ម៉ាកុស 6:45-56

ម៉ាកុស 6:45-56 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រំពេច​នោះ ព្រះ‌អង្គ​បង្ខំ​ពួក​សិស្ស​ឲ្យ​ចុះ​ទូក ឆ្លង​ទៅ​ក្រុង​បេត‌សៃដា នៅ​ត្រើយ​ម្ខាង​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ឲ្យ​បណ្ដាជន​វិល​ត្រឡប់​ទៅ​វិញ។ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​លា​បណ្តាជន​ហើយ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន។ លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្តាល​សមុទ្រ តែ​ព្រះ‌អង្គ​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះ‌អង្គ​ឯង។ ពេល​ព្រះ‌អង្គ​ទត​ឃើញ​ពួក​សិស្ស​ចែវ​ទូក​បញ្ច្រាស​ខ្យល់​យ៉ាង​លំបាក ព្រះ‌អង្គ​ក៏​យាង​លើ​ទឹក ឆ្ពោះ​ទៅ​រក​ពួក​គេ​នៅ​ពេល​ប្រហែល​យាម​បួន​យប់។ ព្រះ‌អង្គ​ចង់​យាង​បង្ហួស​ពួក​គេ។ ប៉ុន្តែ ពេល​គេ​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​ដូច្នោះ គេ​ស្មាន​ថា​ខ្មោច​លង ហើយ​ក៏​ស្រែក​ឡើង ដ្បិត​គេ​ឃើញ​ព្រះ‌អង្គ​គ្រប់​គ្នា ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ភ័យ​អី!» ពេល​នោះ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​ពួក​គេ ហើយ​ខ្យល់​ក៏​ស្ងប់​ឈឹង។ អ្នក​ទាំង​នោះ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ពន់​ពេក ដ្បិត​គេ​មិន​បាន​យល់​អំពី​រឿង​នំបុ័ង​ទេ មក​ពី​គេ​មាន​ចិត្ត​រឹង‌រូស។ ពេល​គេ​ឆ្លង​ដល់​ត្រើយ​ម្ខាង មក​ដល់​ស្រុក​គេនេ‌សារ៉ែត គេ​ក៏​ចត​ទូក​នៅ​ទី​នោះ។ ពេល​គេ​ចេញ​ពី​ទូក ប្រជា‌ជន​ក៏​ស្គាល់​ព្រះ‌អង្គ​ភ្លាម ហើយ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់​នោះ​ទាំង​មូល រួច​ចាប់​ផ្ដើម​នាំ​អ្នក​ជំងឺ​ដេក​លើកន្ទេល មក​កាន់​កន្លែង​ដែល​គេ​ឮ​ថា​ព្រះ‌អង្គ​គង់​នៅ។ កន្លែង​ណា​ដែល​ព្រះ‌អង្គ​យាង​ទៅ ទោះ​នៅ​ក្នុង​ភូមិ ក្នុង​ទី​ក្រុង ឬ​ស្រុក​ស្រែ​ក្តី គេ​ដាក់​អ្នក​ជំងឺ​នៅ​ទី​ប្រជុំ​ជន រួច​ទូល​អង្វរ​ព្រះ‌អង្គ​សុំ​ឲ្យ​គេ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​បាន​ពាល់​ព្រះ‌អង្គ បាន​ជា​សះ​ស្បើយ​គ្រប់​គ្នា ។

ចែក​រំលែក
អាន ម៉ាកុស 6

ម៉ាកុស 6:45-56 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សិស្ស*​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង ឆ្ពោះ​ទៅ​ភូមិ​បេតសៃ‌ដា​មុន​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រាប់​បណ្ដា‌ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។ កាល​ឲ្យ​បណ្ដា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ទៅ​អធិស្ឋាន​នៅ​លើ​ភ្នំ។ លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្ដាល​សមុទ្រ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះអង្គ​ឯង។ ព្រះអង្គ​ទត​ឃើញ​សិស្ស​កំពុង​តែ​អុំ​ទូក​យ៉ាង​លំបាក ដ្បិត​បញ្ច្រាស​ខ្យល់។ ពេល​ជិត​ភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​គេ ហើយ​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស។ កាល​ពួក​សិស្ស​ឃើញ​ព្រះអង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ស្មាន​ថា​ខ្មោច​លង ក៏​នាំ​គ្នា​ស្រែក ដ្បិត​គេ​បាន​ឃើញ​ព្រះអង្គ​គ្រប់ៗ​គ្នា ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​តាំង​ចិត្ត​ក្លា‌ហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។ បន្ទាប់​មក ព្រះអង្គ​យាង​ចូល​ក្នុង​ទូក​ជា​មួយ​គេ ហើយ​ខ្យល់​ក៏​ស្ងប់។ ពួក​សិស្ស​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ដ្បិត​គេ​ពុំ​ទាន់​បាន​យល់​អំពី​រឿង​នំប៉័ង មក​ពី​គេ​មាន​ចិត្ត​រឹង‌រូស។ កាល​ព្រះ‌យេស៊ូ និង​ពួក​សិស្ស*​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ក្នុង​ស្រុក​គេនេ‌សារ៉ែត​ហើយ គេ​ក៏​នាំ​គ្នា​ចត​ទូក។ ព្រះអង្គ​យាង​ឡើង​លើ​គោក​ជា​មួយ​សិស្ស* ពេល​នោះ មនុស្ស‌ម្នា​ស្គាល់​ព្រះអង្គ​ភ្លាម។ គេ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់ ហើយ​នាំ​គ្នា​សែង​អ្នក​ជំងឺ​ទៅ​កន្លែង ដែល​គេ​ឮ​ថា​ព្រះអង្គ​គង់​នៅ។ គ្រប់​កន្លែង​ដែល​ព្រះ‌យេស៊ូ​យាង​ទៅ ទោះ​បី​នៅ​ក្នុង​ភូមិ​ក្នុង​ក្រុង ឬ​តាម​ស្រុក​ស្រែ​ក្ដី គេ​យក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ទី‌ផ្សារ ទូល‌អង្វរ​សុំ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះអង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​ពាល់​ព្រះអង្គ បាន​ជា​សះ‌ស្បើយ គ្រប់ៗ​គ្នា។

