រួចទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានខ្លះមិនត្រូវភ្លក់សេចក្ដីស្លាប់ ដរាបដល់បានឃើញនគរព្រះមក ទាំងមានព្រះចេស្តា។ កន្លង៦ថ្ងៃមកទៀត ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ទៅជាមួយ នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក ទ្រង់ក៏ផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះពស្ត្រទ្រង់ត្រឡប់ជាភ្លឺសស្គុសដូចហិមៈ ដល់ម៉្លេះបានជាគ្មានអ្នកប្រមោកណា នៅផែនដីនេះ ដែលអាចនឹងប្រមោកឲ្យសដូច្នោះបានឡើយ នោះលោកអេលីយ៉ា ព្រមទាំងលោកម៉ូសេ បានលេចមកឲ្យឃើញ កំពុងតែទូលនឹងព្រះយេស៊ូវ រួចពេត្រុសទូលទៅទ្រង់ថា លោកគ្រូ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ សូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សំរាប់លោក ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា នេះដ្បិតគាត់មិនដឹងជាត្រូវនិយាយដូចម្តេចទេ ពីព្រោះមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា នោះមានពពកមកគ្របបាំង ហើយមានឮសូរសំឡេងចេញពីពពកថា នេះជាកូនស្ងួនភ្ងាអញ ចូរស្តាប់តាមចុះ ស្រាប់តែគេក្រឡេកមើលជុំវិញទៅ ឥតមានឃើញអ្នកណាទៀតសោះ ឃើញតែព្រះយេស៊ូវគង់ជាមួយប៉ុណ្ណោះ។ កំពុងដែលចុះពីភ្នំមក នោះទ្រង់ហាមមិនឲ្យប្រាប់អ្នកណា ពីការដែលបានឃើញនោះឡើយ ដរាបដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ អ្នកទាំងនោះក៏រក្សាពាក្យនោះទុកនៅតែក្នុងពួកគេ ហើយសួរគ្នាទៅវិញទៅមក ពីសេចក្ដីរស់ពីស្លាប់ឡើងវិញជាយ៉ាងណា ក៏ទូលសួរទ្រង់ថា ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន ទ្រង់មានបន្ទូលឆ្លើយថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ ប៉ុន្តែធ្វើដូចម្តេចបានជាមានសេចក្ដីចែងទុកពីកូនមនុស្សថា លោកត្រូវរងទុក្ខជាច្រើន ព្រមទាំងត្រូវគេមើលងាយផង ចំណែកលោកអេលីយ៉ា នោះខ្ញុំប្រាប់អ្នករាល់គ្នាថា លោកបានមកហើយ គេក៏បានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចជាមានសេចក្ដីចែងទុកពីលោកស្រាប់។
អាន ម៉ាកុស 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 9:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