នេហេមា 8:1-18

នេហេមា 8:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រលាន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទ្វារ​គង្គា។ ពួក​គេ​សុំ​ឲ្យ​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ យក​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់ ប្រទាន​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តាម។ លោក​បូជា‌ចារ្យ​អែសរ៉ា​ក៏​យក​ក្រឹត្យ‌វិន័យ​មក​ខាង​មុខ​អង្គ​ប្រជុំ ដែល​មាន​ប្រជា‌ជន​ប្រុស​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ។ តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ លោក​អែសរ៉ា​អាន​គម្ពីរ‌វិន័យ​នេះ​នៅ​ខាង​មុខ​ព្រលាន ដែល​ស្ថិត​នៅ​ទល់​មុខ​ទ្វារ​គង្គា ឲ្យ​ប្រជា‌ជន​ស្ដាប់ គឺ​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ប្រជា‌ជន​ទាំង​មូល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​លោក​អាន​ក្រឹត្យ‌វិន័យ។ លោក​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ ឈរ​នៅ​លើ​វេទិកា​ឈើ​មួយ ដែល​គេ​បាន​ដំឡើង​សម្រាប់​ពេល​នោះ។ លោក​ម៉ាធិ‌ធា លោក​សេម៉ា លោក​អណា‌យ៉ា លោក​អ៊ូរី‌យ៉ា លោក​ហ៊ីល‌គីយ៉ា និង​លោក​ម៉ាសេ‌យ៉ា ឈរ​នៅ​ខាង​ស្ដាំ​ដៃ​របស់​លោក ហើយ​លោក​ពេដា‌យ៉ា លោក​មីសា‌អែល លោក​ម៉ាល់‌គា លោក​ហាស៊ូម លោក​ហាសបា‌ដាណា លោក​សាកា‌រី និង​លោក​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។ លោក​អែសរ៉ា​បើក​គម្ពីរ ហើយ​ប្រជា‌ជន​បាន​ឃើញ​ទាំង​អស់​គ្នា ដ្បិត​លោក​ឈរ​នៅ​ត្រង់​កន្លែង​ខ្ពស់​ជាង​គេ។ ពេល​គម្ពីរ​បើក​ចំហ ប្រជា‌ជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង។ លោក​អែសរ៉ា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ហើយ​ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​តប​វិញ ទាំង​លើក​ដៃ​ឡើង​លើ​ថា «អាម៉ែន! អាម៉ែន!» រួច​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ឱន​មុខ​ដល់​ដី។ លោក​យេសួរ លោក​បានី លោក​សេរេ‌ប៊ីយ៉ា លោក​យ៉ាមីន លោក​អ័ក‌គូប លោក​សាប‌ថាយ លោក​ហូឌា លោក​ម៉ាសេ‌យ៉ា លោក​កេលី‌ថា លោក​អសា‌រា លោក​យ៉ូសា‌បាដ លោក​ហាណាន លោក​ពេឡា‌យ៉ា និង​ក្រុម​លេវី បក​ស្រាយ​ក្រឹត្យ‌វិន័យ​ពន្យល់​ប្រជា‌ជន ហើយ​ប្រជា‌ជន​ឈរ​នៅ​ទី​នោះ។ ពួក​គេ​អាន​គម្ពីរ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ច្បាស់ៗ ព្រម​ទាំង​បក​ស្រាយ​អត្ថ‌ន័យ​នៃ​សេចក្ដី ដែល​ពួក​គេ​អាន​នោះ​ឲ្យ​ប្រជា‌ជន​យល់។ ពេល​ប្រជា‌ជន​ទាំង​មូល​ឮ​ព្រះ‌បន្ទូល ដែល​មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ពួក​គេ​នាំ​គ្នា​យំ។ ដូច្នេះ លោក​ទេសា‌ភិបាល​នេហេមា លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ និង​ក្រុម​លេវី ដែល​មាន​នាទី​បក​ស្រាយ​ក្រឹត្យ‌វិន័យ ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ!»។ លោក​អែសរ៉ា​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ពិសា​សាច់ និង​ស្រា​ដ៏​ឆ្ងាញ់ៗ ហើយ​យក​មួយ​ចំណែក​ឲ្យ​អស់​អ្នក​ដែល​មិន​ទាន់​រៀបចំ​បរិភោគ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ព្រួយ​ឡើយ ព្រោះ​អំណរ​ដែល​មក​ពី​ព្រះ‌អម្ចាស់ ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។ ក្រុម​លេវី​ក៏​លួង‌លោម​ប្រជា‌ជន ដោយ​ពោល​ថា៖ «សូម​បងប្អូន​ឈប់​យំ​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏វិសុទ្ធ គឺ​មិន​ត្រូវ​កើត​ទុក្ខ​ឡើយ!»។ ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​ចេញ​ទៅ​បរិភោគ​អាហារ និង​ស្រា ហើយ​យក​មួយ​ចំណែក​ឲ្យ​អស់​អ្នក​ដែល​គ្មាន។ ពួក​គេ​សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង ព្រោះ​តែ​បាន​យល់​ព្រះ‌បន្ទូល​ដែល​គេ​បក​ស្រាយ​ឲ្យ​ស្ដាប់។ នៅ​ថ្ងៃ​ទី​ពីរ មេ​ដឹក​នាំ​ក្រុម​គ្រួសារ​របស់​ប្រជា‌ជន​ទាំង​អស់ ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ជួប‌ជុំ​គ្នា​នៅ​ជុំ‌វិញ​លោក​អែសរ៉ា​ជា​បណ្ឌិត​ខាង​វិន័យ ដើម្បី​រិះគិត​អំពី​ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ។ ពួក​គេ​ឃើញ​ក្នុង​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ​មាន​ចែង​ថា នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ*។ ពួក​គេ​ត្រូវ​ប្រាប់​ដំណឹង​នេះ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ដឹង​នៅ​តាម​ក្រុង​នានា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​ពួក​គេ​ប្រកាស​ថា “ចូរ​នាំ​គ្នា​ទៅ​តាម​ភ្នំ ហើយ​កាច់​មែក​អូលីវ​ស្រុក អូលីវ​ព្រៃ មែក​ចាក មែក​ទន្សែ និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន យក​មក​សង់​បារាំ​ដូច​មាន​ចែង​ទុក”។ ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​ចេញ​ទៅ​កាច់​មែក​ឈើ​យក​មក​សង់​បារាំ នៅ​តាម​សំយាប​ផ្ទះ និង​ទីធ្លា​ផ្ទះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ព្រម​ទាំង​សង់​បារាំ នៅ​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​ព្រលាន​ទ្វារ​គង្គា និង​ព្រលាន​ទ្វារ​អេប្រា‌អិម។ សហគមន៍​ទាំង​មូល គឺ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ​នាំ​គ្នា​សង់​បារាំ រួច​ស្នាក់​នៅ​ក្នុង​បារាំ​នោះ។ តាំង​ពី​ជំនាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​រហូត​មក​ទល់​សព្វ​ថ្ងៃ ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ដែល​ធ្វើ​បុណ្យ​បែប​នេះ​ទេ។ ពេល​នោះ ប្រជា‌ជន​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ រៀង​រាល់​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​បង្ហើយ​បុណ្យ គេ​អាន​ព្រះ‌បន្ទូល​នៅ​ក្នុង​គម្ពីរ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់។ គេ​ប្រារព្ធ​ពិធី​បុណ្យ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី​គេ​ធ្វើ​បុណ្យ​យ៉ាង​ឱឡា‌រិក ស្រប​តាម​វិន័យ​ដែល​មាន​ចែង​ទុក។

ចែក​រំលែក
អាន នេហេមា 8

នេហេមា 8:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រជា‌ជន​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​ធ្លា​ខាង​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ ហើយ​គេ​សុំ​ឲ្យ​ស្មៀន​អែសរ៉ា​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពួក​អ៊ីស្រា‌អែល។ ដូច្នេះ នៅ​ថ្ងៃ​ទីមួយ​នៃ​ខែ​ទី​ប្រាំពីរ សង្ឃ​អែសរ៉ា​ក៏​យក​ក្រឹត្យ‌វិន័យ​មក​ខាង​មុខ​ក្រុម​ជំនុំ​ទាំង​ប្រុស​ទាំង​ស្រី និង​អស់​អ្នក​ដែល​ល្មម​នឹង​យល់​បាន។ លោក​អាន​ក្នុង​គម្ពីរ​នោះ នៅ​ខាង​មុខ​ទី​ធ្លា ដែល​ស្ថិត​នៅ​មុខ​ទ្វារ​ទឹក តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់ នៅ​ចំពោះ​ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​អស់​អ្នក​ដែល​អាច​យល់​បាន ហើយ​គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ។ ស្មៀន​អែសរ៉ា​ឈរ​លើ​វេទិកា​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សម្រាប់​ការ​នោះ រួច​មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរី‌យ៉ា ហ៊ីល‌គីយ៉ា និង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​ដៃ​របស់​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាសបា‌ដាណា សាការី និង​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។ លោក​អែសរ៉ា​បើក​គម្ពីរ នៅ​ចំពោះ​ភ្នែក​ប្រជា‌ជន​ទាំង‌អស់ ដ្បិត​លោក​នៅ​ខ្ពស់​ជាង​គេ ហើយ​ពេល​លោក​បើក​គម្ពីរ​ឡើង ប្រជា‌ជន​ទាំង​អស់​ក៏​ក្រោក​ឈរ។ លោក​អែសរ៉ា​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ ហើយ​ប្រជា‌ជន​ក៏​ឆ្លើយ "អាម៉ែន អាម៉ែន" ទាំង​ប្រទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា។ ឯ​យេសួរ បានី សេរេ‌ប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អា‌សេ‌យ៉ា កេលីថា អ័សារា យ៉ូសា‌បាឌ ហាណាន ពេឡាយ៉ា ជា​ពួក​លេវី ជួយ​ពន្យល់​ក្រឹត្យ‌វិន័យ​ដល់​ប្រជា‌ជន នៅ​ពេល​ប្រជា‌ជន​កំពុង​ឈរ​តាម​នៅ​កន្លែង​របស់​គេ។ ពួក‌គេ​អាន​គម្ពីរ ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ យ៉ាង​ច្បាស់ៗ ហើយ​គេ​បក​ស្រាយ​ន័យ​សេចក្ដី ដើម្បី​ឲ្យ​ប្រជា‌ជន​យល់​សេចក្ដី​ដែល​បាន​អាន។ ឯ​លោក​នេហេមា​ដែល​ជាទេសា​ភិបាល និង​សង្ឃ​អែសរ៉ា​ដែល​ជា​ស្មៀន ព្រម​ទាំង​ពួក​លេវី​ដែល​បង្រៀន​ប្រជា‌ជន ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង‌មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​រាល់​គ្នា មិន​ត្រូវកាន់​ទុក្ខ ឬ​យំ‌សោក​ឡើយ»។ ដ្បិតប្រជា‌ជន​ទាំង​ឡាយ​យំ ពេល​គេ​ឮ​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ។ បន្ទាប់​មក លោក​បន្ត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ ហើយ​ផឹក​ស្រា​ឆ្ងាញ់ៗ​ទៅ សូម​យក​ខ្លះ​ជូន​អ្នក​ណា​ដែលគ្មាន​អ្វី​រៀប​ចំឲ្យ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ឡើយ ដ្បិត​អំណរ​របស់​ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។ ដូច្នេះ ពួក​លេវី​បាន​លួង​លោម​ប្រជា‌ជន​ឲ្យ​នៅ​ស្ងៀម ដោយ​ពាក្យ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្ងាត់​ស្ងៀម​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ មិន​ត្រូវ​កើត​ទុក្ខ​ឡើយ»។ ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ និង​ស្រា ព្រម​ទាំង​ជូន​អាហារ​ដល់​គ្នា ហើយ​នាំ​គ្នា​សប្បាយ​រីក​រាយ​ជា​ខ្លាំង ព្រោះ​គេ​បាន​យល់​ព្រះ‌បន្ទូល​ដែល​បាន​ប្រកាស​ប្រាប់​ពួក‌គេ។ នៅ​ថ្ងៃ​ទីពីរ ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី បាន​នាំ​គ្នា​មក​ឯ​ស្មៀន​អែសរ៉ា ដើម្បី​សិក្សា​ព្រះ‌បន្ទូល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ។ ពួក‌គេ​ឃើញ​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​នៅ​ក្នុង​បារាំ ក្នុង​វេលា​បុណ្យ​ខែ​ទីប្រាំពីរ ហើយ​ថា គេ​ត្រូវ​យក​ដំណឹង​នេះ​ទៅ​ប្រកាស​ប្រាប់​នៅ​គ្រប់​ទាំង​ក្រុង​រប​ស់​គេ និង​នៅ​ក្រុង​យេរូ‌សាឡិម​ថា៖ «ចូរ​ចេញ​ទៅ​ឯ​ភ្នំ ហើយ​កាប់​យក​មែក​អូលីវ​ស្រុក និង​អូលីវ​ព្រៃ មែក​យីថោ ធាង​ចាក និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន មក​ធ្វើ​បារាំ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក»។ ដូច្នេះ ប្រជា‌ជន​ក៏​ចេញ​ទៅ​កាប់​យក​មែក​ទាំង​នោះ​មក​ធ្វើ​បារាំ នៅ​លើ​ដំបូល​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន នៅ​ទី​ធ្លា​ផ្ទះ​របស់​គេ នៅ​ទី​លាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ទី​ធ្លា​ត្រង់​ទ្វារ​ទឹក និង​នៅ​ទី​ធ្លា​ត្រង់​ទ្វារ​អេប្រាអិម។ ក្រុម​ជំនុំ​ទាំង​មូល គឺ​អស់​អ្នក​ដែល​បាន​វិល​ត្រឡប់​ពី​សណ្ឋាន​ជា​ឈ្លើយ បាន​ធ្វើ​បារាំ​គ្រប់ៗ​គ្នា ហើយ​គេ​ស្នាក់​នៅ​ក្នុង​បារាំ​ទាំង​នោះ ដ្បិត​តាំង​ពី​គ្រា​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន រហូត​ដល់​ថ្ងៃ​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​ដែល​បាន​ធ្វើ​ដូច្នោះ​ឡើយ។ ដូច្នេះ មាន​សេចក្ដី​រីក‌រាយ​កើត​ឡើង​ជា​ខ្លាំង។ រៀង​រាល់​ថ្ងៃ ចាប់​ពី​ថ្ងៃ​ដំបូង រហូត​ដល់​ថ្ងៃ​ចុង​បំផុត លោក​ក៏​អាន​នៅ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ។ គេ​ប្រារព្ធ​ពិធី​បុណ្យ​នោះ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំបី មាន​ការ​ប្រជុំ​យ៉ាង​ឱឡារិក តាម​បញ្ញត្តិ។

ចែក​រំលែក
អាន នេហេមា 8

នេហេមា 8:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ខែ​អស្សុជ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​នៅ​ក្នុង​ទី​ក្រុង​គេ​ទាំង​អស់ ហើយ​បណ្តាជន​ទាំង‌ឡាយ​ក៏​មូល​គ្នា​មក នៅ​ទី‌ធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ ហើយ​គេ​សូម​ស្មៀន​អែសរ៉ា ឲ្យ​យក​គម្ពីរ​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​ពួក​អ៊ីស្រាអែល​មក រួច​នៅ​ថ្ងៃ​ដំបូង​ខែ​អស្សុជ នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​យក​ក្រិត្យ‌វិន័យ​មក នៅ​ចំពោះ​មុខ​នៃ​ពួក​ជំនុំ​ទាំង​ប្រុស​ទាំង​ស្រី នឹង​អស់​អ្នក​ដែល​ល្មម​នឹង​ស្តាប់​បាន ហើយ​ចាប់​តាំង​ពី​ព្រលឹម ដរាប​ដល់​ថ្ងៃ​ត្រង់ នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ នៅ​មុខ​គេ​ទាំង​អស់​គ្នា ត្រង់​ទី‌ធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ឯ​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់ ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​នោះ ស្មៀន​អែសរ៉ា លោក​ឈរ​លើ​ទី​ថ្កល់​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សំរាប់​ការ​នោះ មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរីយ៉ា ហ៊ីល‌គីយ៉ា នឹង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាស‌បា‌ដាន៉ា សាការី នឹង​មស៊ូឡាម ក៏​ឈរ​នៅ​ខាង​ឆ្វេង​លោក អែសរ៉ា​ក៏​បើក​គម្ពីរ នៅ​មុខ​បណ្តាជន​ទាំង‌ឡាយ ដ្បិត​លោក​នៅ​ខ្ពស់​ជាង​គេ​ទាំង​អស់ កាល​លោក​បាន​បើក​គម្ពីរ​ឡើង នោះ​ពួក​បណ្តាជន​ទាំង‌ឡាយ​ក៏​ក្រោក​ឈរ រួច​អែសរ៉ា​លោក​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ បាន​ប្រកប​ដោយ​ព្រះ‌ពរ ពួក​បណ្តាជន​ក៏​ទទួល​ថា អាម៉ែនៗ ដោយ​ប្រទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ឯ​យេសួរ បានី សេរេ‌ប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសា‌បាឌ ហាណាន ពេឡាយ៉ា នឹង​ពួក​លេវី គេ​ពន្យល់​ក្រិត្យ‌វិន័យ​ដល់​ពួក​ជន កំពុង​ដែល​ពួក​ជន​ឈរ​នឹង នៅ​កន្លែង​របស់​គេ ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្ដី​ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះ។ ឯ​នេហេមា ដែល​ជា​ចៅហ្វាយ​ទី​ក្រុង នឹង​ស្មៀន​អែសរ៉ា ដ៏​ជា​សង្ឃ ព្រម​ទាំង​ពួក​លេវី​ដែល​បង្ហាត់​បង្រៀន​ដល់​ពួក​ជន គេ​ក៏​និយាយ​នឹង​ពួក​ជន​ទាំង‌ឡាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា កុំ​ឲ្យ​សុប‌សៅ ឬ​យំ‌យែក​អ្វី​ឡើយ នេះ​ដ្បិត​ជន​ទាំង‌ឡាយ​បាន​យំ ដោយ​ឮ​ពាក្យ​ក្នុង​ក្រិត្យ‌វិន័យ​នោះ លោក​ក៏​ប្រាប់​ដល់​គេ​ថា ចូរ​ទៅ​ចុះ ចូរ​បរិភោគ​របស់​ចំងាញ់ នឹង​គ្រឿង​បង្អែម​ទៅ ហើយ​ជូន​ខ្លះ​ដល់​អ្នក​ណា​ដែល​គ្មាន​អ្វី​រៀប​ឲ្យ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ ដល់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្ដី​អំណរ​របស់​ព្រះ‌យេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា យ៉ាង​នោះ​ពួក​លេវី​បាន​លួង‌លោម ឲ្យ​បណ្តាជន​នៅ​ស្ងៀម ដោយ​ពាក្យ​ថា ចូរ​អ្នក​រាល់​គ្នា​ស្ងៀម​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ កុំ​ឲ្យ​ព្រួយ​ចិត្ត​ឡើយ ដូច្នេះ ពួក​ជន​ក៏​នាំ​គ្នា​ទៅ​បរិភោគ​ភោជន៍ ព្រម​ទាំង​ជូន​ជំនូន​ដល់​គេ ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន។ លុះ​ដល់​ថ្ងៃ​ទី​២ នោះ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ក្នុង​ពួក​ជន ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី ក៏​មូល​គ្នា​មក​ឯ​ស្មៀន​អែសរ៉ា ដើម្បី​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ក្នុង​ក្រិត្យ‌វិន័យ ហើយ​គេ​ឃើញ​មាន​សេចក្ដី​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​ត្រូវ​នៅ​ក្នុង​បារាំ​នៅ​វេលា​បុណ្យ​ខែ​អស្សុជ ហើយ​ត្រូវ​ប្រកាស​ប្រាប់​នៅ​អស់​ទាំង​ទី​ក្រុង​គេ នឹង​នៅ​ក្រុង​យេរូ‌សាឡិម​ថា ចូរ​ចេញ​ទៅ​ឯ​ភ្នំ កាប់​យក​មែក​ដើម​អូលីវ​ស្រុក នឹង​ដើម​អូលីវ​ព្រៃ មែក​យីថោ ធាង​ចាក នឹង​មែក​ឈើ​ញឹក‌ស្និទ្ធ​មក​ធ្វើ​បារាំ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​មក ដូច្នេះ ពួក​ជន​ក៏​ចេញ​ទៅ​កាប់​យក​មែក​ទាំង​នោះ​មក​ធ្វើ​បារាំ នៅ​លើ​ដំបូល​ផ្ទះ​គេ​រៀង​ខ្លួន នៅ​ទី‌ធ្លា​ផ្ទះ​គេ នៅ​ទី​លាន​ព្រះ‌វិហារ​នៃ​ព្រះ នៅ​ទី‌ធ្លា​ត្រង់​ទ្វារ​ទឹក នឹង​នៅ​ទី‌ធ្លា​ត្រង់​ទ្វារ​អេប្រា‌អិម ពួក​ជំនុំ​ទាំង​អស់​ដែល​បាន​វិល​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ ក៏​ធ្វើ​បារាំ​គ្រប់ៗ​គ្នា ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​បារាំ​ទាំង​នោះ ដ្បិត​ចាប់​តាំង​ពី​គ្រា​យ៉ូស្វេ ជា​កូន​នុន ដរាប​ដល់​វេលា​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​មិន​ដែល​បាន​ធ្វើ​ដូច្នោះ​ឡើយ ដូច្នេះ មាន​សេចក្ដី​រីក‌រាយ​កើត​ឡើង​ជា​ខ្លាំង ហើយ​រាល់ៗ​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង ដរាប​ដល់​ថ្ងៃ​ចុង​បំផុត នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​របស់​ព្រះ គេ​ធ្វើ​បុណ្យ​នោះ​អស់​៧​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​៨ នោះ​ក៏​ប្រជុំ​ជំនុំ​មុត‌មាំ​តាម​របៀប។

ចែក​រំលែក
អាន នេហេមា 8