ម៉ាកុស 9:30-50

ម៉ាកុស 9:30-50 គកស១៦

ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ទី​នោះ កាត់​តាម​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ពួក​សិស្ស​ព្រះ‌អង្គ ដោយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​សម្លាប់​លោក ហើយ​បី​ថ្ងៃ​ក្រោយ​ពី​គេ​សម្លាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ»។ ប៉ុន្តែ ពួក​គេ​មិន​បាន​យល់​សេចក្តី​ដែល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​នោះ​ឡើយ ហើយ​គេ​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ។ បន្ទាប់​មក ពួក​គេ​បាន​មក​ដល់​ក្រុង​កាពើ‌ណិម ហើយ​ពេល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ផ្ទះ ព្រះ‌អង្គ​សួរ​ពួក​សិស្ស​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​គ្នា​អំពី​អ្វី​នៅ​តាម​ផ្លូវ?» ប៉ុន្ដែ ពួក​គេ​នៅ​ស្ងៀម ព្រោះ​នៅ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ។ ព្រះ‌អង្គ​គង់​ចុះ ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «បើ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​ចុង​ក្រោយ​គេ​បង្អស់ និង​ជា​អ្នក​បម្រើ​គេ​ទាំង​អស់​គ្នា»។ បន្ទាប់​មក ព្រះ‌អង្គ​យក​ក្មេង​តូច​ម្នាក់​មក​ដាក់​នៅ​កណ្តាល​ពួក​គេ ទ្រង់​ឱប​ក្មេង​នោះ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ទទួល​កូន​ក្មេង​ណា​ម្នាក់ ដូច​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។ យ៉ូហាន​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​កំពុង​ដេញ​អារក្ស​ក្នុង​នាម​លោក​គ្រូ ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គាត់ ព្រោះ​គាត់​មិន​មក​តាម​យើង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «កុំ​ឃាត់​គាត់​អី ដ្បិត​គ្មាន​អ្នក​ណា​ធ្វើ​ការ​អស្ចារ្យ​ក្នុង​នាម​ខ្ញុំ អាច​នឹង​និយាយ​អាក្រក់​ពី​ខ្ញុំ​ភា្លម​នោះ​ឡើយ។ អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង អ្នក​នោះ​នៅ​ខាង​យើង​ហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ឲ្យ​ទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា​ផឹក​ក្នុង​នាម​ខ្ញុំ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ»។ «ប្រសិន‌បើ​អ្នក​ណា​ធ្វើ​ឲ្យ​ក្មេង​តូច​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​ដែល​ជឿ​ដល់​ខ្ញុំ​ជំពប់​ដួល ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មក​ចង​ក​អ្នក​នោះ ហើយ​ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ដល់​អ្នក​នោះ​ជា​ជាង។ ប្រសិន‌បើ​ដៃ​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ដៃ​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ទាំង​ពីរ ហើយ​ធ្លាក់​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់]។ ប្រសិន‌បើ​ជើង​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ជើង​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ជើង​ទាំង​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​នរក [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់]។ ប្រសិន‌បើ​ភ្នែក​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​មាន​ភ្នែក​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ទាំង​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​នរក ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់។ ដ្បិត​គ្រប់​គ្នា​នឹង​មាន​ជាតិ​ប្រៃ​ដោយ​សារ​ភ្លើង ហើយ​គ្រប់​ទាំង​យញ្ញ‌បូជា​នឹង​មាន​ជាតិ​ប្រៃ​ដោយ​សារ​អំបិល។ អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​ឲ្យ​ប្រៃ​វិញ​បាន? ចូរ​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​ខ្លួន ហើយ​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត​ចុះ»។

អាន ម៉ាកុស 9