ជា​ព្រះ​របស់​យើង ដែល​បាន​នាំ​យើង​ឡើង​ពី​ស្រុក​អេស៊ីព្ទ" ហើយ​គេ​បាន​ប្រមាថ​ព្រះ‌អង្គ​យ៉ាង​ណា​ក្តី ក៏​ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​ចោល​ពួក‌គេ​នៅ​ទី​រហោ‌ស្ថាន​ឡើយ គឺ​ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​ពួក‌គេ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​ពួក‌គេ​នៅ​ពេល​យប់ ដើម្បី​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ​នោះ​ដែរ។ ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ព្រះ‌អង្គ មក​បង្ហាត់​បង្រៀន​គេ ហើយ​ប្រទាន​នំ​ម៉ាណាឲ្យ​ពួក‌គេ​បរិភោគ ហើយ​ប្រទាន​ទឹកឲ្យ​ពួក‌គេ​ផឹក មិន​ដែល​ខានឡើយ។ ព្រះ‌អង្គ​បាន​ចិញ្ចឹម​គេនៅ​ទី​រហោ‌ស្ថានរយៈ​ពេល​សែសិប​ឆ្នាំ ពួក‌គេ​មិន​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀក‌បំពាក់​របស់​ពួក‌គេ​ក៏​មិន​ដែល​សឹក ហើយ​ជើងរប​ស់ពួក‌គេក៏​មិន​ពុរពង​ដែរ។ ព្រះ‌អង្គ​បាន​ប្រទាន​នគរ និង​សាសន៍​នានា​ដល់​ពួក‌គេ ហើយ​ចែក​ស្រុក​ទាំង​អស់​ដល់​ពួក‌គេ។ ដូច្នេះ ពួក‌គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែសបូន និង​ទឹក​ដី​របស់​ព្រះ‌បាទ​អុក ជា​ស្តេច​ស្រុក​បាសាន។ ព្រះ‌អង្គ​បាន​ធ្វើឲ្យ​កូន​ចៅ​របស់​ពួក‌គេ​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ព្រះ‌អង្គ​បាន​នាំពួក‌គេ​ចូល​មក​ក្នុង​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រាប់​បុព្វ‌បុរសរបស់ពួក‌គេ ឲ្យ​ពួក‌គេ​ចូល​ទៅ​កាន់​កាប់។ ដូច្នេះ កូន​ចៅ​របស់​ពួក‌គេ​ក៏​ចូល​ទៅ​កាន់​កាប់ទឹក​ដី​នោះ ហើយ​ព្រះ‌អង្គ​បាន​បង្ក្រាប​សាសន៍​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខពួក‌គេ ព្រម​ទាំង​ប្រគល់​សាសន៍​នោះ ទាំង​ស្តេច​របស់​គេ ទាំង​ប្រជាជន​នៅ​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក‌គេ ដើម្បី​ឲ្យ​ពួក‌គេ​ប្រព្រឹត្ត​នឹង​សាសន៍​នោះ​តាម​អំពើ​ចិត្ត។ ពួក‌គេ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​កំផែង​ការ​ពារ និង​ទឹក​ដីដែល​មាន​ជី‌ជាតិ ក៏​បាន​ចាប់​យក​ផ្ទះ​ដែល​មាន​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ និង​អណ្តូង​ដែល​ជីក​ស្រាប់ ចម្ការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​យ៉ាង​ច្រើន​បរិបូរ។ យ៉ាង​នោះ គេ​បាន​បរិ‌ភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​ព្រះ​ហឫទ័យ​សប្បុ‌រស​ដ៏​ធំ​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន នេហេមា 9

នេហេមា 9:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​២៤ ក្នុង​ខែ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បាន​មូល​គ្នា​កាន់​ត្រណម ដោយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដី​នៅ​ខ្លួន ឯ​ពូជ​អ៊ីស្រាអែល​ក៏​ញែក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង​លន់‌តួ​អំពើ​បាប​របស់​ខ្លួន ព្រម​ទាំង​សេចក្ដី​ទុច្ចរិត​របស់​ពួក​ឰយុកោ​ផង រួច​គេ​ឈរ​នៅ​កន្លែង​គេ​រៀង​ខ្លួន ហើយ​ពេល​ថ្ងៃ​នោះ​១​ភាគ​ក្នុង​៤ មាន​ម្នាក់​អាន​មើល​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន រួច​ពេល​១​ភាគ​ក្នុង​៤​ទៀត​ក៏​លន់‌តួ ព្រម​ទាំង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ខណ​នោះ យេសួរ បានី