នេហេមា 9:1-25

នេហេមា 9:1-25 គកស១៦

លុះ​ដល់​ថ្ងៃ​ម្ភៃ​បួន​ក្នុង​ខែ​ដដែល​នោះ ប្រជាជន​អ៊ីស្រា‌អែល​បាន​ជួប​ប្រជុំ​គ្នា ទាំង​តម​អាហារ ដោយ​ស្លៀក‌សំពត់​ធ្មៃ ហើយ​យក​ដី​រោយ​លើ​ក្បាល។ អស់​អ្នក​ដែល​ជា​ពូជពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង លន់‌តួ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​ទុច្ចរិត​នៃ​បុព្វ‌បុរស​របស់​គេ។ ពួក‌គេ​ឈរ​តាម​កន្លែង​របស់​ពួក‌គេ​រៀង​ៗខ្លួន ហើយ​អាន​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ រយៈ​ពេល​មួយ​ភាគ​ក្នុង​បួន​នៅ​ថ្ងៃ​នោះ ឯ​ពេល​វេលា​មួយ​ភាគ​ក្នុង​បួន​ទៀត ពួក‌គេ​លន់‌តួ​អំពើ​បាប និង​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។ ពេល​នោះ យេសួរ បានី កាឌ‌មាល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី និង​កេណានី ឈរ​លើ​ថ្នាក់​ជណ្តើរ​របស់​ពួក​លេវី ហើយ​បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។ បន្ទាប់​មក ពួក​លេវី យេសួរ កាឌ‌មាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា និង​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌ជានិច្ច។ សូម​ឲ្យ​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​នាម​ដែល​ថ្កើង​ឡើង​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ និង​ការ​សរ‌សើរ»។ លោក​អែសរ៉ា​ទូល​ថា៖ «ព្រះ‌អង្គ​តែ​មួយ​ដែល​ជា​ព្រះ‌ឯក‌អង្គ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ គឺ​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពល‌បរិវារ​នៅ​ជាន់​ទាំង​នោះ ក៏​បាន​បង្កើត​ផែន‌ដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន​ដី ហើយ​សមុទ្រ និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​សមុទ្រ ព្រះ‌អង្គ​ប្រទាន​ជីវិត​ឲ្យ​របស់​ទាំង​អស់​នោះ ហើយ​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​រើស​លោក​អាប់រ៉ាម ព្រម​ទាំង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ​របស់​ពួក​សាសន៍​ខាល់ដេ ហើយ​ប្រទាន​ឲ្យ​លោក​មាន​នាម​ថា អ័ប្រា‌ហាំ។ ព្រះ‌អង្គ​បាន​ឃើញ​ថា លោក​មាន​ចិត្ត​ស្មោះ‌ត្រង់​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​បាន​តាំង​សញ្ញា​នឹង​លោក ថានឹង​ប្រទាន​ស្រុក​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស និង​សាសន៍​គើកាស៊ី ដល់​ពូជ​ពង្ស​របស់​លោក ព្រះ‌អង្គ​ក៏​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​សុចរិត។ ព្រះ‌អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​បុព្វ‌បុរស​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ឮ​សម្រែក​របស់​គេ​នៅ​សមុទ្រ​ក្រហម ព្រះ‌អង្គបាន​សម្ដែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហា‌តលិក និងប្រជាជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​បុព្វ‌បុរស​របស់​យើង​ដោយ​ចិត្ត​ព្រហើន ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​ល្បី​ល្បាញ រហូត​ដល់​សព្វ​ថ្ងៃ។ ព្រះ‌អង្គ​បាន​ញែក​សមុទ្រ​ចេញ​ពី​គ្នានៅ​ចំពោះ​មុខ​ពួក‌គេ ឲ្យ​ពួក‌គេ​ដើរ​ឆ្លង​កាត់​កណ្ដាល​សមុទ្រ លើ​ដី​គោក តែ​ព្រះ‌អង្គ​បាន​ទម្លាក់​ពួក​អ្នក​ដែល​ដេញ​តាម​ទៅ​ក្នុង​ទី​ជម្រៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​មហា​សាគរ ។ ម្យ៉ាង​ទៀត នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ ដោយ‌សារ​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ដោយ​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែលពួក‌គេ​ត្រូវ​ដើរ។ ព្រះ‌អង្គ​បាន​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក‌គេ​ពី​លើ​មេឃ ប្រទាន​ឲ្យ​ពួក‌គេ​មាន​វិន័យ​ដ៏​ត្រឹម​ត្រូវ និង​ក្រឹត្យ‌វិន័យ​ដ៏​ពិត ព្រម​ទាំង​ច្បាប់ និង​បទ​បញ្ជា​ដ៏​ល្អ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក‌គេ​ស្គាល់​ថ្ងៃ​សប្ប័ទ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ឲ្យពួក‌គេ​មាន​បទ​បញ្ជា