ចែក​រំលែក
អាន ម៉ាកុស 6

ម៉ាកុស 6:45-56 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​បេត‌សៃដា នៅ​ត្រើយ​ម្ខាង​ជា​មុន ដរាប​ដល់​ទ្រង់​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ​អស់ កាល​ទ្រង់​បាន​ឲ្យ​គេ​ទៅ​អស់​ហើយ នោះ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន លុះ​ពេល​ព្រលប់ នោះ​ទូក​នៅ​កណ្តាល​សមុទ្រ តែ​ទ្រង់​គង់​នៅ​លើ​គោក​តែ​១​ព្រះ‌អង្គ​ទ្រង់ ទ្រង់​ក៏​ឃើញ​ពួក​សិស្ស​ចែវ​ទូក​ទាំង​លំបាក ព្រោះ​ច្រាស​ខ្យល់ លុះ​ពេល​ប្រហែល​ជា​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​គេ ហើយ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បង្ហួស​ទៅ​ទៀត លុះ​កាល​គេ​បាន​ឃើញ​ទ្រង់​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ នោះ​គេ​នឹក​ស្មាន​ថា​ជា​ខ្មោច​លង ហើយ​ក៏​ស្រែក​ឡើង ដ្បិត​គ្រប់​គ្នា​បាន​ឃើញ​ទ្រង់ ហើយ​ក៏​ភ័យ​ស្លុត តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ជា​១​រំពេច​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ភ័យ​អី នោះ​ទ្រង់​យាង​ឡើង​ទៅ​ឯ​គេ​នៅ​ក្នុង​ទូក រួច​ខ្យល់​ក៏​ស្ងប់​ឈឹង អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ពន់‌ពេក ព្រម​ទាំង​វិល‌វល់​ក្នុង​ចិត្ត គេ​មិន​បាន​យល់​ដោយ‌សារ​ការ​ដែល​បាន​ចំរើន​នំបុ័ង​ទេ ដ្បិត​គេ​មាន​ចិត្ត​រឹង‌រូស។ លុះ​បាន​ឆ្លង​ទៅ​ដល់​ស្រុក​គេនេ‌សារ៉ែត ត្រើយ​ខាង​នាយ​ហើយ នោះ​ក៏​ឈប់​ចត​ទូក កាល​បាន​ឡើង​ពី​ទូក នោះ​មនុស្ស​ទាំង‌ឡាយ​បាន​ស្គាល់​ទ្រង់​ជា​១​រំពេច ហើយ​រត់​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំ‌វិញ តាំង​សែង​មនុស្ស​ជំងឺ​ដេក​លើ​ពូក​មក​ឯ​ទ្រង់ នៅ​កន្លែង​ត្រង់​ណា​ដែល​គេ​ឮ​ថា​ទ្រង់​គង់​នៅ ហើយ​កន្លែង​ណា​ក៏​ដោយ ដែល​ទ្រង់​យាង​ចូល ទោះ​ក្នុង​ភូមិ ក្នុង​ទី​ក្រុង ឬ​ស្រុក​ស្រែ​ក្តី គេ​ក៏​បាន​ដាក់​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​នៅ​ទី​ផ្សារ រួច​ទូល​អង្វរ​ទ្រង់​ឲ្យ​គេ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ ហើយ​អស់​អ្នក​ណា​ដែល​បាន​ពាល់​ទ្រង់ នោះ​ក៏​បាន​ជា​ទាំង​អស់​គ្នា។

ចែក​រំលែក
អាន ម៉ាកុស 6