ម៉ាកុស 6:7-13

ម៉ាកុស 6:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​ចាប់​ផ្ដើម​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ពីរៗ​នាក់ ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់។ ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​យក​អ្វី​សម្រាប់​តាម​ផ្លូវ​ឡើយ លើក​លែង​តែ​ដំបង​មួយ​ប៉ុណ្ណោះ គឺ​មិន​ឲ្យ​យក​នំបុ័ង ថង់​យាម ឬ​យក​ប្រាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​ទៅ​ជា​មួយ​ឡើយ គឺ​ពាក់​បាន​តែ​ស្បែក​ជើង ហើយ​មិន​ត្រូវ​ពាក់​អាវ​ពីរ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។ បើ​កន្លែង​ណា​ដែល​គេ​មិន​ទទួល ហើយ​មិន​ព្រម​ស្តាប់​អ្នក​រាល់​គ្នា នោះ​ពេល​អ្នក​រាល់​គ្នា​ដើរ​ចេញ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ។ [ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជម្រះ ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ងាយ​ទ្រាំ​ជា​ជាង​ក្រុង​នោះ]»។ ដូច្នេះ ពួក​សិស្ស​ក៏​ចេញ​ទៅ ហើយ​គេ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត គេ​ដេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​អ្នក​ដែល​មាន​ជំងឺ​ជា​ច្រើន ដើម្បី​ប្រោស​គេ​ឲ្យ​បាន​ជា។

ចែក​រំលែក
អាន ម៉ាកុស 6

ម៉ាកុស 6:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះអង្គ​ត្រាស់​ហៅ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​មក រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​វិញ្ញាណ​អាក្រក់​ផង។ ព្រះអង្គ​ផ្ដែ‌ផ្ដាំ​គេ​មិន​ឲ្យ​យក​អ្វី​ទៅ​ជា​មួយ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើយ លើក‌លែង​តែ​ដំបង​ប៉ុណ្ណោះ៖ «កុំ​យក​ចំណី​អាហារ ថង់​យាម ឬ​យក​ប្រាក់​កាស​ជាប់​នឹង​ខ្លួន ចូរ​ពាក់​ស្បែក​ជើង តែ​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ជា​មួយ​ឡើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។ បើ​នៅ​កន្លែង​ណា​គេ​មិន​ព្រម​ទទួល មិន​ព្រម​ស្ដាប់​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​កន្លែង​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។ ពួក​សិស្ស​ក៏​ចេញ​ទៅ ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ត​គំនិត។ គេ​បាន​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស ព្រម​ទាំង​ចាក់​ប្រេង​លើ​អ្នក​ជំងឺ​ច្រើន​នាក់ ដើម្បី​ប្រោស​ឲ្យ​គេ​ជា​សះ‌ស្បើយ។

ចែក​រំលែក
អាន ម៉ាកុស 6

ម៉ាកុស 6:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​ហៅ​ពួក​១២​នាក់​មក ចាប់​តាំង​ចាត់​ឲ្យ​គេ​ទៅ​២​នាក់ៗ ទ្រង់​ប្រទាន​ឲ្យ​មាន​អំណាច​លើ​អស់​ទាំង​អារក្ស‌អសោចិ៍​ផង ក៏​ហាម​មិន​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​សោះ លើក​តែ​ដំបង​១​ប៉ុណ្ណោះ ឥត​យក​យាម នំបុ័ង ឬ​ប្រាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​ទេ ពាក់​បាន​តែ​ស្បែក​ជើង​សង្រែក ឥត​ពាក់​អាវ​២​ឡើយ រួច​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ឲ្យ​នៅ​ផ្ទះ​នោះ​ទាល់​តែ​ដើរ​ចេញ​ហួស​ទៅ ឯ​អស់​អ្នក​ណា​ដែល​មិន​ទទួល ឬ​ស្តាប់​អ្នក​រាល់​គ្នា នោះ​កាល​ណា​ដើរ​ចេញ​ពី​ទី​នោះ ត្រូវ​រលាស់​ធូលី​ពី​បាត​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម ហើយ​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ កាល​ពួក​សិស្ស​បាន​ចេញ​ទៅ នោះ​គេ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​ឡើង ក៏​បណ្តេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​មនុស្ស​ជំងឺ​ជា​ច្រើន​បាន​ជា​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 6