បញ្ញត្តិ និង​ក្រឹត្យ​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ប្រទាន​នំបុ័ង​ពី​លើ​មេឃ​មក​ចម្អែត​ពួក‌គេ ហើយ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​មក​ឲ្យ​ពួក‌គេ​ផឹក ក៏​បាន​បង្គាប់ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់ពួក‌គេ។ ប៉ុន្តែ ពួក‌គេ គឺ​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ហើយ​តាំង​ចិត្ត​រឹង​ចចេស ឥត​ស្តាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​ទេ។ គេ​មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ ក៏​មិន​នឹក​ចាំ​ពី​ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ក្នុង​ចំណោម​ពួក‌គេ​ដែរ គឺ​គេ​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ គេ​បាន​តែង​តាំង​ម្នាក់​ឲ្យ​ធ្វើ​ជា​មេដឹកនាំ វិល​ទៅ​រក​ភាព​ជាទាសករ​នៅ​ស្រុក​អេស៊ីព្ទ​វិញ តែព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រុងតែ​នឹង​អត់​ទោស ប្រណី​សន្ដោស ហើយ​មេត្តា‌ករុណា ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ហឫទ័យ​សប្បុ‌រស​ជា​បរិបូរ ព្រះ‌អង្គ​មិន​បោះ‌បង់​ចោល​ពួក‌គេ​ឡើយ។ ទោះ​ជា​ពេល​ដែល​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មាស​មួយ ហើយ​ពោល​ថា "នេះ​ជា​ព្រះ​របស់​យើង ដែល​បាន​នាំ​យើង​ឡើង​ពី​ស្រុក​អេស៊ីព្ទ" ហើយ​គេ​បាន​ប្រមាថ​ព្រះ‌អង្គ​យ៉ាង​ណា​ក្តី ក៏​ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​ចោល​ពួក‌គេ​នៅ​ទី​រហោ‌ស្ថាន​ឡើយ គឺ​ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​ពួក‌គេ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​ពួក‌គេ​នៅ​ពេល​យប់ ដើម្បី​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ​នោះ​ដែរ។ ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ព្រះ‌អង្គ មក​បង្ហាត់​បង្រៀន​គេ ហើយ​ប្រទាន​នំ​ម៉ាណាឲ្យ​ពួក‌គេ​បរិភោគ ហើយ​ប្រទាន​ទឹកឲ្យ​ពួក‌គេ​ផឹក មិន​ដែល​ខានឡើយ។ ព្រះ‌អង្គ​បាន​ចិញ្ចឹម​គេនៅ​ទី​រហោ‌ស្ថានរយៈ​ពេល​សែសិប​ឆ្នាំ ពួក‌គេ​មិន​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀក‌បំពាក់​របស់​ពួក‌គេ​ក៏​មិន​ដែល​សឹក ហើយ​ជើងរប​ស់ពួក‌គេក៏​មិន​ពុរពង​ដែរ។ ព្រះ‌អង្គ​បាន​ប្រទាន​នគរ និង​សាសន៍​នានា​ដល់​ពួក‌គេ ហើយ​ចែក​ស្រុក​ទាំង​អស់​ដល់​ពួក‌គេ។ ដូច្នេះ ពួក‌គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែសបូន និង​ទឹក​ដី​របស់​ព្រះ‌បាទ​អុក ជា​ស្តេច​ស្រុក​បាសាន។ ព្រះ‌អង្គ​បាន​ធ្វើឲ្យ​កូន​ចៅ​របស់​ពួក‌គេ​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ព្រះ‌អង្គ​បាន​នាំពួក‌គេ​ចូល​មក​ក្នុង​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រាប់​បុព្វ‌បុរសរបស់ពួក‌គេ ឲ្យ​ពួក‌គេ​ចូល​ទៅ​កាន់​កាប់។ ដូច្នេះ កូន​ចៅ​របស់​ពួក‌គេ​ក៏​ចូល​ទៅ​កាន់​កាប់ទឹក​ដី​នោះ ហើយ​ព្រះ‌អង្គ​បាន​បង្ក្រាប​សាសន៍​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខពួក‌គេ ព្រម​ទាំង​ប្រគល់​សាសន៍​នោះ ទាំង​ស្តេច​របស់​គេ ទាំង​ប្រជាជន​នៅ​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក‌គេ ដើម្បី​ឲ្យ​ពួក‌គេ​ប្រព្រឹត្ត​នឹង​សាសន៍​នោះ​តាម​អំពើ​ចិត្ត។ ពួក‌គេ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​កំផែង​ការ​ពារ និង​ទឹក​ដីដែល​មាន​ជី‌ជាតិ ក៏​បាន​ចាប់​យក​ផ្ទះ​ដែល​មាន​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ និង​អណ្តូង​ដែល​ជីក​ស្រាប់ ចម្ការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​យ៉ាង​ច្រើន​បរិបូរ។ យ៉ាង​នោះ គេ​បាន​បរិ‌ភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​ព្រះ​ហឫទ័យ​សប្បុ‌រស​ដ៏​ធំ​របស់​ព្រះ‌អង្គ។

អាន នេហេមា 9

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