ម៉ាកុស 6:45-56

ម៉ាកុស 6:45-56 គកស១៦

រំពេច​នោះ ព្រះ‌អង្គ​បង្ខំ​ពួក​សិស្ស​ឲ្យ​ចុះ​ទូក ឆ្លង​ទៅ​ក្រុង​បេត‌សៃដា នៅ​ត្រើយ​ម្ខាង​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ឲ្យ​បណ្ដាជន​វិល​ត្រឡប់​ទៅ​វិញ។ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​លា​បណ្តាជន​ហើយ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន។ លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្តាល​សមុទ្រ តែ​ព្រះ‌អង្គ​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះ‌អង្គ​ឯង។ ពេល​ព្រះ‌អង្គ​ទត​ឃើញ​ពួក​សិស្ស​ចែវ​ទូក​បញ្ច្រាស​ខ្យល់​យ៉ាង​លំបាក ព្រះ‌អង្គ​ក៏​យាង​លើ​ទឹក ឆ្ពោះ​ទៅ​រក​ពួក​គេ​នៅ​ពេល​ប្រហែល​យាម​បួន​យប់។ ព្រះ‌អង្គ​ចង់​យាង​បង្ហួស​ពួក​គេ។ ប៉ុន្តែ ពេល​គេ​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​ដូច្នោះ គេ​ស្មាន​ថា​ខ្មោច​លង ហើយ​ក៏​ស្រែក​ឡើង ដ្បិត​គេ​ឃើញ​ព្រះ‌អង្គ​គ្រប់​គ្នា ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ភ័យ​អី!» ពេល​នោះ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​ពួក​គេ ហើយ​ខ្យល់​ក៏​ស្ងប់​ឈឹង។ អ្នក​ទាំង​នោះ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ពន់​ពេក ដ្បិត​គេ​មិន​បាន​យល់​អំពី​រឿង​នំបុ័ង​ទេ មក​ពី​គេ​មាន​ចិត្ត​រឹង‌រូស។ ពេល​គេ​ឆ្លង​ដល់​ត្រើយ​ម្ខាង មក​ដល់​ស្រុក​គេនេ‌សារ៉ែត គេ​ក៏​ចត​ទូក​នៅ​ទី​នោះ។ ពេល​គេ​ចេញ​ពី​ទូក ប្រជា‌ជន​ក៏​ស្គាល់​ព្រះ‌អង្គ​ភ្លាម ហើយ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់​នោះ​ទាំង​មូល រួច​ចាប់​ផ្ដើម​នាំ​អ្នក​ជំងឺ​ដេក​លើកន្ទេល មក​កាន់​កន្លែង​ដែល​គេ​ឮ​ថា​ព្រះ‌អង្គ​គង់​នៅ។ កន្លែង​ណា​ដែល​ព្រះ‌អង្គ​យាង​ទៅ ទោះ​នៅ​ក្នុង​ភូមិ ក្នុង​ទី​ក្រុង ឬ​ស្រុក​ស្រែ​ក្តី គេ​ដាក់​អ្នក​ជំងឺ​នៅ​ទី​ប្រជុំ​ជន រួច​ទូល​អង្វរ​ព្រះ‌អង្គ​សុំ​ឲ្យ​គេ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​បាន​ពាល់​ព្រះ‌អង្គ បាន​ជា​សះ​ស្បើយ​គ្រប់​គ្នា ។

អាន ម៉ាកុស 6