ម៉ាកុស 9:30-50

ម៉ាកុស 9:30-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ជា​មួយ​ពួក​សិស្ស* កាត់​តាម​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ដឹង​ឡើយ។ ព្រះអង្គ​បង្រៀន​ពួក​សិស្ស​ឲ្យ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​ធ្វើ​គុត​ព្រះអង្គ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​ពី​គេ​ធ្វើ​គុត ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ពួក​សិស្ស​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នេះ​ឡើយ តែ​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទេ។ ព្រះ‌យេស៊ូ និង​ពួក​សិស្ស* ធ្វើ​ដំណើរ​មក​ដល់​ក្រុង​កាពើ‌ណិម។ កាល​ព្រះអង្គ​គង់​នៅ​ក្នុង​ផ្ទះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «ពេល​ដើរ​តាម​ផ្លូវ អ្នក​រាល់​គ្នា​និយាយ​អំពី​រឿង​អ្វី?»។ ពួក​សិស្ស​នៅ​ស្ងៀម ដ្បិត​កាល​ធ្វើ​ដំណើរ​តាម​ផ្លូវ គេ​បាន​ប្រកែក​គ្នា​ចង់​ដឹង​ថា​ក្នុង​ចំណោម​ពួក​គេ អ្នក​ណា​ធំ​ជាង​គេ។ ព្រះ‌យេស៊ូ​គង់​ចុះ ព្រះអង្គ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ចង់​ធ្វើ​មេ​គេ អ្នក​នោះ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​តូច​ជាង​គេ ព្រម​ទាំង​បម្រើ​គេ​ទាំង​អស់​គ្នា​ផង»។ បន្ទាប់​មក ព្រះអង្គ​យក​ក្មេង​ម្នាក់ ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស។ ព្រះអង្គ​ឱប​ក្មេង​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «អ្នក​ណា​ទទួល​ក្មេង​ណា​ម្នាក់​ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​មិន​ត្រឹម​តែ​ទទួល​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។ លោក​យ៉ូហាន​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អារក្ស ក្នុង​នាម​ព្រះ‌គ្រូ។ យើង​ខ្ញុំ​បាន​ឃាត់​គេ ព្រោះ​គេ​មិន​មក​តាម​យើង​ខ្ញុំ​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឃាត់​គេ​អី ពុំ​ដែល​មាន​នរណា​អាច​ធ្វើ​ការ‌អស្ចារ្យ​ក្នុង​នាម​ខ្ញុំ រួច​បែរ​ជា​និយាយ​អាក្រក់​អំពី​ខ្ញុំ​ភ្លាម​នោះ​ឡើយ ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​យើង អ្នក​នោះ​ជា​គ្នា​យើង​ហើយ។ ម្យ៉ាង​ទៀត បើ​អ្នក​ណា​ឲ្យ​ទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា ក្នុង​នាម​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ព្រះ‌គ្រិស្ត* ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។ «អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់ ក្នុង​បណ្ដា​អ្នក​ជឿ​ទាំង​នេះ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់​ទម្លាក់​ទៅ​ក្នុង​សមុទ្រ នោះ​ប្រសើរ​ជា​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់។ ប្រសិន​បើ​ដៃ​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ដៃ​តែ​ម្ខាង ប្រសើរ​ជាង​មាន​ដៃ​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​នរក ដែល​មាន​ភ្លើង​មិន​ចេះ​រលត់ [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។ ប្រសិន​បើ​ជើង​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ជើង​មួយ នោះ​ប្រសើរ​ជាង​មាន​ជើង​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។ ប្រសិន​បើ​ភ្នែក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់ ដ្បិត​មនុស្ស​គ្រប់ៗ​រូប​នឹង​មាន​ជាតិ​ប្រៃ​ដោយ‌សារ​ភ្លើង។ អំបិល​ជា​របស់​មួយ​សំខាន់​ណាស់ ប៉ុន្តែ បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​វា​ប្រៃ​ឡើង​វិញ​បាន?