កាឌមាល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី នឹង​កេណានី ជា​ពួក​លេវី ក៏​ឈរ​លើ​ថ្នាក់​ជណ្តើរ បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។ រួច​យេសួរ កាឌមាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា នឹង​ពេថា‌ហ៊ីយ៉ា ជា​ពួក​លេវី គេ​ប្រកាស​ថា ចូរ​ឈរ​ឡើង សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​អស់‌កល្ប រៀង​ទៅដល់​អស់‌កល្ប‌ជានិច្ច បាន​ប្រកប​ដោយ​ព្រះ‌ពរ ត្រូវ​តែ​សូម​ឲ្យ​ព្រះ‌នាម​របស់​ទ្រង់ ជា​ព្រះ‌នាម​ដ៏​រុងរឿង បាន​ពរ​ដែរ ជា​ពរ​ដែល​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ នឹង​សេចក្ដី​សរសើរ​ផង គឺ​ទ្រង់​តែ​១​ដែល​ជា​ព្រះ‌ឯក‌អង្គ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ នឹង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពល‌បរិវារ​នៅ​លើ​នោះ នឹង​ផែនដី ហើយ​សមុទ្រ នឹង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​ក៏​ទប់‌ទល់​ជីវិត​នៃ​របស់​ទាំង​នោះ ហើយ​ពួក​ពល​នៅ​លើ​មេឃ ក៏​ថ្វាយ‌បង្គំ​ដល់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ គឺ​ទ្រង់​ហើយ ដែល​បាន​រើស​អាប់រ៉ាម ព្រម​ទាំង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ របស់​ពួក​សាសន៍​ខាល់ដេ ហើយ​ប្រទាន​ឲ្យ​លោក​មាន​ឈ្មោះ​ជា​អ័ប្រា‌ហាំ​វិញ ទ្រង់​បាន​ឃើញ​ថា លោក​មាន​ចិត្ត​ស្មោះ‌ត្រង់​នៅ​ចំពោះ​ទ្រង់ រួច​តាំង​សញ្ញា​នឹង​លោក​ថា នឹង​ប្រទាន​ស្រុក​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស នឹង​សាសន៍​គើកាស៊ី ដល់​ពូជ​របស់​លោក ទ្រង់​ក៏​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ហើយ ដ្បិត​ទ្រង់​សុចរិត។ ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​វេទនា​របស់​ពួក​ឰយុកោ​យើង​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ឮ​សំរែក ដែល​គេ​ស្រែក​នៅ​ត្រង់​សមុទ្រ​ក្រហម ក៏​សំដែង​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហា‌តលិក នឹង​បណ្តាជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដោយ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​ពួក​ឰយុកោ​ទាំង​នោះ ដោយ​ចិត្ត​ព្រហើន ហើយ​ទ្រង់​បាន​ល្បី​ព្រះ‌នាម ដូច​មាន​សព្វ​ថ្ងៃ​នេះ ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ញែក​ចេញ​ជា​ពីរ នៅ​មុខ​អ្នក​ទាំង​នោះ ឲ្យ​បាន​ឆ្លង​ទៅ​នៅ​កណ្តាល​សមុទ្រ ដោយ​ដី​គោក តែ​ទ្រង់​បាន​បោះ​ពួក​អ្នក​ដែល​ដេញ​តាម ចោល​ទៅ​ក្នុង​ទី​ជំរៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​ទឹក​ដ៏​មាន​កំឡាំង មួយ​ទៀត នៅ​ពេល​ថ្ងៃ ទ្រង់​បាន​នាំ​ពួក​ឰយុកោ​នោះ ដោយ‌សារ​បង្គោល​ពពក ហើយ​ពេល​យប់ ដោយ‌សារ​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ ទ្រង់​បាន​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​បន្ទូល​នឹង​គេ​ពី​លើ​មេឃ​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​ច្បាប់​យុត្តិ‌ធម៌​ដ៏​ត្រឹម‌ត្រូវ នឹង​ក្រិត្យ‌វិន័យ​ដ៏​ពិត ហើយ​បញ្ញត្ត នឹង​ក្រិត្យ‌ក្រម​ដ៏​ល្អ​ដល់​គេ ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ថ្ងៃ​ឈប់​សំរាក​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ក្រិត្យ‌ក្រម បញ្ញត្ត នឹង​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ ទ្រង់​បាន​ប្រទាន​នំបុ័ង​ពី​លើ​មេឃ​មក​ចំអែត​ដល់​គេ ហើយ​បណ្តាល​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​មក ឲ្យ​គេ​ផឹក ក៏​បាន​បង្គាប់ ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ។ ប៉ុន្តែគេ នឹង​ពួក​ឰយុកោ​របស់​យើង​ខ្ញុំ​ត​រៀង​មក បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ព្រហើន ព្រម​ទាំង​តាំង​ក​រឹង ឥត​ស្តាប់​តាម​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ទេ គេ​មិន​ព្រម​ធ្វើ​តាម​បង្គាប់​ឡើយ ក៏​មិន​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​ពួក​គេ​ផង គឺ​គេ​បាន​តាំង​ក​រឹង​វិញ ក្នុង​គ្រា​បះ‌បោរ​នោះ គេ​បាន​ដំរូវ​ម្នាក់​ឲ្យ​ធ្វើ​ជា​មេ ដើម្បី​នឹង​នាំ​វិល​ទៅ​ឯ​សណ្ឋាន​ជា​បាវ​បំរើ​វិញ តែ​ទ្រង់​ជា​ព្រះ​ដែល​ប្រុង​នឹង​អត់​ទោស ទ្រង់​ក៏​សន្តោស ហើយ​មេត្តា‌ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ បាន​ជា​ទ្រង់​មិន​បោះ‌បង់​ចោល​គេ​ឡើយ ទោះ​ទាំង​កាល​ដែល​គេ​បាន​បណ្តាល​ទំនាស់​ទ្រង់​ជា​ខ្លាំង ដោយ​សិត​ធ្វើ​រូប​កូន​គោ ហើយ​និយាយ​ថា នេះ​ជា​ព្រះ​របស់​យើង ដែល​បាន​នាំ​យើង​ឡើង​ពី​ស្រុក​អេស៊ីព្ទមក​ដូច្នេះ​ក្តី គង់​តែ​ទ្រង់​មិន​បាន​បោះ‌បង់​ចោល​គេ នៅ​ទី​រហោ‌ស្ថាន​ដែរ គឺ​ដោយ​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដ៏​ក្រៃ‌លែង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​គេ​នៅ​វេលា​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​គេ​នៅ​វេលា​យប់ ដើម្បី​នឹង​បង្ហាញ​ផ្លូវ ដែល​គេ​ត្រូវ​ដើរ​ដែរ ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់ មក​បង្ហាត់​បង្រៀន​គេ ទ្រង់​មិន​ដែល​បង្អត់​នំ​ម៉ាន៉ា​ចំពោះ​គេ​ទេ ហើយ​បាន​ប្រទាន​ទឹក ឲ្យ​គេ​ផឹក​ផង គឺ​ទ្រង់​បាន​ចិញ្ចឹម​គេ នៅ​ទី​រហោ‌ស្ថាន អស់​៤០​ឆ្នាំ គេ​ឥត​មាន​ខ្វះ​ខាត​អ្វី​ឡើយ សំលៀក‌បំពាក់​របស់​គេ​ក៏​មិន​ដែល​សឹក ហើយ​ជើង​គេ​មិន​ពុរពង​ដែរ មួយ​ទៀត​ទ្រង់​បាន​ប្រទាន​នគរ នឹង​សាសន៍​ផ្សេងៗ ហើយ​ចែក​ស្រុក​ទាំង​នោះ​ដល់​គេ គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ស្រុក​របស់​ស៊ីហុន ជា​ស្រុក​របស់​ស្តេច​ក្រុង​ហែសបូន នឹង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន ទ្រង់​ក៏​ធ្វើ​ឲ្យ​គេ​កើត​កូន​ចំរើន​ឡើង ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​ទ្រង់​ប្រាប់​ដល់​ពួក​ឰយុកោ​ថា ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​នេះ ដូច្នេះ ពួក​កូន​ចៅ​គេ​ក៏​ចូល​ទៅ​ចាប់​យក​ស្រុក ហើយ​ទ្រង់​បាន​បង្ក្រាប​សាសន៍​កាណាន ជា​ពួក​អ្នក​ស្រុក​នេះ នៅ​មុខ​គេ ព្រម​ទាំង​ប្រគល់​ពួក​នោះ នឹង​ស្តេច ហើយ​បណ្តាជន​ទាំង‌ឡាយ មក​ក្នុង​កណ្តាប់​ដៃ​គេ ឲ្យ​បាន​ប្រព្រឹត្ត​នឹង​សាសន៍​នោះ តាម​អំពើ​ចិត្ត គេ​ចាប់​យក​បាន​ទាំង​ទី​ក្រុង​មាន​បន្ទាយ នឹង​ស្រុក​មាន​ជី‌ជាតិ ក៏​បាន​ផ្ទះ​ជា​ច្រើន ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ នឹង​អណ្តូង​ជីក​ស្រាប់ ចំការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ នឹង​ដើម​ឈើ​ផ្លែ​ជា​បរិបូរ យ៉ាង​នោះ​គេ​បាន​បរិភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្ដី​សប្បុរស​ដ៏​ជា​ធំ​របស់​ទ្រង់។

ចែក​រំលែក
អាន នេហេមា 9

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