នេហេមា 8:1-18

នេហេមា 8:1-18 គកស១៦

ប្រជា‌ជន​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​ធ្លា​ខាង​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ ហើយ​គេ​សុំ​ឲ្យ​ស្មៀន​អែសរ៉ា​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពួក​អ៊ីស្រា‌អែល។ ដូច្នេះ នៅ​ថ្ងៃ​ទីមួយ​នៃ​ខែ​ទី​ប្រាំពីរ សង្ឃ​អែសរ៉ា​ក៏​យក​ក្រឹត្យ‌វិន័យ​មក​ខាង​មុខ​ក្រុម​ជំនុំ​ទាំង​ប្រុស​ទាំង​ស្រី និង​អស់​អ្នក​ដែល​ល្មម​នឹង​យល់​បាន។ លោក​អាន​ក្នុង​គម្ពីរ​នោះ នៅ​ខាង​មុខ​ទី​ធ្លា ដែល​ស្ថិត​នៅ​មុខ​ទ្វារ​ទឹក តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់ នៅ​ចំពោះ​ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​អស់​អ្នក​ដែល​អាច​យល់​បាន ហើយ​គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ។ ស្មៀន​អែសរ៉ា​ឈរ​លើ​វេទិកា​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សម្រាប់​ការ​នោះ រួច​មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរី‌យ៉ា ហ៊ីល‌គីយ៉ា និង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​ដៃ​របស់​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាសបា‌ដាណា សាការី និង​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។ លោក​អែសរ៉ា​បើក​គម្ពីរ នៅ​ចំពោះ​ភ្នែក​ប្រជា‌ជន​ទាំង‌អស់ ដ្បិត​លោក​នៅ​ខ្ពស់​ជាង​គេ ហើយ​ពេល​លោក​បើក​គម្ពីរ​ឡើង ប្រជា‌ជន​ទាំង​អស់​ក៏​ក្រោក​ឈរ។ លោក​អែសរ៉ា​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ ហើយ​ប្រជា‌ជន​ក៏​ឆ្លើយ "អាម៉ែន អាម៉ែន" ទាំង​ប្រទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា។ ឯ​យេសួរ បានី សេរេ‌ប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អា‌សេ‌យ៉ា កេលីថា អ័សារា យ៉ូសា‌បាឌ ហាណាន ពេឡាយ៉ា ជា​ពួក​លេវី ជួយ​ពន្យល់​ក្រឹត្យ‌វិន័យ​ដល់​ប្រជា‌ជន នៅ​ពេល​ប្រជា‌ជន​កំពុង​ឈរ​តាម​នៅ​កន្លែង​របស់​គេ។ ពួក‌គេ​អាន​គម្ពីរ ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ យ៉ាង​ច្បាស់ៗ ហើយ​គេ​បក​ស្រាយ​ន័យ​សេចក្ដី ដើម្បី​ឲ្យ​ប្រជា‌ជន​យល់​សេចក្ដី​ដែល​បាន​អាន។ ឯ​លោក​នេហេមា​ដែល​ជាទេសា​ភិបាល និង​សង្ឃ​អែសរ៉ា​ដែល​ជា​ស្មៀន ព្រម​ទាំង​ពួក​លេវី​ដែល​បង្រៀន​ប្រជា‌ជន ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង‌មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​រាល់​គ្នា មិន​ត្រូវកាន់​ទុក្ខ ឬ​យំ‌សោក​ឡើយ»។ ដ្បិតប្រជា‌ជន​ទាំង​ឡាយ​យំ ពេល​គេ​ឮ​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ។ បន្ទាប់​មក លោក​បន្ត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ ហើយ​ផឹក​ស្រា​ឆ្ងាញ់ៗ​ទៅ សូម​យក​ខ្លះ​ជូន​អ្នក​ណា​ដែលគ្មាន​អ្វី​រៀប​ចំឲ្យ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ឡើយ ដ្បិត​អំណរ​របស់​ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។ ដូច្នេះ ពួក​លេវី​បាន​លួង​លោម​ប្រជា‌ជន​ឲ្យ​នៅ​ស្ងៀម ដោយ​ពាក្យ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្ងាត់​ស្ងៀម​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ មិន​ត្រូវ​កើត​ទុក្ខ​ឡើយ»។ ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ និង​ស្រា ព្រម​ទាំង​ជូន​អាហារ​ដល់​គ្នា ហើយ​នាំ​គ្នា​សប្បាយ​រីក​រាយ​ជា​ខ្លាំង ព្រោះ​គេ​បាន​យល់​ព្រះ‌បន្ទូល​ដែល​បាន​ប្រកាស​ប្រាប់​ពួក‌គេ។ នៅ​ថ្ងៃ​ទីពីរ ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី បាន​នាំ​គ្នា​មក​ឯ​ស្មៀន​អែសរ៉ា ដើម្បី​សិក្សា​ព្រះ‌បន្ទូល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ។ ពួក‌គេ​ឃើញ​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​នៅ​ក្នុង​បារាំ ក្នុង​វេលា​បុណ្យ​ខែ​ទីប្រាំពីរ ហើយ​ថា គេ​ត្រូវ​យក​ដំណឹង​នេះ​ទៅ​ប្រកាស​ប្រាប់​នៅ​គ្រប់​ទាំង​ក្រុង​រប​ស់​គេ និង​នៅ​ក្រុង​យេរូ‌សាឡិម​ថា៖ «ចូរ​ចេញ​ទៅ​ឯ​ភ្នំ ហើយ​កាប់​យក​មែក​អូលីវ​ស្រុក និង​អូលីវ​ព្រៃ មែក​យីថោ ធាង​ចាក និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន មក​ធ្វើ​បារាំ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក»។ ដូច្នេះ ប្រជា‌ជន​ក៏​ចេញ​ទៅ​កាប់​យក​មែក​ទាំង​នោះ​មក​ធ្វើ​បារាំ នៅ​លើ​ដំបូល​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន នៅ​ទី​ធ្លា​ផ្ទះ​របស់​គេ នៅ​ទី​លាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ទី​ធ្លា​ត្រង់​ទ្វារ​ទឹក និង​នៅ​ទី​ធ្លា​ត្រង់​ទ្វារ​អេប្រាអិម។ ក្រុម​ជំនុំ​ទាំង​មូល គឺ​អស់​អ្នក​ដែល​បាន​វិល​ត្រឡប់​ពី​សណ្ឋាន​ជា​ឈ្លើយ បាន​ធ្វើ​បារាំ​គ្រប់ៗ​គ្នា ហើយ​គេ​ស្នាក់​នៅ​ក្នុង​បារាំ​ទាំង​នោះ ដ្បិត​តាំង​ពី​គ្រា​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន រហូត​ដល់​ថ្ងៃ​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​ដែល​បាន​ធ្វើ​ដូច្នោះ​ឡើយ។ ដូច្នេះ មាន​សេចក្ដី​រីក‌រាយ​កើត​ឡើង​ជា​ខ្លាំង។ រៀង​រាល់​ថ្ងៃ ចាប់​ពី​ថ្ងៃ​ដំបូង រហូត​ដល់​ថ្ងៃ​ចុង​បំផុត លោក​ក៏​អាន​នៅ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ។ គេ​ប្រារព្ធ​ពិធី​បុណ្យ​នោះ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំបី មាន​ការ​ប្រជុំ​យ៉ាង​ឱឡារិក តាម​បញ្ញត្តិ។

អាន នេហេមា 8