ម៉ាកុស 9:1-13

ម៉ាកុស 9:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នេះ​នឹង​មិន​ភ្លក់​សេចក្តី​ស្លាប់​ឡើយ រហូត​ដល់​គេ​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះ​មកដល់ ប្រកប​ដោយ​ចេស្តា»។ ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូវ​បាន​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​មួយ​ខ្ពស់ ដាច់​ដោយ​ឡែក​ពី​គេ។ ពេល​នោះ ព្រះ‌អង្គ​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ។ ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​ស​ដូច​ពន្លឺ ដែល​គ្មាន​អ្នក​ណា​នៅ​លើ​ផែនដី អាច​ធ្វើ​ឲ្យ​ស​ដូច្នេះ​បាន​ឡើយ។ ពេល​នោះ ពួក​សិស្ស​ឃើញ​លោក​អេលី‌យ៉ា និង​លោក​ម៉ូសេ​បាន​លេច​មក ហើយ​សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូវ។ ពេត្រុស​ទូល​ទៅ​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​បី គឺ​មួយ​សម្រាប់​លោក​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលី‌យ៉ា»។ គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ពេល​នោះ មាន​ពពក​មក​គ្រប​បាំង​ពួក​គេ ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​នោះ​មក​ថា៖ «នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង ចូរ​ស្តាប់​តាម​ព្រះ‌អង្គ​ចុះ»។ រំពេច​នោះ គេ​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន ពុំ​ឃើញ​មាន​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​គង់​ជា​មួយ​ពួក​គេ។ ពេល​កំពុង​ចុះ​ពី​ភ្នំ​មក ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ រហូត​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។ អ្នក​ទាំង​នោះ​ក៏​រក្សា​រឿង​នោះ​ទុក​តែ​ក្នុង​ចិត្ត ហើយ​ចោទ​សួរ​គ្នា​ពី​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ​នេះ មាន​ន័យ​ដូច​ម្តេច។ បន្ទាប់​មក គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា លោក​អេលី‌យ៉ា​ត្រូវ​មក​មុន​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «លោក​អេលី‌យ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​តាំង​ការ​ទាំង​អស់​ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មាន​សេចក្តី​ចែង​ទុក​អំពី​កូន​មនុស្ស​ថា លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល​ងាយ​ផង? ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​អេលី‌យ៉ា​បាន​មក​ហើយ គេ​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ដូច​មាន​សេចក្តី​ចែង​ទុក​អំពី​លោក​ស្រាប់»។

ចែក​រំលែក
អាន ម៉ាកុស 9

ម៉ាកុស 9:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​មក​ដល់ ប្រកប​ដោយ​ឫទ្ធា‌នុភាព»។ ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន ឡើង​ទៅ​លើ​ភ្នំ គឺ​ព្រះអង្គ​នាំ​តែ​លោក​ទាំង​បី​ទៅ​ដាច់​ឡែក​ពី​គេ។ ពេល​នោះ ព្រះអង្គ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សិស្ស*​ទាំង​បី​នាក់ គឺ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ភ្លឺ​ត្រចះ‌ត្រចង់ ដែល​គ្មាន​មនុស្ស​ណា​នៅ​លើ​ផែនដី​អាច​ធ្វើ​ឲ្យ​ស​យ៉ាង​នេះ​បាន​ឡើយ។ ពេល​នោះ សិស្ស​ទាំង​បី​នាក់​ឃើញ​ព្យាការី*​អេលីយ៉ា និង​លោក​ម៉ូសេ* សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»។ លោក​ពេត្រុស​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ពុំ​ដឹង​ថា​ចង់​និយាយ​អំពី​អ្វី​ឡើយ ដ្បិត​សិស្ស​ទាំង​បី​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ពេល​នោះ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា មាន​ព្រះ‌សូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។ រំពេច​នោះ ពួក​សិស្ស​ក្រឡេក​មើល​ជុំ‌វិញ​ខ្លួន ពុំ​ឃើញ​នរណា​ទៀត​ឡើយ ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​គង់​ជា​មួយ​គេ។ ពេល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី ព្រះអង្គ​ហាម‌ប្រាម​គេ​មិន​ឲ្យ​និយាយ​អំពី​ហេតុ‌ការណ៍ ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​បុត្រ​មនុស្ស​រស់​ឡើង​វិញ។ អ្នក​ទាំង​បី​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ តែ​សាក‌សួរ​គ្នា​ថា៖ «តើ​“រស់​ឡើង​វិញ” មាន​ន័យ​ដូច​ម្ដេច?»។ បន្ទាប់​មក គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​ចេះ​តែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុន?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្យាការី​អេលីយ៉ា​អញ្ជើញ​មក​មុន​មែន ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា បុត្រ​មនុស្ស​ត្រូវ​រង‌ទុក្ខ​លំបាក​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល‌ងាយ​ផង​ដូច្នេះ? ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ត​របស់​គេ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់»។

ចែក​រំលែក
អាន ម៉ាកុស 9

ម៉ាកុស 9:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ដរាប​ដល់​បាន​ឃើញ​នគរ​ព្រះ​មក ទាំង​មាន​ព្រះ‌ចេស្តា។ កន្លង​៦​ថ្ងៃ​មក​ទៀត ព្រះ‌យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ទៅ​ជា​មួយ នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់​ដោយ‌ឡែក ទ្រង់​ក៏​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ពស្ត្រ​ទ្រង់​ត្រឡប់​ជា​ភ្លឺ​ស‌ស្គុស​ដូច​ហិមៈ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ប្រមោក​ណា នៅ​ផែនដី​នេះ ដែល​អាច​នឹង​ប្រមោក​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ នោះ​លោក​អេលីយ៉ា ព្រម​ទាំង​លោក​ម៉ូសេ បាន​លេច​មក​ឲ្យ​ឃើញ កំពុង​តែ​ទូល​នឹង​ព្រះ‌យេស៊ូវ រួច​ពេត្រុស​ទូល​ទៅ​ទ្រង់​ថា លោក​គ្រូ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា នេះ​ដ្បិត​គាត់​មិន​ដឹង​ជា​ត្រូវ​និយាយ​ដូច​ម្តេច​ទេ ពី​ព្រោះ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា នោះ​មាន​ពពក​មក​គ្រប​បាំង ហើយ​មាន​ឮ​សូរ​សំឡេង​ចេញ​ពី​ពពក​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​អញ ចូរ​ស្តាប់​តាម​ចុះ ស្រាប់​តែ​គេ​ក្រឡេក​មើល​ជុំ‌វិញ​ទៅ ឥត​មាន​ឃើញ​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​គង់​ជា​មួយ​ប៉ុណ្ណោះ។ កំពុង​ដែល​ចុះ​ពី​ភ្នំ​មក នោះ​ទ្រង់​ហាម​មិន​ឲ្យ​ប្រាប់​អ្នក​ណា ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ ដរាប​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ អ្នក​ទាំង​នោះ​ក៏​រក្សា​ពាក្យ​នោះ​ទុក​នៅ​តែ​ក្នុង​ពួក​គេ ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​យ៉ាង​ណា ក៏​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​នឹង​តាំង​ការ​ទាំង​អស់​ឡើង​វិញ ប៉ុន្តែ​ធ្វើ​ដូច​ម្តេច​បាន​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​កូន​មនុស្ស​ថា លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល‌ងាយ​ផង ចំណែក​លោក​អេលីយ៉ា នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​បាន​មក​ហើយ គេ​ក៏​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​លោក​ស្រាប់។

ចែក​រំលែក
អាន ម៉ាកុស 9