ចែក​រំលែក
អាន ម៉ាកុស 9

ម៉ាកុស 9:30-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ទី​នោះ កាត់​តាម​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ពួក​សិស្ស​ព្រះ‌អង្គ ដោយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​សម្លាប់​លោក ហើយ​បី​ថ្ងៃ​ក្រោយ​ពី​គេ​សម្លាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ»។ ប៉ុន្តែ ពួក​គេ​មិន​បាន​យល់​សេចក្តី​ដែល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​នោះ​ឡើយ ហើយ​គេ​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ។ បន្ទាប់​មក ពួក​គេ​បាន​មក​ដល់​ក្រុង​កាពើ‌ណិម ហើយ​ពេល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ផ្ទះ ព្រះ‌អង្គ​សួរ​ពួក​សិស្ស​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​គ្នា​អំពី​អ្វី​នៅ​តាម​ផ្លូវ?» ប៉ុន្ដែ ពួក​គេ​នៅ​ស្ងៀម ព្រោះ​នៅ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ។ ព្រះ‌អង្គ​គង់​ចុះ ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «បើ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​ចុង​ក្រោយ​គេ​បង្អស់ និង​ជា​អ្នក​បម្រើ​គេ​ទាំង​អស់​គ្នា»។ បន្ទាប់​មក ព្រះ‌អង្គ​យក​ក្មេង​តូច​ម្នាក់​មក​ដាក់​នៅ​កណ្តាល​ពួក​គេ ទ្រង់​ឱប​ក្មេង​នោះ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ទទួល​កូន​ក្មេង​ណា​ម្នាក់ ដូច​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។ យ៉ូហាន​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​កំពុង​ដេញ​អារក្ស​ក្នុង​នាម​លោក​គ្រូ ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គាត់ ព្រោះ​គាត់​មិន​មក​តាម​យើង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «កុំ​ឃាត់​គាត់​អី ដ្បិត​គ្មាន​អ្នក​ណា​ធ្វើ​ការ​អស្ចារ្យ​ក្នុង​នាម​ខ្ញុំ អាច​នឹង​និយាយ​អាក្រក់​ពី​ខ្ញុំ​ភា្លម​នោះ​ឡើយ។ អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង អ្នក​នោះ​នៅ​ខាង​យើង​ហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ឲ្យ​ទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា​ផឹក​ក្នុង​នាម​ខ្ញុំ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ»។ «ប្រសិន‌បើ​អ្នក​ណា​ធ្វើ​ឲ្យ​ក្មេង​តូច​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​ដែល​ជឿ​ដល់​ខ្ញុំ​ជំពប់​ដួល ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មក​ចង​ក​អ្នក​នោះ ហើយ​ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ដល់​អ្នក​នោះ​ជា​ជាង។ ប្រសិន‌បើ​ដៃ​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ដៃ​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ទាំង​ពីរ ហើយ​ធ្លាក់​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់]។ ប្រសិន‌បើ​ជើង​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ជើង​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ជើង​ទាំង​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​នរក [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់]។ ប្រសិន‌បើ​ភ្នែក​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​មាន​ភ្នែក​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ទាំង​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​នរក ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់។ ដ្បិត​គ្រប់​គ្នា​នឹង​មាន​ជាតិ​ប្រៃ​ដោយ​សារ​ភ្លើង ហើយ​គ្រប់​ទាំង​យញ្ញ‌បូជា​នឹង​មាន​ជាតិ​ប្រៃ​ដោយ​សារ​អំបិល។ អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​ឲ្យ​ប្រៃ​វិញ​បាន? ចូរ​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​ខ្លួន ហើយ​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត​ចុះ»។

ចែក​រំលែក
អាន ម៉ាកុស 9

ម៉ាកុស 9:30-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ចេញ​ពី​ទី​នោះ ក៏​យាង​កាត់​ស្រុក​កាលី‌ឡេ​ទៅ ហើយ​ទ្រង់​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ ដ្បិត​ទ្រង់​កំពុង​តែ​បង្រៀន​ពួក​សិស្ស​ថា កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់​៣​ថ្ងៃ​ក្រោយ​ដែល​គេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ តែ​អ្នក​ទាំង​នោះ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ផង។ លុះ​ទៅ​ដល់​កាពើ‌ណិម កាល​កំពុង​តែ​នៅ​ក្នុង​ផ្ទះ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ពួក​សិស្ស​ថា តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ តែ​គេ​នៅ​តែ​ស្ងៀម ពី​ព្រោះ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា អំពី​អ្នក​ណា​ដែល​ធំ​ជាង ទ្រង់​ក៏​គង់​ចុះ រួច​ហៅ​ពួក​១២​មក​មាន​បន្ទូល​ថា បើ​អ្នក​ណា​ចង់​ធ្វើ​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ ទ្រង់​ក៏​យក​កូន​តូច​១ ដាក់​នៅ​កណ្តាល​ជំនុំ រួច​ទ្រង់​បី​វា មាន​បន្ទូល​ទៅ​គេ​ថា អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​ខ្ញុំ​ទេ គឺ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​វិញ។ យ៉ូហាន​ក៏​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់ ដែល​មិន​ដើរ​តាម​យើង​ខ្ញុំ គេ​កំពុង​តែ​ដេញ​អារក្ស ដោយ​នូវ​ឈ្មោះ​លោក ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គេ ពី​ព្រោះ​គេ​មិន​ដើរ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​ឫទ្ធិ‌បារមី ដោយ​នូវ​ឈ្មោះ​ខ្ញុំ រួច​និយាយ​អាក្រក់​ពី​ខ្ញុំ​ភ្លាម​១​រំពេច​បាន​ទេ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​វិញ អ្នក​ណា​ដែល​ឲ្យ​ទឹក​១​កែវ ទៅ​អ្នក​រាល់​គ្នា​ផឹក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ តែ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​កូន​ណា​មួយ ដែល​ជឿ​ដល់​ខ្ញុំ​នេះ រវាត​ចិត្ត​ចេញ នោះ​បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ចង​ក​អ្នក​នោះ ហើយ​ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ យ៉ាង​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង បើ​ដៃ​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​វិញ ជា​ជាង​មាន​ដៃ​ទាំង​២ ហើយ​ធ្លាក់​ទៅ​នរក​នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ បើ​ជើង​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ជើង​វិញ ជា​ជាង​មាន​ជើង​ទាំង​២ ហើយ​ត្រូវ​បោះ​ចោល​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​ខ្វេះ​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ក្នុង​នគរ​ព្រះ​មាន​ភ្នែក​តែ​១ ជា​ជាង​មាន​ភ្នែក​ទាំង​២ ហើយ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​នរក​វិញ ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ ដ្បិត​គ្រប់​គ្នា​ត្រូវ​បំប្រៃ​នឹង​ភ្លើង ហើយ​គ្រប់​ទាំង​យញ្ញ‌បូជា​ត្រូវ​បំប្រៃ​នឹង​អំបិល អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ដើម្បី​ឲ្យ​ប្រៃ​ឡើង​វិញ​បាន

ចែក​រំលែក
អាន ម៉ាកុស 9